អ្នកឃ្លាំមើលនៅកម្ពុជា បង្ហាញក្ដីបារម្ភចំពោះការបំពានបទឈប់បាញ់ពីសំណាក់ភាគីថៃ ដែលបង្កឱ្យពលរដ្ឋខ្មែរមួយចំនួនរងបួស។ ពួកគេស្នើរដ្ឋាភិបាលដោះស្រាយបញ្ហានេះដោយសន្តិវិធី និងបន្ថែមកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋខ្មែរដែលចេញមុខប្រឆាំងការឈ្លានពានរបស់ថៃ។
ការលើកឡើងនេះគឺបន្ទាប់ពីកងកម្លាំងចម្រុះភាគីថៃចំនួនប្រមាណជា៣០០នាក់ ប្រដាប់ដោយអាវុធ ឧបករណ៍ទប់ស្កាត់បាតុកម្ម ជំពាមកៅស៊ូ បានចូលទៅកាន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីរាយបន្លាលួសព័ទ្ធយកដី និងបានបាញ់គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក បង្កឱ្យជនពលរដ្ឋខ្មែរ រងរបួសធ្ងន់ស្រាលសរុបចំនួន២៨នាក់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់ប្រជាកាសែតថា លោកសង្កេតឃើញភាគីថៃបានប្រើវិធីសាស្ត្រផ្សេងៗដើម្បីទន្ទ្រានចូលទឹកដីកម្ពុជា ក៏ប៉ុន្តែភាគីកម្ពុជាមិនហ៊ានប្រើទាហាន និងអាវុធផ្សេងៗតតាំងនឹងភាគីថៃទេ ព្រោះកម្ពុជាគោរពបទឈប់បាញ់ឱ្យបានពេញលេញ។ ការនេះធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាអ្នកឈរនៅជួរមុខការពារទឹកដីផ្ទះសម្បែង ស្រែចំការពួកគេ។
លោកថា៖ «ខ្ញុំសុំសំណូមពរថា ទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋចូលទៅដៃទទេមិនមានអាវុធទេ អ៊ីចឹងយើងតតាំងដោយអហិង្សាយ៉ាងណាក៏ដោយក៏ត្រូវមានការការពារដែរ អញ្ចឹងគួរណាស់តែមាន ឧទាហរណ៍ថាមួកការពារសុវត្ថិភាពពួកគាត់ដែលឧទាហរណ៍ថាឥឡូវឃើញទាហានថៃបាញ់គ្រាប់មកចំភ្នែករបស់ខាងយើង ត្បិតតែគ្រាប់មិនមែនគ្រាប់រំសេវផ្ទុះមែនក៏ប៉ុន្តែវាក៏ជាអាវុធដែរ អាវុធមិនមែនចាំដល់តែផ្ទុះទេ»។
លោកបណ្ឌិត យង់ ពៅ ថាករណីនេះភាគីកម្ពុជាត្រូវទប់ទល់ដោយអហិង្សាកុំឱ្យភាគីថៃរាយបន្លាលួសបន្តទៀត ហើយត្រូវប្ដឹងរាល់ករណីដែលថៃបំពានទៅកាន់ស្ថាប័នអន្តរជាតិនានា ព្រមទាំងផ្សពផ្សាយឱ្យបានទូលំទូលាយនូវករណីទាំងនោះតាមស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ។
លោកបន្ថែម៖ «អញ្ចឹងយើងត្រូវតែការពារ អ៊ីចឹងមានអាវ ខែលការពារ មានមួកការពារ មានម៉ាសការពារផ្សែងពុលអីជាដើម ហើយនិងគួរតែមានដំបងវែងៗ ឬក៏ឈើ ឬក៏ឫស្សីវែងដើម្បីទៅរល់កុំឱ្យចូលមកកៀកនឹងប្រជាពលរដ្ឋ[…]គួរតែមានកន្ត្រៃកាត់ដែកតូចៗដាក់តាមហោប៉ៅ[…]បើសិនបណ្ដោយឱ្យថៃមករាយបន្លាលួស កាលណាកាន់តែរាយ គាត់រាយបានគាត់មិនងាយចេញទៅវិញទេ»។
ចំណែកឯអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកករណីដែលភាគីថៃចូលរាយបន្លាលួសនៅទឹកដីកម្ពុជា និងធ្វើឱ្យពលរដ្ឋខ្មែររបួស ជាការរំលោភបំពានមួយ ហើយលោកថាករណីនេះ ទំនងជាចេតនារបស់ភាគីថៃក្នុងការបង្កឱ្យផ្ទុះសង្គ្រាមឡើងវិញ។
លោកនិយាយថា ភាគីកម្ពុជាបានតវ៉ាដោយសន្តិវិធីចំពោះករណីទាំងនេះ ក៏ប៉ុន្តែការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងកងកម្លាំងថៃជារឿងអាចកើតឡើងដោយចៀសមិនបាន ព្រោះបើភាគីថៃបន្តរំលោភបំពាន នោះពលរដ្ឋខ្មែរនៅតែឈរជើងការពារទឹកដីខ្លួន។
លោកថា៖ «ពលរដ្ឋនៅតែបន្តឈរជើងនៅក្នុងទីតាំងភូមិរបស់គាត់ បើសិនជាមានគេរំលោភមកអាហ្នឹងការប្រតាយប្រតប់គ្នាវាចៀសមិនរួចទេ ប៉ុន្តែខ្ញុំមើលទៅវាហាក់ដូចជាមិនយើងអាចនឹងផ្ដល់សម្ភារៈស្អីការពារខ្លួនអីបានទេ។ បើសិនជាមានប្រដាប់ប្រដាដូចជាសម្រាប់ការពារផ្សែងៗហូរទឹកភ្នែកអីអាហ្នឹងជារឿងសមរម្យ សមស្រប ប៉ុន្តែអ្វីទៀតដែលលើសពីហ្នឹង វានឹងអាចធ្វើឱ្យមានអំពើហិង្សាកើតឡើង»។
លោកបណ្ឌិត មាស នី បន្ថែម៖ «អ្វីដែលរដ្ឋាភិបាលអាចជួយបាននៅក្នុងពេលនេះគឺត្រូវមានជំហមួយច្បាស់លាស់ ហើយជម្រាបជូនដល់ពលរដ្ឋថាតើជំហរបស់រដ្ឋាភិបាលគឺនៅត្រង់កន្លែងណា ហើយរដ្ឋាភិបាលនឹងធ្វើអីតទៅទៀត។ នេះជារឿងដែលពលរដ្ឋចង់ដឹង កុំឱ្យចេះតែស្ងប់ស្ងាត់ទៅអាហ្នឹងវាធ្វើឱ្យពលរដ្ឋបាត់បង់នូវទំនុកចិត្ត»។
រីឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង ថាករណីកងកម្លាំងថៃចូលទឹកដីកម្ពុជា រាយបន្លាលួស និងប៉ះទង្គិចជាមួយពលរដ្ឋខ្មែរកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ជារឿងគួរឱ្យសង្វេគ និងសោកស្ដាយ។ លោក គិមអេង យល់ថាការណ៍ដែលពលរដ្ឋចេញតវ៉ាប្រឆាំងក្រុមកងកម្លាំងថៃ ជាឆន្ទៈផ្ទាល់ខ្លួនរបស់ពលរដ្ឋដែលកើតចេញពីការឈឺចាប់ដោយសារបាត់បង់ដីធ្លី ផ្ទះសម្បែង។
លោកថា៖ «ការដែលថាជាសប្បុរសធម៌ ជាសប្បុរសជនដែលគេជួយជាម៉ាសជាអីឱ្យគាត់អាហ្នឹងជារឿងធម្មតា វាដូចជាអត់មានអីជាបញ្ហាទេហើយជាមួយគ្នានោះដែរសម្រាប់ការរិះរកវិធីដោយសន្តិវិធីរបស់ពួកគាត់ខ្ញុំថាមានសារៈសំខាន់ ហើយកុំប្រើប្រាស់ហិង្សា ហើយយើងបង្ហាញអំពីអហិង្សា ដែលយើងអហិង្សាសកម្ម»។
លោក យង់ គិមអេង ថាបើការប្រឈមមុខដាក់គ្នានៅតែបន្ត មានតែនាំឱ្យបញ្ឆេះឱ្យមានហិង្សា និងការរើសអើងរវាងប្រជាជននៃប្រទេសទាំងពីរ។ ករណីនេះលោកថា ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរគួរតែជួបជជែកគ្នារិះរកដំណោះស្រាយឈានទៅបញ្ចប់បញ្ហាជម្លោះព្រំដែននេះ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសព័ត៌មាន៖ «សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌»។
ក្រសួងការបរទេសកម្ពុជាទទូចភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ដោយសារបានប៉ះពាល់ដល់បទឈប់បាញ់ដែលផុយស្រួយ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិច្ចការដែលរាជរដ្ឋាភិបាលទាំងពីរខំធ្វើក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ កម្ពុជាក៏អំពាវនាវដល់ភាគីអន្តរជាតិនានាឱ្យតាមដានករណីនេះ ដើម្បីទប់ស្កាត់ភាពតានតឹង ហើយកម្ពុជាប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី។
ភាគីគូជម្លោះទាំងពីរគឺកម្ពុជានិងថៃបានឯកភាពលើបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ចាប់តាំងពីពាក់កណ្ដាលយប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។ ក្រោយបទឈប់បាញ់នេះចូលជាធរមាន ភាគីថៃបានបំពានកិច្ចព្រមព្រៀងនេះជាច្រើនលើកតួយ៉ាងការចាប់យកទាហានខ្មែរពីទឹកដីកម្ពុជា ការបញ្ជូនកម្លាំងប្រដាប់អាវុធ គ្រឿងចក្រចូលដែនអធិបតេយ្យភាពកម្ពុជា និងការចូលរាយបន្លាលួសនៅលើទឹកដីកម្ពុជាជាដើម។ ជាមួយគ្នានេះ ការចូលរាយបន្លាលួសនេះបានកើតឡើងជាច្រើនលើកដូចជាការរាយលួសក្នុងភូមិជោគជ័យ និងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាដើម ដែលបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែររស់នៅទីនោះចេញតវ៉ាការពារផ្ទះសម្បែងខ្លួន៕







