សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ បើកសវនាការជំនុំជម្រះលើអង្គសេចក្តីជុំចុងក្រោយ សំណុំរឿងសកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស ដែលមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ព្រមទាំងសមាជិកបក្សប្រឆាំងមួយចំនួនទៀតជាចុងចោទ តែតុលាការមិនទាន់កំណត់ពេលប្រកាសសាលក្រមនៅឡើយទេ។
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគឺលោកបណ្ឌិត សឺន ជុំជួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ចេញពីសវនាការថា តុលាការបើកសវនាការជុំចុងក្រោយចំពោះសំណុំរឿងទីមួយ និងទីពីរ ហើយនៅក្នុងសវនាការនេះ តុលាការបានផ្ដល់ឱកាសឱ្យជនជាប់ចោទនិយាយ និងសំណូមពរ ព្រមទាំងមានសេចក្ដីសន្និដ្ឋានពីសហមេធាវីការពារក្រុមសកម្មជន និងការសន្និដ្ឋានពីតំណាងអយ្យការ។ លោកមេធាវីថា តុលាការមិនទាន់បញ្ជាក់ពីថ្ងៃប្រកាសសាលក្រមនៅឡើយទេ។
លោកថា៖ «បើតាមសេចក្ដីសន្និដ្ឋានរវាងមេធាវីទាំងអស់គឺយើងរកឃើញថា កូនក្ដីយើងហ្នឹងមិនបានប្រព្រឹត្តបទល្មើសដូចជាការចោទប្រកាន់របស់តំណាងអយ្យការទេ។ ហើយយើងពិនិត្យទៅលើធាតុផ្សំផ្សេងៗទៀតហ្នឹងគឺជាការកត់សម្គាល់ថាកូនក្ដីទាំងអស់អាចនឹងរួចផុតពីបទចោទ»។
លោកបន្ថែមថា៖ «សង្ឃឹមថាតុលាការនឹងពិចារណាទៅលើអ្វីដែលជាអង្គហេតុពិត អ្វីដែលជាភស្តុតាង អ្វីដែលជាចម្លើយរបស់សាក្សី ហើយពិចារណាឱ្យជនជាប់ចោទទាំងអស់ហ្នឹងបានរួចផុតពីបទចោទ»។
ជាមួយគ្នានេះ ភរិយាលោក សាន សិទ្ធ គឺអ្នកស្រី ស្វាយ ពៅ ថាស្វាមីគាត់មិនបានទៅជួបលោក ស៊្រុន ស្រ៊ន ទេកាលពីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៤ ហើយនៅថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនគាត់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកក៏មិនបានប្រព្រឹត្តកំហុសអ្វីដែរ។
អ្នកស្រីថា៖ «សុំឱ្យតុលាការហ្នឹងវិភាគពិចារណា ក្នុងថ្ងៃ២១នោះគាត់ [លោក សាន សិទ្ធ] អត់បាននៅជាមួយលោកគ្រូ ស៊្រុន ស្រ៊ន ទេ ដល់ថ្ងៃមកចាប់ៗថ្ងៃទី២៣នេះនៅផ្ទះខ្ញុំក៏គាត់អត់បានធ្វើអីដែរ អត់បាននិយាយអី អត់បានធ្វើអីទាំងអស់។ អ៊ីចឹងក៏សុំឱ្យតុលាការទម្លាក់បទចោទហើយដោះលែងគាត់ឱ្យមានសេរីភាពវិញទៅ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានលំអិតអំពីសវនាការសំណុំរឿងរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះនៅឡើយ។
ជុំវិញករណីនេះ អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ ស្នើសុំតុលាការពន្លឿននីតីវិធី និងដោះលែងក្រុមសកម្មជនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ខណៈពួកគេត្រូវបានឃុំខ្លួនអស់រយៈពេល១៩ខែហើយ។
លោកថា៖ «ខ្ញុំសុំឱ្យទី១គឺតុលាការពិចារណាទៅលើករណីរបស់គាត់ហ្នឹងគឺទី១គឺពន្លឿននីតិវិធីឱ្យបានលឿនជាងនេះ។ យើងមើលឃើញថា ទោសញុះញង់គឺទោសអតិបរមាជាប់ឃុំនោះគឺតែ២ឆ្នាំទេ ហើយរហូតមកដល់ពេលនេះគឺ គាត់ជាប់ពន្ធនាគារ ឬហៅជាប់ឃុំបណ្ដុះអាសន្នហ្នឹងគឺរយៈពេល១៩ខែហើយៗយើងអត់ដឹងថាគាត់ប្រព្រឹត្តបទល្មើសមែនឬក៏អត់ព្រោះនៅក្នុងដំណាក់កាលកំពុងតែរកខុសរកត្រូវនៅឡើយ។ អ៊ីចឹងគួរតែដោះលែងឱ្យគាត់ហ្នឹងនៅក្រៅឃុំសិន ហើយគោលការណ៍សិទ្ធិមានសេរីភាពហ្នឹងសំខាន់មែនទែន»។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ដោយចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅកាត់ថា CLV-DTA តាមរយៈវីដេអូលើបញ្ដាញសង្គម។
សុំណុំរឿងក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការអធិប្បាយនានាពីគម្រោង CLV-DTA មានអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់កាលពីដំបូង តែក្រោយមកសំណុំរឿងនេះត្រូវបានតុលាការបំបែកជា៥ សំណុំរឿងរួមមាន សំណុំរឿងទី១ មានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ចក់ ប៊ានមុន្នី។ សំណុំរឿងទី២ មានលោក ឆាយ វ៉ិត លោក ឈឺន ចម្រុង លោក ហេង ឆេង លោក ហេង គីមលី លោក គឹម វឿន លោក ណុប ចំរើន លោក នៅ វណ្ណនួន លោក នៅ វុទ្ធី កញ្ញា ពៅ លីតា លោក សាន អឿន និងលោក ធែល ធីលែន។ កាលពីឆ្នាំ២០២៥ សាលាដំបូង និងសាលាឧទ្ធរណ៍បានបដិសេធសំណើសុំដោះលែងពួកគេម្ដងហើយម្តងទៀត។ ការណ៍នេះធ្វើឱ្យអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភពីការប៉ះពាល់ដល់សិទ្ធិរបស់សកម្មជនទាំងនោះ៕







