យុវជនជនមកពីខេត្តក្រុងនានារួមមានសិស្សនិស្សិត និងសកម្មជនការពារព្រៃឈើជាដើមប្រមាណជាង២០០នាក់ជួបជុំគ្នានៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញប្រារពទិវាព្រៃឈើឆ្នាំ២០២៦ ដើម្បីរំលឹកដល់ការអភិរក្សព្រៃឈើ។ក្រុមយុវជន សកម្មជនការពារព្រៃឈើ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលទាំងអស់នោះ បានផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ បង្ហាញពីក្ដីកង្វល់ព្រមទាំងវិធីសាស្ត្រដោះស្រាយបញ្ហានានា ជុំវិញប្រធានបទ «ជីវិត និងព្រៃឈើ»។
សកម្មជនព្រៃឡង់មកពីខេត្តក្រចេះ អ្នកស្រី ម៉ន សិលីន ប្រាប់ប្រជាកាសែតថា អ្នកស្រីបានធ្វើដំណើរពីស្រុកសម្បូរ ខេត្តក្រចេះដើម្បីចូលរួមទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៦ ដើម្បីស្ដាប់បទពិសោធរបស់សកម្មជនព្រៃឡង់ដែលមកពីខេត្តផ្សេងក្រៅពីក្រចេះ។
អ្នកស្រីថា៖ «គេធ្វើរាល់ឆ្នាំ ប៉ុន្តែខ្ញុំទើបតែបានចូលរួមលើកទីមួយទេនៅភ្នំពេញហ្នឹងបង[…]ខ្ញុំមកចង់ស្ដាប់ពីវាគ្មិនដែលមកពីព្រៃឡង់ដូចគ្នា តែក្នុងខេត្តផ្សេងៗ។ ខ្ញុំចង់ស្ដាប់ពីបទពិសោធន៍របស់គាត់ក៏ដូចជាការចែករំលែកពីវាគ្មិនដទៃទៀត»។
ស្រ្តីវ័យ២១ឆ្នាំរូបនេះសង្កេតឃើញមានយុវជនមកពីខេត្តផ្សេងៗគ្នាជាច្រើន ហើយគាត់ចង់ឱ្យនិស្សិត ឬយុវជនពីបណ្ដាខេត្តចូលរួមកម្មវិធីនានាដែលនិយាយពាក់ព័ន្ធនឹងធនធានធម្មជាតិ ដើម្បីឱ្យពួកគេអាចស្វែងយល់ពីផលប្រយោជន៍នៃព្រៃឈើ ព្រមទាំងគុណវិបត្តិនៃការបាត់បង់ព្រៃឈើ។
អ្នកស្រី សិលីន ថាកាលណាយុវជនចូលរួមកម្មវិធីបែបនេះកាន់តែច្រើន នោះចំណេះដឹងរបស់ពួកគេទាក់ទងនឹងធនធានធម្មជាតិក៏កើនឡើងដែរ។ ការនេះអាចធ្វើឱ្យយុវជនកាន់តែច្រើនស្រឡាញ់ធមធានធម្មជាតិ និងចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិកាន់តែច្រើន។
ចំណែកឯនិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថាសាលាតិចណូ ផ្នែកវិស្វករអគ្គិសនី លោក ជឿន ច័ន្ទសំណាង ប្រាប់ថា នេះជាលើកទីមួយដែលលោកចូលរួមទិវាព្រៃឈើអន្តរជាតិ។ មូលហេតុដែលលោកចូលរួមទិវានេះ គឺដើម្បីក្រេបយកចំណេះដឹងថ្មីបន្ថែមក្រៅពីអ្វីដែលបានរៀនសូត្រនៅតាមសាលារៀន។
លោកថា៖ «ខ្ញុំគិតថាវាផ្ដល់ប្រយោជន៍ច្រើន ទីមួយដោយសារតែខ្ញុំជានិស្សិតដែលអាចថាផ្សេងគ្នា ខ្ញុំរៀនជំនាញវិស្វករអគ្គិសនីអ៊ីចឹង យើងអត់អាចដឹងទេពីច្បាប់ទាក់ទងនឹងព្រៃឈើ ឬក៏អីផ្សេង។ អ៊ីចឹងអាចថាវាជាឱកាសមួយសម្រាប់ខ្ញុំដែលបានរៀនពីច្បាប់ដែលទាក់ទងនឹងព្រៃឈើ និងធនធានធម្មជាតិរបស់យើងដូចគ្នា[…]ដោយសារតែដោយទាក់ទងនឹងព្រៃឈើនិងច្បាប់អីហ្នឹង ក្នុងសាលាវិស្វករអត់មានបង្រៀនទេ»។
យុវជនវ័យ១៩ឆ្នាំរូបនេះលើកទឹកចិត្តឱ្យយុវជនកម្ពុជា ចូលរួមសិក្ខាសាលាដែលទាក់ទងនឹងច្បាប់ ព្រៃឈើ បរិស្ថានផ្សេងៗជាដើម ដែលរៀបចំដោយរដ្ឋាភិបាលក្ដី ឬក៏ដោយក្រុមអង្គការសង្គមស៊ីវិលក្ដី ដើម្បីទទួលបានចំណេះដឹងកាន់តែច្រើន និងដឹងពីសិទ្ធិខ្លួនឯង ហើយអាចចូលរួមអភិវឌ្ឍសង្គមជាតិ។
នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា បានថ្លែងក្នុងវេទិការទិវាព្រៃឈើនេះថា សង្កេតឃើញថា ព្រៃឈើនៅកម្ពុជាបានថយចុះជាបន្តបន្ទាប់ ដែលនេះជាក្ដីកង្វល់របស់លោក។
លោកថា៖ «យើងមានការសោកស្ដាយ យើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃឈើនៅក្នុងប្រទេសកម្ពុជារបស់យើងបានធ្លាក់ថយចុះជាគំហុក ហើយការបាត់បងទាំងនោះបណ្ដាលមកពីកត្តាច្រើន តាមរយៈដីសម្បទានសេដ្ឋកិច្ច តាមរយៈការកាប់បំផ្លាញព្រៃឈើខុសច្បាប់[…]រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញថាមានការទន្ទ្រានប្រើប្រាស់ដីនៅតាមតំបន់ការពារធម្មជាតិដើម្បីបម្រើដល់ផលប្រយោជន៍ជាលក្ខណៈបុគ្គល»។
ស្របពេលកម្ពុជាកំពុងរងនូវបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលមកពីការបាត់បងព្រៃឈើជាដើមនោះ លោកសង្ឃឹមថា យុវជនដែលចូលរួមប្រារព្ធទិវានានារួមទាំងទិវាព្រៃឈើអន្តរជាតិនេះ អាចក្រេបយកចំណេះដឹងនានា និងអាចរួមចំណែកការពារព្រៃឈើបាន។
លោកថា៖ «យើងសង្ឃឹមថា ការរៀបចំទិវាព្រៃឈើនៅក្នុងឆ្នាំ២០២៦ និងការរៀបចំកាលពីឆ្នាំកន្លងទៅៗ វាជាផ្នែកមួយដើម្បីចូលរួមលើកកម្ពស់ចំណេះដឹង សមត្ថភាពរបស់យុវជន[…]យ៉ាងហោចណាស់យុវជនដែលគាត់តែងតែចូលរួមនៅក្នុងការប្រារព្ធទិវាព្រៃឈើ ទិវាបរិស្ថាន ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបរិស្ថានជាមួយអង្គការសមាគមន៍ជាដៃគូ គាត់នឹងក្លាយទៅជាធនធានយុវជនមួយដ៏សកម្មដើម្បីចូលរួមការពារព្រៃឈើយើង ដើម្បីចូលរួមស្ដារបរិស្ថានដែលកំពុងរងការបំភ្លេចបំផ្លាញ»។
កម្ពុជាមានគម្រោបព្រៃឈើប្រមាណ៧៣%នៃផ្ទៃដីសរុបកាលពីឆ្នាំ១៩៦២។ គម្រោបព្រៃឈើបានថយចុះមកត្រឹមប្រមាណ ៤៦,៨៦% នៅឆ្នាំ២០១៨។ នេះបើតាមឯកសារទស្សនទាន ស្តីពីកម្មវិធីប្រារព្ធទិវាពឈើអន្តរជាតិ ឆ្នាំ២០២៦។ បើតាមក្រុមអង្គការសមាគមន៍ កត្តាដែលបណ្ដាលឱ្យគម្របព្រៃឈើនៅកម្ពុជាថយចុះរួមមាន ការផ្តល់សម្បទានដីសេដ្ឋ កិច្ចដែលខ្វះប្រព័ន្ធធានាសុវត្ថិភាពបរិស្ថាន អត្រាកំណើនប្រជាជន និងការកាប់ឈើខុសច្បាប់ជាដើម។
ក្រុមអង្គការសមាគមន៍ដែលរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៦នេះ រួមមានសមាគមបណ្តាញយុវជនកម្ពុជា(CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)៕







