ភរិយារបស់អ្នកសារព័ត៌មានពីររូប រួមមានលោក ផន សុភាព មកពីសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និងលោកភាព ភារ៉ា នៃសារព័ត៌មាន TSP68 TV Online ស្នើឲ្យតុលាការខេត្តសៀមរាបទម្លាក់រាល់បទចោទប្រកាន់ និងដោះលែងប្ដីរបស់ពួកគាត់ឱ្យមានសេរីភាពឡើងវិញ ខណៈក្រុមគ្រួសារកំពុងជួបការលំបាកផ្នែកជីវភាព។
ភរិយាលោក ផន សុភាព អ្នកស្រី ហុង ថា និយាយថាការកាត់ទោសប្ដីអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល១៤ ឆ្នាំជារឿងអយុត្តិធម៌ និងស្នើឲ្យតុលាការខេត្តសៀមរាបទម្លាក់បទចោទ និងដោះលែងប្ដីអ្នកស្រីឲ្យមានសេរីភាព។ អ្នកស្រីបន្ថែមថា ការចាប់ប្ដីអ្នកស្រីដាក់ពន្ធនាគារបានបង្កើនបន្ទុកលើអ្នកស្រីមួយកម្រិតទៀតផ្នែកជីវភាព ខណៈគ្រួសារទាំងមូលត្រូវបាត់បង់ជំហរក្នុងគ្រួសារ ហើយកូនៗរបស់អ្នកស្រីក៏មិនបានរៀនសូត្រនោះដែរ។
អ្នកស្រីនិយាយថា៖ «សំណូមពរដល់ថ្នាក់ដឹកនាំឲ្យលើកលែងទោសឲ្យគាត់។ សូមថាតុលាការដោះលែងគាត់។ ដោយសារគាត់ទៅតំបន់់ប្រាសាទតាក្របី ប្រាសាទតាមាន់ ដោយសារគាត់មានអំណោយអី គាត់យកចែកជូនដល់បងប្អូនភៀសសឹក និងដល់ទាហាន កងទ័ពដែរចឹងណា»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំលំបាកផ្នែកជីវភាពដែរហ្នឹង។ ខ្ញុំត្រូវចិញ្ចឹមកូនបីនាក់។ សព្វថ្ងៃខ្ញុំនៅជាមួយម៉ែក្មេក។ ជំពាក់លុយជំពាក់ធនាគារដែរ។ នៅជិតព្រំដែនដឹងស្រាប់ហើយ។ ខ្ញុំលក់ដូរតិចតួច ហើយវាស្ងាត់មិនដូចមុនទេ»។
ស្រដៀងគ្នានេះដែរ ភរិយារបស់អ្នកសារព័ត៌មានម្នាក់ទៀតឈ្មោះភាព ភារ៉ា គឺអ្នកស្រី ឱម សារ៉ាត់ ថ្លែងថាប្ដីអ្នកស្រីមិនសមត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់១៤ ឆ្នាំឡើយ។ អ្នកស្រីសំណូមពរឲ្យតុលាការខេត្តសៀមរាបពិចារណាលើកលែងទោស និងដោះលែងប្ដីអ្នកស្រីវិញ។
អ្នកស្រីថា៖ «វាអយុត្តិធម៌ខ្លាំងហ្មង។ យើងអត់មានទោសអីផងគេចោទប្រកាន់យើងចឹងតែម្ដង។ សំណូមពរឲ្យដោះលែងគាត់ព្រោះគាត់អត់មានទោសអីដូចការចោទប្រកាន់គេផង»។
ចំណែកមេធាវីការពារក្តីឱ្យអ្នកសារព័ត៌មានទាំងពីរគឺលោក អ៊ុន ចាន់ថុល បានបញ្ជាក់ថា តុលាការខេត្តសៀមរាបបានកាត់ទោសកូនក្តីលោកទាំងពីរឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ នៅថ្ងៃទី១៧ ខែធ្នូ។ លោកបន្ថែមថា លោកបានរៀបចំ និងបញ្ជូនឯកសារដើម្បីប្ដឹងទៅសាលាឧទ្ធរណ៏ និងរង់ចាំតែការកោះហៅប៉ុណ្ណោះ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោកថា៖ «មេធាវីគេធ្វើការស្ថាត់ៗ។ គេដាក់ពាក្យបណ្ដឹងហូរហែអស់ហើយ។ នៅរង់ចាំតែការកោះហៅរបស់សាលាឧទ្ធរណ៏»។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំងពីរបានធ្វើដំណើរទៅតំបន់ព្រំដែន ដើម្បីរាយការណ៍អំពីស្ថានភាពនៅទីនោះ និងបាននាំយកជំនួយមនុស្សធម៌ទៅឱ្យទាហាន ដែលឈរជើងតាមបណ្តោយព្រំដែន។ ក្នុងអំឡុងពេលនោះ ពួកគេបានបង្ហោះរូបភាពថតនៅប្រាសាទតាក្របី ដែលជាប់គ្រាប់មីននៅផ្ទៃខាងក្រោយ។ រូបភាពនោះបន្ទាប់មកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។
លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាច់ដោយឡែកពីគ្នានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីធ្វើដំណើរត្រឡប់ពីរាយការណ៍ព័ត៌មាននៅខេត្តឧត្តរមានជ័យ ដែលជាកន្លែងមានការប៉ះទង្គិចគ្នារវាងយោថាថៃ និងកម្ពុជា។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «ផ្គត់ផ្គង់ព័ត៌មានដល់រដ្ឋបរទេសដែលប៉ះពាល់ដល់ការការពារជាតិ» ដែលជាបទល្មើសក្បត់ជាតិនិងអាចជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។
លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ តុលាការខេត្តសៀមរាបបានចេញសេចក្តីប្រកាសឱ្យដឹងថា អ្នកសារព័ត៌មានទាំងពីរត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា បានប្រមូលព័ត៌មាន និងថតរូបនៅតំបន់យោធានៅជិតសមរភូមិ ដែលតុលាការអះអាងថា សកម្មភាពទាំងនេះធ្វើឱ្យមហន្តរាយដល់ការការពារជាតិ។
ឆ្លើយតបចំពោះរឿងនេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងមិនទាន់បានទទួលព័ត៌មានអំពីការផ្តន្ទាទោសនោះទេ ប៉ុន្តែបានបន្តថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយពិនិត្យសំណើដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។
លោកមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងលើកកម្ពស់សេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់ និងលទិ្ធប្រជាធិបតេយ្យនីតិរដ្ឋ»។
លោកបន្ថែមថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវបន្ថែមចំពោះការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ គោរពច្បាប់ និងក្រមសីលធម៌ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ពិសេសក្នុងកាលៈទេសៈប្រទេសមានវិបត្តិ និងក្នុងគ្រាអាសន្ន»។
ទោះជាយ៉ាងណា នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី លើកឡើងថាការកាត់ទោសព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មានទាំងពីរមានកម្រិតធ្ងន់ធ្ងរពេក ខណៈលោកថាអ្នកសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សារធារណជន ក៏ដូចជារដ្ឋាភិបាលប៉ុណ្ណោះ។
លោកនិយាយថា៖ «នេះគឺជាការដាក់ទោសធ្ងន់ធ្ងរណាស់សម្រាប់អ្នកសារព័ត៌មាន។ ខ្ញុំគិតថាពួកគាត់ទាំងពីរមិនមានចេតនាអីទៅធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ ទៅដល់រឿងក្បត់ជាតិផ្ដល់ព័ត៌មានទៅឲ្យបរទេសអីទេ។ មែនទែនទៅបំណងរបស់អ្នកសារព័ត៌មានគ្រាន់តែចង់បង្ហាញអ្វីដែលជាការពិត អ្វីដែលជាផលលំបាក ក៏ដូចជាព័ត៌មានពាក់ព័ន្ធដែលគាត់មានបំណងផ្ដល់ជូនដល់សាធារណជនទូទៅដើម្បីជម្រុញការជឿទុកចិត្តទៅលើរដ្ឋាភិបាលតែប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «នៅពេលរដ្ឋាភិបាលលោកកំពុងតែបំពេញបេសកកម្មផ្សព្វផ្សាយពីការឈ្លានពានរបស់ប្រទេសថៃមកលើទឹកដីប្រទេសកម្ពុជា ការក្ដោបក្ដាប់ទឹកដីពីយោធាថៃក្រោយពីការប៉ះទង្គិចគ្នា ក្រោយពីការធ្វើសង្គ្រាមអីក្ដីហ្នឹង រដ្ឋាភិបាលលោកកំពុងតែព្យាយាមនៅក្នុងការប្រាប់ពិភពលោកអំពីព័ត៌មានទាំងអស់នេះ ដូច្នេះសម្រាប់ការកាត់ទោសដាក់អ្នកសារព័ត៌មានឲ្យមានទោសរហូតដល់១៤ឆ្នាំនេះ ជាឧបសគ្គទៅវិញទេនៅក្នុងការផ្សព្វផ្សាយព័ត៌មាន នៅក្នុងការជូនដំណឹងទៅសាធារណជនទូទៅ»។
របាយការណ៏របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឱ្យដឹង ថាយ៉ាងហោចណាស់មានអ្នកកាសែតកម្ពុជាចំនួនប្រាំមួយនាក់ហើយត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់ពីបទញុះញង់ចាប់ពីខែមករា រហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេរាយការណ៍អំពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការឆបោកតាមប្រព័ន្ធអនឡាញ។
រីឯ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៏ពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៦ សង្កត់ធ្ងន់ថា ការកោះហៅ ឃាត់ខ្លួន និងឃុំខ្លួនអ្នកសារព័ត៌មានមិនអនុលោមតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន និងធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល។ ក្នុងនោះដែរ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាក៏អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមអនុវត្តច្បាប់ ជាពិសេសយកច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានជាគោលក្នុងការដោះស្រាយវិវាទ និងក្រើនរំលឹកឲ្យអ្នកសារព័ត៌មានគោរពវីជ្ជាជីវៈរបស់ខ្លួន៕







