យ៉ាងហោចណាស់ពលករខ្មែរប្រមាណ៤០ម៉ឺននាក់ហើយបន្តវិលត្រឡប់ពីថៃ

សិទ្ធិមនុស្ស

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃប្រមាណជា ៤០ម៉ឺននាក់បានបន្តសម្រុកត្រឡប់មកកម្ពុជាវិញពីប្រទេសថៃ ហើយចំនួននេះនឹងតែកើនឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ។

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់ប្រជាកាសែតថា ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃបានកើនដល់ប្រមាណ៤០ម៉ឺននាក់ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

លោកថា៖ «គិតមកដល់ថ្ងៃទី២៨នេះ ពលករដែលមកទាំងអស់ប្រមាណជាង៤០ម៉ឺននាក់ហើយ ក្នុងរង្វង់៤០ម៉ឺននាក់ ពលរដ្ឋខ្មែរយើងដែលមកពីថៃ បូកទាំងអ្នកកាន់ប័ណ្ណព្រំដែន»។
អ្នកនាំពាក្យក្រសួងការងាររូបនេះឱ្យដឹងថា ក្រសួងការងារបានរៀបចំរួចជាស្រេច ដើម្បីទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ដើម្បីធ្វើយ៉ាងណាឱ្យពលករទាំងនោះមានការងារធ្វើនៅកម្ពុជា ដោយមានប្រាក់ខែសមរម្យ។ 

លោកបន្ត៖ «នៅព្រំដែនយើងឱកាសប័ណ្ណការងារជូនគាត់ ហើយបន្ទាប់មកយើងកត់ឈ្មោះគាត់ មានលេខទំនាក់ទំនងមានអីៗចឹងជាដើម ។ យើងចែកប័ណ្ណការងារហ្នឹងគឺចែកតាំងពីលេខទំនាក់ទំនងរបស់រោងចក្រសហគ្រាស ទីតាំងរបស់រោងចក្រសហគ្រាស ប្រភេទឧស្សាហកម្ម និងប្រភេទជំនាញដែលត្រូវធ្វើការ ហើយអញ្ចឹងដើម្បីឱ្យពួកគាត់អាចទាក់ទងទៅកាន់រោងចក្រសហគ្រាសបានដោយខ្លួនឯង»។ 

លោក ស៊ុន មេសា បន្ថែមថាក្រសួងការងារបានរៀបចំវេទិការការងារនៅតាមភូមិស្រុកមួយចំនួន ហើយមានការចូលពីរោងចក្រសហគ្រាសផងដែរ ចាប់តាំងពីថ្ងៃទី៣០ ខែមិថុនាមក និង នៅតែបន្តធ្វើការងារនេះ ដើម្បីធានាថាពលករដែលត្រឡប់ពីថៃវិញមានការងារធ្វើ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ មានប្រសាសន៍ថា គ្រាន់តែក្នុងមួយថ្ងៃថ្ងៃទី២៨ខែកក្កដា មានពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ចំនួនប្រមាណជា៧ម៉ឺននាក់។ 

លោកថា៖ «តាមតួលេខបឋមថាជាង ៧ម៉ឺននាក់ ប៉ុន្តែច្បាស់ប៉ុន្មាន ខ្ញុំមិនទាន់ច្បាស់ទេណា[…]ជារួមពលករមកនេះ គឺយើងមានការរៀបចំឡានជូនបងប្អូន មានការផ្ដល់អាហារសម្រន់ មានឡានជូនបងប្អូនទៅតាមស្រុកកំណើត តាមអ្វីដែលសម្ដេចធិបតីលោកយកចិត្តទុកដាក់»។

អភិបាលខេត្តបាត់ដំបងបន្តថា ទោះបីជាមានពលករខ្មែរត្រឡប់ពីប្រទេសថៃព្រមគ្នាយ៉ាងនេះក៏ដោយ ក៏ពុំមានបញ្ហាប្រឈមធំដុំនោះឡើយក្រៅពីបញ្ហាអាកាសធាតុក្ដៅ និងភ្លៀងធា្លក់។លោកបញ្ជាក់ថា អាជ្ញាធរបានត្រៀមលក្ខខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ។

ប្រធានគ្រប់គ្រងផ្នែកកម្មវិធី នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់ប្រជាកាសែតថា កត្តាដែលនាំឱ្យពលករខ្មែរត្រលប់ពីប្រទេសថៃ ជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ គឺដោយសារការបារម្ភពីអសុវត្តិភាពដែលកើតចេញពីជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនទ្បើងនៃការរើសអើងជាតិសាសន៍ដែលនាំឱ្យមានហិង្សា នៅក្នុងសហគមន៍ និងតំបន់ដែលពលករខ្មែរកំពុងរស់នៅក្នុងប្រទេសថៃ តាមបណ្តាខេត្តដែលថៃបានប្រកាសដាក់ស្ថិតក្រោមគ្រាមានអាសន្ន។ 

លោកបន្តថា៖ «នៅក្នុងស្ថានភាពនេះ ការស្វែងរកយន្តការក្នុងការដោះស្រាយជម្លោះ រួមទាំងយន្តការជាតិ និងអន្តរជាតិ ទ្វេភាគី គឺជាការចាំបាច់ខ្លាំងណាស់ដើម្បីការពារអាយុជីវិតមនុស្ស ពលរដ្ឋ ជនស៊ីវិលស្លូតត្រង់។ ការគាំពារ និងជំនួយសង្រ្គោះបន្ទាន់ ដែលជាសេចក្តីត្រូវការជាមូលដ្ឋាន គឺជាការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះដែលកើតចេញពីការជម្លៀសទៅទីសុវត្ថិភាព»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៧ ខែកក្កដា ដោយស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ សម្របសម្រួលការការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។

លោកថា៖ «រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន»។ 

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅប្រជាពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់​មកប្រទេសកម្ពុជាវិញដោយបារម្ភពីការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពពីសំណាក់ក្រុមជ្រុលនិយមថៃមកលើជនជាតិខ្មែរ។

ក្រសួងការងារ៖«ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅ ក្រសួងនិងស្ថាប័ន​ពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របប សន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍»។
យោងតាមរបាយការណ៍ក្រសួងការងារនាពេលកន្លងមក ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ សរុបមានប្រមាណ១លាន២សែននាក់៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1113}" data-page="1" data-max-pages="1" data-start="1" data-end="1">