សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវភាគីពាក់ព័ន្ធលើកកម្ពស់សិទ្ធិសេរីភាពស្រ្តីខ្មែរក្រោម

សិទ្ធិមនុស្ស

(ស្ដីខ្មែរក្រោមឡើងថ្លែងការណ៍ពីបញ្ហាប្រឈមនានានៅចំពោះមុខសមាជិកសមាគមខ្មែរក្រោមកាលពីថ្ងៃទី០៨ខែមីនា២០២៦។ (រូបថត៖ វ៉ា សុភានុត)។

សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជានិងវៀតណាម យកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិរបស់ស្រ្តីខ្មែរក្រោមឱ្យពេញលេញក្នុងការចូលរួមយ៉ាងសកម្មក្នុងសង្គម និងឱកាសទទួលបានការងារសមរម្យ។ 

កាលពីថ្ងៃទី០៨ ខែមីនា សមាគមខ្មែរកម្ពុជាក្រោម បានប្រារព្ធទិវានារីអន្តរជាតិនៅទីស្នាក់ការក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ពង្រឹងការចូលរួមរបស់ស្រ្តីខ្មែរក្រោមដើម្បីសមភាព និងសមធម៌យេនឌ័រ» ដែលមានអ្នកចូលរួមប្រមាណ៥០នាក់ រាប់ទាំងព្រះសង្ឃ មន្រ្តីអង្គការសិទ្ធិមនុស្ស និងនារីខ្មែរក្រោម។

ថ្លែងក្នុងពិធីខាងលើ ប្រធានផ្នែកស្រ្តីនៃលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍អ្នកស្រី តាំង កែវពិសី ថា ស្រ្តីខ្មែរក្រោម ក្រោមការដឹកនាំរបស់វៀតណាមភាគច្រើនមិនចេះទាំងអក្សរខ្មែរនិងអក្សរវៀតណាម ដោយសារកត្តាមិនយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិនារីរបស់រដ្ឋាភិបាលវៀតណាម គួបផ្សំនឹងសង្គមវៀតណាមដែលផ្ដល់តម្លៃបុរសខ្ពស់ជាងស្រ្តី។

បន្ថែមពីលើនេះ អ្នកស្រី ថា កត្តានេះ ក៏នាំឱ្យនារីខ្មែរក្រោមកង្វះការយល់ដឹងពីសិទ្ធិជាជាតិដើមភាគតិចរបស់ខ្លួន ដែលងាយរងការរំលោភបំពានពីអាជ្ញាធរវៀតណាម។

អ្នកស្រី និយាយថា៖ «រយៈពេល១១៥ឆ្នាំ អង្គការសហប្រជាជាតិប្រារព្ធដើម្បីលើកកម្ពស់សិទ្ធិនារី ក៏ស្រ្តីខ្មែរក្រោម មិនទាន់ទទួលបាននូវសិទ្ធិពេញលេញនៅឡើយ បើធៀបនឹងបុរស និងស្រ្តីភាគច្រើននៅលើពិភពលោក»។

អ្នកស្រី បន្តថា ក្រោមការដឹកនាំរបស់វៀតណាម មាននារីខ្មែរក្រោមមួយចំនួន ត្រូវបានចាប់ខ្លួន និងមួយចំនួនទៀតកំពុងភៀសខ្លួននៅបរទេស និងខ្លះទៀត ត្រូវបានអាជ្ញាធរវៀត​ណាម​ហៅសួរនាំជាញឹកញយ ដោយសារការទាមទារសិទ្ធិរបស់ខ្លួន។ 

អ្នកស្រី បានបន្តទៀតថា ចំពោះនារីខ្មែរក្រោមដែលបានភៀសខ្លួនមករស់នៅកម្ពុជា ក៏ប្រឈមនឹងភាពគ្មានការងារធ្វើខ្ពស់ ដោយសារមិនចេះភាសារខ្មែរ ខណៈអ្នកស្រី អះអាងថា ប្រមាណ១៥ភាគរយនៃនារីខ្មែរក្រោមរស់នៅកម្ពុជា ពុំមានឯកសារនិងដីធ្លីស្របច្បាប់ ដែលធ្វើឱ្យគេបាត់បង់នូវសិទ្ធិជាពលរដ្ឋ រាប់ទាំងការបោះឆ្នោតនិងការឈរឈ្មោះឱ្យគេបោះឆ្នោត។ 
អ្នកស្រី និយាយថា៖ «សំណូមពរដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសង្គមនិយមវៀតណាម សូមបង្កើននូវការយកចិត្តទុកដាក់និងលើកកម្ពស់ដល់សិទ្ធិរបស់ស្រ្តីខ្មែរក្រោមឱ្យបានសកម្មខ្លាំងក្លាបំផុត»។

អ្នកស្រី បន្តថា៖ «សំណូមពរដល់រដ្ឋាភិបាលវៀតណាម ដែលកំពុងគ្រប់គ្រងនិងត្រួតត្រាស្រ្តីខ្មែរក្រោមដោយផ្ទាល់ សូមគោរពសិទ្ធិមនុស្ស ជាពិសេសស្រ្តីខ្មែរក្រោមជាជនជាតិដើមឱ្យបានត្រឹមត្រូវស្របតាមឯកសារនិងច្បាប់ជាគតិយុត្តនានា ដែលរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាកន្លងមក»។

ក្រៅពីនេះ អ្នកស្រី ក៏ទទូចឱ្យនារីខ្មែរក្រោម ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងសិទ្ធិស្រ្តី និងត្រូវចូលរួមឱ្យសកម្មក្នុងការលើកកម្ពស់សិទ្ធិស្រ្តី។
ប្រជាកាសែត មិនអាចសូមការអត្ថាធិប្បាយពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ និងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។

អ្នកចូលរួមកម្មវិធីមួយរូប អ្នកស្រី កែវ សុគន្ធា ដែលមានឪពុកជាខ្មែរកម្ពុជាក្រោម និងមានសាច់ញាតិជាខ្មែរក្រោមដែលកំពុងរស់នៅក្រោមការដឹកនាំរបស់វៀតណាម និយាយថា នារីខ្មែរក្រោមភាគច្រើនចង់រៀនភាសារខ្មែរ ប៉ុន្តែតាមសាលារៀនមិនមានការបញ្ចូលកម្មវិធីភាសារខ្មែរឡើយ។ តែទោះជាយ៉ាងណា អ្នកស្រី ថា បច្ចុប្បន្ន នៅតាមវត្តអារាមមានការបង្កើតជាសាលាដែលនារីខ្មែរក្រោមអាចសិក្សាភាសារខ្មែរនៅទីនោះបាន។ 

អ្នកស្រី ទទូចឱ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមជាខ្មែរ និងទទួលស្គាល់ពួកគេ នៅពេលដែលរត់ភៀសខ្លួនពីប្រទេសវៀតណាម ដោយសារកត្តាជីវភាពនិងការធ្វើបាបពីអាជ្ញាធររដ្ឋ។

អ្នកស្រី បញ្ជាក់ថា៖ «ចង់ឱ្យរដ្ឋាភិបាលយើងទទួលស្គាល់ខ្មែរកម្ពុជាក្រោមជាខ្មែរពិតៗ ពេលខ្លះសង្គមខ្មែរយើងនៅកម្ពុជានៅលើនេះ ពេលខ្មែរក្រោមមក ជាជនជាតិវៀតណាមជាអីវិញ តែតាមពិតអ្នកដែលជនជាតិខ្មែរក្រោមគឺជាខ្មែរ១០០ភាគរយ ឱ្យពួកគាត់ទទួលស្គាល់ផង ឬមកសុំសិទ្ធិរស់នៅឱ្យពួកគាត់ទទួលចឹង ព្រោះគ្រួសារខ្លះនៅខាងនោះ គាត់អាចនឹងមានការធ្វើបាបពីខាងនោះ គាត់រត់មកនៅនេះចឹង បើអ្នកខ្លះជីវភាពគាត់ពិបាកពេក គាត់ចង់មកនៅនេះ»។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អ្នកជំនាញអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការកើនឡើងការគាបសង្កត់លើជនជាតិដើមភាគតិចខ្មែរក្រោមនៅប្រទេសវៀតណាម រួមទាំងអ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ និងអ្នកតស៊ូមតិសិទ្ធិវប្បធម៌។ ក្នុងនោះ យ៉ាងហោចព្រះសង្ឃខ្មែរក្រោម សកម្មជនសហគមន៍ និងអ្នកការពារសិទ្ធិមនុស្សចំនួន១៧អង្គ/នាក់ ត្រូវបានចាប់ខ្លួន។
អ្នកជំនាញ បាននិយាយថា៖ «យើងជំរុញឱ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ និងការពារសិទ្ធិជនជាតិដើមភាគតិច ជនជាតិភាគតិចសាសនា និងអ្នកការពារសិទ្ធិទាំងនេះ ស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1828}" data-page="1" data-max-pages="1" data-start="1" data-end="1">