គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​នានា​អន្តរាគមន៍​ជួយ​ទាហាន​ខ្មែរ​ទាំង​១៨រូប​ដែល​ត្រូវ​ថៃ​ចាប់ខ្លួន

Uncategorized

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​នានា​អន្តរាគមន៍​ជួយ​ទាហាន​ខ្មែរ​ទាំង​១៨រូប​ដែល​ត្រូវ​ថៃ​ចាប់ខ្លួន។ មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញក្ដី​សង្ឃឹមថា សុខភាព​ទាហានខ្មែរ​ទាំង​១៨រូប​នឹងល្អប្រសើរហើយ ពួកគេនឹងត្រូវបានដោះលែងមកវិញឆាប់ៗ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា មានប្រសាសន៍ប្រាប់ប្រជាកាសែតនៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍លើករណីទាហានកម្ពុជាដែលត្រូវថៃចាប់ខ្លួន ដោយចុះពិនិត្យស្ថានភាពនៃការអនុវត្តន៍សិទ្ធិមនុស្សចំពោះទាហានកម្ពុជាទាំង១៨នាក់ ព្រមទាំងស្នើឱ្យដោះលែងពួកគេ។

លោកថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងតែសហការ ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹង OHCHR ក្នុងការជំរុញធ្វើយ៉ាងម៉េចឱ្យមានការដោះលែងទាហានទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងដោយប្រទេសថៃនោះ»។

លោក ប៉ា ប៉ុណ្ណារ៉ាដា សង្ឃឹមថាស្ថានភាពសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ទាហានខ្មែរទាំង១៨រូប ល្អប្រក្រតីព្រមទាំងសង្ឃឹមថាថៃនឹងដោះលែងពួកគេមកវិញ។

លោកបន្ថែមថា៖ «អ្វីដែលយើងរំពឹង គឺរំពឹងថា ទាហានទាំង១៨នាក់នោះ ស្ថិតនៅក្នុងស្ថានភាពមួយដែលល្អ[…]ហើយអ្វីដែលយើងសង្ឃឹមដោយមុតមាំជាងនេះទៅទៀតនោះ គឺទាហានទាំង១៨នាក់នឹងត្រូវបានយោធាថៃដោះលែងមកវិញជាបន្ទាន់ ហើយក៏គ្មានលក្ខខណ្ឌ»។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នការពារសិទ្ធិមនុស្សអន្តរជាតិ តំបន់ និងប្រចាំនៅថៃផង ឱ្យដោះលែងទាហានកម្ពុជា ដែលថៃបានចាប់ខ្លួន។ ស្នាប័នទាំងនោះរួមមាន ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រធានប្តូរវេននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នយ៍។

បន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានដាក់លិខិតទៅកាន់ប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសថៃ តំណាងប្រទេសថៃប្រចាំគណៈកម្មការអន្តររដ្ឋា​ភិបាល​អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសម៉ាឡេស៊ី។

សេចក្ដីប្រកាសព័ត៌មានបន្ថែមថា៖ «ក្នុងលិខិតអន្តរាគមន៍ គ.ស.ម.ក. បានស្នើសុំឱ្យ អ្នកតំណាង និងប្រធានស្ថាប័នខាងលើ៖ ធ្វើទស្សនកិច្ចបែបមនុស្សធម៌នៅកន្លែងឃុំខ្លួនទាហានកម្ពុជាទាំង១៨នាក់ ផ្ទៀងផ្ទាត់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ទាហាន និងលក្ខខណ្ឌដែលពួកគេត្រូវបានឃុំខ្លួន ជួយ និងសម្របសម្រួលទំនាក់ទំនងរវាងទាហានទាំង១៨នាក់ និងគ្រួសាររបស់ពួកគេ និងអ្នកពាក់ព័ន្ធផ្សេងទៀត ធានាឱ្យមានការដោះលែងជាបន្ទាន់ និងការព្យាបាលស្របតាមច្បាប់ គោលការណ៍មនុស្សធម៌ បទដ្ឋានអន្តរជាតិ និងគោលការណ៍អាស៊ាន»។

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ថា លោកបាននិយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីការស្នើសុំកាកបាទក្រហមអន្តរជាតិ អន្តរាគមន៍ករណីថៃចាប់ទានហានកម្ពុជានេះ។

លោកថា៖ «ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូបដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។ ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ថា ការដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វះស្វែងស្នើសុំកិច្ចអន្តរគមន៍ដើម្បីឱ្យមានកសរដោះលែងទាហានកម្ពុជា ដែលភាគីថៃបានចាប់ខ្លួន គឺជាការអន្តរាគមន៍ផ្នែកសិទ្ធិមនុស្សជាសកល និងមនុស្សធម៌ដែលធានាដោយច្បាប់សិទ្ធិមនុស្សជាសកល និងច្បាប់មនុស្សធម៌អន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ការស្នើនេះគឺស្របតាមច្បាប់អន្តរជាតិ និងច្បាប់អន្តរជាតិ សង្ឃឹម​ថា​ស្ថាប័នទាំងនោះនឹងជួយអន្តរាគមន៍ឱ្យមានការដោះលែងយោធិនកម្ពុជាស្របតាមគោលការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងគោលការមនុស្សធម៌»។

ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖«ខ្ញុំបានជួបស្ថាប័នអន្តរជាតិមួយដោយខ្ញុំសុំឲ្យក្រុមគាត់ជួយដល់យោធិនដែលថៃកំពុងឃុំ។ ខ្ញុំបានជម្រាបគាត់ថា បើចង់ជួយទាហ៊ានខែ្មរទាំង ១៨រូប សុំចុះទៅជួយភ្លាមកុំបង្អង់ កុំស្តាប់ការបកស្រាយរបស់ថៃ ពីព្រោះពួកគេជំនាញខាងកុហកគឺ កុហករាល់ថ្ងៃ កុហក ១០០០ដងក្នុង១ថ្ងៃ»។

កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានខ្មែរចំនួន២០នាក់ ត្រូវបានចាប់ខ្លួនដោយទាហានថៃ ក្រោយពីបទឈប់បាញ់រវាងប្រទេសទាំងពីរកម្ពុជា-ថៃចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ថៃបានបញ្ជូនទាហានកម្ពុជា ចំនួន២រូបត្រឡប់មកវិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយក្នងចំណោមនោះ ទាហានកម្ពុជាម្នាក់រងរបួស និងម្នាក់ទៀតបាត់​បង់ស្មារតី។ បច្ចុប្បន្ន នៅសល់ទាហានកម្ពុជាចំនួន ១៨ នាក់ទៀត ដែលកំពុងត្រូវបានថៃឃុំខ្លួន៕

អានអត្ថបទផ្សេងទៀតអំពី Uncategorized

Uncategorized","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1039}" data-page="1" data-max-pages="1" data-start="1" data-end="1">