ទស្សនៈយុវជនចំពោះគម្រោងការរៀបចំ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ

សង្គម

ទិដ្ឋភាពនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ» ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០២៥។ (រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ)

យុវជនមួយចំនួនស្នើទៅអ្នករៀបចំពិធី «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅពេលខាងមុខ គប្បីកុំបង្ហាញភាពគគ្រឹកគគ្រេងហួសហតុពេក នៅពេលដែល ប្រទេសកម្ពុជាត្រូវថៃរំលោភបំពាននៅតាមបណ្តោយព្រំដែន ។ 

ការលើកឡើងរបស់យុវជននេះ គឺក្រោយពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. លោក ហ៊ុន ម៉ានី បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី២ ខែមីនា ពីគម្រោងការរៀបចំពិធីមួយនេះ នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។លោកបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងផ្ដោតលើការថែរក្សាវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដូនតា ពង្រឹងស្មារតីរួបរួមជាតិក្នុងនាមមហាគ្រួសារខ្មែរ ជួយសេដ្ឋកិច្ចនិងស្មារតីគិតគូរដល់វីរៈកងទ័ពផង។

យុវជនម្នាក់គឺ កញ្ញា នុត ធិ បង្ហាញការយល់ឃើញថា ការប្រារព្ធបុណ្យចូលឆ្នាំខ្មែរ ឬការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គួរតែអាចធ្វើឡើងបាន ប៉ុន្តែកញ្ញាចង់ឃើញព្រឹត្តិការណ៍មួយនេះធ្វើឡើងក្នុងរូបភាពសាមញ្ញ ក្នុងន័យបង្ហាញស្មារតីរួម ដោយការជួបជុំមិត្តភក្តិ ក្រុមគួសារ តែមិនមែនគិតតែសប្បាយជ្រុលហួសហេតុពេកនោះទេ។

កញ្ញា នុត ធិ៖ «ទន្ទឹមនេះដែរ យើងអត់ចង់ឃើញរូបភាពមានការសប្បាយហិចហក់ខ្លាំងពេក មានការប្រើប្រាស់គ្រឿងបំពងសំឡេង ឬក៏ធុងបាស់ហ្នឹង នៅតាមភូមិ ឬតាមផ្ទះមួយៗហ្នឹង ដោយសារយើងដឹងហើយថាបច្ចុប្បន្នយើងកំពុងមានបញ្ហាព្រំដែន ដែលបងប្អូនជាច្រើនកំពុងស្នាក់នៅជំរំនៅឡើយ»។ 

យុវតីវ័យ ២៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំរូបនេះបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺអាចទាកទាញភ្ញៀវទេសចរ ផ្ដល់ចំណូលដល់អ្នកលក់ដូរ និងការបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ។ យ៉ាងណាកញ្ញាថាការគិតគូរ និងជួយដល់ជនភៀសសឹកក៏នៅតែជារឿងសំខាន់ដែរ។

កញ្ញាឱ្យដឹងយ៉ាងដូច្នេះ៖ «ក្នុងស្ថានភាពលំបាកនេះ រាជរដ្ឋាភិបាលគូរតែងាកត្រឡប់ទៅជួយពួកគាត់ [ជនភៀសសឹក] ជាជាងការយកថវិកាមួយចំនួនហ្នឹង ទៅរៀបចំកម្មវិធីបែបធំដុំពេក […] តែបើយើងអត់រៀបចំកម្មវិធី អាចថាមានការកាត់បន្ថយនូវចំណូលទាក់ទងនឹងទេសចរណ៍មួយចំនួនដែរ»។

សម្រាប់យុវតីរូបនេះ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខាងមុខ កញ្ញាមានគម្រោងត្រឡប់ទៅផ្ទះជួបជុំគ្រួសារ និងបងប្អូនសាច់ញាតិនៅឯស្រុកកំណើត។ 

កញ្ញា នុត ធិ៖ «ជាធម្មតាទៅ ជារៀងរាល់ឆ្នាំ ខ្ញុំអត់ដែលប្រារព្ធចូលឆ្នាំបែបធំដុំអីដែរ វាគ្រាន់ជាពេលវេលាមួយឈប់សម្រាកពីការងារ ហើយជួបជុំបងប្អូន ជួបជុំក្រុមគ្រួសារយើងធម្មតាហ្នឹងឯង»។

សឹងតែជារៀងរាល់ឆ្នាំនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ធ្លាប់បានរៀបចំពីធីសង្រ្កាន្តនេះនៅលើទឹកដីនៃខេត្តសៀមរាប ក្រោមឈ្មោះថា «អង្គរសង្ក្រាន្ត»។

សម្រាប់ឆ្នាំនេះវិញ យុវជន តុន ច័ន្ទរិទ្ធិ យល់ឃើញថា គម្រោងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជារឿងល្អមួយ ដែលអាចទទួលផលជះជាវិជ្ជមាន មិនថាសម្រាប់តែវិស័យសិល្បៈ វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ចជាតិ ឬក៏ឱកាសសម្រាប់យុវជនក្នុងការចូលរួមលើកស្ទួយ និងស្វែងយល់អំពីដួងព្រលឹងវប្បធម៌ខ្មែរនោះទេ។

លោក តុន ច័ន្ទរិទ្ធិ៖ «ការធ្វើរឿងទាំងអស់ហ្នឹង ធ្វើឱ្យអ្នកដទៃ [ទេសចរ] មានអារម្មណ៍ថា ប្រទេសហ្នឹងអាចមកលេងបាន ប្រទេសហ្នឹងអត់អីទេ ប្រជាជនគេកំពុងតែចូលរួមក្នុងការជួបជុំមហាគ្រួសារខ្មែរធ្វើរឿងទាំងអស់ហ្នឹង។ អ៊ីចឹងយើងសង្ឃឹមថា ទេសចរនឹងមកលេង សេដ្ឋកិច្ចជាតិយើងដើរ ដើម្បីយកទៅជួយផ្គត់ផ្គង់កងទ័ព ក៏ដូចជាជនភៀសសឹកបន្ថែម លើសពីថវិការាល់ដង ដែលរដ្ឋរកបាន»។

និស្សិតមានស្រុកកំណើតមកពីខេត្តបាត់ដំបងរូបនេះ បន្ថែមថា ការរៀបចំកម្មវិធីក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែននេះ គឺចៀសមិនផុតពីការបញ្ចេញមតិផ្សេងៗគ្នាសម្រាប់ព្រឹត្តិការណ៍មួយនេះឡើយ។

លោក តុន ច័ន្ទរិទ្ធិ៖ «គុណវិបត្តិនៅពេលនេះ ខ្ញុំគិតថាបញ្ហាធំបំផុត គឹនឹងមានបងប្អូនមួយចំនួននឹងមើលមកក្នុងរូបភាពផ្សេងទៀត ដែលគិតថាហេតុអីត្រូវធ្វើរឿងហ្នឹង វាមិនមែនជាពេលវេលាដ៏ល្អទេ ព្រោះយើងកំពុងមានជម្លោះព្រំដែន អាចនឹងមានបញ្ហាទាស់គំនិតគ្នាលើរឿងហ្នឹង។ មួយវិញទៀត ដូចជាគំនិត ភាពអវិជ្ជមាននិយាយថា ប្រើថវិកាជាតិលើសហើយ គួរតែប្រើទៅលើរឿងនេះ ឬរឿងនោះវិញល្អជាងជាដើម»។

លោក ច័ន្ទរិទ្ធ បន្ថែម៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំជឿលើការទទួលខុសត្រូវ ខ្ញុំជឿលើការបន្តដើរទៅមុខជាមួយក្ដីសង្ឃឹម ហ្នឹងជាអី ដែលខ្មែរគួរមាន។ ខ្ញុំគិតថា គ្មានអ្វីជាបញ្ហាខ្លាំងទេ ប្រសិនបើយើងមានការពន្យល់ណាមួយល្អ យើងព្យាយាមគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ជាមួយនឹងទស្សនៈទាំងអស់ហ្នឹង ពីព្រោះមនុស្សដប់ចិត្តដប់ ប៉ុន្ដែការយល់ ការឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរស្រលាញ់ប្រទេសជាតិ ស្រលាញ់វប្បធម៌ដូចគ្នា ជារឿងដែលយើងគួរធ្វើ ហើយអង្គុយចុះនិយាយគ្នា ព្រោះកម្មវិធីហ្នឹងមិនមែនធ្វើដើម្បីនរណាម្នាក់ គឺដើម្បីទាំងអស់គ្នា និងប្រទេសជាតិរបស់យើង»។

យ៉ាងណា លោក ច័ន្ទរិទ្ធ យល់ឃើញថា ដើម្បីចៀសវាងបញ្ហាទាស់គំនិតគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអ្នករៀបចំនគរសង្គ្រាន្ត គួរបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ជួយ ជនភៀសសឹករហូតមានដំណោះស្រាយសម្រាប់ពួកគាត់ និងចេតនាដែលជាគោលដៅស្នូលសម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត។

លោកបញ្ជាក់៖ «រដ្ឋាភិបាល គួរបន្តជួយដល់ជនភៀសសឹក កងទ័ពបន្តទៀត ឱ្យគាត់មានអារម្មណ៍ថា មានអ្នកគិតគូរជួយ ខ្ចល់ខ្វាយពីពួកគាត់។ មួយទៀតកម្មវិធីនគរសង្ក្រាន្តក៏គួរតែបង្ហាញឱ្យពួកគាត់យល់ថា លើសពីការរាំលេងសប្បាយ លើសពីរឿងរ៉ាវអីដែលមហាជនគិតហ្នឹង តើអីគោលដៅស្នូល ដែលគាត់ចង់បង្ហាញ។ មួយទៀត យើងអត់អាចរ៉ាំរ៉ៃក្នុងភាពទុក្ខលំបាក ផ្ដេកផ្ដួលថាខ្ញុំជាអ្នកជំងឺ ខ្ញុំគង់តែស្លាប់ ខ្ញុំងើបអត់រួច តែយើងត្រូវមានចិត្តមួយក្លាហាន ដើម្បូរើបម្រាស់បង្ហាញភាពជាយើង ព្រោះអីចូលឆ្នាំមួយឆ្នាំម្ដង យើងត្រូវបង្ហាញ ត្រូវទាក់ទាញទេសចរ ព្រោះវប្បធម៌រលត់ជាតិរលាយ»។

ថ្លែងក្នុងជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍នេះ លោក ហ៊ុន ម៉ានី លើកឡើងថា ស្ថានភាពស្រុកទេសនៅតែមានភាពផុយស្រួយ បើទោះបីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងមកក៏ដោយ។ 

លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ៖ «ឆ្នាំនេះ លើសពីពេលណាៗទាំងអស់ ត្រូវតែរំលេចនូវអត្ដសញ្ញាណជាតិ មិនមែនគិតតែសប្បាយទេ តែជាការពង្រឹងនៃអត្ដសញ្ញាណជាតិ និងមោទនភាពជាតិ ដែលមានលក្ខណៈពិសេសលើសពីប្រទេសដទៃលើសកលលោក។ […]ប្រជាពលរដ្ឋដែលរៀបចំកម្មវិធីអបអរឆ្នាំថ្មីនឹងមិនភ្លេចវីរៈកងទ័ពជួរមុខ និងមិនភ្លេចជនភៀសសឹករាប់ម៉ឺននាក់ដែលមិនទាន់បានត្រលប់ទៅផ្ទះវិញនោះទេ»។

ចំណែកប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក សុខ សប្បាយណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ព្រឹត្តិការណ៍ដែលគ្រោងនឹងរៀបចំនេះ មានច្រើនទីតាំងដូចជានៅបរិវេណវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពីអគារវឌ្ឍនៈ ដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី តំបន់បាសាក់លែន និងផ្សារទួលទំពូង។
តាមប្រភពដដែល ក្នុងកម្មវិធីនឹងរៀបចំឱ្យមានភូមិវប្បធម៌ ល្បែងប្រជាប្រិយ របាំបុរាណ ក្បាច់គុនខ្មែរ ការប្រកួតអុកចត្រង្គ អុកយក្ស ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត និងទាញព្រ័ត្រមិត្តភាពជាដើម។ នៅតំបន់ខ្លះនឹងរៀបចំតំបន់ត្រជាក់ចិត្ត ការប្រគុំតន្ត្រី និងតំបន់ពាណិជ្ជកម្ម។

គូររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៥ ក្រោមហេតុផលសំខាន់ៗថា កម្ពុជាកំពុងប្រឈមនឹងស្ថានភាពមិនទាន់នឹងនរនៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ និងលំហូរពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមករកការងារធ្វើនៅក្នុងស្រុកវិញ៕

(អត្ថបទដោយ៖ រ៉ាត់ ទី)

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1789}" data-page="1" data-max-pages="1" data-start="1" data-end="1">