សង្គមស៊ីវិល ៦០ ស្ថាប័ន ស្នើរដ្ឋាភិបាលកម្ពុជាចាត់វិធានការមានប្រសិទ្ធភាព ប្រឆាំងអំពើរំលោភបំពានលើកុមារនិងស្ត្រី

សិទ្ធិមនុស្ស

(រូបភាពកុមារីម្នាក់ពាក់ដែលត្រូវគេរំលោភបំពានផ្លូវភេទ។រូបភាពផ្សាយក្នុងទំព័រហ្វេសប៊ុកអ្នកស្រីម៉មសុមាលីប្រធានអង្គការ AFESIP CAMBODIA)

អង្គការសង្គមស៊ីវិលចំនួន ៦០ ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីទប់ស្កាត់អំពើបៀតបៀន និងអំពើហិង្សាផ្លូវភេទ ព្រមទាំងធានាថាជនរងគ្រោះ ឬអ្នករស់រានមានជីវិត ទទួលបានយុត្តិធម៌ទាន់ពេលវេលា ដោយគ្មានការរើសអើង។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) បានផ្សព្វផ្សាយនូវការរកឃើញថា កាលពីឆ្នាំ២០១០ ក្មេងស្រីកម្ពុជាម្នាក់ត្រូវបានមន្ត្រីនគរបាលម្នាក់ រំលោភសេពសន្ថវៈជាច្រើនដង ប៉ុន្តែប្រព័ន្ធច្បាប់មិនបានផ្តល់យុត្តិធម៌ ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដល់កុមារីរងគ្រោះឡើយ។

សង្គមស៊ីវិលរកឃើញថា ជនល្មើសនៅតែបន្តរស់នៅក្រៅសំណាញ់ច្បាប់ និងមិនដែលត្រូវបានឃាត់ខ្លួនឡើយ ដែលធ្វើឱ្យនារីរងគ្រោះប្រឈមនឹងការយាយី និងការគំរាមកំហែងជាបន្តបន្ទាប់ ព្រមទាំងប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា ដំណើរការផ្លូវច្បាប់បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ចំណែកឯការផ្ដន្ទាទោសវិញមិនសមល្មមនឹងបទល្មើស ដែលធ្វើឱ្យក្មេងស្រីរងគ្រោះត្រូវរង់ចាំភាពយុត្តិធម៌អស់រយៈពេល ១៦ ឆ្នាំមកហើយ។

សេចក្ដីថ្លែងការណ៍បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តសាលដីការបស់តុលាការកំពូល រួមទាំងការចាប់ខ្លួន ឃុំខ្លួនជនល្មើស និងការសងសំណងរដ្ឋប្បវេណី ព្រមទាំងការគាំពារផ្នែកផ្លូវចិត្តដល់ជនរងគ្រោះ។ សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែកែសម្រួលក្របខណ្ឌច្បាប់ឱ្យស្របតាមស្ដង់ដារអន្តរជាតិ និងហាមឃាត់ការប្រើយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ចំពោះករណីអំពើហិង្សាផ្លូវភេទទាំងអស់។

«ធានាឱ្យមានការទទួលបាននូវយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ផ្អែកលើយេនឌ័រ ការផ្តោតលើជនរងគ្រោះ ឬអ្នករស់រានមានជីវិត ការយល់ដឹងពីរបួសផ្លូវចិត្ត នីតិវិធីដែលសមស្របសម្រាប់កុមារ និងការមិនរើសអើង ក្នុងករណីអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់»។ សេចក្តីថ្លែងការណ៍បញ្ជាក់។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនទាន់ឆ្លើយតបនៅឡើយទេ ទាក់ទិននឹងការរកឃើញរបស់គណៈកម្មាធិការ UN និងការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិល។

អ្នកស្រី ជូ ចន្ធី ប្រធានសមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW) មានប្រសាសន៍ថា សមាគមរបស់អ្នកស្រីបានចូលរួមអំពាវនាវជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ព្រោះចង់ឃើញស្ត្រី ឬកុមារដែលងាយរងគ្រោះដោយអំពើបៀតបៀនផ្លូវភេទ ទទួលបានយុត្តិធម៌ស្របច្បាប់ និងអាចនាំខ្លួនជនល្មើសមកផ្ដន្ទាទោសបាន។ អ្នកស្រីបន្ថែមថា ស្ត្រីនិងកុមាររងគ្រោះងាយនឹងធ្លាក់ក្នុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលត្រូវការការគាំពារពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

អ្នកស្រីថ្លែងថា៖

«មូលហេតុដែលខាងយើងចូលរួមគាំទ្រទៅលើសេចក្ដីថ្លែងការណ៍នេះ ទី១ ក្នុងគោលបំណងធ្វើម៉េចឱ្យជនរងគ្រោះទទួលបានយុត្តិធម៌ទៅតាមផ្លូវច្បាប់ដែលមានចែង។ ទី២ ជាព័ត៌មានមួយ ឬជាការពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងករណីដែលត្រូវបានគេរំលោភ និងបំពាន»។

អ្នកស្រីបន្ថែមថា៖

«[ចង់ផ្ញើសារ] ឱ្យបានដល់រដ្ឋាភិបាលឱ្យគាត់គិតអំពីការដោះស្រាយ ឬធ្វើម៉េចឱ្យទទួលបានភាពយុត្តិធម៌ដ៏ត្រឹមត្រូវ។ […] យើងត្រូវចូលរួមធ្វើ។ បើយើងមិនធ្វើ ថ្ងៃក្រោយអ្នកប្រព្រឹត្តគាត់សប្បាយចិត្ត ហើយនៅតែបន្តប្រព្រឹត្តទៅថ្ងៃមុខ។ មួយទៀត បើយើងមានស្ថាប័នមួយធ្វើ ហើយស្ថាប័នពាក់ព័ន្ធផ្សេងៗអត់រួមគ្នាសហការទេ យើងនឹងមិនទទួលបានជោគជ័យឡើយ»។

ចំណែកឯ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លើកឡើងថា ការខកខានមិនបានរកយុត្តិធម៌ជូនកុមារីរងគ្រោះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្តារឡើងវិញបាន។ លោកថា ករណីនេះបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់មានតម្លាភាពពេញលេញ ដែលមិនអាចចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖

«ប្រសិនបើករណីនេះមិនបានអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់ទេ វាជះឥទ្ធិពល និងប៉ះពាល់មិនល្អសម្រាប់វិស័យយុត្តិធម៌ផងដែរ។ ការទទួលបានយុត្តិធម៌សម្រាប់កុមារីរងគ្រោះ ទោះបីយើងឃើញថតុលាការកំពូលបានចេញសាលដីការផ្ដន្ទាទោសរួចទៅហើយ ប៉ុន្តែការខកខានរបស់អ្នកអនុវត្តច្បាប់ មិនបានស្វែងរកជនដៃដល់ ឬជនបង្កទៅអនុវត្តទៅតាមតុលាការកំពូល នឹងនាំឱ្យមានការរិះគន់លើប្រព័ន្ធយុត្តិធម៌»។

ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការរកយុត្តិធម៌ជូនជនរងគ្រោះតាមអំណាចតុលាការ មិនសូវទទួលបានតម្លាភាពឡើយ នៅពេលដែលករណីនោះពាក់ព័ន្ធជាមួយអាជ្ញាធរមានតួនាទីខ្ពស់ ឬអ្នកមានអំណាច។ លោកថា ការស្វែងរកយុត្តិធម៌ពិតប្រាកដ អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលមានឆន្ទៈនយោបាយក្នុងការការពង្រឹងវិស័យយុត្តិធម៌តាមបែបប្រជាធិបតេយ្យ។

លោកថ្លែងថា៖

«ជាទូទៅ បើអ្នកការពារច្បាប់ ការពារយុត្តិធម៌ មានន័យថាអ្នកបកស្រាយច្បាប់ហ្នឹង ដូចជាវិស័យតុលាការ ត្រូវគ្នាជាមួយអ្នកអនុវត្តច្បាប់ (មានន័យថាឃុបឃិតគ្នា) អាហ្នឹងមិនអាចរកយុត្តិធម៌ជូនសង្គមបានទេ។ ដូច្នេះហើយបានជាប្រទេសផ្សេងៗពេលនិយាយរឿងយុត្តិធម៌ គេកាត់ផ្ដាច់ពាក្យបក្សពួកនិយម»។

លោកបន្ថែមថា៖

«យើងស្វាគមន៍ក្រុមសង្គមស៊ីវិលដែលប្រឹងប្រែងជំរុញតស៊ូមតិក្នុងការរកយុត្តិធម៌ក្នុងសង្គម វាជារឿងមួយល្អហើយ ប៉ុន្តែប្រសិទ្ធភាពអាស្រ័យនៅលើមេដឹកនាំនយោបាយធំៗ។ ការប្ដេជ្ញាចិត្តនយោបាយមានសារសំខាន់ណាស់»។

យោងតាមរបាយការណ៍ពិនិត្យតាមដានការអនុវត្តអនុសញ្ញា CEDAW ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០២២ បានបង្ហាញថា អំពើហិង្សាគ្រប់ទម្រង់នៅតែបន្តកើតមានឡើង រួមមាន អំពើហិង្សាផ្អែកលើទម្រង់យេនឌ័រ ការរំលោភបំពានផ្លូវភេទទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញមកលើស្ត្រីនិងកុមារ ព្រមទាំងការបៀតបៀនលើស្ត្រីជាកម្មករនិយោជិត និងស្ត្រីក្នុងវិស័យផ្សេងទៀត ដែលនៅតែជាក្តីព្រួយបារម្ភ។

បើយោងតាមកំណត់ត្រារបស់អង្គការសង្គមស៊ីវិល ក្នុងឆ្នាំ២០២២ មានអំពើហិង្សាចំនួន ៤៤២ ករណី ដែលក្នុងនោះ អង្គការបានផ្តល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីរងគ្រោះពីអំពើហិង្សានៅតាមបណ្តាខេត្តគោលដៅ។

របាយការណ៍ដដែលបញ្ជាក់ថា ស្ត្រីនិងកុមារភាគច្រើនដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពុំសូវស្វែងរកជំនួយផ្លូវច្បាប់ឡើយ ជាពិសេសនៅតំបន់ដាច់ស្រយាល។ កត្តាទាំងនោះរួមមាន៖ ការមិនយល់ដឹងផ្នែកច្បាប់ ការអៀនខ្មាស និងការភ័យខ្លាចចំពោះការគំរាមកំហែង ដែលជាឧបសគ្គរារាំងស្ត្រីមិនឱ្យស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន ឬសាច់ញាតិឡើយ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2978}" data-page="1" data-max-pages="1" data-start="1" data-end="1">