ធនាគារជាតិ សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុ ប្រកាសទាត់ចោលព័ត៌មានដែលផ្សាយតាមតេឡេក្រាមបំផុសឱ្យពលរដ្ឋនាំគ្នាទៅដកប្រាក់ពីធនាគារដើម្បីបង្ការពេលដែលវិស័យធនាគារនៅកម្ពុជាមានវិបត្តិ។ធនគារជាតិនិងស្ថាប័នហិរញ្ញវត្ថុ ចាត់ទុកថាការផ្សាយបំផុសព័ត៌មានឱ្យពលរដ្ឋនាំគ្នាសម្រុកទៅដកប្រាក់គឺជាចេតនាអាក្រក់បង្ករភាពចលាចលក្នុងសង្គម។
ធនាគារជាតិនៃកម្ពុជាបដិសេធការផ្សាយរបស់អ្នកប្រើបណ្ដាញសង្គមតេឡេក្រាម គណនីផ្សេងគ្នាដែលបានផ្ញើសារជំរុញឱ្យពលរដ្ឋដកប្រាក់ពីធនាគារដើម្បីបង្ការកុំឱ្យបាត់បង់ប្រាក់ពេលដែលធនាគារមួយចំនួនត្រូវបង្កក។ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ថាការផ្សាយរបស់អ្នកប្រើហ្វេសប៊ុកឈ្មោះ មាន សំណាង អះអាងថាធនាគារមួយចំនួននឹងត្រូវបានបង្កកប្រាក់ ឬបិទដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងការផ្សាយគណនីតេឡេក្រាមឈ្មោះ Heng Sok ឱ្យពលរដ្ឋដកប្រាក់ពីធនាគារនោះ ជាព័ត៌មានមិនពិតក្នុងបំណងទុច្ចរិត។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃព័ត៌មានដោយចេតនា ដែលប៉ះពាល់ដល់ទំនុកចិត្ត សាធារណជន និងស្ថិរភាពរបស់ប្រព័ន្ធធនាគារ ជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និង កំណត់អត្តសញ្ញាណបុគ្គល ដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើឱ្យមកទទួលទោសតាមច្បាប់»។
ធនាគារជាតិនៃកម្ពុជា អះអាងថាខ្លួនកំពុងបំពេញមុខងារភារកិច្ចយ៉ាងពេញលេញដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល។
ជាមួយគ្នានេះ ធនាគារជាតិអំពាវនាវដល់សាធារណជនកុំផ្សព្វផ្សាយ ឬចែកចាយបន្តនូវព័ត៌មានដែលគ្មានមូលដ្ឋាន និងកម្បីតាមដានតែព័ត៌មានផ្លូវការមានប្រភពច្បាស់លាស់ ដូចយ៉ាងព័ត៌មានផ្សាយ ដោយធនាគារជាតិ ឬអាជ្ញាធរពាក់ព័ន្ធ។
តាមពីក្រោយធនាគារជាតិ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការបង្កកប្រាក់នៅគ្រឹះស្ថានធនាគារមួយចំនួននៅកម្ពុជា ដោយសហរដ្ឋអាម៉េរិកនោះជារឿងមិនពិត។ ប្រកាសព័ត៌មានរួមមួយចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគាំទ្រការបញ្ជាក់ដោយធនាគារជាតិនៃកម្ពុជាព្រមទាំងបានច្រាលចោលទាំងស្រុងចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្ដាញសង្គមទាក់ទងនឹងការបង្កកសាច់ប្រាក់របស់គ្រឹះស្ថានធនាគារមួយចំនួននៅកម្ពុជា ដោយសហរដ្ឋអាម៉េរិក។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «សារប្រឌិតបែបនេះ គឺបង្កឱ្យមានការភ័ន្តច្រឡំ មិនមានការទទួល ខុសត្រូវ បង្កចលាចល និងមានចេតនាបង្កអស្ថិរភាព និង បំផ្លាញទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា»។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានអំពាវនាវដល់សាធារណជន៊៊ឱ្យតាមដានតែព័ត៌មានផ្លូវការចេញដោយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានដែលមានអាជ្ញាបណ្ណ ដោយមិនត្រូវជឿតាមពាក្យចចាមអារ៉ាម រូបភាពក្លែងក្លាយ ឬមាតិកាផ្សាយតាមតាមបណ្ដាញសង្គមដែលគ្មានប្រភពច្បាស់លាស់។
អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា ហៅកាត់ថា(ABC) លោក សុខ ចាន់ បានប្រាប់ប្រជាកាសែតថា បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានស្ថិរភាពល្អ ហើយមានការជឿទុកចិត្តពីសាធារណជន។
លោកថា៖ «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាយើងនៅរក្សាបាននូវភាពរឹងមាំ មានស្ថិរភាព ហើយនិងមានទំនុកចិត្តពីសាធារណជនមកលើប្រព័ន្ធធនាគារ[…]ស្ថានភាពរឹងមាំនេះគឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការដាក់ចេញនូវវិធានប្រុងប្រយ័ត្នជាបន្តបន្ទាប់របស់ធនគារជាតិនៃកម្ពុជា»។
លោកបន្ថែមថា គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារនីមួយៗបានពង្រឹងខ្លួនជាបន្តបន្ទាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ធនធានមនុស្ស ព្រមទាំងអនុវត្តតាមច្បាប់ ឬវិធាននានារបស់ធនាគារជាតិនៃកម្ពុជាបានយ៉ាងខ្ជាប់ខ្ជួន។
លោក សុខ ចាន់ បន្តថា៖ «វិស័យធនាគារនេះគឺជាវិស័យមួយដែលមានការគ្រប់គ្រងតឹងរឹងណាស់ ហើយព្រមទាំងមានការប្រុងប្រយ័ត្ន ហើយមានតម្លាភាពបំផុត ។ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារមួយៗត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងគេហទំព័ររបស់គ្រឹះស្ថានផ្ទាល់ក៏ដូចជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា អ៊ីចឹងយើងអាចរកបានអំពីសុខភាព ឬក៏សុខុមាលភាពរបស់គ្រឹះស្ថានមួយៗ»។
ជុំវិញករណីនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា៖ «នៅក្នុងគ្រាបច្ចុប្បន្ននេះ វាត្រូវការឱ្យមានទំនុកចិត្ត ការធ្វើការទំនាក់ទំនងធ្វើម៉េចឱ្យមានទំនុកចិត្តរវាងធនាគារនិងអតិថិជន។ អ៊ីចឹងការឆ្លើយតបភ្លាមៗរបស់សាមាគមធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុវាជារឿងសមស្របហើយដើម្បីកុំឱ្យពលរដ្ឋហ្នឹងមានការជ្រួលច្របល់ទៅដកលុយ»។
តែយ៉ាងណាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមរូបនេះចង់ឱ្យធនាគារជាតិនៃកម្ពុជាបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារទ្រព្យសម្បត្តិពលរដ្ឋដែលផ្ញើរនៅគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងករណីគ្រឹះស្ថានណាមួយជួបវិបត្តិ។
លោកបន្ថែមថា៖ «ជួនកាលពេលខ្លះការដួលរលំនៃស្ថាប័នហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុខ្លះវាជៀសមិនផុត ប៉ុន្តែត្រូវមានវិធីសាស្ត្របង្ការ ពិសេសគឺធនាគារជាតិកម្ពុជាហ្នឹងត្រូវតែមានការទទួលខុសត្រូវមួយក្នុងការត្រៀមលក្ខណៈរួចជាស្រេចប្រសិនបើមានវិបត្តិនៅក្នុងស្ថាប័នណាមួយ គឺធនាគារជាតិកម្ពុជាត្រូវតែធ្វើការយ៉ាងសកម្មជាមួយនឹងធនាគារសាមីដែលមានបញ្ហាដើម្បីរកមធ្យោបាយដោះស្រាយ បង្ហាញដល់ពលរដ្ឋថាធនាគារជាតិពិតជានៅពីក្រោយខ្នងក្នុងការជួយដោះស្រាយដល់បន្ទុករបស់អតិថិជនដែលគេបានយកលុយគេទៅផ្ញើ»។
កន្លងមកគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅកម្ពុជាដូចជា គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័នផេ ម.ក និងធនាគារព្រីនស៍ ម.ក ជាដើម បានរងផលប៉ះពាល់រហូតផ្អាកដំណើរការ ក្រោយពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដាក់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែយ៉ាងណាបន្ទាប់ពីធនាគារជាតិដកអាជ្ញាប័ណ្ណគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ធនាគារជាតិបានដាក់ឱ្យពួកគេបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមច្បាប់៕







