អតីតបុគ្គលិកណាហ្គាវើលដ៍តវ៉ាសារជាថ្មី ដោយស្រែកប្រកាសរកយុត្តិធម៌

សិទ្ធិមនុស្ស

(អតីបុគ្គលិកកម្មករណាហ្គាវើលដ៏ ធ្វើកូដកម្មនៅខាងមុខណាហ្គា២ កាលពីថ្ងៃទី២៥ខែមីនា២០២៦)។(ថតដោយ អ៊ឺង ស៊ា)។

ក្រោយការតវ៉ា និងតស៊ូមតិអស់រយៈពេលជាង៤ឆ្នាំ និយោជិតសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើការតវ៉ាសាជាថ្មីនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យ និងយកបុគ្កលិកសហជីពចូលបម្រើការងារវិញ។

នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ សមាជិកសហជីពប្រហែល ៤០នាក់ បានប្រមូលផ្តុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលន៍២ ជាកន្លែងដែលពួកគេតែងតែប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ។ សមាជិកសហជីពខ្លះកាន់បដាមានអក្សរស្ដីពីការទាមទាររបស់សហជីព និងច្បាប់ការងារទាំងច្បាប់ជាតិ និងអន្តរជាតិ ចំណែកសមាជិកម្នាក់កាន់មីក្រូហ្វូនស្រែកទាមទារអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះ ស្របពេលដែលអ្នកវាយស្គរបន្តវាយតាមចង្វាក់សម្រែកអ្នកស្រែកទាមទារ។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលនឹងជួយស្វែងរក និងដោះស្រាយវិវាទការងារនេះ ដោយសន្តិវិធី។

អនុប្រធានសហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញាឈឹម សុខខន និយាយថាការស្វែងរកដំណោះស្រាយតាមរយៈក្រសួងការងារ និងក្រុមហ៊ុនបានអូសបន្លាយជាបន្តបន្ទាប់ដែលជះឥទ្ធិពលអវិជ្ជមានដល់អ្នកធ្វើកូដកម្មទាមទារយុត្តិធម៍។ កញ្ញា ថា អតីតបុគ្គលិកជាច្រើនប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារពួកគេមិនមានការងារពេញម៉ោង ឬប្រាក់ឈ្នួលទៀងទាត់ ។ កញ្ញាសង្កត់ធ្ងន់ថា បច្ចុប្បន្ន ពួកគេខ្លះធ្វើការជាអ្នករត់តុ ឬអ្នកដឹកជញ្ជូន ជាដើម ដើម្បីរកប្រាក់ចិញ្ចឹមជីវិត កំឡុងពេលបន្តការងារតស៊ូមតិ ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយឱ្យ។

កញ្ញាលើកឡើងថា៖ «រឿងដល់ដំណាក់កាលហ្នឹងហើយ យើងសំណូមពរឱ្យថៅកែហ្នឹងដោះស្រាយទៅ។ បើថាទាមទារច្រើនថាពិបាកដោះស្រាយ តែឥឡូវវាសល់ចំនួនតិច។ ក្រុមហ៊ុនប្រកាសរើសបុគ្គលិកជាបន្តបន្ទាប់ ចឹងការយកបុគ្គលិកចូលវិញ ខ្ញុំគិតថាមិនមែនជារឿងពិបាកសម្រាប់គាត់»។

កញ្ញាថា៖ «ការទាមទារនេះបន្ទាប់ពីថៅកែក្រុមហ៊ុនបញ្ឈប់បុគ្គលិកដោយអយុត្តិធម៍សម្អាង​លើហេតុផលកូវិដហ្នឹង តែយើងឃើញថាមិនមែនអីចឹងទេ។ ការកាត់បុគ្គលិកនេះគឺផាគច្រើនសមាជិកសហជីពដែលជារចនាសម្ព័ន្ធរបស់សហជីពដល់ពេលចឹងវាមិនមែនផ្អែកលើហេតុផលហ្នឹងទេ»។

កញ្ញាលើកឡើងថា អតីតនិយោជិតដែលជាសមាជិកសហជីព សរុបចំនួន ៣៨១ នាក់មិនទទួលបានប្រាក់បំណាច់ ក្រោយការបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន និងនៅបន្តធ្វើការតស៊ូមតិជាមួយសហជីព។ កញ្ញាបន្ថែមថា ក្រៅពីនោះ សមាជិកសហជីព ចំនួន៦៥ នាក់មានឈ្មោះទទួលបានសំណង តែបានបដិសេធសំណង ដោយសារពួកគេចង់បានការងារនៅក្នុងកាស៊ីណូត្រឡប់មកវិញ។

កញ្ញាបន្ថែមថា៖ «បុគ្គលិកដែលត្រូវបានគេបញ្ឃប់គាត់មានវិបត្តិសេដ្ឋកិច្ច។ ពួកគាត់ទាមទារបួនឆ្នាំជាងហើយអីចឹងជួបវិបត្តិសេដ្ឋកិច្ច ហើយអ្នកខ្លះលក់ផ្ទះ លក់ឥវ៉ាន់មានតម្លៃអី លក់អស់ហើយ។ អ្នកខ្លះគាត់ចែកគ្នាទៅធ្វើការ អ្នកខ្លះទៅដឹកជញ្ជូន អ្នកខ្លះទៅរកស៊ីបន្តិចបន្តូច អ្នកខ្លះអត់មានការងារធ្វើក៏រត់ទៅនៅតាមខេត្តអីចឹង»។

កាលពីអំឡុងពេលតវ៉ានៅខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកសហជីពជាច្រើននាក់ រួមទាំងប្រធានរបស់ពួកគេគឺកញ្ញា ឈឹម ស៊ីថា ដែលក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់។ ការចាប់ខ្លួន និងចោទប្រកាន់ទៅលើសហជីពកម្មករណាហ្គាវើលន៍រងការថ្កោលទោសពីអង្គការសិទ្ធិមនុស្សអន្តរជាតិ។

សមាជិកសហជីព កញ្ញា ម៉ែន សុធីវឌ្ឍនៈ ជាអតីតបុគ្គលិកណាហ្គាវើលន៍ ធ្វើការអស់រយៈពេល៨ ឆ្នាំ ត្រូវបានក្រុមហ៊ុនបញ្ឈប់នៅឆ្នាំ២០២១។ កញ្ញាថា ការបញ្ឈប់សមាជិកសហជីពគឺជាការរើសអើសដែលផ្ទុយពីច្បាប់ការងារ។ កញ្ញាលើកឡើងថា សហជីពមិនអាចធ្វើការតស៊ូមតិញឺកញាប់ដូចមុន ធ្វើសមាជិកខ្លះត្រូវប្រកបការងារផ្សេងៗ ដើម្បីជីវភាព កំឡុងពេលទាមទាររកយុត្តិធម៍។

កញ្ញាថា៖ «ធម្មតាសន្លឹកបៀរនៅខាងណាហ្កាវើលន៍ធំជាងខាងកម្មការ ដោយសារគេមានទាំងលុយ ទាំងអំណាចក្នុងការគៀបសង្កត់លើកម្មករ ក៏ប៉ុន្តែកម្មករយើងអត់មានអំណាច គឺមានតែការតស៊ូ និងសាមគ្គីភាពគ្នា ទោះមិនមានការជួបជុំគ្នាច្រើន ក៏ប៉ុន្តែយើងនៅបន្តធ្វើដូចភ្លៀងរលឹម។ ការតស៊ូរបស់យើងមិនឈប់ទេ ទាល់តែយើងបានយុត្តិធម៍ពិតប្រាកដទើបយើងឈប់»។

កញ្ញាសុធីវឌ្ឍនៈបន្ថែមថា៖ «ការបញ្ឈប់នឹងគឺជាការរើសអើង អីចឹងពីខ្ញុំទៅខ្ញុំអត់យកដោយសារខ្ញុំត្រូវការសិទ្ធិច្រើនជាងលុយ។ បើសិនជាយកលុយពីកន្លែងហ្នឹង វាហាក់ដូចជាលុបសិទ្ធិយើងជាកម្មករព្រោះនៅក្នុងច្បាប់ការងារគេមានដំណាក់កាលគេបញ្ឈប់ មិនមែនបញ្ឈប់ស្រេចតែចិត្តទេ»។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា មិនទាន់ឆ្លើយតបប្រជាកាសែត នៅឡើយពាក់ព័ន្ធនឹងការសម្របសម្រួលដោះស្រាយ ជាមួយសហជីពនិងក្រុមហ៊ុនណាហ្គាវើល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ធ្លាប់អះអាងប្រាប់ខេមបូចានៅខែកុម្ភៈ ឆ្នាំ២០២៦ ថាក្រសួងការងារបានចូលរួមដោះស្រាយចំនួន ២៧ ដងមកហើយ។ លោកថា ក្រសួងការងារមានឆន្ទៈក្នុងការចូលរួមសម្របសម្រួល និងដោះស្រាយជាមួយភាគីពាក់ព័ន្ធ។ លោកបន្ថែមទៀតថា ប្រសិនបើដោះស្រាយតាមរយៈក្រសួងមិនមានលទ្ធផល ជម្រើសនៃការឡើងតុលាការគឺជាជម្រើសមួយស្របតាមនីតិវិធីច្បាប់។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាវិវាទររវាងសហជីព និងក្រុមហ៊ុនណាហ្គាវើលន៍ជាវិវាទរ៉ាំរ៉ៃដែលរដ្ឋាភិបាល និងក្រសួងគួរពិចារណាដោះស្រាយវិវាទនេះ ព្រោះការអូសបន្លាយនឹងប៉ះពាល់ដល់ជីវភាពកម្មករ។លើសពីនេះប្រសិនបើវិវាទមិនត្រូវបានដោះស្រាយ លោកថា នឹងនាំឱ្យមានការយល់ឃើញអវិជ្ជមានរបស់រដ្ឋាភិបាលពីសហគមន៍អន្តរជាតិ។

លោកថា៖ «វិវាទការងារនេះទទួលបានការរិះគន់ពីសហគមន៍អន្តរជាតិ ហើយអ្វីដែលសំខាន់​វាអត់មានអីចំណេញមកកម្ពូជាក្រៅពីការរិះគន់ និងផលលំបាកកើតឡើងសម្រាប់សហជីព បុគ្គលិក ឬក៏អតីតបុគ្គលិក»។

លោកបន្ថែមថា៖ «រយៈពេលបួនឆ្នាំហើយដល់ពេលហើយដែលត្រូវបញ្ចប់វិវាទការងារនេះ។ ហើយខ្ញុំជឿថាប្រសិនបើគ្រប់ភាគីទាំងអស់មានឆន្ទៈក្នុងការដោះស្រាយបញ្ចប់គឺអាចដោះស្រាយបាន អីចឹងអ្វីៗវានៅលើឆន្ទៈក្នុងការដោះស្រាយទេ ហើយដល់ពេលដែលយើងត្រូវបញ្ឈប់នូវការលាបពណ៌ផ្សេងៗ ដើម្បីបន្តឱ្យបញ្ហាវិវាទនេះវាកាន់តែរីករាលដាល ហើយដោះស្រាយមិនចេញ អីចឹងអ្វីដែលសំខាន់ គឺយើងងាកមកដោះស្រាយដោយសន្តវិធី»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2026}" data-page="1" data-max-pages="1" data-start="1" data-end="1">