ក្រសួងធម្មការ និងកិច្ចការសាសនា ចេញលិខិតតវ៉ាប្រឆាំងនឹងវត្តមានរបស់មន្ត្រីជាន់ខ្ពស់ និងប្រជាជនថៃ ដែលបន្តសកម្មភាពខុសច្បាប់រៀបចំពិធីបួងសួងបែបជំនឿសាសនានៅប្រាសាទតាក្របី និងតំបន់ជុំវិញរបស់កម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធម្មការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ថ្មីៗនេះ ភាគីថៃ បានធ្វើសកម្មភាពប្រារព្ធពិធីបួងសួងបែបជំនឿសាសនា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញវត្តមានរបស់អាជ្ញាធរថៃនៅលើទឹកដីកម្ពុជា។
ក្រសួងបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់ និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200 000 ។
ជាក់ស្តែងនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ យោធា និងជនស៊ីវិលថៃ បានសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទវិហារ រួមទាំងសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។
ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការ ជួបជុំសាធារណៈ ការប្រកបពិធីកម្មសាសនា សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់ប្រាសាទតាក្របី។
មួយវិញទៀត កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែរ បើទោះបីជាមានសំណើម្តងហើយម្តងទៀតពីកម្ពុជាតាំងពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឱ្យបញ្ឈប់ការសាងសង់ក៏ដោយ។
ក្រៅពីនេះ ថៃបានរំលោភលើកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន និងថៃ ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសរំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតតវ៉ាប្រឆាំងនឹងវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលបានរៀបចំពិធីបួងសួងខុសច្បាប់ នៅទីតាំងប្រាសាទតាក្របី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ក្រសួងវប្បធម៌ពន្យល់ថា វត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចាដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រកាន់យកដើម្បីឈានទៅដល់ការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។
យោធាសៀមបានវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជាចំនួនពីរលើកគឺនៅក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បើទោះជាប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាសៀមនៅតែគគ្លើនបន្តឈ្លានពានចូលក្នុងទឹកដីប្រទេសកម្ពុជានៅតាមបណ្តោយព្រំដែនរាប់ចាប់តាំងពីខេត្តពោធិ៍សាត់រហូតដល់ខេត្តព្រះវិហារតាមរយៈការរាយលួសបន្លា ដាក់ទូរកុងតឺន័រ កសាងហេដ្ឋារចនាសម្ព័ន្ធ និងតំឡើងទង់ជាតិថៃនៅលើទឹកដីកម្ពុជាដោយអះអាងថាទឹកដីទាំងនោះជាទឹកដីរបស់ពួកគេ បើទោះជាកម្ពុជាបានចេញមុខតវ៉ាប្រឆាំងជាហូរហែក៏ដោយ៕







