ក្រុមចលនាមាតាធម្មជាតិ បង្ហាញក្ដីបារម្ភចំពោះការកើនទំហំទីលានចាក់សំរាមដល់៨ហិកតានៅដើមឆ្នាំ២០២៦ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមរយៈវីដេអូប្រវែងជាង២នាទី ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមចលនាមាតាធម្មជាតិ បានអះអាងថា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប បានកើនទំហំដល់៨ហិចតា ខណៈកាលពីដើមឆ្នាំ២០២៤ ទីលានចាក់សំរាមនេះមានទំហំប្រមាណ៤ហិកតា។
ប្រភពបន្តថា៖ «ទីលានគំនរចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កើនដល់៨ហិកតាយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ។ ផ្នែកមួយនៃតំបន់ការពារនេះ ត្រូវបានយាយី និងបំពុលដោយទីលានចាក់សំរាម គ្មានការការពារ និងគ្មានការទប់ស្កាត់ទាល់តែសោះ។ ព្រៃស្រោបដែលឈូសឆាយដើម្បីចាក់សំរាម បានបន្តកើនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។
ក្រុមចលនាមាតាធម្មជាតិ បញ្ជាក់ថា ផ្ទៃដីទាំងអស់នៃទីលានចាក់សំរាមទំហំ៨ហិកតានេះ គឺស្ថិតក្នុងតំបន់ការពារធម្មជាតិពាមក្រសោប ដោយពួកគេបានផ្ទៀតផ្ទាត់តាមរយៈផែនទី និងចំណុចនិយាមកាពីលេខ២២ ដល់លេខ២៥ នៃអនុក្រឹត្យលេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមមាតាធម្មជាតិចោទសួរថា៖ «ដោយទីតាំងនេះ ពិតជាតំបន់ការពារធម្មជាតិស្របច្បាប់ ហេតុអ្វីបានជាការចាក់សំរាមនៅតែបន្តល្មើសពីមួយឆ្នាំទៅមួយឆ្នាំ»។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិកញ្ញា មាន លីសា បានប្រាប់ប្រជាកាសែតថា ក្រុមការងារចលនាមាតាធម្មជាតិបានប្រើ វិធីសាស្ត្រចំនួន២ ដើម្បីវាសពីទំហំទីលានចាក់សំរាមដែនជម្រកសត្វព្រៃពាមក្រសោប។ ដោយវិធីទី១គឺតាមការអង្កេតផ្ទាល់នៅទីលានចាក់សំរាម និងវិធីទី២គឺប្រើផ្កាយរណប Copernicus ដែលបង្កើតឡើងដោយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដោយ លីសា ជឿជាក់ថា ផ្កាយរណបនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការវាស់វែងទំហំទីលានចាក់សំរាម។
សកម្មជនបរិស្ថានរូបនេះបន្តថា ការដែលក្រុមចលនាមាតាធម្មជាតិលើកបញ្ហាទីលានចាក់សំរាមដែនជម្រកសត្វព្រៃពាមក្រសោបនេះទៅផ្សព្វផ្សាយ គឺដើម្បីឱ្យសាធារណជនជជែកពិភាក្សា ក្នុងគោលបំណងជំរុញឱ្យមានដំណោះស្រាយចំពោះបញ្ហានេះ ហើយបើគ្មានដំណោះស្រាយនោះ កញ្ញាបារម្ភថា វានឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅតំបន់នោះ។
កញ្ញាបន្តថា៖ «យើងគិតថាចង់មិនចង់ប្រសិនបើបន្តពង្រីក[ទីលានចាក់សំរាម] ហើយខ្វះការវាយតម្លៃបរិស្ថាន និងសង្គមនោះវានឹងប៉ះពាល់ដល់ប្រភពទឹកសាបដែលពលរដ្ឋក្នុងតំបន់ត្រូវប្រើប្រាស់ជាមិនខាន»។
ជាមួយគ្នានេះ កញ្ញា មាន លីសា ស្នើឱ្យរដ្ឋបាលខេត្តកោះកុង ដោះស្រាយបញ្ហានេះ ដោយចីរភាព តាមបែបវិទ្យាសាស្រ្ត និងមិនត្រូវយកលេសដើម្បីរួចខ្លួនពីការទទួលខុសត្រូវឡើយ។
កញ្ញាថា៖ «ហើយត្រូវរៀនសូត្រអំពីការបម្លែង និងការទុកដាក់សំរាមអំពីបណ្ដាប្រទេសក្នុងតំបន់ ឬប្រទេសលោកខាងលិចផងដែរ ថាតើគេច្នៃសំរាមបែបណាដើម្បីជាប្រយោជន៍សម្រាប់ជួយសង្គម ដើម្បីវាស់វែងអំពីថវិកាជាតិសម្រាប់បំបាត់ការដុតសំរាមបែបបុរាណនេះចេញ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពសាធារណៈ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បដិសេធការឆ្លើយតបករណីនេះ ដោយគាត់ចាត់ទុកក្រុមចលនាមាតាធម្មជាតិជាក្រុមក្រៅច្បាប់។
លោកថា៖ «សុំអត់ឆ្លើយឆ្លងជាមួយពួកហ្នឹង[…]បើគាត់ជាអ្នកនៅក្រៅច្បាប់ អ្នកខុសច្បាប់ ហើយយើងទៅពាក់ព័ន្ធជាមួយគាត់ ឆ្លើយឆ្លងជាមួយគាត់អត់ត្រូវ។ កុំអី! អរគុណច្រើន! បើរឿងផ្សេងខ្ញុំឆ្លើយ រឿងហ្នឹងសុំអត់ឆ្លើយ»។
រីឯអភិបាលរងខេត្តកោះកុង លោក ឈិត រតនៈ ប្រាប់ប្រជាកាសែតថា លោកនឹងពិនិត្យព័ត៌មានទាក់ទងនឹងទីលានចាក់សំរាមជាមួយអ្នកជំនាញសិន។
លោកថា៖ «ខ្ញុំចង់ឆែកជាមួយនឹងខាងជំនាញបន្តិច ព្រោះអីពាក់ព័ន្ធនឹងទីតាំងថ្មីមានទំហំប៉ុន្មានហិកតាដែលយើងត្រៀមរៀបចំធ្វើជាតំបន់ចាក់សំរាមថ្មីដោយមានក្រសួងបរិស្ថានជាអ្នករៀបចំ»។
ជុំវិញករណីនេះ មន្ត្រីគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) កញ្ញា ហេង គឹមសួ មានប្រសាសន៍ថា ការដែលក្រុមចលនាមាតាធម្មជាតិអះអាងថា ទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប បានកើនទំហំដល់៨ហិចតានោះគឺជារឿងពិត ព្រោះក្រុមការពារបរិស្ថាននេះបានបង្ហាញភស្តុតាងពាក់ព័ន្ធ ដោយបញ្ជាក់លេខនិយាមកាត្រឹមត្រូវ។
កញ្ញា ហេង គឹមសួ បារម្ភថាទីលានចាក់សំរាមនេះអាចធ្វើឱ្យខូចប្រភពទឹកក្នុងដី និងប៉ះពាល់ដល់ជីវៈចម្រុះ ព្រមទាំងសត្វព្រៃក្នុងតំបន់ពាមក្រសោប។
កញ្ញាថា៖ «ខ្ញុំសំណូមពរទៅដល់ក្រសួងបរិស្ថានគួរតែយកចិត្តទុកដាក់ក្នុងការការពារ វាមិនគួរត្រូវបានបំផ្លាញទេ ពីព្រោះខ្ញុំគិតថាតំបន់ពាមក្រសោបនេះវាប្រៀបដូចជាឋានសួគ៌ក្រោមមេឃអ៊ីចឹង។ អ៊ីចឹងហើយ ប្រសិនបើកន្លែងនេះវារងផលប៉ះពាល់ ក៏ដូចជាត្រូវបំភ្លេចបំផ្លាញ ខ្ញុំគិតថាវាគួរឱ្យសោកស្ដាយណាស់ដែលយើងមានច្បាប់ក៏ដូចជាមានក្រសួងបរិស្ថាន ប៉ុន្តែយើងអត់បានធ្វើឱ្យវាល្អប្រសើរទេ»។
ដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ដែនជម្រកសត្វព្រៃនេះ ជាតំបន់ព្រៃកោងកាងធំជាងគេនៅប្រទេសកម្ពុជា។
ព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ បានចែងថាដែនជម្រកសត្វព្រៃពាមក្រសោប មានផ្ទៃដីទំហំ ២៣ ៧៥០ហិកតា។ តែនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានចេញអនុត្រឹត្យកែប្រែទំហំដែនជម្រកសត្វព្រៃនេះមកត្រឹម ១៦ ៩៨២ហិកតាវិញ។
ការកែប្រែនេះគឺក្នុងគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី រក្សាលំនឹងបរិស្ថាន កាត់បន្ថយការប្រែប្រួលអាកាសធាតុ ហានិភ័យគ្រោះធម្មជាតិ ព្រមទាំងផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពជាដើម។
ដោយឡែកតាមការរកឃើញរបស់ក្រុមចលនាមាតាធម្មជាតិ កាលពីខែមករា២០២២ ទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោបមានទំហំ ១ហិកតា។ ក្នុងខែមករា ឆ្នាំ២០២៤ ទីលានចាក់សំរាមនេះបានកើនដល់៤ហិកតា និងនៅចុងក្រោយគឺ ៨ ហិកតា៕







