តើការនាំអនុព័ន្ធយោធាបរទេសទៅមើលព្រំដែនកម្ពុជា-ថៃមានន័យយ៉ាងណាក្នុងស្រសែភ្នែកអ្នកឃ្លាំមើល?

ទំនាក់ទំនងអន្តរជាតិ

ក្រសួងការពារជាតិកម្ពុជាបានដឹកនាំអនុព័ទ្ធយោធាបរទេសចំនួន១៣ប្រទេសទៅពិនិត្យស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងតាមដានការអនុវត្តន៍បទឈប់បាញ់នៃប្រទេសទាំងពីរ។ អ្នកវិភាគនិងអ្នកឃ្លាំមើលមួយចំនួនគាំទ្រលើរឿងនេះ ដោយពួកគេចង់ឱ្យកម្ពុជាបង្កើនទំនាក់ទំនងការបរទេសឱ្យកាន់តែសកម្មថែមទៀត។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ប្រាប់ប្រជាកាសែតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា លោកមានមទោនភាពដែលមានអនុព័ទ្ធយោធាពីបណ្ដាប្រទេសនានា ដែលរួមមានពីប្រទេសមហាអំណាចចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ។ 

លោកថា៖ «យើងមានមទោនភាពណាស់ដែលជម្លោះរបស់យើងក្នុងនាមប្រទេសតូចជាមួយប្រទេសថៃ ប៉ុន្តែមានស្ថានទូត ឬក៏សេនានុព័ន្ធយោធារហូតដល់១៣ប្រទេសបានមកចូលរួម ហើយពិសេសនៅក្នុងនោះ យើងមានវត្តមានតំណាងរបស់មហាអំណាចទាំងចិន រុស្ស៊ី អាមេរិកក៏មានមកជាមួយដែរ»។

លោកបណ្ឌិត មាស នី ចាត់ទុកថា នេះគឺជាឱកាសកម្រមួយ ដែលមានប្រទេសមហាអំណាច ចូលរួមការងារជាមួយកម្ពុជាក្នុងជម្លោះកម្ពុជា-ថៃនេះ ដោយលោកថា កម្រឃើញមានប្រទេសមហាអំណាចចូលរួមការងារនៅក្នុងករណីសង្គ្រាមនៅតំបន់ដទៃទេ។

ជាមួយគ្នានេះអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមរូបនេះ ថាកម្ពុជាគួរពិនិត្យឡើងវិញនូវនយោបាយការបរទេសជាមួយប្រទេសមហាអំណាចដូចជាចិន និងអាមេរិក ព្រោះលោកថា កន្លងមកទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកមិនសូវល្អទេ ដោយសារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងការខិតទៅរកចិនពីសំណាក់កម្ពុជា។ 

លោកថា៖ «វាជាវេលាមួយល្អដែរសម្រាប់កម្ពុជាដែលចាប់ពីថ្ងៃហ្នឹងទៅយើងត្រូវតែពិនិត្យមើលឡើងវិញទៅលើនយោបាយការបរទេសរបស់យើង ពិសេសគឺចរិតនៃនយោបាយរបស់ប្រទេសយើង ហៅថាចារិតទៅចុះ ព្រោះយើងមើលទៅទាំងចិន ទាំងអាមេរិកហ្នឹងគឺគេមិនមានបំណងអីនឹងមកយកប្រទេសយើងដើម្បីធ្វើជាស្អីទេ គេចង់តែឱ្យយើងចប់សង្គ្រាមទេណា ក៏ប៉ុន្តែកម្ពុជាក៏ត្រូវមើលឃើញអំពីការពិនិត្យមើលឡើងវិញទៅលើទំនាក់ទំនងការបរទេស ពិសេសគឺជាមួយមហាអំណាចទាំងអស់ហ្នឹងឡើងវិញ ពិសេសអាមេរិក និងចិន»។

ចំណែកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ វាយតម្លៃខ្ពស់ចំពោះវត្តមានអនុព័ទ្ធយោធាពីប្រទេសទាំង១៣ ទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃដោយផ្ទាល់ ហើយលោកសង្ឃឹមថានឹងមានកាជំរុញឱ្យអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោយមានប្រសិទ្ធភាព ដើម្បីទទួលបាននូវស្ថិរភាពយូរអង្វែងក្នុងតំបន់។

លោកថា៖ «ការចូលរួមរបស់មន្ត្រីមកពីប្រទេសមហាអំណាច រួមនិងអង្គទូត១៣ប្រទេសផ្សេងទៀតដែលបានចុះទៅផ្ទាល់នៅតំបន់ជម្លោះ ខ្ញុំគិតថានេះជាគុណតម្លៃដ៏ធំបំផុតនៃការអនុវត្តន៍ស្មារតីបទឈប់បាញ់ ដែលបានដាក់ចេញឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។
លោកបណ្ឌិត យង់ ពៅ ថាកិច្ចការការទូតជាមួយបរទេស គឺមានសារៈសំខាន់ ព្រោះលោកថាកន្លងមករដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការងារការទូតសកម្ម ទើបមានសហរដ្ឋអាមេរិក ព្រមទាំងប្រធានអាស៊ានចេញមុខអន្តរាគមន៍ជំរុញបទឈប់បាញ់ពិតប្រាកដរវាងកម្ពុជា-ថៃ។

លោកបន្ថែមថា៖ «អំណះតទៅ យើងត្រូវតែធ្វើការងារការទូតឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីបានពិភពលោកឱ្យបានយល់ឱ្យច្បាស់នូវបញ្ហាដែលកើតឡើងគឺ តើស្ថានភាពពិតវាកើតឡើងយ៉ាងដូចម្ដេចដែរ? ហើយបើសិនជាយើងមិនបានពន្យល់យ៉ាងសកម្ម មិនបានធ្វើការងារការទូតយ៉ាងសកម្មទេ ដូច្នេះយើងជាប្រទេសរងគ្រោះ បែរទៅជាខាងភាគីថៃថាយើងជាប្រទេសរំលោភបំពានទៅវិញ»។

រីឯប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថាវត្តមានរបស់អនុព័ន្ធយោធាបរទេសនៅតំបន់ជម្លោះនៅពេលនេះមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើជាសាក្សីនៃការអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ។

លោកថា៖ «ខ្ញុំយល់ថាវត្តមានរបស់អនុព័ន្ធយោធាបរទេស រាប់ទាំងអនុព័ន្ធយោធារបស់មហាអំណាចផងនៅពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ពីព្រោះអ្នកទាំងអស់នោះនឹងធ្វើជាសាក្សីដើម្បីពិនិត្យមើលជាក់ស្ដែងថា តើនរណាពិតជាមានការអនុវត្តន៍បទឈប់បាញ់ដោយសុទ្ធចិត្ត ដោយស្មោះត្រង់»។

លោកបណ្ឌិត គិន ភា បន្តថា កម្ពុជាគួរធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងការបរទេសជាមួយបណ្ដាប្រទេសទាំងអស់ រួមទាំងប្រទេសអាមេរិក និងប្រទេសចិនផង ដើម្បីប្រយោជន៍កម្ពុជា។

លោកថា៖ «យើងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងការទូតរបស់យើងជាមួយបណ្ដាប្រទេសទាំងអស់ដើម្បីផលប្រយោជន៍ជាតិយើង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន»។

លោកបន្ថែម៖ «ហើយអ្វីដែលសំខាន់ក្នុងកាលៈទេសៈនេះ យើងឃើញហើយបើសិនជាគ្មានអន្តរាគមន៍ទាន់ពេលវេលា ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយការចូលរួមយ៉ាងសកម្មពីប្រទេសចិន ក្រោមការសម្របសម្រួលប្រកបដោយស្រសិទ្ធភាពរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្ដូរវេនទេ ប្រហែលជាយើងអត់ទាន់ទទួលបាននូវបទឈប់បាញ់ទេ»។

តាមរយៈទំព័រហ្វេប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកវរសេនីយឯក ហារ៉ា តាកាស៊ី ទីប្រឹក្សា និងជាអនុព័ន្ធយោធា អមស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះអ្នកដែលបានរងផលប៉ះពាល់ពីជម្លោះកម្ពុជា-ថៃនេះ បន្ទាប់ពីលោកបានពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែន នាខេត្តព្រះវិហារ។ តែយ៉ាងណាលោកសង្ឃឹមថា អ្នកដែលរងផលប៉ះពាល់ នឹងវិលត្រលប់ទៅរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

ទំព័រហ្វេប៊ុកដដែលបន្តថា រដ្ឋាភិបាលជប៉ុននឹងបន្តជំរុញប្រទេសកម្ពុជា និងថៃ ឱ្យអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយពិតប្រកដ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានថ្លែងថា ក្រសួងការពារជាតិកម្ពុជាដឹកនាំអនុព័ន្ធយោធាបរទេសទៅពិនិត្យបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងតាមដានការអនុវត្តន៍បទឈប់បាញ់រវវាងប្រទេសទាំងពីរ។

អ្នកស្រីថា៖ «ដើម្បីបង្ហាញពីឆន្ទៈម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្ដាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្ដែងនៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះក៏មានការបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង គាំទ្រ និងទទួលស្គាល់សុច្ឆន្ទៈរបស់កម្ពុជាពីសំណាក់អនុព័ន្ធយោធាបណ្ដាប្រទេសជាសមាជិកអាស៊ាន និងពីបណ្ដាប្រទេសមហាអំណាចចំនួន១៣ប្រទេស»។

អនុព័ទ្ធយោធា ព្រមទាំងមន្រ្តីទូតដែលបានមកពីបណ្ដា១៣ប្រទេសគឺមានដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ និងប្រទេសអូស្រ្តាលី ព្រមទាំងប្រទេសសមាជិកអាស៊ានរួមមាន ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។
ដោយឡែក កម្ពុជា និងថៃបានព្រមព្រៀងគ្នាឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅប្រទេសម៉ាឡេស៊ី ដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអាជ្ញាកណ្ដាល៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1053}" data-page="1" data-max-pages="1" data-start="1" data-end="1">