ក្រសួងមហាផ្ទៃឱ្យពលរដ្ឋអាចធ្វើអត្តសញ្ញាណបណ្ណនៅគ្រប់រាជធានី-ខេត្ត ដោយមិនចាំបាច់ទៅស្រុកកំណើត

សង្គម

(ក្រុមការងារចល័តចំណុះអធិការដ្ឋាននគរបាលស្រុក ពោធិ៍រៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ រូបភាព÷( អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម)។

ក្រសួងមហាផ្ទៃបានដាក់ឱ្យអនុវត្តយន្តការថ្មីសម្រាប់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុកអាចទទួលសេវានៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយ ដោយមិនចាំបាច់ត្រឡប់ទៅលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ដោយយន្តការនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៦។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋចំណាកស្រុកដែលកំពុងធ្វើការ ប្រកបមុខរបរ ឬសិក្សានៅក្រៅខេត្តកំណើត អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណថ្មី បន្តសុពលភាព ឬស្នើសុំជំនួសករណីបាត់បង់ និងខូចខាត នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឬនៅទីតាំងផ្តល់សេវាដែលក្រសួងបានកំណត់។

អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក តុប នេត បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះថា យន្តការថ្មីនេះមានគោលបំណងសម្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ។

លោកមានប្រសាសន៍ថា៖ «យុទ្ធការនេះបានផ្តល់ភាពងាយស្រួលច្រើនដល់ប្រជាពលរដ្ឋ។ ពួកគាត់មិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរត្រឡប់ទៅលំនៅឋានដើម ហើយក៏មិនបាត់បង់ពេលវេលាការងារផងដែរ»។

លោកបន្ថែមថា យន្តការនេះក៏មានគោលដៅជួយដល់ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយសារស្ថានភាពនៅតាមតំបន់ព្រំដែន។ 

លោកឡើងថា៖«ចឹងយុទ្ធនាការនេះបានសម្រួលដល់ប្រជាពលរដ្ឋច្រើន ហើយការដាក់យន្តការគឺគោលបំណងសំខាន់ទាំងចំណាក់ស្រុកក្នុងប្រទេស ទាំងបងប្អូនប្រជាពលរដ្ឋនៅខ្មែរយើងដែលទើបត្រឡប់ពីប្រទេសថៃ ហើយសម្រាប់ប្រជាពលរដ្ឋដែលភៀសសឹក ដោយសារតែសង្គ្រាមឈ្លានពានថៃនេះ ក៏បានជួយសម្រួលដល់គាត់ ពេលដែលគាត់ផ្លាស់ទីពីមូលដ្ឋានដើមដែលនៅជាប់ព្រំដែនដែលត្រឡប់មកតំបន់ជនភៀសសឹក»។

ជុំវិញវិធានការនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា អាជ្ញាធរគួរពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ជាពិសេសពាក់ព័ន្ធនឹងឯកសារតម្រូវ និងនីតិវិធីនៃការស្នើសុំអត្តសញ្ញាណបណ្ណ។

លោកបានថ្លែងថា៖ «ដោយសារដំណោះស្រាយថ្មី យើងចង់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយគោលដៅអ្នកប្រើប្រាស់អត្តសញ្ញាណកម្ម ណផ្នែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហ្នឹង ចូលរួមដើម្បីធ្វើឲ្យការផ្តល់ជូនឬការផ្តល់សេវាហ្នឹងឲ្យកាន់តែមានប្រសិទ្ធភាព»។

លោក សន ជ័យ ក៏បានលើកឡើងដែរថា ប្រសិទ្ធភាពនៃយន្តការថ្មីនេះគួរត្រូវបានវាយតម្លៃក្រោយការអនុវត្តយ៉ាងហោចណាស់រយៈពេល ៦ខែ ដើម្បីពិនិត្យមើលថា ការផ្តល់សេវាមានភាពឆាប់រហ័ស កាត់បន្ថយនីតិវិធី និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកម្រិតណា។

លោកក៏ស្នើឱ្យអាជ្ញាធរបញ្ជាក់ឱ្យច្បាស់អំពីរយៈពេលដែលប្រជាពលរដ្ឋត្រូវរង់ចាំទទួលបានអត្តសញ្ញាណបណ្ណថ្មី។

ចំណែកប្រជាពលរដ្ឋម្នាក់មានទីកន្លែងកំណើតនៅខេត្តត្បូងឃ្មុំ តែបានចំណាកស្រុកទៅធ្វើការងារនៅខេត្តក្រចេះ លោក យ៉ា សំអេង ស្វាគមន៍យន្តការថ្មីនេះ ដោយចាត់ទុកថា វានឹងជួយសម្រួលដល់អ្នកដែលកំពុងរស់នៅឆ្ងាយពីស្រុកកំណើត។

លោកបាននិយាយថា៖ «វាជាការងាយស្រួល ប្រសិនបើយើងមានឯកសារគ្រប់គ្រាន់ ដើម្បីដាក់ពាក្យឱ្យអាជ្ញាធរធ្វើ[បែបបទ]»។

ទោះជាយ៉ាងណា លោកក៏បានបង្ហាញក្តីបារម្ភថា ប្រសិនបើមានការខ្វះឯកសារមួយចំនួន ប្រជាពលរដ្ឋនៅតែអាចត្រូវធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ លោកស្នើឱ្យអាជ្ញាធរកាត់បន្ថយរយៈពេលនៃការផ្តល់សេវា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានអត្តសញ្ញាណបណ្ណកាន់តែឆាប់រហ័ស។

ងាកមកសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃវិញ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ថ្ងៃ រួសរាន់ទៅបំពេញបែបបទប្តូរអត្តសញ្ញាណបណ្ណថ្មី ដើម្បីជៀសវាងការប្រើប្រាស់ឯកសារដែលផុតសុពលភាព៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3119}" data-page="1" data-max-pages="1" data-start="1" data-end="1">