ក្រសួងបរិស្ថានប្ដេជ្ញាចូលរួមពង្រឹងការការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីបន្ទាប់ រកឃើញ សត្វកម្រជាច្រើនប្រភេទនៅតំបន់ភ្នំថ្មកំបោរ ដែលជាតំបន់កំពុងរកការគំរាមកំហែងដោយសកម្មភាពនានារបស់មនុស្ស។ មន្ត្រីជំនាញក្រសួងបរិស្ថានបង្ហាញបំណងចង់អភិរក្សតំបន់ភ្នំថ្មកំបោរ បន្ទាប់ពីរកឃើញសត្វកម្រជាច្រើនប្រភេទទាំងនោះ។
របាយការណ៍ដែលចេញផ្សាយដោយអង្គការសត្វព្រៃ និងរុក្ខជាតិលើគម្រោងស្ដីការសិក្សាពីជីវៈចម្រុះនៅតំបន់ភ្នំថ្មកំបោរ សរសេរថា ក្រុមអ្នកស្រាវជ្រាវជីវៈចម្រុះ ដែលដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ រកឃើញសត្វកម្រជាច្រើនប្រភេទរួមមានពស់កម្រ និងតុកកែថ្មីចំនួន ៣ ប្រភេទ ដែលត្រូវបានដាក់ឈ្មោះ និងកំណត់លក្ខណៈជាផ្លូវការ។ ការរកឃើញផ្សេងទៀតត្រូវបានក្រុមអ្នកស្រាវជ្រាវកំណត់អត្តសញ្ញាណជាផ្លូវការក្នុងអំឡុងពេលនៃការស្ទង់មតិជីវៈចម្រុះ ដែលបានរុករករូងភ្នំចំនួន ៦៤ នៅទូទាំងភ្នំកំបោរចំនួន ១០ នៅខេត្តបាត់ដំបង រវាងខែវិច្ឆិកា ឆ្នាំ ២០២៣ និងខែកក្កដា ឆ្នាំ ២០២៥ ។
ប្រធានការិយាល័យ នាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន លោក ឈិន សុភា លើកឡើងថាការគម្រោងស្រាវជ្រាវនេះមានរយៈពេល ៣ ឆ្នាំ ដោយធ្វើការជាមួយដៃគូរស្រាវជ្រាវមកពីអង្គការអង្គការសត្វព្រៃ និងរុក្ខជាតិ និងប្រើវិធីសាស្ត្រស្រាវជ្រាវច្រើនរួមមានការធ្វើសំណាកសត្វ និងការពិនិត្យផ្ទាល់ក្នុងរូងភ្នំជ្រៅ។ លោកថា តំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជាគឺជាតំបន់អេកូឡូស៊ីដ៏សំខាន់ដែលសម្បូរជីវៈចម្រុះច្រើនសម្រាប់ការស្រាវជ្រាវ។ លោកបញ្ជាក់ថាក្រសួងបរិស្ថាន នឹងដាក់តំបន់ភ្នំថ្មកំបោរជាតំបន់អភិរក្សសម្រាប់ការការពារពីការគំរាមកំហែងដល់ជីវៈចម្រុះ។
លោកថា៖ «សារៈសំខាន់យើងបង្ហាញឱ្យឃើញថាភ្នំថ្មកំបោរនៅកម្ពុជាហ្នឹង មានសារៈសំខាន់ដោយសារវាជាទីជម្រករបស់ប្រភេទជីវចម្រុះសំខាន់ៗដែលលើពិភពលោកផ្សេងគេអត់មាន មានន័យថាពួកជីងចក់ ឬក៏ពស់ដែលយើងរកឃើញគឺអត់មានកន្លែងណាទៀតទេ»។
លោកបន្ថែមថា៖ «ហើយអ្វីដែលយើងចង់បាន ចង់បានឱ្យមានការការពារភ្នំថ្មកំបោរឱ្យមានស្ថេរភាពទៅមុខទៀត។ ហើយក្រសួងបរិស្ថានកំពុងតែសហការជាមួយអង្គការអង្គការសត្វព្រៃ និងរុក្ខជាតិ ដែលបានរកឃើញប្រភេទទាំងអស់ហ្នឹង ដើម្បីដាក់តំបន់ភ្នំថ្មកំបោរមួយចំនួនជាតំបន់អភិរក្សធនធានធម្មជាតិ»។
មន្រ្តីសម្របសម្របផ្នែកជីវៈចម្រុះគម្រោងទេសភាពភ្នំកំបោរ កញ្ញា ធី សុធារ៉ែន លើកឡើងក្នុងសេចក្ដីថ្លែការណ៍ស្ដីពីគម្រោងស្រាវជ្រាវជីវៈចម្រុះតំបន់ទេសភាពថ្មកំបោរ ថា បើគ្មានការការពារត្រឹមត្រូវទេ ប្រភេទសត្វ និងជីវចម្រុះទាំងនោះអាចនឹងបាត់បង់ដោយសារកត្តាមនុស្ស។ កញ្ញាបន្ថែមថា ដៃគូរពាក់ព័ន្ធកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីដាក់តំបន់ទាំងនេះជាតំបន់អាទិភាព។
កញ្ញាថា៖ «ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជាគឺជាកំណប់ដ៏អាថ៌កំបាំងនៃវិទ្យាសាស្ត្រដែលកំពុងរង់ចាំការស្រាវជ្រាវ។ ក្រៅពីនៅអាចមានវត្តមានប្រភេទ ល្គុន និងខ្យងដែលយើងមិនទាន់រកឃើញ ឬក៏រូងភ្នំដែលលាក់បាំងខ្លួន ក៏អាចនៅមានអ្វីៗជាច្រើនណាស់ដែលយើងមិនដឹងអំពីប្រព័ន្ធអេកូ ឡូស៊ីដ៏ពិសេសនេះ និងប្រភេទជីវៈចម្រុះដែលរស់នៅក្នុងតំបន់នោះ។ បើគ្មានការគ្រប់គ្រងប្រកបដោយចីរភាពទេ យើងប្រហែលជា បាត់បង់ឱកាសរកឃើញនូវអ្វីៗដ៏ពិសេសដែលមាននៅតំបន់ទាំងនេះ»។
របាយការណ៍ស្រាវជ្រាវ្ឱ្យដឹងថា ទេសភាពភ្នំថ្មកំបោរគ្របដណ្ដប់ប្រមាណ ៩ ភាគរយនៃផ្ទៃដីរបស់ប្រទេសកម្ពុជា ដែលមានទំហំ ២០ ០០០ គីឡូម៉ែត្រការ៉េ។របាយកការណ៍ដដែល បានបញ្ជាក់ថា «ផ្នែកធំនៃតំបន់ទាំងនោះនៅមិនទាន់ស្រាវជ្រាវទូលំទូលាយដោយអ្នកវិទ្យាសាស្ត្រនៅឡើយ»។
អ្នកនាំពាក្យនៃក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា លើកឡើងថាការកឃើញប្រភេទសត្វកម្រប្រភេទថ្មីៗនេះ បង្ហាញថាប្រទេសកម្ពុជាមានជីវៈចម្រុះសម្បូរបែប និងមានប្រព័ន្ធអេកូឡូស៊ី ដែលមានសារៈសំខាន់សម្រាប់ជាជម្រកនៃប្រភេទសត្វទាំងនេះ។ លោកថា ក្រសួងបរិស្ថាន និងដៃគូរពាក់ព័ន្ធ និងបន្តធ្វើការអភិរក្ស និងការពារធនធានកម្រប្រកបដោយនិរន្តរភាព។
លោកថា៖ «ប្រព័ន្ធអេកូឡូស៊ីរបស់យើង មិនត្រឹមតែជាទីជម្រកនៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗ សម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវតម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផងដែរ»។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងការការពារ និងការគ្រប់គ្រងធនធានទាំងនោះប្រកបដោយនិរន្តរភាព។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីធានាថាការអភិវឌ្ឍន៍មានតុល្យភាពជាមួយនឹងការអភិរក្ស ជាលទ្ធផល បេតិកភណ្ឌធម្មជាតិរបស់យើងត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ»៕







