ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម វិទ្ធី អំពាវនាវដល់សាធារណជនជួយឧបត្ថម្ភរូបលោក ដើម្បីបានប្រាក់បង់ពិន័យតាមការបង្គាប់ពីតុលាការ។ លោកបានអំពាវនាវបែបនេះតាមបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៥ខែឧសភា ដោយភ្ជាប់ជាមួយនូវលិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញមកជាមួយផង។
លិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ដាក់កំហិតឱ្យលោក ម៉ម រិទ្ធី បង់ប្រាក់ពិន័យឱ្យបានមុនថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បើមិនដូច្នេះទេ តុលាការនឹងចេញដីកាបញ្ជាឱ្យបង្ខំ និងឱ្យឃុំខ្លួនតាមនីតិវិធី។
លោក ម៉ម រិទ្ធី ត្រូវបានតុលាការត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីឆ្នាំ២០២៤ បន្ទាប់ពីបានចោទប្រកាន់និងកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា ៤៩៤ ៤៩៥ និង ៥២៣ នៃក្រមព្រហ្មទណ្ឌ ក្រោយពីមានបណ្តឹងពីក្រុមហ៊ុន ជីនប៉ី គ្រុប ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន។ លោកបានជាប់ពន្ធនាគារចំនួន១៨ខែក្នុងសំណុំរឿងនេះ។ លោកបានចេញពីពន្ធនាគារបន្ទាប់ពីអនុវត្តទោសរួចរាល់ ប៉ុន្តែលោកមិនទាន់បង់ប្រាក់ពិន័យជូនតុលាការនៅឡើយ។
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ (OCCRP) កាលពីឆ្នាំ២០២៥ បានចេញរបាយការណ៍មួយស្តីពី ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី នៅខេត្តព្រះសីហនុ ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ ។ របាយការណ៍នោះទាញការសន្និដ្ឋានថា ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី បានមកពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញ និងលាងលុយកខ្វក់ ជាមួយលោក ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍គ្រុប។ លុះដល់ខែកុម្ភៈឆ្នាំ២០២៦គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការព្យួរអាជ្ញាប័ណ្ណ និង លុបអាជ្ញាប័ណ្ណ កាស៊ីណូចំនួន៥ក្នុងនេះមានកាស៊ីណូជីនប៉ីនេះដែរ។
តាមលោក រិទ្ធី ក្រោយចេញពីពន្ធនាគារ បច្ចុប្បន្នលោកនៅតែកាន់តួនាទីជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជាដដែល ដោយមានការផ្តល់ប្រាក់ខែបន្តិចបន្តួចពីសមាជិក។ យ៉ាងណា លោកថាមិនទាន់មានការងារផ្សេងទេ ចំណែកឯសកម្មភាពការងារក្នុងសហព័ន្ធសហជីពក៏នៅទ្រឹង ដោយមិនមានប្រាក់ជំនួយពីដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើការងារនៅឡើយ។
លោក ម៉ម រិទ្ធី ប្រាប់ថា សព្វថ្ងៃ លោកនៅផ្ទះជួល ដោយភរិយាលោកប្រកបរបរលក់គុយទាវប្រចាំថ្ងៃ ហើយលោកជួយរត់តុ។លោកឱ្យដឹងដែរថា លោក និងភរិយាក៏កំពុងដោះបំណុលធនាគារ ដែលជំពាក់គេកាលលោកចូលពន្ធធនាគារ ស្របពេលពួកគាត់ត្រូវទទួលបន្ទុកកូន ៤នាក់ កំពុងតែនៅក្នុងវ័យសិក្សាទាំងអស់។
លោក ម៉ម រិទ្ធី រៀបរាប់យ៉ាងដូច្នេះ៖ «និយាយរួមទៅ ពេលខ្ញុំជាប់ពន្ធនាគារហ្នឹង ប្រពន្ធខ្ញុំគាត់បានជំពាក់បំណុលគេច្រើនដែរ ដោយសារតែរយៈពេល ១៨ខែ ហើយគាត់អត់មានលុយ។ ហើយគាត់ក៏ខ្ចីអីគេច្រើនដែរ ពេលខ្ញុំចេញមកវិញក៏អត់មានអីសម្រាប់នឹងទប់ទល់ជីវភាព។ មានបំណុលហ្នឹងបន្ថែម ទាំងធនាគារចាស់ ទាំងថ្មីហ្នឹង បូកទៅឃើញថាច្រើន»។
លោកបញ្ជាក់៖ «ខ្ញុំជំពាក់រាល់ថ្ងៃហ្នឹង ២ធនាគារ នៅធនាគារអេស៊ីលីដាមួយ និងធនាគារអ៊ីអនមួយ ហើយក៏មានលុយកម្ចីក្រៅផ្លូវការជាមួយអ្នកស្គាល់គ្នាដែរ។ សរុបទាំងធនាគារ និងកម្ចីក្រៅផ្លូវការជាមួយអ្នកស្គាល់គ្នាហ្នឹង ប្រហែលជាខ្ទង់ចូលជាងជិត ២ម៉ឺនដុល្លារ»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បង្ហាញការយល់ឃើញថា លោក ម៉ម វិទ្ធី មានសិទ្ធិអំពាវនាវទៅដល់ក្រុមប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត ឬអង្គការដៃគូដែលពាក់ព័ន្ធ ឱ្យចូលរួមចំណែកជួយលោកទៅតាមលទ្ធភាព ក្នុងការបង់លុយពិន័យទៅតុលាការ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ពន្យល់៖ «ធម្មតាការងារសហជីព ថ្នាក់ដឹកនាំសហជីពគាត់អត់មានថវិកាអីនៅក្នុងការផ្គត់ផ្គង់ទៅដល់គាត់ទេ។ គាត់ទទួលបានធនធាន ឬប្រាក់ឧបត្ថម្ភហ្នឹងពីសមាជិកដែលបានបង់ភាគទានឱ្យគាត់។ អ៊ីចឹងចង់មិនចង់ ខ្ញុំគិតថាសមាជិកដែលបង់ភាគទានឱ្យគាត់ហ្នឹង វាមិនច្រើនទេ វាទៅតាមលទ្ធភាព ហើយគេយកមកប្រើប្រាស់នៅក្នុងសកម្មភាពរបស់សហជីព។ អ៊ីចឹងអ្វីដែលគាត់កំពុងធ្វើ អាហ្នឹងជាសកម្មភាពរបស់សហជីពហើយ»។
អ្នកស្រីបន្ថែមថា លោក រិទ្ធី បានធ្វើសកម្មភាព ដើម្បីការពារសិទ្ធិ និងប្រយោជន៍រួម ឱ្យកម្មករនិយោជិតស្របតាមច្បាប់។ ដូចលោក ម៉ម រិទ្ធី សមណាស់ត្រូវទទួលបានការគាំទ្រ ត្រូវបានការជួយឧបត្ថម្ភពីរដ្ឋ ដល់សកម្មភាពការងាររបស់ពួកគាត់។
លោកស្រី យ៉ាង សោភ័ណ្ឌ៖ «គ្រាន់តែខ្ញុំបានដឹងថា រិទ្ធីគាត់ជាប់ពន្ធនាគារដោយសារតែរឿងក្រុមហ៊ុនកាស៊ីណូ ជីនប៉ី ធ្វើការចោទប្រកាន់គាត់។ រឿងនៅពីក្រោយខ្នងយ៉ាងណាៗ ហ្នឹងខ្ញុំអត់បានដឹងទេរឿងអស់ហ្នឹង។ គ្រាន់តែសរុបសេចក្តីមកវិញថា រិទ្ធីគាត់ជាមេដឹកនាំសហជីព ហើយគាត់ចូលរួមចំណែកក្នុងការការពារសិទ្ធិប្រយោជន៍ឱ្យកម្មករនិយោជិតស្របតាមច្បាប់»។
អ្នកស្រីបន្ត៖ «ប្រទេសមួយចំនួន ដែលខ្ញុំបានធ្វើកម្មសិក្សា រដ្ឋគេមានការគាំទ្រទៅដល់មនុស្សដែលចូលរួមចំណែកក្នុងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសង្គមដូចជារិទ្ធីអីហ្នឹង គឺត្រូវបានការគាំទ្រ ត្រូវបានការជួយឧបត្ថម្ភពីរដ្ឋមកជួយគាំទ្រដល់សកម្មភាពការងាររបស់គាត់ទៅទៀត។ ប៉ុន្តែសម្រាប់បរិបទស្រុកយើង ខ្ញុំមើលទៅហាក់ដូចជាអត់ទាន់ឈានដល់ដំណាក់កាលនៃអ្វីដែលខ្ញុំបានលើកឡើងហ្នឹងទេ»។
យ៉ាងណាក៏ដោយ អ្នកស្រី សោភ័ណ្ឌ ស្នើមហាជនទូទៅតាមដានទៅលើការវិនិច្ឆ័យ លើករណីរបស់លោក ម៉ម រិទ្ធី ថាតើតុលាការកាត់ក្តីហ្នឹង ត្រឹមត្រូវកម្រិតណា ភាគីណាទទួលរងនូវអំពើយុត្តិធម៌ ឬអយុត្តិធម៌។
ទោះជាយ៉ាងណាក្ដី លោក ម៉ម រិទ្ធី ប្រាប់ប្រជាកាសែតថា បន្ទាប់ពីលោកបានបង្ហោះសារដើម្បីសុំជំនួយពីសមាជិកសហជីព និងមហាជន ចំនួនលុយបានក្បែរនឹងគ្រប់ហើយ។លោកថាលោក នឹងធ្វើដំណើរពីខេត្តសៀមរាប មកភ្នំពេញ ដើម្បីបង់ប្រាក់ពិន័យទៅតាមការកំណត់របស់តុលាការ។
លោក ម៉ម រិទ្ធី៖ «ខ្ញុំកំពុងតែរៀបចំពេលវេលាឡើងទៅក្នុងពេលឆាប់ៗនេះ ដោយសារតែកំពុងពិភាក្សាជាមួយប្រពន្ធ ពិភាក្សាគាត់ថាត្រូវឡើងទៅថ្ងៃណា។ ប៉ុន្តែមិនឱ្យយូរ មិនឱ្យលើសថ្ងៃទេ ព្រោះបារម្ភខ្លាចក្រែងលោតុលាការគាត់ចាត់ចែងតាមនីតិវិធីច្បាប់បន្តទៅ យើងអាចជាប់ពន្ធនាគារ ជាប់អីទៀត»៕







