ចាងហ្វាងកាសែតម្នាក់នៅបន្ទាយមានជ័យត្រូវចាប់ដាក់គុក ក្រោយផ្សាយពីករណីសង្ស័យថាមានអគារ Online Scam

Uncategorized

លោក ហែម វណ្ណារូបឈរជាមួយកងកម្លាំងពេលដឹកស្បៀង នៅព្រំដែនកាលពីកន្លងទៅ។(រូបថតហ្វេសប៊ុករបស់លោក)។

សាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជូនចាងហ្វាងកាសែតអនឡាញម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទនៃក្រមព្រហ្មទណ្ឌចំនួន២ផ្សេងគ្នា ក្រោយពីរាយការណ៍ព័ត៌មានពីករណីហិង្សាលើជនបរទេសដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។

តាមរយៈរយៈទំព័រហ្វេសប៊ុករបស់សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) បានឱ្យដឹងថា សាលាដំបូងខេត្តបន្ទាយមានជ័យបានចាប់បញ្ជូនចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគានៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់ឮ ថតពាក្យសម្ងាត់ឯកជន»។

ប្រភពដដែលបន្តថា សមត្ថកិច្ចបានចាប់ខ្លួនលោក ហែម វណ្ណា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីលោកបានផ្សាយព័ត៌មានពាក់ព័ន្ធ «ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀតដែលគេដឹងថាជាអ្នកបម្រើការនៅក្នុងបរិវេនអាគារបិទខ្ទប់ជាទីអាថ៍កំបាំងនៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត»។

អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក យិន ម៉េងលី សង្កេតឃើញថា បទចោទដែលតុលាការបានចោទប្រកាន់លោក វណ្ណា កាលពីថ្ងៃទី៤ ខែកុម្ភ គឺសុទ្ធតែស្ថិតក្នុងក្រមព្រហ្មទណ្ឌទាំងអស់ ដោយលោកបានចោទជាសំណួរថា តើច្បាប់នៃរបបសារព័ត៌មានត្រូវបានធ្វើឡើងសម្រាប់នរណា។

លោកថា៖ «បើសិនជាអ្នកព័ត៌មានប្រព្រឹត្តអំពើផ្សេងៗទៀតក្រៅពីវិជ្ជាជីវៈដូចជាការគំរាមកំហែង ដូចជាហិង្សា ការរំលោភ ឬក៏ការសម្លាប់អីផ្សេងៗហ្នឹងវាខុសពីវិជ្ជាជីវៈគាត់ហើយ អាហ្នឹងត្រូវពាក់ព័ន្ធនឹងរឿងក្រមព្រហ្មទណ្ឌ។ តែដល់រឿងគាត់ផ្សាយបញ្ហាអស់ហ្នឹង យើងយកបទចោទហ្នឹងយកមកចោទប្រកាន់គាត់ អាហ្នឹងយើងមើលឃើញថា ព្រួយបារម្ភថាធ្វើឱ្យសេរីភាពសារព័ត៌មានមានការធ្លាក់ចុះ»។

លោក យិន ម៉េងលី បន្ថែមថា៖ «យើងចង់ឱ្យតុលាការទម្លាក់បទចោទចោល ហើយធ្វើការពិនិត្យទៅលើច្បាប់ស្ដីពីសេរីភាពសារព័ត៌មានយកទៅអនុវត្តចំពោះអ្នកសារព័ត៌មាន ដើម្បីឱ្យសេរីភាពអ្នកសារព័ត៌មានប្រចាំឆ្នាំហ្នឹង ឬក៏ការវាយតម្លៃពីសេរីភាពប្រចាំឆ្នាំនៅក្នុងកម្ពុជាហ្នឹងគឺមានភាពល្អប្រសើរ»។

ជាមួយគ្នានេះ ភរិយារបស់លោក ហែម វណ្ណា គឺអ្នកស្រី សែម ស្រីពៅ ប្រាប់ប្រជាកាសែតថា លើកចុងក្រោយដែលអ្នកស្រីបាននិយាយជាមួយស្វាមីគាត់គឺនៅថ្ងៃទី៣ ខែកុម្ភ ឆ្នាំ២០២៦ ដោយកាលនោះពួកគេនិយាយគ្នាតាមទូរស័ព្ទ ហើយលោក ហែម វណ្ណា បានប្រាប់ថាលោកនៅបន្ទាយកងរាជអាវុធហត្ថ។ 

អ្នកស្រីបន្តថា គាត់មិនបានដឹងរឿងលំអិតពីការឃាត់ខ្លួនស្វាមីគាត់នោះទេ ដឹងត្រឹមថា កងរាជអាវុធហត្ថជាអ្នកឃាត់ខ្លួនលោក វណ្ណា។ តែយ៉ាងណា អ្នកស្រី សែម ស្រីពៅ ស្នើសុំឱ្យដោះលែងស្វាមីគាត់ដើម្បីជួបជុំគ្រួសារវិញ។

អ្នកស្រីថា៖ «ខ្ញុំសុំតែសំណូមពរសុំឱ្យតែប្ដីខ្ញុំ ជួយអន្តរាគមន៍ឱ្យប្ដីខ្ញុំឱ្យគាត់បានចេញមកខាងក្រៅវិញដើម្បីមកជួបប្រពន្ធកូនដូចដើមវិញ»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោក ណុប វី យល់ថា មិនគួរមានការប្ដឹងផ្ដល់ ឬចោទប្រកាន់អ្នកសារព័ត៌មានដោយសារពួកគាត់ផ្សព្វផ្សាយព័ត៌មានបឋមនៃទីកន្លែងដែលអាចជាប់ពាក់ព័ន្ធនឹង Online scam នោះទេ។ 
លោកថា៖ «រដ្ឋាភិបាលបច្ចុប្បន្នកំពុងតែចាត់វិធានការក្ដៅគគុកដើម្បីបង្ក្រាប Online Scam ទាំងអស់ហ្នឹង ដូច្នេះការចូលរួមចំណែករបស់អ្នកសារព័ត៌មានដោយមិនទាំងព្រួយបារម្ភអំពីរឿងសុវត្ថិភាពរបស់ពួកគាត់ផងហ្នឹងវាគួរតែទទួលបាននូវការកោតសសរសើរ មិនគួរទទួលរងការប្ដឹងផ្ដល់ការចោទប្រកាន់ទេ»។

លោកបន្ថែមថា ទោះបីជាអ្នកកាសែតខ្វះខាតក្នុងការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្ដី ក៏មិនគួរឈានដល់ការចាប់ខ្លួនពួកគេដាក់ពន្ធនាគារនោះទេ ព្រោះវាផ្ទុយនឹងការធានាអំពីសិទ្ធិសេរីភាពដែលអ្នកសារព័ត៌មានគួរតែទទួលបានការគាំទ្រ និងការការពារសុវត្ថិភាព។ 

លោក ណុប វី៖ «បើសិនជាអ្នកសារព័ត៌មាន ឬក៏អ្នកដែលហ៊ានផ្ដល់ព័ត៌មាន តាមពិតទៅនៅក្នុងប្រទេសយើងឥឡូវក៏គេកំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ទៅទៀត whistleblower darft law ដូច្នេះគេអាចការពារទៅដល់អ្នកដែលគាត់ហ៊ានបញ្ចេញព័ត៌មាន ហើយខ្ញុំគិតថានៅក្នុងការបញ្ចេញព័ត៌មាននេះ អ្នកសារព័ត៌មានបានកំពុងតែដើរតួនាទីសំខាន់នៅក្នុងការបញ្ចេញព័ត៌មាន[…]ខ្ញុំក៏ទទូចស្នើសុំឱ្យមានការពិចារណាឡើងវិញហើយជាពិសេសគឺអាជ្ញាធរលោកពិនិត្យដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ»។

ជុំវិញករណីនេះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ ថាក្រសួងព័ត៌មានកំពុងប្រមូលព័ត៌មានលំអិតពីរឿងចាប់បញ្ជូនចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទៅឃុំខ្លួន។ 

តែយ៉ាងណា លោកថាក្រសួងព័ត៌មានតែងតែការពារអ្នកសារព័ត៌មាននៃស្ថាប័នដែលបានចុះបញ្ជីរនៅក្រសួងព័ត៌មាន ឱ្យតែពួកគេគោរពតាមវិជ្ជាជីវៈអ្នកសារព័ត៌មាននៅពេលធ្វើការ។ 
លោកថា៖ «សារព័ត៌មានដែលបានចុះបញ្ជីរការនៅក្រសួងព័ត៌មាន ក្រសួងព័ត៌មានតែងតែការពារគាត់ជានិច្ច ឱ្យតែគាត់ធ្វើការងារហ្នឹងត្រឹមត្រូវតាមវិជ្ជាជីវៈ គោរពទៅតាមក្រមសីធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន អ៊ីចឹងយើងការពារគាត់រហូត។ ហើយយើងកន្លងទៅខំប្រឹងណាស់ ក្រសួងព័ត៌មានបានចែកផ្សព្វផ្សាយ ចែកផ្សាយ និងធ្វើសិក្ខាសាលានានាទាក់ទងនឹងធម្មនុញ្ញវិជ្ជាជីវៈដែលជាមូលដ្ឋានគ្រឹះសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាន»។

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ខេមបូចាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤ ថា មានឧបទ្ទវហេតុយ៉ាងហោចណាស់ ៤១ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មានជាង ៦០នាក់ ហើយក្នុងចំណោមករណីទាំងនោះ មានចំនួន ៦៨ភាគរយពាក់ព័ន្ធនឹងសកម្មភាពផ្លូវច្បាប់។ ហើយភាគច្រើននៃករណីទាំងនោះគឺ អ្នកកាសែតត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍ ក្រោយពីពួកគេបានរាយការណ៍ប៉ះពាល់ដល់មុខមាត់ អាជ្ញាធរ និងបុគ្គលផ្សេងទៀត៕

អានអត្ថបទផ្សេងទៀតអំពី Uncategorized

Uncategorized","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1365}" data-page="1" data-max-pages="1" data-start="1" data-end="1">