ធនធានធម្មជាតិក្នុងសហគមន៍ព្រៃឈើថយចុះ នាំឱ្យប្រជាសហគមន៍ព្រៃឈើបាត់ចំណូល

បរិស្ថាន

សហគមន៍ទាលព្រឹសចូលរួម ចុះល្បាតព្រៃ។ (រូបភាព៖ ផ្តល់ឱ្យ)

ព្រៃសហគមន៍មានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលពីព្រៃឈើ។ប្រជាសហគមន៍ឈើទាលព្រឹសឱ្យដឹងថា ពីមុនពួកគាត់អាចរកចំណូលពីអនុផលព្រៃឈើជាច្រើន ដូចជា រកជ័រច្បោះ (១កាន ៦ម៉ឺន រហូតទៅ១០ម៉ឺង) និងរកឃ្មុំព្រៃ ម្យ៉ាងទៀតសមាជិកទទួលបានប្រាក់កម្រៃអំពីការចុះល្បាតព្រៃទៀតផង។ ប៉ុន្តែបច្ចុប្បន្នធនធានទាំងនេះបានថយចុះយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋអាចប្រមូលបានតែអនុផលមួយចំនួនដូចជា ផ្សិត បោចវល្លិ៍ ផ្លែគុយ និងរុក្ខជាតិឱសថបុរាណប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី ប្រជាសហគមន៍នៅប្ដេជ្ញាថែររក្សាព្រៃឈើដែលនៅសេសសល់ដើម្បីប្រយោជន៍មនុស្សជំនាន់ក្រោយ។

លោក ពេជ្រ សារឿន ធ្វើការស្ទើពាក់កណ្តាលជីវិតទៅហើយ ក្នុងនាមជាអ្នកការពារព្រៃឈើ ។ ស្បែករបស់គាត់ឡើងជ្រីវជ្រួញដោយសារតែការចុះល្បាតក្នុងព្រៃទៅតាមការប្រែប្រួលអាកាសធាតុ រីឯស្បែកមុខសម្បុរសណ្តែកបាយ។

លោក បានចុះល្បាតព្រៃឈើជាមួយអ្នកភូមិផ្សេងទៀត រហូតក្លាយប្រធានដឹកនាំដ៏សកម្ម នៅតំបន់ព្រៃសហគមន៍ឈើទាលព្រឹស ប្រមាណ៤ឆ្នាំមកហើយ។

លោកបានលើកឡើងថា៖ «មុននឹងបានកកើតព្រៃសហគមន៍នេះ បណ្តាញសហគមន៍ទូទាំងភូមិ ស្នើរសុំលិខិតមេភូមិមេឃុំ ធ្វើលិខិត ទៅរដ្ឋបាលព្រៃឈើដើម្បីបង្កើតព្រៃសហគមន៍នេះឡើង ពីព្រោះ ព្រៃនេះគ្មានព្រៃណានៅសេសសល់មុខដំបូងទេ គ្រាន់នៅព្រៃនេះ ល្អ[កាល]​ពីមុន»។

លោកបានរៀបរាប់ថា ក្នុងការការពារធនធានព្រៃឈើ សហគមន៍ព្រៃឈើទាលប្រឹសតែងតែរៀបចំការចុះល្បាតជាប្រចាំ ដោយមុនពេលចុះល្បាត សហគមន៍តែងរាយការណ៍ និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដែលជាគណៈកម្មការ ដើម្បីស្នើសុំការចូលរួម និងការគាំទ្រក្នុងការចុះពិនិត្យតំបន់ព្រៃ ប្រហែល ៣ ដងក្នុងមួយខែ។ ប៉ុន្តែក្នុងករណីដែលមានបទល្មើសព្រៃឈើកើនឡើង ការចុះល្បាតអាចកើនដល់ ៤ ទៅ ៥ ដងក្នុងមួយខែ។

លោកបន្ថែមថា សហគមន៍ព្រៃឈើទាលប្រឹសសហការជាមួយសកម្មជនការពារព្រៃឈើដទៃទៀតដូចជាតំបន់ ព្រៃឡង់ ដើម្បីចូលរួមក្នុងសកម្មភាពចុះល្បាត និងតាមដានស្ថានភាពព្រៃឈើ ជាដើម។

លោកថា៖ «បញ្ហាដំណាក់ចុងក្រោយនេះ ផ្លាស់ប្តូរខ្លាំង គឺច្បោះក៏អត់មាន ឃ្មុំព្រៃគឺគ្មានដែលគឺភាគតិចមិនបាន៥ភាគរយផងឃ្មុំសព្វថ្ងៃនឹងវាថយចុះ អាពេលដែលវាដល់ខែផ្សិត និងឧសថបានដោយគ្នា»។

លោកបានលើកឡើងថា ក្នុងការចុះល្បាត និងទប់ស្កាត់បទល្មើសព្រៃឈើ កន្លងមកលោកធ្លាប់ប្រឈមនឹងការគំរាមកំហែងប្រហែល ៣ ដង ពីអ្នកកាប់ព្រៃខុសច្បាប់ ដែលខ្លះមានខ្នងបង្អែកអំណាច។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមសហគមន៍ធ្វើការតាមច្បាប់ និងមានភស្តុតាងច្បាស់លាស់ ហើយនៅតែបន្តសហការជាមួយអាជ្ញាធរ ដើម្បីការពារព្រៃ និងចាប់បទល្មើស។

លោកលើកឡើងថា ៖ «បើការគំរាមគំហែងវិញមានការគំរាមគំហែងមែន មានតែចម្ងាយទេគេមិនហ៊ានជាមួយនឹងខ្ញុំទេព្រោះខ្ញុំបានសហការគ្នាជាមួយនឹងគេបាន។ ខ្ញុំខ្លាំងធ្វើតាមច្បាប់ ខ្ញុំឃើញខ្ញុំច្បាប់ឲ្យតែក្នុងព្រៃនេះបើខាងក្រៅ បើក្រៅពីព្រៃចុងច្រមុះខ្ញុំ ខ្ញុំអត់ចាប់ទេ ដោយមិនអាចទប់ស្កាត់ខ្ញុំបានទេ»។

សហគមន៍ព្រៃឈើទាលប្រឹស នៅ ខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋាភិបាលទទួលស្គាល់នៅឆ្នាំ ២០១៥ ហើយបានចុះកិច្ចព្រមព្រៀងគ្រប់គ្រងព្រៃសហគមន៍លើផ្ទៃដី ៦៦៤ ហិកតា ក្នុងឆ្នាំ ២០១៧ ដែលមានសុមាលភាព ១៥ឆ្នាំ។ ខណៈផែនការគ្រប់គ្រងត្រូវបានអនុម័តនៅឆ្នាំ ២០១៩។

សហគមន៍មានសមាជិក ៥៨៩ នាក់ ក្នុងនោះភាគច្រើនជាជនជាតិដើមភាគតិចកួយ ដែលពឹងផ្អែកលើការធ្វើស្រែចម្ការ និងប្រមូលអនុផលព្រៃឈើ ដើម្បីចិញ្ចឹមជីវភាព។

អ្នកស្រី អាន ធារី អាយុ ២១ ដែលជាអ្នកស្រឡាញ់ធម្មជាតិ និងបានចូលរួមសកម្មក្នុងការការពារព្រៃឈើជាមួយសហគមន៍ឈើទាលព្រឹសជាង១ឆ្នាំ។ អ្នកស្រីថា ការចុះល្បាតព្រៃនេះមិនត្រឹមតែការពារព្រៃនោះទេ ថែមទាំងបានរៀនសូត្រអំពីធនធានធម្មជាតិ ពូជសត្វព្រៃ និងតម្លៃនៃព្រៃឈើ ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស និងសង្គម ដូចជាផលិតផលធម្មជាតិ និងឱសថបុរាណ។

យុវតីថា៖ «ពីមុនគឺច្រើនសឹងតែថារាល់ថ្ងៃអ្នកដឹកឈើ ពេលដល់បច្ចុប្បន្នចាប់ពីសហគមន៍ឈើទាល់ព្រឹសគាត់ បានចុះសកម្មរហូតទៅធ្វើឲ្យ ពួកគាត់អត់សូវហ៊ានចូលបំផ្លាញក្នុងព្រៃឈើរបស់យើងទេដោយមានការកាត់បន្ថយខ្លះ។ ប្រហែល២ឆ្នាំចុងក្រោយនេះ»។

យុវតីស្ម័គ្រចិត្តដោយមិនបានប្រាក់កម្ចី អ្នកស្រីថាក្នុងនាមជាស្ត្រី តែងតែប្រឈមនឹងការរិះគន់ និងការវាយតម្លៃអវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅ ដែលគិតថាការចូលព្រៃគឺសមស្របតែសម្រាប់បុរស។

អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថាឈ្មួញឥលូវ ឈើកាន់តែអស់ហើយ វាកាន់តែឡើងថ្លៃ ធម្មតា​សហគមន៍របស់យើងមើលទៅពួកគាត់សេដ្ឋកិច្ចរបស់ពួកគាត់ធ្លាក់ចុះ ការយកប្រាស្រ័យទៅឲ្យឈ្មួញធំៗ ហើយ។ ប្រសិនជាមិនមានការចុះល្បាតព្រៃនោះទេវាអាចនឹងសេរីក្នុងការកាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្តរបស់គាត់ដែលគាត់អាចធ្វើទៅបាន»។

អ្នកស្រីនិយាយថា៖ «ប្រសិនជាបរិស្ថាន នៅមូលដ្ឋានទាំងមូលនេះជាពណ៌បៃតង ហើយយើងក៏អាចកាត់បន្ថយ អេឡិចត្រូនិចដែលបំពុលដូចជាម៉ូតូ ផ្សែងឡាន បំពុលដោយបរិដ្ឋានដូចជាសំរាម កាកសំណង់អីប្រសិនជាធនធានធម្មជាតិពោរពេញដោយពណ៌បៃតងវាច្រើនជាងការបំផ្លាញសង្គម ហើយសុខភាពរបស់យើងវារីកចម្រើនទទួលបានអុកស៊ីសែន ជាច្រើនពីធនធានធម្មជាតិ។ ប្រសិនជាយើងថែរក្សាវាឲ្យបាននៅច្រើនក៏កូនចៅយើងស្គាល់ធនធានធម្មជាតិដូចយើងដែល ហើយក៏ចង់ឲ្យពួកគាត់ស្គាល់សត្វព្រៃដែល មានពីដើមពីដូនតាមកឲ្យគាត់ស្គាល់ដូចយើងដែល»។

អនុប្រធានសហគមន៍ឈើទាលព្រឹសជា លោក សៀវ សី បានលើកឡើងថា ការងារចុះល្បាតព្រៃគឺមានសារៈសំខាន់សម្រាប់សហគមន៍ និងអាចផ្តល់ប្រាក់កម្រៃជួយគាំទ្រការងារ។ ទោះជាយ៉ាងណា ការងារនេះក៏មានការលំបាក ដូចជាផ្លូវពិបាក និងការចុះល្បាតនៅពេលយប់ ដែលអាចប្រឈមហានិភ័យខ្ពស់និងពេលខ្លះដែលសមាជិកមិនមានប្រាក់កម្រៃធ្វើការងារស្ម័គ្រចិត្តដែរ។

លោកនិយាយថា ព្រៃឈើមានសារៈប្រយោជន៍ច្រើន ដោយផ្តល់ធនធាន និងបន្លែព្រៃសម្រាប់សមាជិក ហើយបើគ្មានព្រៃ ការរស់នៅ និងការធ្វើចម្ការនឹងជួបការលំបាក។

លោកនិយាយថា៖ «ប្រសិនជាព្រៃអត់មានវាពិបាកទៅលើផ្នែកចម្ការ ព្រោះបន្លែអ្វីផ្សេងៗក៏វាយ៉ាបដែលជួនកាលសមាជិក ដូចជាត្រួយសោមអីនឹង វាអាចជិះមក»។

ចំណែកសមាជិកម្នាក់ទៀត លោក ខៀវ សាលឹម អាយុ ៥២ ឆ្នាំ បានចូលជាសមាជិកសហគមន៍ព្រៃឈើទាលព្រឹសអស់រយៈពេល ៦ ឆ្នាំ។ លោកនិយាយការងាររបស់លោកគឺពឹងផ្នែកចុះល្បាតព្រៃដើម្បីរកកម្រៃ ដែលអាចជួយចំណាយថ្លៃសាំង និងការងារផ្សេងៗ។ លោកបានលើកឡើងថា ការល្បាតព្រៃមានផលប្រយោជន៍ច្រើន ព្រោះជួយការពារ និងអភិរក្សព្រៃឈើ ដើម្បីទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិ។

លោកលើកឡើងថា៖ «ការល្បាតព្រៃបានផលប្រយោជន៍ច្រើនដែល ការពារព្រៃអភិរក្សដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ព្រៃឈើ ។ ទប់ស្កាត់ដឹងតែទប់ហើយ ពេលខ្លះមិនឈ្នះគេ ឈើគេដឹកមកចាប់ ម៉ាស៊ីនចាប់រហូត។

មេភូមិរំដេងលោក ពេជ្យ កែម ថា ជាគណៈកម្មការបានការសហការគ្នានឹងសហគមន៍ព្រៃឈើទាលព្រឹសជិតស្និតទៅលើការចុះល្បាតព្រៃ ។ លោកក៏លើកឡើងថា រយៈពេលមួយឆ្នាំចុងក្រោយនេះ បទល្មើសកាប់ឈើបានថយចុះ ដោយសាឃើញការបង្កើតគម្រោង និងការសហការជាមួយគម្រោង រ៉េតបូក (Red+មេគង្គ) បានជួយកាត់បន្ថយការរំលោភបំពាន និងបទល្មើសព្រៃឈើយ៉ាងច្រើនផងដែល។

លោកលើកឡើងថា៖ «ដើម្បីឲ្យព្រៃឈើរបស់យើងមានការគង់វង្សមានតែមានការផ្សព្វផ្សាយបន្ត បន្តរហូតនឹងហើយឲ្យប្រជាជនយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាព្រៃសហគមន៍ដើម្បីឲ្យព្រៃមាននិរន្តន៍ភាពសម្រាប់កូនចៅជំនាន់ក្រោយ»។

លោកក៏មានទុក្ខកង្វល់ច្រើនហើយ ព្រៃសហគមន៍ឈើទាលព្រឹសខ្លាចមានការបាត់បង់ បើអត់មានគ្រាំទ្រពីអង្គការគ្រាំទ្រ។

លោកលើកឡើងថា៖ «ជាការសំណូមពរខ្ញុំចង់ឲ្យ អង្គការក៏ដូចជាអាជ្ញាធរគ្រប់ដណ្តាប់ថ្នាក់​ជួយពង្រឹង ក្នុងមធ្យោបាយអីផ្សេងៗទៅតាមលិទ្ធភាពដែលជួយបាន បន្តជួយព្រៃសហគមន៍ឲ្យបានគង់វង្សសម្រាប់ទុកឲ្យកូនជំនាន់ក្រោយឲ្យស្គាល់ព្រៃឈើ»។

ងាកមកក្រុមសហគមន៍ឯណេះវិញ ពួកគេនិយាយថា ប្រសិនជាមិនវត្តមានសហគមន៍ក្នុងការចុះត្បាតព្រៃនោះទេ ព្រៃឈើទាល់ព្រឹសនឹងអាចមានការបាត់បង់ជាបន្តបន្ទាប់ រីឯអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើនៅតែមានជាហូរហែល ។ ប៉ុន្តែទោះបីជាក្រុមសហគមន៍មានការគ្រាំទ្រគម្រោងអង្គការសង្គមស៊ីវិល ដែលពេលខ្លះអាចនឹងអាចបាត់ថវិការទៅវិញ រីឯឧបសគ្គ ក៏មានការគំរាមកំហែង និងមិនរុញរាឡើយទោះបីជាការងារនេះស្មគ្រ័ចិត្ត។

លោក ពេជ្រ សារឿនលើកថា៖ «អត់មានចងក្រងជាមួយសហគមន៍ ឈើទាល់ព្រឹសនឹងទេជាមួយនឹងមេភូមិ ភូមិឃុំគាត់ តែសហគមន៍យើងអត់មានអស់អាលាយ[បាត់បង់ព្រៃឈើ] ហើយបាន[ការជួយមើល]ខ្ញុំសហគមន៍បានល្អហើយ»។

លោកបានលើកឡើងថា គោលដៅបន្ទាប់របស់សហគមន៍គឺចង់អភិវឌ្ឍអាកូទេសចរណ៍ ដើម្បីបង្កើនជីវភាព និងការពារព្រៃឈើឲ្យបានគង់វង្ស ប៉ុន្តែបញ្ហាសំខាន់នៅតែខ្វះអណ្តូងទឹក និងធនធានចាំបាច់ផ្សេងៗ។ លោកសំណូមពរឲ្យអង្គការនានាជួយគាំទ្រថវិកា និងសម្ភារៈ ដូចជា ថវិកាសម្រាប់ល្បាតព្រៃ ថ្លៃម្ហូប ថ្លៃសាំង កាម៉ារ៉ាសម្រាប់តាមដាន និងសម្ភារៈផ្សេងៗទៀត។

សហគមន៍ព្រៃឈើទាលប្រឹស ស្ថិតនៅក្នុងភូមិរំដេង ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ នៃ ខេត្តស្ទឹងត្រែង។ តំបន់សហគមន៍នេះស្ថិតនៅចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង និងប្រហែល ៥ គីឡូម៉ែត្រពីភូមិរបស់ប្រជាពលរដ្ឋ។ព្រៃសហគមន៍ឈើទាលប្រឹស ត្រូវបានបែងចែកជាពីរតំបន់សំខាន់ៗ គឺតំបន់ប្រើប្រាស់ (តំបន់រ៉េតបូក) មានទំហំប្រមាណ ៣៧៧ ហិកតា និងតំបន់អភិរក្សមានទំហំប្រមាណ ២៨៧ ហិកតា។ សរុបទាំងអស់មានផ្ទៃដីប្រមាណ ៦៦៤ ហិកតា៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1929}" data-page="1" data-max-pages="1" data-start="1" data-end="1">