សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើបុគ្គល ៩ នាក់ និងអង្គភាពចំនួន ២៦ ដែលមានទំនាក់ទំនងជាមួយបណ្ដាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group Transnational Criminal Organization – TCO) ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននេះ។
យោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ការដាក់ទណ្ឌកម្មនេះ រាប់បញ្ចូលទាំងលោក Hu Xiaowei (Hu) ដែលជាមនុស្សលំដាប់ទី២ នៃក្រុមហ៊ុន ព្រីនស៍ គ្រុប បន្ទាប់ពីលោក Chen Zhi។ លោក Hu Xiaowei ទើបតែត្រូវបានចាប់ខ្លួននៅប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ពាក់ព័ន្ធនឹងការដាក់ពាក្យប្តូរទីលំនៅដោយក្លែងបន្លំ។ រីឯលោក Brendon Luo (Luo) និងលោក Qiu Weiren (Qiu) អាមេរិកក៏ចោទថា ជាអ្នកវិនិយោគធំនៅក្នុងក្រុមហ៊ុនឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប លើទីតាំងដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោក។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក កំពុងស្នើធ្វើវិសោធនកម្មច្បាប់ក្រោមមាត្រា ៣១១ នៃច្បាប់ USA PATRIOT Act ដែលអនុវត្តចំពោះ Huione Group ដើម្បីរារាំងគណនីដុល្លារអាមេរិកសម្រាប់ H-Pay Service PLC និងសាជីវកម្មទាំងឡាយណាដែលឈរឈ្មោះជំនួសឱ្យក្រុមហ៊ុន Huione Group។ អាមេរិកបន្ថែមថា ជនបោកប្រាស់រួមទាំងឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រើប្រាស់ក្រុមហ៊ុន Huione Group រួមទាំង Huione Pay និង H-Pay ដើម្បីផ្ទេរ និងលាងលុយកខ្វក់ពីការបោកប្រាស់។
ក្នុងសេចក្ដីថ្លែងការណ៍ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារបានមានប្រសាសន៍ថា៖ «មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍លួចប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជនជាតិអាមេរិកជារៀងរាល់ឆ្នាំ។ រដ្ឋបាលលោក Trump មានការរួបរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំផ្លាញក្រុមហ៊ុនឧក្រិដ្ឋកម្មនៅក្រៅប្រទេសទាំងនេះ។ ក្រសួងរតនាគារនឹងបន្តប្រើប្រាស់ឧបករណ៍របស់ខ្លួនដើម្បីរំខានដល់បណ្តាញនៅពីក្រោយការក្លែងបន្លំដ៏គួរឱ្យភ័យខ្លាចនេះ និងការពារជនជាតិអាមេរិក»។
ក្នុងពេលដំណាលគ្នានេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសអំពីការរឹបអូសគណនីសេវាកម្ម cloud computing account ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huione Group។
ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតពីការដាក់ទណ្ឌកម្ម ជំនួយការនាយកនៃផ្នែកសាយប័រ របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Brett Leatherman មានប្រសាសន៍ថា៖ «FBI ប្តេជ្ញាចិត្តក្នុងការបង្អាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានា ដែលឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតតែងពឹងផ្អែក ដើម្បីទទួលបានផលចំណេញពីសកម្មភាពខុសច្បាប់របស់ពួកគេ។ វិធានការនាពេលនេះ ផ្តោតលើកត្តាសំខាន់មួយដែលជួយសម្រួលដល់ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងគម្រោងលាងលុយកខ្វក់ ដោយបង្ហាញថា FBI នឹងតាមប្រមាញ់មិនត្រឹមតែជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែទាំងសេវាកម្មដែលគាំទ្រដល់ប្រតិបត្តិការឧក្រិដ្ឋកម្មរបស់ពួកគេផងដែរ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅមិនទាន់អាចសុំការអត្ថាធិប្បាយបានទេ។
ចំណែកអ្នកតាមដានភូមិសាស្រ្តនយោបាយ លោក សេង វណ្ណលី យល់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកជាបន្តបន្ទាប់លើបុគ្គល និងស្ថាប័នពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍គ្រុប នេះ នឹងរុញកម្ពុជាឱ្យធ្លាក់ទៅក្នុងវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យលំហូរទុនវិនិយោគបរទេសស្អាតស្អំកាន់តែរីងស្ងួត ហើយប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុជាតិទាំងមូលនឹងត្រូវរឹតត្បិត ឬមើលរំលងពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ លោកបន្ថែមថា៖ «ចំពោះមុខវិបត្តិនេះ ខ្ញុំមើលឃើញថា របបភ្នំពេញមិនអាចគ្រាន់តែចេញសេចក្តីថ្លែងការណ៍បដិសេធ ឬសម្តែងការសោកស្តាយបែបយករួចខ្លួនដូចរាល់ដងនោះទេ»។
លោក វណ្ណលី លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែបើកការស៊ើបអង្កេតដោយឯករាជ្យ និងមានតម្លាភាពទៅលើរាល់បុគ្គល និងក្រុមហ៊ុនទាំងឡាយណាដែលជាប់ពាក់ព័ន្ធ មិនថាបុគ្គលនោះមានខ្នងបង្អែកក្រាស់ ឬជាសាច់ញាតិរបស់ខ្លួនកម្រិតណាក៏ដោយ។ លោកនិយាយថា៖ «រដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ ប្រឆាំងការលាងលុយកខ្វក់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាកម្រិតធ្ងន់ឱ្យមានប្រសិទ្ធភាព ដើម្បីស្តារទំនុកចិត្តពីសហគមន៍អន្តរជាតិឡើងវិញ ជាជាងការបណ្តោយឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីខ្មែរធ្វើជាជម្រក រួចទម្លាក់ការទទួលខុសត្រូវមកលើប្រជាពលរដ្ឋស្លូតត្រង់ទូទាំងប្រទេស»។
ជុំវិញការដាក់ទណ្ឌកម្មនេះ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងរតនាគារអាមេរិក បានសហការជាមួយអង់គ្លេស ដោយដាក់ទណ្ឌកម្មក្រុមហ៊ុន Prince Group ដែលជាក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធចំនួន ១៤៦ នាក់ ទាក់ទិននឹងដំណើរការមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលផ្តោតលើពលរដ្ឋអាមេរិក និងអង់គ្លេស។
កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិក ក៏បានសម្រេចដាក់ទណ្ឌកម្មលើលោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា និងសហការី រួមទាំងស្ថាប័នពាក់ព័ន្ធចំនួន ២៨ ដោយចោទថា ពាក់ព័ន្ធនឹងអំពើឆបោកតាមបច្ចេកវិទ្យា តាមរយៈការផ្ដើទីតាំងឆបោកជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលមានគោលដៅបោកប្រាស់លុយពីពលរដ្ឋអាមេរិករាប់លានដុល្លារ។
ក្រសួងរតនាគារអាមេរិក និយាយថា ឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍កំពុងកំណត់គោលដៅជនជាតិអាមេរិកកាន់តែខ្លាំងឡើងតាមរយៈប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ដោយសារប្រតិបត្តិការឆបោកដែលចេញពីតំបន់អាស៊ីអាគ្នេយ៍ ដោយកើនឡើង ៦៦ ភាគរយបើធៀបនឹងឆ្នាំមុន៕







