នាយករដ្ឋមន្ត្រីថា មិនបញ្ជូនក្មេងទំនើង ទៅកាន់កាំភ្លើងនៅសមរភូមិមុខទេ គ្រាន់តែឲ្យបម្រើការងារគាំទ្រជួរមុខ

សង្គម

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថាករណីហិង្សាដែលបង្កឡើងដោយក្រុមយុវជន មិនត្រូវបញ្ជូនឲ្យប្រយុទ្ធនៅសមរភូមិជួរមុខនោះទេ ប៉ុន្តែគ្រាន់តែឲ្យចូលរួមបម្រើសកម្មភាពគាំទ្រនៅតំបន់ជួរមុខ ។ ការលើកឡើងគឺឆ្លើយតបសារជាថ្មី ទៅនឹងការរិះគន់ពីអ្នកវិភាគនយោបាយនៅលើបណ្តាញសង្គម និងការព្រួយបារម្ភពីគណបក្សកម្លាំងជាតិ ដែលបានបកស្រាយថា រដ្ឋាភិបាលមានគោលបំណងបញ្ជូនក្រុមយុវជននិយមប្រើហិង្សាតាមដងផ្លូវ ទៅកាន់សមរភូមិប្រយុទ្ធ។

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលមិនមានគោលការណ៍បង្កើតច្បាប់ថ្មីឡើយ ប៉ុន្តែគ្រាន់តែណែនាំឲ្យសិក្សាច្បាប់ដែលមានស្រាប់ ដើម្បីអនុវត្តចំពោះក្រុមយុវជនដែលបង្កអសន្តិសុខសង្គម។

លោកលើកឡើងថា៖ «ទី១ ការចាប់ ការឃុំឬមួយក៏ដាក់ទោសទម្ងន់គឺផ្នែកទៅតាមច្បាប់ដែលមានជាធរមាន មិនមានការបង្កើតថ្មីនោះទេ ទី២យើងមើលក្នុងច្បាប់ដែលមានស្រាប់ ទាក់ទងទៅនឹងការអនុវត្តការអនុវត្តទៅលើអ្នកទោសព្រោះច្បាប់ក៏មានដែលការពារអ្នកឃុំមិនអាចយកទៅធ្វើ ទាសករឬក៏យកធ្វើអីនោះទេអានឹងខ្ញុំឲ្យមើលច្បាប់នឹង»។

តាមការបញ្ជាក់របស់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែតនេះថា ការអនុវត្តនេះគឺជាផ្នែកមួយនៃការអប់រំ និងកែប្រែឥរិយាបថ ដើម្បីឲ្យក្រុមយុវជនទាំងនេះយល់ពីតម្លៃនៃការបម្រើជាតិ និងការលះបង់របស់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីក្នុងស្ថានភាពប្រឈមនានា។

កាលពីថ្ងៃទី២៦ នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យ រដ្ឋក្រសួងយុត្តិធម៌ កើត រិទ្ធ អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន សិក្សាផ្លូវច្បាប់យកក្រុមយុវជនដែលបង្កអសន្តិសុខសង្គម ទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម។
ដោយការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីភាពពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកោះពេជ្រ ។

ទន្ទឹមនឹងនេះ គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនគាំទ្រចំពោះគំនិតនេះ។ 

គណបក្សបានលើកឡើងថា ការកើនឡើងនៃករណីហិង្សាដែលបង្កឡើងដោយក្រុមយុវជនបច្ចុប្បន្ន បណ្តាលមកពីកត្តាជាច្រើន ដូចជា ការខ្វះការអប់រំ គ្រឿងញៀន គ្រឿងស្រវឹង និងបរិយាកាសសង្គម។ ដូច្នេះ ការដោះស្រាយគួរតែផ្តោតលើការអប់រំ កែប្រែ និងធ្វើសមាហរណកម្មពួកគេចូលក្នុងសង្គមវិញ ជាជាងការយកទៅឡូកឡំជាមួយស្ថាប័នកងទ័ព។

ក្នុងសេចក្តីថ្លែងការណ៍ គណបក្សបានបញ្ជាក់ថា៖«គណបក្ស កម្លាំងជាតិ មានការព្រួយបារម្ភដែលបានឃើញការថ្លែងរបស់ លោកនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសហជីពកម្មករ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថានឹងចង់យកក្មេងទំនើងទៅឱ្យបម្រើការងារនៅទាហានជួរមុខ»។
គណបក្សកម្លាំងជាតិ មិនគាំទ្រចំពោះការយកក្រុមយុវជនដែលបង្កអសន្តិសុខសង្គម ទៅបម្រើការងារនៅទាហានជួរមុខ នេះឡើយនិងសូមអំពាវនាវដល់រាជរដ្ឋាភិបាលពិនិត្យ និងពិចារណាឡើងវិញ ដោយត្រូវយកពួកគាត់ទៅអប់រំ កែប្រែឱ្យក្លាយជាធនធានមនុស្សល្អ ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។

គណបក្សក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាលពិនិត្យ និងពិចារណាឡើងវិញ ដោយផ្តល់អាទិភាពលើការអប់រំ និងការកែប្រែជាមុនសិន។

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្រ្តីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដើម្បីកសាងកម្លាំងសម្រាប់វិស័យការពារជាតិ ក្នុងពេលជម្លោះព្រំដែនកម្ពុជា និងថៃកំពុងបន្ត។ ច្បាប់ស្ដីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ នៅមិនទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយស្របតាមបរិបទសង្គមបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការកែប្រែជាថ្មី។ដោយច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនឹងអនុវត្តចំពោះពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៨ ដល់២៥ ឆ្នាំ ដែលខុសពីច្បាប់ចាស់ដែលតម្រូវឱ្យពលរដ្ឋមានអាយុចាប់ពី១៨ ដល់៣០ ឆ្នាំ ត្រូវអនុវត្តកាតព្វកិច្ចយោធា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2420}" data-page="1" data-max-pages="1" data-start="1" data-end="1">