យុវជនមួយចំនួនចង់ឱ្យក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលលើកកម្ពស់វប្បធម៌ខ្មែរនៅតាមសាលារៀន និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ខណៈពួកគេឃើញពលរដ្ឋមួយចំនួននៅទទួលឥទ្ធិពលវប្បធម៌ពីបរទេសនៅឡើយ។
ការស្នើនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា។
និស្សិតឆ្នាំទី៣ ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យវេសស្ទើន កញ្ញា មាស ពេជ្រសូលីតា ថាកញ្ញាពិតជាមានមោទនភាពចំពោះវប្បធម៌ខ្មែរដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ។
កញ្ញា ពេជ្រសូលីតា យល់ថា យុវជនកម្ពុជាគ្រប់រូបអាចចូលរួមលើកកម្ពស់វប្បធម៌ជាតិបាន ដោយធ្វើសកម្មភាពសាមញ្ញៗ ដូចជាការរក្សាទម្លាប់សំពះជាដើម។
កញ្ញាថា៖ «ការលើកកម្ពស់វប្បធម៌ខ្មែរ ខ្ញុំគិតថាយុវជនគ្រប់រូបគឺពួកគាត់សុទ្ធតែអាចចូលរួមទាំងអស់គ្នាទៅតាមវិធីសាស្ត្ររបស់គាត់ ឬក៏ទៅតាមចំណេះជំនាញរបស់ពួកគាត់។ ជាក់ស្ដែងដូចជាការនិយាយស្ដី ឬក៏ការសំពះប្រចាំថ្ងៃអីគឺសុទ្ធតែផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ខ្មែរយើងហើយ។ អ៊ីចឹងបើសិនជាយុវជនគ្រប់រូបពួកគាត់អាចអនុវត្តខ្ជាប់ខ្ជួនបានជាប្រចាំ គាត់អត់ភ្លេចនូវការសំពះហ្នឹងក៏វាជាផ្នែកមួយនៅក្នុងការលើកកម្ពស់វប្បធម៌ដូចគ្នាដែរ»។
និស្សិតរូបនេះលើកឡើងថា កម្ពុជាអាចទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចតាមរយៈវប្បធម៌ជាតិផង និងអាចផ្សព្វផ្សាយវប្បធម៌បានផង ខណៈដែលកម្ពុជាសម្បូរទៅដោយប្រាសាទបុរាណ ជាកេរដំណែលសិល្បៈដូចជារបាំបុរាណជាដើមដែលអាចទាក់ទាញភ្ញៀវទេសចរបាន។
កញ្ញា មាស ពេជ្រសូលីតា ពេញចិត្តនឹងតំបន់ទេសចរណ៍មួយចំនួនដែលផ្ដល់សេវាតុបតែងសម្លៀកបំពាក់បុរាណខ្មែរ ដែលនេះអាចនាំមកនូវចំណូលផង និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរផង នៅពេលដែលភ្ញៀវទេសចរស្លៀកពាក់ឈុតទាំងនោះនិងថតផ្សាយ។
កញ្ញាបន្ថែមថា៖ «ខ្ញុំក៏សូមលើកទឹកចិត្តដល់ក្រសួងពាក់ព័ន្ធឱ្យគាត់រៀបចំទស្សនីយភាពដែលបង្ហាញពីវប្បធម៌របស់យើងឱ្យកាន់តែច្រើន[…]ហើយក៏សូមសំណូមពរទៅអាជីវករនៅតាមតំបន់ទេសចរណ៍នានាដែរថា សូមឱ្យពួកគាត់នៅតែរក្សាតម្លៃដើម មិនថាទាក់ទងនឹងការតុបតែងឈុតបុរាណ ឬក៏ការជាវវត្ថុអនុស្សារីយ៍ណាផ្សេងៗនៅតាមតំបន់ទេសចរណ៍ ដើម្បីកុំឱ្យពេលដែលឡើងថ្លៃទៅធ្វើឱ្យអាចបាត់បង់ភ្ញៀវទេសចរណ៍»។
ចំណែកអ្នកគំនូរឌីជីថល កញ្ញា ប៉ោយ ស៊ីហុង ប្រាប់ថានាងក៏មានមោទនភាពចំពោះវប្បធម៌ខ្មែរដែរ ព្រោះវប្បធម៌បានបង្ហាញពីគុណតម្លៃដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ រួមទាំងប្រវត្តិសាស្ត្រ ប្រពៃណី សិល្បៈ អរិយធម៌ ដែលទាំងនេះបង្ហាញពីឫសគល់នៃសង្គមជាតិខ្មែរ។
កញ្ញាថា៖ «ខ្ញុំសង្កេតឃើញាថា យុវជនជាច្រើនកំពុងចាប់អារម្មណ៍ឡើងវិញលើវប្បធម៌ខ្មែរដូចជាការស្លៀកពាក់បែបប្រពៃណីនៅក្នុងកម្មវិធីផ្សេងៗ ហើយជាពិសេសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ហើយនិងការផ្សព្វផ្សាយសិល្បៈខ្មែរតាមរយៈបណ្ដាញសង្គម ទោះបីជានៅមានយុវជនមួយចំនួននៅតែផ្ដល់អាទិភាពដល់វប្បធម៌បរទេសជាងវប្បធម៌ជាតិក៏ដោយ។ នេះជាការព្រួយបារម្ភតិចតួច»។
យុវតីវ័យ៣០ឆ្នាំរូបនេះចង់ឱ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធលើកកម្ពស់វប្បធម៌ខ្មែរ ដោយការបញ្ជ្រាបនូវវប្បធម៌ជាតិនៅសាលារៀន និងតាមវិធីមួយចំនួនទៀត។
កញ្ញាបន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តពង្រឹងការអប់រំវប្បធម៌នៅសាលារៀន គាំទ្រសិល្បករ និងយុវជនដែលមានទេពកោសល្យ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យទូលំទូលាយតាមរយៈបច្ចេកវិទ្យាទំនើបផ្សេងៗ។ ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌គួរតែត្រូវធ្វើជាបន្តបន្ទាប់ដើម្បីរក្សាអត្តសញ្ញាណឱ្យរឹងមាំសម្រាប់យុវជនជំនាន់ក្រោយ»។
ជុំវិញករណីនេះ អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គម លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា វប្បធម៌ខ្មែរគឺជាគ្រឹះ និងជាអត្តសញ្ញាណនៃសង្គមខ្មែរ។ លោកថា ពលរដ្ឋជាពិសេសយុវជនអាចចូលរួមលើកកម្ពស់វប្បធម៌បានដោយខិតខំសិក្សាស្វែងយល់ពីឫសគល់ និងអត្តសញ្ញាណនៃវប្បធម៌ឱ្យបានច្បាស់លាស់។
លោកបណ្ឌិតថា អ្វីដែលជាការព្រួយបារម្ភនោះគឺ វប្បធម៌បរទេសមានឥទ្ធិពលខ្លាំងក្លាសព្វថ្ងៃនេះ ដោយសារឥទ្ធិពលនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន និងបណ្ដាញសង្គមជាដើម។
លោកថា៖ «ប្រសិនបើប្រជាពលរដ្ឋយើងនិយាយជារួម និយាយដោយឡែកអ្នកជំនាញ ឬថ្នាក់ដឹកនាំយើងមិនបានគិតរឿងនេះទេ អនាគតអាចនឹងភាគរយនៃសមាហរណកម្មរបស់វប្បធម៌បរទេសនឹងកាន់តែច្រើនឡើងខ្លាំងឡើងហើយឥទ្ធិពលនៃវប្បធម៌ខ្មែរអាចនឹងថយចុះនៅពេលអនាគតបើសិនជាពីពេលនេះទៅយើងមិនបានគិតនៅក្នុងការទប់ស្កាត់ផង ហើយនិងការអភិរក្ស អភិវឌ្ឍន៍ធ្វើយ៉ាងណាឱ្យវប្បធម៌របស់យើងហ្នឹងវាកាន់តែរីកសុះសាយហើយប្រជាពលរដ្ឋយើងកាន់តែយល់ដឹង កាន់តែចូលរួម កាន់តែស្រឡាញ់។ កាលណាគាត់អត់ស្រឡាញ់ គាត់នឹងទទួលយកឥទ្ធិពលនៃវប្បធម៌បរទេស»។
នៅទិវាវប្បធម៌ជាតិលើកទី២៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរសារអបអរសាទរ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយចាត់ទុកទិវាវប្បធម៌ជាតិ ថាមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងពីគុណតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ដែលបន្សល់ទុកពីបុព្វបុរស។
លោកបញ្ជាក់ថា រដ្ឋាភិបាលចាត់ទុកកិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ជាកិច្ចការអាទិភាពមួយ ដោយបានបញ្ចូលក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ រួមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកថា៖ «រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស»៕







