ប្រជាសហគមន៍បឹងត្របែករស់នៅអមប្រឡាយលូ ក្នុងសង្កាត់ផ្សារដើមថ្កូវ២១នាក់តំណាឱ្យពលរដ្ឋ២១គ្រួសារ បានទៅជួបជុំគ្នានៅមុខរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្នើសុំអភិបាលខណ្ឌជួយដោះស្រាយបញ្ហាដីធ្លី ។
ប្រជាសហគមន៍បឹងត្របែកភូមិ៥ លោក លី រ៉ាវី ប្រាប់ប្រជាកាសែតថា ប្រជាពលរដ្ឋចំនួន២១នាក់រួមទាំងលោកផង ដែលតំណាងឱ្យពលរដ្ឋ ២១គ្រួសារបានទៅជួបជុំគ្នាមុខរដ្ឋបាលខណ្ឌចំការមន ក៏ប៉ុន្តែត្រូវអាជ្ញាធររារាំងមិនឱ្យជួបជុំ ដោយហេតុផលថា ពលរដ្ឋមិនបានភ្ជាប់មកនូវលិខិត ឬញត្តិជូនអាជ្ញាធរ។
លោក រ៉ាវី ឱ្យដឹងថា គោលបំណងដែលពលរដ្ឋជួបជុំគ្នានេះគឺដើម្បីទាមទារឱ្យអាជ្ញាធរផ្ដល់ដីនៅតំបន់ចំពុះក្អែក សង្កាត់ព្រែកថ្មីជូនពួកគេ ជំនួសឱ្យផ្ទះដែលអាជ្ញាធរផ្ដល់ជូននៅតំបន់ឈូកវ៉ាវិញ ព្រមទាំងសំណងរុះរើផ្ទះ។ លោកថា ការដែលពលរដ្ឋទៅមុខរដ្ឋបាលខណ្ឌ ដោយសារអាជ្ញាធរបានដាក់ឱសានវាទឱ្យពួកគេរុះរើផ្ទះមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
លោកថា៖ «ពួកខ្ញុំអត់ចង់បានសំណងនោះទេ ព្រោះសំណងពួកខ្ញុំយកមករកកន្លែងរស់នៅអត់បាន។ ម្នាក់ៗកូនច្រើនពួកខ្ញុំស្នើសុំដោះដូរដីដូចនៅព្រែកប្រាដែលគាត់កាលពីឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគាត់អភិវឌ្ឍន៍ប្រឡាយនៅខាងព្រែកប្រាហ្នឹង គេដោះដូរដីឱ្យទៅនៅក្រោយវត្តចំពុះក្រែក អ៊ីចឹងពួកខ្ញុំសុំដោះដូរទៅនៅហ្នឹងដែរទៅ ដើម្បីឱ្យមានដីសាងលំនៅស្ថានខ្លួនឯងវិញ»។
ពលរដ្ឋវ័យ៣៦រូបនេះឱ្យដឹងថា លោករស់នៅតំបន់បឹងត្របែកនេះតាំងពីឆ្នាំ២០១៧ ដែលផ្ទះលោកមានទទឹង២ម៉ែត្រ បណ្ដោយ១៦ម៉ែត្រ ហើយលោកទិញក្នុងតម្លៃ៦៥០០ដុល្លារអាមេរិកនៅកាលនោះ។ ក៏ប៉ុន្តែអន្តរក្រសួងវាយតម្លៃផ្ទះលោករួចឱ្យសំណងចំនួន២៥០០ដុល្លារ និងផ្ទះមួយខ្នងនៅតំបន់ឈូកវ៉ា។
លោក លី រ៉ាវី ថាលោកមិនព្រមទទួលសំណងដែលអាជ្ញាធរផ្ដល់ឱ្យគឺដោយសារផ្ទះដែលអាជ្ញាធរផ្ដល់ឱ្យនៅឆ្ងាយពីក្រុង អាចលិចទឹកនៅខែវស្សា ហើយលោកទទួលដំណឹងថាផ្ទះនោះមានទំហំតូចគឺទទឹង៤ម៉ែត្រ និងបណ្ដោយ៥ម៉ែត្រ។
អ្នករត់តាក់ស៊ី ដែលមានកូនក្នុងបន្ទុក ២នាក់រូបនេះ ថាលោកមិនហ៊ានចេញទៅប្រកបរបរចិញ្ចឹមជីវិតនោះទេ ព្រោះបារម្ភអាជ្ញាធរចុះរុះរើផ្ទះលោកពេលលោកមិននៅផ្ទះ។ ករណីនេះ លោក រ៉ាវី អំពាវនាវឱ្យ រដ្ឋាភិបាលជួយអន្តរាគមន៍បញ្ហាពលរដ្ឋ។
លោកបន្ថែមថា៖ «សំណូមពរឱ្យរាជរដ្ឋាភិបាលមេត្តាជួយពួកខ្ញុំផង ពួកខ្ញុំសុទ្ធតែជនទីទ័លក្រទេ គ្មានលុយកាក់ឯណារកទីលំនៅសមរម្យនោះទេ។ ឱ្យតែរដ្ឋាភិបាលជួយពួកខ្ញុំ ឱ្យតែមានដីទៅពួកខ្ញុំសាងសង់ទីលំនៅស្ថានបានវិញមក ពួកខ្ញុំសប្បាយចិត្តហើយ ពួកខ្ញុំអត់តវ៉ារឹងទទឹងរឿងដែលគេអភិវឌ្ឍនទេ តាំងពីដើម»។
ចំណែកឯប្រជាសហគមន៍បឹងត្របែកភូមិ៥មួយរូបទៀតដែលបានទៅជួបជុំនៅមុខរដ្ឋបាលខណ្ឌចំការមនដែរនោះគឺអ្នកស្រី ឡន សាវ៉េត វ័យ៣៨ឆ្នាំបានប្រាប់ថា គាត់រស់នៅតំបន់បឹងត្របែកនេះតាំងពីខ្ទង់ឆ្នាំ១៩៩៦មក ហើយបច្ចុប្បន្នសមាជិកគ្រួសារសរុបដែលនៅជាមួយគាត់មានចំនួន១៣នាក់។
អ្នកស្រីថា អាជ្ញាធរបានផ្ដល់សំណងជាង៣ពាន់ដុល្លារអាមេរិក និងផ្ទះមួយខ្នងទទឹង ៤ម៉ែត្រ និងបណ្ដោយ ៦ម៉ែត្រនៅតំបន់ឈូកវ៉ា តែអ្នកស្រីមិនអាចទទួលយកបានទេព្រោះផ្ទះនោះទំហំតូចពេកសម្រាប់គ្រួសារគាត់។
អ្នកស្រីថា៖ «គេកំពុងតែបិទក្រដាសឱ្យរុះរើត្រឹមថ្ងៃ១០ ហើយខ្ញុំអត់ទាន់បានសំណងបានអីផង ខ្ញុំអត់ទាន់ទទួលបាន ហើយណាមួយខ្ញុំចង់ស្នើឱ្យខាងគាត់[អាជ្ញាធរ]ជួយឱ្យដូរពួកខ្ញុំបានទៅនៅខាងចំពុះក្អែកអ៊ីចឹង ខ្ញុំអត់ចង់ទៅនៅឈូកវ៉ាទេ ពួកខ្ញុំទៅប៉ុន្មាននាក់ព្រឹកមិញហ្នឹងសុទ្ធតែចង់នៅជំពុះក្អែកទាំងអស់»។
អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស ប្រាប់ថា អាជ្ញាធរបានរៀបចំផ្ទះជូនសហគមន៍បឹងត្របែករួចរាល់ហើយនៅតំបន់ឈូកវ៉ា ខណ្ឌព្រែកព្នៅ ក៏ប៉ុន្តែនៅសល់ពលរដ្ឋជាង១០គ្រួសារទេដែលមិនព្រមទទួលសំណង។ ចំពោះសំណើដែលពលរដ្ឋទាមទារចង់បានដីនៅសង្កាត់ព្រែកថ្មី លោក កៀង ល័ក្ស ថាអាជ្ញាធរគ្មានគោលការណ៍ផ្ដល់ជូនយ៉ាងនេះទេ។
លោកថា៖ «យើងអត់មានដីសម្រាប់ប្រជាសហគមន៍ វាអត់មានគោលការណ៍ហ្នឹង។ វាអត់មានគោលការណ៍ហ្នឹង។ អ្វីដែលយើងមាន យើងបានធ្វើផ្ទះបម្រុងទុកជូនពួកគាត់នៅភូមិអណ្ដូង៦ និងអណ្ដូង៤ នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅឯណោះ។ យើងបានរៀបចំផ្ទះសម្បែងអីជូនគាត់រួចរាល់អស់ហើយ»។
អភិបាលខណ្ឌចំការមនរូបនេះ ក៏បានព្រមានថា បើពលរដ្ឋមិនព្រមទទួលសំណង ហើយរុះរើផ្ទះទេនោះ អាជ្ញាធរនឹងចាត់វិធានការចុះរុះរើពេលផុតឱសានវាទនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ជុំវិញករណីនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់ប្រជាកាសែតថា ពលរដ្ឋដែលរស់នៅអមប្រឡាយលូនេះមានអ្នកព្រមចាកចេញ និងមានអ្នកចង់បានគឺការអភិវឌ្ឍន៍នៅហ្នឹងកន្លែងជាដើម ក្រោយពីអាជ្ញាធរបានជូនដំណឹងឱ្យពួកគេចាកចេញជាច្រើនលើក។ ជាមួយគ្នានេះលោក ថាអាជ្ញាធរពិចារណាចំពោះអ្វីដែលពលរដ្ឋចង់បាន។
លោកថា៖ «អាជ្ញាធរគួរតែពិចារណាទៅលើសំណើរបស់ពួកគាត់ ពីព្រោះថាទោះបីយ៉ាងម៉េចក៏ដោយ ក៏ពួកគេជាប្រជាពលរដ្ឋខ្មែរ[…]សន្ធិសញ្ញាអន្តរជាតិមួយចំនួនដែលរាជរដ្ឋាភិបាលយើងបានផ្ដល់សច្ចាប័ន ទាក់ទងនឹងសិទ្ធិមានដីធ្លី សិទ្ធិមានទៅលំនៅស្ថានសមរម្យនេះ គឺជាកត្តាអាទិភាពដែលរដ្ឋនីមួយៗគួរតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ»។
លោក វណ្ណ សុផាត ផ្ដល់យោបល់ឱ្យអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយណាដែលពលរដ្ឋទទួលយកបាន បើមិនដូច្នោះទេអាជ្ញាធរអាចប្រឈមការលំបាកក្នុងការដោះស្រាយបញ្ហាជាមួយពលរដ្ឋម្ដងទៀតនៅពេលខាងមុខ។
លោកបន្ថែម៖ «នៅពេលណាដែលពួកគាត់មិនអាចរកចំណូលបាន មានទីលំនៅសមរម្យហ្នឹង គាត់ត្រូវរើចេញពីហ្នឹងម្ដងទៀត។ រើចេញពីហ្នឹងម្ដងទៀតទៅនៅកន្លែងណា? វិលចុះវិលឡើងអាចនៅកន្លែងណាដែលជា អាចឱ្យគាត់នៅបានតាមប្រឡាយតាមអីទៀតទៅ អាហ្នឹងធ្វើឱ្យអាជ្ញាធរហ្នឹងមានបញ្ហាម្ដងទៀតក្នុងការដោះស្រាយ»។
បច្ចុប្បន្ន ប្រឡាយលូបឹងត្របែកមានទទឹងមធ្យម ៦ម៉ែត្រ ដែលអាចបង្ហូរទឹកបាន១២ម៉ែត្រគូបក្នុងមួយវិនាទី។ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បញ្ជាក់សារព័ត៌មានក្នុងស្រុកថា ប្រឡាយលូនេះដែលជាប់នឹងផ្លូវលេខ ១០៥ ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រ ដើម្បីអាចបង្ហូរទឹកបាន២៤ម៉ែត្រគូបក្នុងមួយវិនាទី៕







