អតិថិជនបុរីម៉ន ដានីស្នើសុំពន្លឿនការសាងសង់ផ្ទះ និងបញ្ជាក់ប្លង់កម្មសិទ្ធ

ដីធ្លី

ពលរដ្ឋរងគ្រោះពីការទិញបុរីម៉ន ដានី លោកក ពេជ្រ សុផាត កំពុងផ្ដល់សំភាសន៍ដល់អ្នកសារព័ត៌មាន នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ អ៊ឺង ស៊ា)

ពលរដ្ឋប្រមាណជាង៥០ នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានប្រមូលផ្ដុំគ្នា និងជួបតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងស្នើសុំពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លី និងសាងសង់ផ្ទះនៅគម្រោងបុរីខេភី ម៉ន ដានី ស្ថិតលើបណ្ដោយផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយគម្រោងត្រូវបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ។

នៅមុខក្រសួងដែនដី អ្នកស្រីព្រំ យ៉ុង អាយុ៥១ ឆ្នាំ ឆ្លើយប្រាប់ប្រជាកាសែតថា អ្នកស្រីបានទិញផ្ទះមួយខ្នងក្នុងបុរីម៉ន ដានី ក្នុងឆ្នាំ២០១៩ ដោយបានបង់មុនចំនួន១ ម៉ឺនដុល្លា។ អ្នកស្រីថា អ្នកស្រីបន្តបង់ដោយគ្មានការប្រាក់អស់រយៈពេលពីរឆ្នាំបន្ថែមទៀត ក្នុងរង្វង់ទឹកប្រាក់ជិត២ ម៉ឺនដុល្លា តែមិនទាន់បង់រួចផង បែរជាគម្រោងបុរីខេភី ម៉ន ដានី ត្រូវផ្អាកការសាងសង់ទាំងស្រុង ព្រោះម្ចាស់បុរីមានទំនាស់ជាមួយម្ចាស់ដីពាក់ព័ន្ធនឹងការទូទាត់លុយថ្លៃដីទំហំ១០០ ហិកតា។ អ្នកស្រីសង្ឃឹមថា ក្រសួងដែនដីនឹងពន្លឿនការដោះស្រាយឲ្យគម្រោងដំណើរការឡើងវិញ និងចេញប្លង់កម្មសិទ្ធស្របច្បាប់ ព្រោះផ្ទះអ្នកស្រីត្រូវបានសាងសង់​ប្រហែល​៧០ ភាគរយរួចទៅហើយ។

អ្នកស្រីថា៖ «ម្ចាស់បុរីមានភាពរកាំរកុះជាមួយម្ចាស់ដី ព្រោះឲ្យលុយគេមិនគ្រប់។ ខ្ញុំបង់បានពីរម៉ឺនដុល្លាជាងទៀត តែទាល់កើតរឿងក៏ឈប់បង់។ ដល់ពេលកើតរឿងគេផ្អាកឲ្យបង់។ ចង់សំណូមពរឲ្យបានលឿនពីក្រសួង»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំប្រកបរបរតិចតួច។ គេឲ្យបង់នុង ខ្ញុំបង់បានមួយខែពីររយ [ដុល្លា]តែបើយើងមានលើសក៏បង់លើសទៅ»។

ចំណែកពលរដ្ឋមកពីខែត្តតាកែវ លោកឌឿក សាវ៉ង់ អាយុ៤០ ឆ្នាំ និយាយថាលោកបានទិញផ្ទះមួយខ្នងនៅខែឧសភា ឆ្នាំ២០១១ ក្នុងតម្លៃ២ម៉ឺន៦ពាន់ដុល្លា ដោយលោកបានបង់ចំនួនរួចចំនួនជាង២ម៉ឺនដុល្លារួចហើយ។ ក្នុងជំនួបរាងភាគីអតិថិជនជាជនរងគ្រោះ និងតំណាងក្រសួងដោយពិនិត្យលើឯកសារទិញដូរ និងបង្ហាញប្លង់លោកថាដំណោះស្រាយពីក្រសួងដែនដី គឺការសន្យាចេញប្លង់ដីមុនចូលឆ្នាំខ្មែរ តែយ៉ាងណាលោកក្រសួងដែនដីមិនអាចសន្យាបានទេពាក់ព័ន្ធនឹងការរកដំណោះស្រាយឲ្យគម្រោងដំណើរការសាងសង់ឡើងវិញ។ លោកថាផ្ទះដែលលោកបានទិញទើបតែសាងសង់បាន២០ ទៅ៣០ ប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំសង្ឃឹមថានឹងបានរស់នៅ មានផ្ទះសមរម្យដូចគេចឹងណា ព្រោះឥឡូវអត់មានទីជម្រកពិតប្រាកដទេ។ តែឥឡូវការសង្ឃឹមនឹងវាអត់មាន អត់សង្ឃឹមថាថ្ងៃមុខនឹងទទួលបាន។ ខ្ញុំមានលំបាកខ្លះព្រោះលុយដែលខំរកយកទៅបង់ផ្ទះនឹងអស់ហើយ ប៉ុន្តែអ្វីដែលទទួលបានគឺអត់ទាំងអស់ ប្លង់ក៏មិនទាន់ទទួលបាន រីឯផ្ទះរឹតតែអត់សង្ឃឹមថែមទៀត។ លុយដែលបង់នោះគឺញើសឈាមទៅកូរ៉េ ហើយឥឡូវត្រូវប្រឹងដើម្បីជីវភាពវិញទៀត»។

លោកបន្ថែមថា៖ «ជាការសំណូមពររបស់ខ្ញុំគឺសំណូមពរឲ្យមានការសាងសង់ជូនពួគខ្ញុំដែលជាអតិថិជនហ្នឹង ឲ្យមានទីលំនៅគ្រប់គ្នាព្រោះអីផ្ទះនឹងយកលុយទៅទឹក ចឹងខ្ញុំចង់បានផ្ទះពិតប្រាកដ។ ខ្ញុំទិញជឿជាក់ថាបានផ្ទះរស់នៅ តែឥឡូវវាអត់។ អីចឹងសំណូមពរដល់ថ្នាក់ដឹកនាំ​ជួយធ្វើមិចឲ្យយើងបានផ្ទះ បានប្លង់អីទៅមុខចឹងណា»។

លោកពេជ្យ សុផាត អាយុ៥៦ឆ្នាំ ប្រាប់ប្រជាកាសែតឲ្យដឹងថាក្រសួងដែនសន្យាចេញប្លង់កម្មសិទ្ធជូនអតិជនទិញផ្ទះនៅបុរីខេភី ម៉ន ដានី ចំនួន១០២៨ បណ្ណកម្មសិទ្ធ ក្នុងក្បាលដីចំនួន៥០០០ ក្បាលដី ព្រោះក្បាលដីខ្លះជាន់ឈ្មោះគ្នា។ លោកថាក្រសួងលើកឡើងពីការតម្រូវឲ្យអតិថិនដែលត្រូវបង់ប្រាក់ជាខែធ្វើការបង់ប្រាក់បន្តទៀត បន្ទាប់ពីម្ចាស់គម្រោងដោះស្រាយបញ្ហាដីធ្លីរួចរាល់ ដើម្បីបន្តគម្រោងសាងសង់ឡើងវិញ។ លោកបន្ថែថាការដោះស្រាយជាមួយក្រសួងដែនដីគឺធ្វើឡើងសរុបជាលើទី៣ ហើយ ដែលកន្លងមកក្រសួងបានចេញប្លង់ប្រមាណជា១២០០ ប្លង់រួចទៅហើយ។

លោកថា៖ «ក្រសួងនឹងដោះស្រាយមួយជំហានម្ដងៗ។ គាត់អត់អាចកំណត់ថាថ្ងៃណាដែលខាងសំណង់ចូលទៅសាងសង់ដែរ គ្រាន់តែខាងក្រសួងបានបញ្ជាក់ថាសម្រាប់ប្លង់កម្មសិទ្ធនឹងទទួលបាន១០០ ភាគរយសម្រាប់អតិថិជនដែលបានបង់ផ្ដាច់១០០ ភាគរយ និងអ្នកដែលបង់រំលោះដែរលុះត្រាតែអ្នកបង់រំលោះនោះគោរពគោលការណ៍។ សូមឲ្យបងៗបន្តបង់ប្រាក់ទៀតដើម្បីឲ្យបានសម្រេចទាំងអស់គ្នា រួមនឹងបានថវិការយកទៅសាងសង់បន្ត»។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត នៅមិនទាន់ឆ្លើយតបប្រជាកាសែតពាក់ព័ន្ធនឹងដំណោះស្រាយពីក្រសួងនៅឡើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក របស់លោកស្រី ម៉ន ដានី ត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ឈប់សកម្មភាពអាជីវកម្មតាមផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ ក្រោមហេតុផល គ្មានអាជ្ញាប័ណ្ណពី យ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងមានវិវាទជាមួយម្ចាស់ដីដែលអ្នកស្រីម៉ន ដានីបានទិញចំនួន១០០ ហិកតា។ តុលាការបានចេញដីកាឱ្យចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរីខេភី ម៉ន ដានី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកគ្មានសាច់ប្រាក់ជាង៦០ម៉ឺនដុល្លារកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ អ្នកស្រីត្រូវបានគេចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និងផ្ដន្ទាទោសពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលជាបទល្មើសត្រូវផ្តន្ទាទោសតាមមាតា្រ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរ និងប្រតិបត្តិការ ទូទាត់ប្រាក់។

អ្នកសម្របសម្រួលផ្នែកដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត លើកឡើងថា ក្រសួងដែនដីដើរតួយ៉ាងសុះខាន់ក្នុងការសម្របសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលជាការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ តែលោកថាលទ្ធផលនៃដំណោះស្រាយគឺអាស្រ័យលើការសម្របសម្រួល និងព្រមព្រៀងគ្នារវាងភាគីរងគ្រោះ និងក្រុមហ៊ុន។ លោកបន្ថែមថាក្នុងករណីមិនមានដំណោះស្រាយ ភាគីរងគ្រោះមានសិទ្ធក្នុងការប្ដឹងទៅតុលាការ។

លោកថា៖ «ក្រសួងដែនដីជាស្ថាប័នជំនាញ ប៉ុន្តែអ្វីដែលគាត់ប្រឹងប្រែងកន្លងមកយើងឃើញថាគាត់មានតួនាទីសម្របសម្រួលរវាងភាគីទាំងពីរ។ ប្រសិនបើរឿងនេះវាធ្ងន់ធ្ងន់រហូតទៅតុលាការ គឺតុលាការជាអ្នកសម្រេចចិត្តតាមច្បាប់។ ចំពោះស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិលោកមានតួនាទីជាអ្នកសម្របសម្រួលទេ»។

លោកបន្ថែមថា៖ «សិទ្ធអំណាចក្នុងការសម្រេចថារឿងហ្នឹងត្រូវបន្តធ្វើយ៉ាងម៉ិចឬក៏ត្រូវសងភាគីណា ឬក៏ត្រូវផ្តន្ទាទោសអីហ្នឹងគឺសម្រេចលើតុលាការ អីចឹងកន្លងមកក៏យើងបានឃើញដែរថាប្រជាពលរដ្ឋរងផលប៉ះពាល់ ជាពិសេសទៅលើម្ចាស់បុរីជាដើមអីហ្នឹងមួយចំនួនក៏គាត់បានដាក់ពាក្យបណ្ដឹងទៅតុលាការ។ តាមធម្មតាយន្តការតុលារការគឺសម្រេចឈ្នះចាញ់»៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1914}" data-page="1" data-max-pages="1" data-start="1" data-end="1">