អ្នកជំនាញប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយដែលប្រើប្រាស់ភាសាខ្មែរ លើកទឹកចិត្តឱ្យសាធារណជន ប្រើប្រាស់ភាសាខ្មែរឱ្យបានច្រើន និងត្រឹមត្រូវ លើបណ្ដាញអនឡាញ ដើម្បីរក្សាអត្តសញ្ញាណជាតិ និងបង្កើនទិន្នន័យភាសាខ្មែរក្នុងពិភពបច្ចេកវិទ្យាឌីជីថល។
ការអំពាវនាវនេះស្របពេលអ្នកជំនាញមើលឃើញថា ការប្រើប្រាស់ភាសាខ្មែរនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅមានភាពខ្សោយនៅឡើយ ខណៈពិភពលោកកំពុងផ្លាស់ប្តូរ និងវិវឌ្ឍយ៉ាងលឿនទៅរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងស្របពេលពលរដ្ឋខ្មែរខ្លះមានទំនោរប្រើប្រាស់ភាសាខ្មែរលាយឡំជាមួយភាសាបរទេសជាដើម។
អ្នកជំនាញបច្ចេកវិទ្យាឌីជីថល សន្តិសុខគេហទំព័រ និងជាអ្នកបង្កើតមាតិកាអប់រំឌីជីថល លោក ជី សុផាត បានឱ្យដឹងថា ដ្បិតភាសាខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងស្ដង់ដារយូនីកូដ ដែលអាចមើលឃើញភាសាខ្មែរប្រើប្រាស់ទូលំទូលាយជាងមុនលើឌីជីថលក្ដី លោកថាការប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធឌីជីថលនេះ មិនទាន់បានត្រឹមត្រូវនៅឡើយ ដោយសារតែអ្នកប្រើប្រាស់ភាសាទាំងនៅលើប្រព័ន្ធបច្ចេកវិទ្យាតាមវេទិកា (Platform) កម្មវិធីបច្ចេកវិទ្យា មិនបានត្រឹមត្រូវ ឬបាត់អត្តសញ្ញាណដើមនៃភាសាជាតិក្នុងពិភពឌីជីថល។
លោកថា ការបំប្លែងភាសា ឬការប្រើប្រាស់ភាសាឆ្ងាយពីអត្តសញ្ញាណដើម គឺជាកត្តាប្រឈម អាចនាំឱ្យក្មេងៗជំនាន់ក្រោយ ទទួលឥទ្ធិពល និងបង្កជាហានិភ័យសម្រាប់ភាសាជាតិ ដែលអាចក្លាយជាអត្តសញ្ញាណបែបថ្មី។ លោកទទូចឱ្យមហាជនចូលរួមប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ដើម្បីភាសាខ្មែររស់រវើក ក្នុងពិភព AI។
លោក ជី សុផាត៖ «ខ្ញុំមិនចង់និយាយច្រើន ឬរិះគន់អ្វីទេ ព្រោះខ្ញុំដឹងថាពិភពលោកកំពុងផ្លាស់ប្តូរ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺធ្វើឱ្យភាសាខ្មែរមានដង្ហើម មានរូបរាង ក្នុងពិភពឌីជីថល តាមរយៈការរួមចំណែកក្នុងកិច្ចការងារឌីជីថលសម្រាប់ភាសាខ្មែរ មិនមែនដើម្បីអួតអាងនោះទេ ប៉ុន្តែគឺដើម្បីកុំឱ្យកូនខ្មែរជំនាន់ក្រោយ បាត់បង់អត្តសញ្ញាណភាសាជាតិខ្លួនឯងនៅលើឌីជីថល»។
លោកបន្ត៖ «ប្រសិនបើក្មេងៗ មិនបានយល់ស៊ីជម្រៅអំពីអត្តសញ្ញាណជាតិយើងទេ វាធ្វើឱ្យមានបញ្ហាថ្ងៃក្រោយបន្តទៀត តែបើគាត់បានសិក្សាស្រាវជ្រាវយល់ច្បាស់ ប្រហែលជាល្អ»។
តាមក្រសួងប្រៃសណីយ៍ គិតត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទជាង ២០លាន និងសេវាអ៊ីនធឺណិតប្រមាណ ១៩លាននាក់ ស្របពេលក្រសួងព័ត៌មាន ឱ្យដឹងដែរថា កម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រមាណ ១៣លាននាក់។
យ៉ាងណា ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងនេះ ភាសាខ្មែរនៅតែត្រូវបានចាត់ថ្នាក់ជា «ភាសាដែលមានធនធានទិន្នន័យតិច» នៅលើអ៊ិនធឺណិត បើធៀបនឹងភាសាប្រទេសក្បែរខាង ដែលអ្នកជំនាញថា កង្វះខាតមាតិកាគ្រប់ប្រភេទជាអត្ថបទ គឺជាឧបសគ្គធំ ធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) ពិបាកក្នុងការរៀនសូត្រ និងយល់ពីបរិបទខ្មែរឱ្យបានស៊ីជម្រៅ និងសុក្រឹត។
អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលម្នាក់ទៀត គឺលោក ង៉ែត ម៉ូសេ បានបង្ហាញការកត់សម្គាល់ថា ការប្រើប្រាស់ភាសាខ្មែរនៅលើបណ្ដាញសង្គម មានសំណេរជាអក្សរ តិចជាងការនិយាយ ព្រោះមាតិកាបែបសំណេរ មិនទទួលចំណាប់អារម្មណ៍ច្រើនដូចជាមាតិកានិយាយជាវិដេអូ។
លោកឱ្យដឹងទៀតថា បច្ចុប្បន្ន មានទម្រង់ នៃការប្រើប្រាស់ជាភាសាខ្មែរផ្សេងៗនៅលើអនឡាញ ដូចជាភាសាខៀវ ការប្រើអក្សរឡាតាំងសរសេរតាមសំឡេងពាក្យខ្មែរ អក្សរឡាតាំងសរសេរកាត់ជាអត្ថន័យភាសាខ្មែរ ដែលមានទាំងល្អ ឬអសុរស ការបំបែកពាក្យខ្មែរ ដើម្បីកុំឱ្យបណ្តាញសង្គមចាប់ថា រំលោភបំពានលើការប្រើប្រាស់ពាក្យហិង្សា (ស្លា/ប់ ឬស្លា.ប់) ក៏ដូចជាការនិយាយពីរភាសាលាយគ្នា ឬភាសាបច្ចេកទេសថា Code-switching ជាដើម។
លោក ម៉ូសេ បញ្ជាក់៖ «ការប្រើប្រាស់បែបនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ដែលយល់ថាការនិយាយបែបនេះខុស ខឹងសម្បារ និងប្រើពាក្យមិនសមរម្យទៅលើអ្នកផលិតមាតិកានោះ»។
តាមបទពិសោធន៍ អ្នកជំនាញផ្នែកឌីជីថលរួបនេះ ឱ្យដឹងទៀតថា ការងារប្រមូលព័ត៌មានជាភាសាខ្មែរនៅលើអនឡាញរបស់លោក មានការលំបាកជាងភាសាអង់គ្លេស ដោយសារមាតិកាវិដេអូនៅលើអនឡាញ មានច្រើនជាងមាតិកាជាអក្សរសរសេរ ស្របពេលកង្វះការសរសេរជាភាសាខ្មែរ ដាក់នៅលើវេទិកាសាធារណៈដូចជាគេហទំព័រជាដើម។ ការណ៍នេះ លោក ង៉ែត ម៉ូសេ ជំរុញឱ្យមហាជនប្រើប្រាស់សំណេរភាសាខ្មែរឱ្យបានច្រើន ទោះក្នុងបណ្តាញសង្គម ឬគេហទំព័រ (Website) ក្តី ដោយសារការប្រើភាសាខ្មែរកាន់តែច្រើនលើប្រព័ន្ធឌីជីថល នឹងផ្ដល់លទ្ធភាពដល់ប្រព័ន្ធ AI ផ្ដល់ព័ត៌មានកាន់តែច្បាស់ ហើយកំណែពាក្យខុសក្នុងភាសាខ្មែរពី AI នឹងកាន់តែល្អនាពេលអនាគត។
លោក ម៉ូសេ ឱ្យដឹងយ៉ាងដូច្នេះ៖ «ដោយសារតែមាតិកាវីដេអូនៅលើអនឡាញទទួលបានការចាប់អារម្មណ៍ច្រើនជាងមាតិកាជាអក្សរសរសេរ ការស្វែងរកទិន្នន័យរបស់ខ្ញុំរឹតតែពិបាកខ្លាំងឡើង។ ទោះជាមានបញ្ហាប្រឈមដូច្នេះក្តី ក៏មិនមានន័យថា វាពិបាកខ្លាំងក្នុងការទាញយកអក្សរពីរូបភាព ពី PDF និងពីវីដេអូ ដើម្បីបំប្លែងជាតួអក្សរសម្រាប់ធ្វើការវិភាគរបស់ខ្ញុំដែរ។ ខ្ញុំបង្កើតនូវកម្មវិធីជំនួយខ្លះៗ ដើម្បីអាចបំប្លែងអត្ថបទពីរូបភាព ឬ PDF ទៅជាអត្ថបទសរសេរ និងពីវីដេអូទៅជាសំឡេង ពីសំឡេងទៅតួអក្សរ។ ខ្ញុំក៏បានផលិតនូវកម្មវិធីដើម្បីត្រួតពិនិត្យមើលពាក្យសម្តីស្អប់ខ្ពើមជាភាសាខ្មែរ ដែលអាចយល់បាននូវភាសាខៀវ ការសរសេរឡាតាំងកាត់ និងការសរសេរបំបែកតួអក្សរជាដើម»។
មាត្រា៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ។
ជាមួយគ្នានេះដែរ និពន្ធនាយិកា នៃសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) កញ្ញា ខន ចំប៉ា ឱ្យដឹងថា សារព័ត៌មានឌីជីថលថ្មីៗ បានចូលរួមពង្រឹងគុណភាពបន្ថែមលើការប្រើប្រាស់ភាសាជាតិ ស្របពេលសារព័ត៌មានថ្មីៗ ផ្សព្វផ្សាយមាតិកាព័ត៌មានតាមរយៈប្រព័ន្ធឌីជីថល ដែលផ្ដោតលើការសរសេរជាភាសាជាតិមួយដែរ។
សម្រាប់នាយិការូបនេះ ការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមថែរក្សាវប្បធម៌អត្តសញ្ញាណជាតិ ឱ្យបានរីកចម្រើនបន្តទៀត ខណៈកញ្ញាជំរុញសាធារណជនឱ្យប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងច្រើនបំផុត ព្រមទាំងការទទួលយកមតិស្ថាបនាដើម្បីពង្រឹងសមត្ថភាព។ កញ្ញាបញ្ជាក់ថា ការរួមចំណែកម្នាក់បន្តិចពីគ្រប់មជ្ឈដ្ឋាន នឹងក្លាយជាកម្លាំងចលករក្នុងការធ្វើឱ្យភាសាខ្មែរកាន់តែរីកចម្រើន និងមានតម្លៃថែមទៀតនៅក្នុងសង្គម។
ក្នុងនោះដែរ កញ្ញា ខន ចំប៉ា ជំរុញឱ្យអ្នកសារព័ត៌មាន ពង្រឹងសមត្ថភាពភាសាខ្មែរបន្ថែម ដើម្បីជួយសាធារណជន ទទួលបានព័ត៌មានច្បាស់លាស់ និងផ្ដល់គំរូសម្រាប់អ្នកជំនាន់ក្រោយក្នុងការរៀនសូត្រ និងប្រតិបត្តិតាម។
កញ្ញា ខន ចំប៉ា៖ «ក្នុងនាមជាស្ថាប័នផ្សព្វផ្សាយមួយ សំណេរដែលត្រឹមត្រូវ ងាយយល់ងាយស្ដាប់ហ្នឹង ទី១ បង្កើនទំនុកចិត្តដល់អ្នកអាន ទី២ យើងក៏មានចំណែកមួយ ក្នុងការអប់រំដែរ អ៊ីចឹងបើយើងសរសេរត្រឹមត្រូវ អ្នកទទួលព័ត៌មានពីយើង អ្នកអានពីយើងហ្នឹង ក៏គាត់ទទួលពាក្យខ្មែរដែលត្រឹមត្រូវ ការប្រើប្រាស់ភាសាខ្មែរ ដែលត្រឹមត្រូវ»។
កញ្ញាបន្ថែម៖ «ខ្ញុំក៏លើកទឹកចិត្តឱ្យមានចំណេះដឹងច្បាស់លាស់ក្នុងភាសាបរទេសផ្សេងៗ ដែលជាប្រយោជន៍សម្រាប់អនាគត ព្រោះសម័យនេះ មិនអាចចេះភាសាតែមួយបានទេ ប៉ុន្ដែភាសាខ្មែរ នៅតែជាភាសាមូលដ្ឋាន ដែលទាមទារចាំបាច់បំផុត ត្រូវតែចេះឱ្យច្បាស់លាស់[…] ពីខ្ញុំទៅ ខ្ញុំគិតថា ចៀសអត់ផុតទេ ពេលគាត់រៀនភាសាពីរបីដំណាលគ្នា តែបើសិនជាយើងព្យាយាមចែកឱ្យដាច់ ខ្ញុំគិតថាយើងចៀសបានកាន់តែច្រើនក្នុងការប្រើប្រាស់ភាសាពីរលាយគ្នា ឬក៏បើពិបាកក្នុងការរកពាក្យខ្មែរ ក៏សុំឱ្យប្រើទៅតែឱ្យតិចតួចបំផុតតាមអាចធ្វើទៅបានរឹតតែល្អ»៕







