នាវាចំបាំងរុស្ស៊ី២គ្រឿងចូលចតរយៈពេល៣ថ្ងៃនៅកំពង់ផែកម្ពុជា

ទំនាក់ទំនងអន្តរជាតិ

(នាវាកងទ័ពជើងទឹករុស្ស៊ី២គ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ នៅថ្ងៃ៦ ខែមេសា ឆ្នាំ២០២៦។ រូបភាព៖ កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម)។

រុស្ស៊ីបញ្ជូននាវាចំបាំង២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ខណៈអ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា កម្ពុជាស្វាគមន៍គ្រប់នាវាបរទេសទាំងអស់ដែលមានបំណងចូលចតនៅកំពង់ផែកម្ពុជា។

នាវាចំបាំងរុស្ស៊ីទាំង២គ្រឿងនោះមានឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។

នាវាចម្បាំង Sovershennyy ដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីឯក SHMAGIN មានទម្ងន់ផ្ទុក ២២៥០ តោន បណ្ដោយ ១០៥.៥ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ និងជម្រៅទឹក ៧.៩៥ម៉ែត្រ ខណៈនាវាចម្បាំង Rezky ដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីឯក KOVALEV មានទម្ងន់ផ្ទុក ២២៥០ តោន បណ្ដោយ ១០៥.៥ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ និងជម្រៅទឹក ៧.៩៥ម៉ែត្រ។

យោងតាមក្រសួងព័ត៌មានកម្ពុជា នាវាទាំងពីរ មាននាវិកសរុបប្រមាណ ២៦២នាក់ ហើយតាមការគ្រោងទុកកងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏នឹងមានការប្រកួតបាល់ទាត់មិត្តភាពផងដែរក្នុងអំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ។ 

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលថា ការអនុញ្ញាតឱ្យនាវាបរទេសណាមួយចូលចតនៅកំពង់ផែកម្ពុជា មិនមែនសុទ្ធតែមានន័យថាកម្ពុជាមានទំនោរនយោបាយទៅលើប្រទេសទាំងនោះទេ។ 

លោក ប៉ែន បូណា បន្ថែមថា៖« កំពង់ផែជារបស់កម្ពុជា ប្រទេសណាក៏អាចចូលចតបាន ហើយកម្ពុជាស្វាគមន៍គ្រប់ប្រទេសដែលចង់ចូលចតឬទស្សនកិច្ច ដោយពុំមានទំនោរនយោបាយទៅកាន់ប្រទេសណាមួយឡើយ»។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្តព្រះសីហនុ ដែលស្ថិតនៅទិសនិរតីរបស់ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ ក្នុងការចូលរួមជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

នាវាបរទេសចុងក្រោយគេបង្អស់ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាប្រភេទនាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER របស់ប្រទេស BAHAMAS កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៦ ដោយបាននាំយកភ្ញៀវទេសចរណ៍ប្រមាណ ៦០៩ នាក់ និងនាវិកចំនួន ៤៦៤ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ 

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត គិន ភា យល់ថា ការចូលសំចតរបស់នាវាចំបាំងរុស្ស៊ី២គ្រឿងនៅពេលនេះ គឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ។ ទន្ទឹមនឹងនោះ លោកថា នេះក៏ជាឱកាសដែលកងទ័ពកម្ពុជាអាចផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសយោធាជាមួយកងទ័ពជើងទឹករុស្ស៊ីផងដែរ។

លោកបណ្ឌិត គិន ភា រៀបរាប់ថា៖«ក្រៅពីវិស័យសន្តិសុខ ព្រឹត្តិការណ៍នេះក៏អាចជាស្ពានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ខណៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិប្រេងឥន្ធនៈផងដែរ»។

លោកបណ្ឌិត គិន ភា លើកឡើងបន្ថែមថា ក្នុងបរិបទនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយសកលដ៏ស្រួចស្រាល ការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសនានា ជាពិសេសជាមួយមហាអំណាច គឺជាការរក្សាតុល្យភាពយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការធានានូវភាពរស់រាន ស្ថិរភាព និងសន្តិភាព ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រការពារជាតិសម្រាប់រដ្ឋតូចៗ។

បើតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik ដែលបានថ្លែងសុន្ទរកថានៅចំពោះមុខអ្នកសារព័ត៌មាន នៅកំពង់ផែស្វយ័តព្រះសីហនុ នៅថ្ងៃទី៦ ខែមេសា គូសបញ្ជាក់ថា ដំណើរចូលសំចតរបស់នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែកម្ពុជានៅពេលនេះក៏ដូចជាពីមុនៗមកគឺជាការរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍចំណងមិត្តភាពយោធាជិតស្និទ្ធរវាងប្រទេសទាំងពីរ។

កាលពីអំឡុងខែមេសា និងឧសភា ឆ្នាំ២០២៥ នាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿងបានចូលមកចតនៅកំពង់ផែស្វយ័តព្រះសីហនុរបស់កម្ពុជា រួមមាននាវាចម្បាំង Hero of the Russian Federation Aldar Tsydenzhapov និង Rezky រួមជាមួយនាវាផ្ទុកប្រេងធុនមធ្យម Pechenga។

របាយការណ៍បង្ហាញថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកំពង់ផែកម្ពុជាចំនួន៨លើករួចមកហើយ ដែលមាននាវាសរុបចំនួន១៨គ្រឿង។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត គិន ភា យល់ថា ការចូលសំចតនៃនាវាកងទ័ពជើងទឹករុស្ស៊ី នៅកំពង់ផែក្រុងព្រះសីហនុ គឺជាការបង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី មិនមានសញ្ញាធ្លាក់ចុះនោះឡើយ បើទោះបីជាកន្លងមក កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។ 

លោកថា ករណីនេះបង្ហាញថា កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីជំហរការទូតរបស់ខ្លួន គឺការប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាដោយប្រទេសមួយឈ្លានពានទៅលើរដ្ឋអធិបតេយ្យមួយទៀត។ ប៉ុន្តែសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីវិញ លោកមើលឃើញថា គឺនៅតែជាទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងដែលប្រទេសទាំងពីរមានតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2170}" data-page="1" data-max-pages="1" data-start="1" data-end="1">