ចំនួនគ្រោះអគ្គីភ័យកើតឡើងជិត ១០០នៅដើមឆ្នាំ២០២៦

សង្គម

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភ្នំពេញកាលពីខែមករាកន្លងទៅ (រូបថតពីពលរដ្ឋ)។

គ្រោះអគ្គីភ័យបានកើតឡើងចំនួន ៩៧ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងបំផ្លាញផ្ទះសំបែងជាច្រើនខ្នងបើគិតត្រឹមបំណាច់ខែ កុម្ភៈឆ្នាំ២០២៦។ ចំនួននេះហាក់កើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងករណីអគ្គីភ័យនៅក្នុងឆ្នាំ២០២៥ ខណៈអ្នកជំនាញអះអាងថា កម្ពុជាអាចប្រឈមនឹងគ្រោះអគ្គីភ័យកាន់តែច្រើន ដោយសារអាគារខ្ពស់ៗកើនឡើង និងការកើនឡើងកំដៅ។

ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត្រ វន្ថា ប្រាប់ប្រជាកាសែតឲ្យដឹងថាចំនួនអគ្គីភ័យនៅខែកុម្ភៈ ឆ្នាំ២០២៦ ហាក់កើនឡើងជាងឆ្នាំមុនធៀបនឹងរយៈពេលដូចគ្នាមាន ៨៦ លើក នៅឆ្នាំ២០២៥។ 

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែតុលា ឆ្នាំ២០២៥ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៧០៤លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន៦៧៩ខ្នង តូបផ្សារ៨៩តូប ឃ្លាំងទំនិញចំនួន ២៤ កន្លែង រោងចក្រសិប្បកម្មចំនួន១៣កន្លែង អគាររដ្ឋបាល ១២ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន២៩នាក់ និងរបួសចំនួន ៤៦ នាក់។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបំពាក់លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីងាយស្រួលជួយអន្តរាគមន៍ករណីគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុឲ្យបានលឿង រហ័ស និងតម្លាភាពជូនប្រជាពលរដ្ឋ។

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកើតឡើងនៅឃ្លាំងអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទាក់ទងនឹងករណីអគ្គីភ័យនេះស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឃឹម សុកខៃ ប្រាប់ប្រជាកាសែតឲ្យដឹងថា កម្លាំងសមត្ថកិច្ចបាញ់ពន្លត់អគ្គីភ័យទាំងស្រុង និងគ្រប់គ្រងមិនឲ្យឆេះរីករាលដាលបន្តទៀត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយប្រើប្រាស់រថយន្តពន្លត់ចំនួន៩គ្រឿង រួមទាំងគ្រឿងចក្រកាយចំនួន៣គ្រឿង។ តែយ៉ាងណា លោកមិនបានបញ្ជាក់ពីមូលហេតុនៃគ្រោះអគ្គីភ័យនេះនៅឡើយ។

លោកថា៖ «រលត់ហើយ។ មានខូចខាតអី ឆេះសម្ភារៈជ័រនុង»។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថាគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានគ្រោះអគ្គីភ័យចំនួន ៩៧ ករណីនៅទូទាំងប្រទេស។ របាយការណ៍ដដែលឲ្យដឹងថា អគ្គីភ័យទាំងនេះបណ្ដាលឲ្យផ្ទះសំបែងប្រជាពលរដ្ឋចំនួន៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង រងការបំផ្លិចបំផ្លាញ។ ក្នុងនោះអគ្គីភ័យទាំងនោះក៏បានឆក់យកជីវិតមនុស្ស និងរងរបួសជាច្រើននាក់។ 

ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គីភ័យមួយបានឆាបឆេះហាងលក់នំខេកមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅខណ្ឌឫស្សីកែវ ដែលបណ្ដាលឲ្យជនរងគ្រោះ៤នាក់បាត់បង់ជីវិត និងមនុសុ្ស៥នាក់ទៀតរងរបួស។ អគ្គីភ័យនេះបណ្ដាលឲ្យហាងនំរងការខូចខាតទាំងស្រុង និងឆេះរាលដាលទៅផ្ទះមួយល្វែងទៀតនៅជាប់នោះ។

អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង លើកឡើងថាអគ្គីភ័យភាគច្រើនកើតឡើងដោយសារផ្ទុះសេរខ្សែភ្លើង និងផ្ទុះហ្គាស។ លោកថាវិធានការដំបូងបង្អស់ដែលប្រជាពលរដ្ឋត្រូវធ្វើគឺត្រូវបង្កើនការប្រុងប្រយ័ត្ន និងកុំមានការធ្វេសប្រហែស រួមទាំងដឹងពីវិធីសាស្ត្រអន្តរាគមន៍ពីអាជ្ញាធរ។ ទាក់ទងទៅនឹងការអន្តរាគមន៍របស់អាជ្ញាធរពន្លត់អគ្គីភ័យ លោកថានៅខ្វះមន្ត្រីជំនាញ និងសម្ភារបច្ចេកទេស ខណៈទីក្រុងភ្នំពេញមានសំណង់អាគារដុះគ្រប់ទីកន្លែង និងមានផ្លូវចង្អៀតក្នុងការចូលអន្តរាគមន៍។

លោកថា៖ «មានតែខ្លួនឯងទេដែលត្រួវប្រយ័ត្នប្រយែងមើលខ្លួនឯង។ តែឆេះហើយបើទោះបីជាមានការអន្តរាគមន៍ពីមន្ត្រីពន្លត់អគ្គីភ័យមកជួយក៏មានផ្ទះប្រជាជនត្រូវឆេះ ហើយប្រជាជនអាចមានស្លាប់ មានរបួស។ ទី១គឺខ្លួនឯងត្រូវប្រយ័ត្នប្រយែងជាចម្បង។ ទី២អាហ្នឹងបានជំនួយពីអង្គភាពពន្លត់អគ្គីភ័យ តែបើប្រជាពលរដ្ឋអត់មានការប្រុងប្រយ័ត្នទេ ទោះបីការជួយ យើងឃើញកន្លងមកការជួយនៅមានកម្រិតមិនអាចជួយបានទាំងអស់ទេ»។

លោកបន្ថែមថា៖ «ឥឡូវនេះខ្ញុំឃើញអាគារសំណង់កាន់តែខ្ពស់ៗណាស់កាន់តែខ្ពស់កាន់តែរីក ប៉ុន្តែសួរថាសេវាពន្លត់អគ្គីភ័យនឹង វាទំនើប វាមានច្រើនតាមកំណើនប្រជាពលរដ្ឋឬអត់។ អាហ្នឹងវាជារឿងសំខាន់ណាស់បើសិនជារឿងផ្ទះកាន់តែទំនើប កាន់តែខ្ពស់ កាន់តែច្រើន ហើយសេវាពន្លត់អគ្គីភ័យវាមិនទាន់អាចឆ្លើយតបក៏ពិបាកនឹងជួយសង្គ្រោះទាន់ពេលដែរចឹងហើយត្រូវពិនិត្យ។ បងប្អូនក៏ត្រូវពិនិត្យខ្លួនឯងហើយអាជ្ញាធរពាក់ព័ន្ធក៏ត្រូវសិក្សាថាតើត្រូវបង្កើនមន្ត្រី បង្កើនរថយន្តពន្លត់អគ្គីភ័យឲ្យបំពាក់បច្ចេកទេសយ៉ាងម៉េច សម្ភារៈយ៉ាងណាដើម្បីឲ្យវាទាន់ភាពទំនើបនៃសំណង់ ខន់ដូ សំណង់អាគារដែលខ្ពស់ៗ។ បើមិនដូច្នេះទេគឺនៅមានអគ្គីភ័យគឺពិតជាពិបាកសង្គ្រោះហើយ»។

មាត្រា ១៨ នៃច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ចែងថា គ្រប់ទីប្រជុំជនត្រូវមានប្លង់គោលតម្កល់ទុកនៅអង្គភាពនគរបាលបង្ការនិងពន្លត់អគ្គិភ័យ ។ រាល់សំណង់ត្រូវធានាឲ្យមានប្លង់ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យមុនដំណើរការសាងសង់ ។ មាត្រាដដែលនេះ ចែងបន្ថែមថាចំណាត់ថ្នាក់សំណង់និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ត្រូវ កំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1810}" data-page="1" data-max-pages="1" data-start="1" data-end="1">