ធនាគារពិភពលោក (World Bank) បានអនុម័តផ្ដល់កញ្ចប់ប្រាក់កម្ចីសរុប ៣០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ ដោយជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ដើម្បីបង្កើនឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
ធនាគារពិភពលោក ឱ្យដឹងថា កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពភស្តុភារ(ឡូហ្ស៊ីស្ទិក) ដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ នៃប្រទេសកម្ពុជា។ ក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តដំណាក់កាលទីមួយ ដែលមានតម្លៃ ១៥០លានដុល្លារអាមេរិក សម្រាប់ធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ផ្លូវដឹកជញ្ជូនដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃផ្លូវហាយវ៉េអាស៊ី ២១ (Asian Highway 21/AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកកម្ពុជា។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសនេះកំពុងខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងការងារដែលមានគុណភាព។
លោកថ្លែងបែបនេះ៖ «តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែកឡូហ្ស៊ីស្ទិក, កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,៦ លាននាក់ និងជួយជំរុញការវិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ សេវាកម្មដឹកជញ្ជូន និងទេសចរណ៍»។
ជាមួយគ្នានោះដែរ ធនាគារពិភពលោកបានដកស្រង់សម្ដី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ថ្លែងថាកម្មវិធីពហុដំណាក់កាល-គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់កម្ពុជា (CRCI) បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការពង្រឹងការតភ្ជាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលអាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បានកាន់តែល្អជាងមុន។
លោកមានប្រសាសន៍បន្ថែមថា៖ «ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវ Asian Highway 21 មិនត្រឹមតែធ្វើឱ្យការតភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផលនៃផ្នែកឡូហ្ស៊ីស្ទិក កាត់បន្ថយថ្លៃដឹកជញ្ជូន, និងអនុញ្ញាតឲ្យសហគមន៍ កសិករ និងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែងាយស្រួល ទាំងនៅក្នុងស្រុក និងឆ្លងព្រំដែនផងដែរ»។
ផ្លូវ AH21 ជាការតភ្ជាប់សំខាន់ពីកើតទៅលិចរវាងកម្ពុជា និងវៀតណាម ដោយភ្ជាប់ខេត្តភាគឦសាន នៃកម្ពុជាទៅទីផ្សារក្នុងស្រុក និងផ្លូវពាណិជ្ជកម្មក្នុងតំបន់។ ក្នុងដំណាក់កាលទីមួយ នៃកម្មវិធីនេះ កម្ពុជានឹងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យឡូហ្ស៊ីស្ទិក និងការជួយសម្រួលដល់ពាណិជ្ជកម្ម។
ចំណែកដំណាក់កាលទីពីរ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេសសល់ប្រវែង ១៤៥ គីឡូម៉ែត្រ ដើម្បីពង្រីកការគាំទ្រការសម្រួលពាណិជ្ជកម្ម និងបង្កើនលទ្ធភាពធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។
របាយការណ៍ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ មានប្រវែងសរុបជាង ២ម៉ឺនគីឡូម៉ែត្រ៕







