ភរិយារបស់នាយករងសាលាបឋមសិក្សាខ្នាតនៅខេត្តសៀមរាប ទទូចសុំឱ្យតុលាការដោះលែងស្វាមីឱ្យមានសេរីភាពវិញ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសស្វាមីគាត់គឺលោក ម៉ា ចន្ទតារា ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់២លានរៀលពីបទញុះញង់។
លោក ម៉ា ចន្ទតារា គឺជានាយករងសាលាបឋមសិក្សាខ្នាត នៅស្រុកពួក ខេត្តសៀមរាប។ ភរិយារបស់ លោកគឺអ្នកស្រី សុខ សុភក្រ័ ប្រាប់ប្រជាកាសែតថា ការចាប់ខ្លួន និងកាត់ទោសប្ដីអ្នកស្រីឱ្យជាប់ពន្ធនាគារគឺជារឿងអ្នកស្រីពិបាកទទួលយក។
អ្នកស្រីថា៖ «អារម្មណ៍មួយហ្នឹងវាពិបាកទទួលយក[…]អារម្មណ៍ជាប្រពន្ធពិបាកណាស់ ពេលដែលបាត់បង់ប្ដីទៅ ព្រោះប្ដីជាអ្នករកលុយរកប្រាក់ចំណូលចូលក្រុមគ្រួសារ ដល់ពេលអត់ពីប្ដីទៅ ខ្ញុំអត់មានអីទីពឹងទេ វាអត់មានអីបន្តហើយថ្លៃចំណាយចាយវាយក៏វាច្រើនដែរ»។
អ្នកស្រី សុភក្រ័ ឱ្យដឹងថា បន្ទាប់ពីស្វាមីត្រូវបានចាប់ខ្លួន បន្ទុកគ្រួសារទាំងប៉ុន្មានបានធ្លាក់លើគាត់តែឯង រួមទាំងបំណុលប្រមាណ៥ពាន់ដុល្លារអាមេរិក ដែលត្រូវសងគេ២០០ដុល្លារប្រចាំខែ។ បន្ថែមពីនេះ អ្នកស្រីមានបន្ទុកផ្គត់ផ្គង់ម្ដាយឪពុក និងម្ដាយក្មេក ដែលសុទ្ធតែមានជំងឺប្រចាំកាយ ដោយពួកគាត់មានវ័យចំណាស់ទាំងអស់ គឺម្ដាយបង្កើតនិងម្ដាយក្មេកវ័យជាង៧០ឆ្នាំ ឯឪពុកវ័យ៨៥ឆ្នាំ។
ជាមួយគ្នានេះ អ្នកស្រី សុភក្រ័ ស្នើសុំតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងស្វាមីឱ្យលោកមានសេរីភាពវិញ។
អ្នកស្រីបន្ថែមថា៖ «សំណូមពរចង់ឱ្យតុលាការហ្នឹងលុបការចោទប្រកាន់គាត់ ចង់ឱ្យដោះលែងគាត់មកវិញ ព្រោះកំហុសគាត់លើកទី១ ចង់ឱ្យគាត់លុបការចោទប្រកាន់ គ្រាន់តែណែនាំគាត់ ឱ្យគាត់ធ្វើលិខិតសុំអភ័យទោស ជាវីដេអូជាអី»។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសនាយករងសាលាបឋមសិក្សាខ្នាត នៅស្រុកពួក ខេត្តសៀមរាប លោក ម៉ា ចន្ទតារា ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ។
សហមេធាវីការពារក្ដីឱ្យលោក ម៉ា ចន្ទតារា គឺលោក អែម ចន្ថា បានប្រាប់ថា លោកនឹងរៀបចំពាក្យបណ្ដឹង ដើម្បីប្ដឹងឧទ្ធរណ៍ ជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសកូនក្ដីគាត់ដាក់ពន្ធនាគារ។
លោកថា៖ «កូនក្ដីបានទាក់ទងមក ទាក់ទងមកឱ្យជួយប្ដឹងឧទ្ធរណ៍។ អ៊ីចឹងយើងខ្ញុំនឹងរៀបចំធ្វើពាក្យបណ្ដឹងឧទ្ធរណ៍ឱ្យគាត់»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការដែលសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស លោក ម៉ា ចន្ទតារា ដាក់ពន្ធនាគារ២ឆ្នាំនេះ វាជាការដាក់ទោសអតិបរមា ឬមានន័យថាជាទោសធ្ងន់បំផុត។ លោក សំអាត ថាកន្លងមក ទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិតែងតែទទូចឱ្យអាជ្ញាធរ និងតុលាការ ពិនិត្យនិងបែងចែកឱ្យដាច់រវាងសេរីភាពបញ្ចេញមតិ និងបទល្មើស។
លោកថា៖ «ចំណុចទាំងអស់នេះ កាលណាបើមិនបានបែងចែកឱ្យដាច់ពីគ្នា វាអាចនាំឱ្យមានការរិះគន់ថាវាជាការរំលោភទៅលើសេរីភាពនៅក្នុងការបញ្ចេញមតិ»។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួននាយករងសាលាបឋមសិក្សាខ្នាត លោក ម៉ា ចន្ទតារា នៅផ្ទះរបស់លោកនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប។ លីកាដូកត់សម្គាល់ឃើញថា ការចាប់ខ្លួននេះគឺបន្ទាប់ពីលោក ចន្ទតារា បានចែករំលែកនិង បង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក រិះគន់បញ្ហាព្រំដែនកម្ពុជា-ថៃ និងរិះគន់ពីករណីចាប់ខ្លួនអ្នកកាសែតម្នាក់ដែលលើកឡើងពីបញ្ហាខ្វះខាតទឹករបស់ទាហានកម្ពុជា។ បច្ចុប្បន្នលោកត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ១ (ព្រៃស) រាជធានីភ្នំពេញ៕







