ពលរដ្ឋ១៥០គ្រួសារក្នុងសំណុំរឿងទំនាស់ដីធ្លីសុំអន្តរាគមន៍ពីអភិបាលខេត្តព្រះវិហារ

ដីធ្លី

(តំណាងពលរដ្ឋរងគ្រោះដីធ្លី ១៤៦គ្រួសារ ខេត្តព្រះវិហារ បន្តស្វែងរកការជួយអន្តរាគមន៍ នៅសាលាខេត្តព្រះវិហារ រូបភាពសមាគមអាដហុក២១ខែមេសា២០២៦)។

ពលរដ្ឋប្រមាណ៨០នាក់តំណាងឱ្យ១៤៦គ្រួសារ ប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត ពាក់ព័ន្ធនឹងវិវាទដីធ្លីជិត១ពាន់ហិកតា ជាមួយក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន។ ការតវ៉ានេះធ្វើឡើងកាលពីនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា២០២៦។

តំណាងប្រជាពលរដ្ឋលោក រឹម វឿន សង្ឃឹមថា អាជ្ញាធរខេត្តនឹងមានដំណោះស្រាយចំពោះការអំពាវនាវរបស់ពលរដ្ឋដោយរក្សាទុកដីឱ្យគេបន្តប្រកបមុខរបរស្រែចំការសម្រាប់ចិញ្ចឹមជីវិតដដែល ក្រោយការសុំអន្តរាគមន៍ពីស្ថាប័នរដ្ឋនានា កន្លងមកគ្មានការឆ្លើយតប។

លោក និយាយថា៖ «បើអត់មានដី ពួកខ្ញុំមិនដឹងគិតម៉េចទេ មានតែតស៊ូទៅមុខទៀតឱ្យបានដីមកវិញ»។

លោក វឿន អះអាងថា ទំនាស់ដីធ្លីជិត១ពាន់ហិកតានេះ កើតឡើងរយៈពេលជិត២០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ យ៉ាងណា នៅពេលដែលក្រុមហ៊ុន ចាប់ផ្ដើមឈូសឆាយដី កាលពីខែសីហា ឆ្នាំ២០២៥ អ្នកភូមិក៏ស្វះស្វែងរកកិច្ចអន្តរាគមន៍ចាប់ពីថ្នាក់រដ្ឋបាលឃុំ ស្រុក រហូតដល់ក្រសួងរៀបចំដែនដី តាំងពីខែមីនា ឆ្នាំ២០២៦ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយណាមួយឱ្យពលរដ្ឋនោះទេ។

លោក បន្ថែមថា ផ្ទៃដីដែលក្រុមហ៊ុនឈូសឆាយកាលពីឆ្នាំមុននោះ ក៏មានដីរបស់លោកចំនួន៧ហិកតាផងដែរ ដែលទុកសម្រាប់ធ្វើស្រែ និងដាំដំឡូង។ លោកថា ក្រុមហ៊ុនក៏បានសម្រេចផ្ដល់សំណងដល់ពលរដ្ឋដែលស្រែចំការត្រូវបានបំផ្លិចបំផ្លាញចន្លោះ ៤លានរៀល ទៅ ៨លានរៀល ក្នុងមួយហិកតាដែរ។

តែទោះជាយ៉ាងណាក៏ដោយ បើតាមតំណាងពលរដ្ឋរូបនេះ អ្នកភូមិចង់បានដីស្រែចំការសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ដោយមិនចង់បានជាប្រាក់សំណង និងដំណោះស្រាយអ្វីផ្សេងឡើយ។

បើតាមលោក វឿន គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនបានគ្រប់ដណ្ដប់លើផ្ទៃដីទំហំ ២,៦១៦ ហិកតា ដែលក្នុងនោះមានផ្ទៃដីរបស់ពលរដ្ឋប្រមាណ ៩៨៤ហិកតារងផលប៉ះពាល់ ខណៈពួកគេរស់នៅ និងអាស្រ័យផលលើដីនោះ តាំងដើមទសវត្សទី៨០មកម្លេះ។

ចំណែកពលរដ្ឋម្នាក់ទៀតលោក អាន បូ និយាយថា លោកមានដីស្រែចំការប្រមាណ១៦ហិកតា ដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុន ដែលជាដីបន្សល់ទុកពីឪពុកម្ដាយក្មេករបស់លោកដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨១។

លោកបន្តថា ដីរបស់លោកកាលពីដើមឡើយមានបង្កាន់ដៃចេញពីមេភូមិដែលបញ្ជាក់ពីកម្មសិទ្ធិ។ យ៉ាងណាកាលពី១០ឆ្នាំមុន មេឃុំបានដើរប្រមូលប័ណ្ណកម្មសិទ្ធិនោះត្រលប់ទៅវិញ សម្រាប់ធ្វើប្លង់កម្មសិទ្ធិ ប៉ុន្តែមកដល់ពេលនេះមិនទាន់ទទួលបានវិញនៅឡើយ។

លោក បូ និយាយថា៖ «សូមណូមពរឱ្យជួយដោះស្រាយឆាប់ៗ»។ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ឱ្យក្រុមហ៊ុនកុំរំលោភបំពានពលរដ្ឋចឹង»។

ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមតេលេក្រាម នៅមិនទាន់មានការឆ្លើយតប។

កាលពីខែតុលា ឆ្នាំ២០២៣ សារព័ត៌មាន ខេមបូចា រាយការណ៍ថា គ្លូប៊លហ្រ្គីន គឺជាក្រុមហ៊ុនមួយដែលមានទំនាន់ទំនងនឹងក្រុមហ៊ុនលោក ឧកញ៉ា ទ្រី ភាព។

ខេមបូចា ក៏បានរាយការណ៍ផងដែរ ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រហែល១០០នាក់ ដែលមានដីប្រឈមនឹងការធ្វើអាជីវកម្មរ៉ែ បានតវ៉ាប្រឆាំងនឹងក្រុមហ៊ុននេះ ដែលបានឈូសឆាយដីចម្ការ និងដីព្រៃ ដើម្បីធ្វើផ្លូវចូលទៅកាន់ទីតាំងរុករករ៉ែដែកមួយកន្លែងក្នុងខេត្តព្រះវិហារ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2302}" data-page="1" data-max-pages="1" data-start="1" data-end="1">