អាជ្ញាធរឃុំមួយនៅតាកែវ ចាត់វិធានការទាន់ពេល ចំពោះករណីចោលកាកសំណល់គីមី លើប្រភពទឹកនៅមូលដ្ឋាន។ អាជ្ញាធរមូលដ្ឋានឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានចាត់វិធានការ ចំពោះករណីចាក់ចោលកាកសំណល់គីមីចំនួន ២១ធុង បន្ទាប់ពីរកឃើញថា មានគីមី១ធុងលេចធ្លាយចូលប្រឡាយ ដែលអាចបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។
ជំទប់ទី២នៃរដ្ឋបាលឃុំចំបក់ លោក ឃុត វន្នី បានប្រាប់ថា អាជ្ញាធរបានចុះទៅដល់ទីតាំងភ្លាមៗកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦បន្ទាប់ពីមានករណីរថយន្តបែនមួយគ្រឿង ដឹកកាកសំណល់គីមីចំនួន ២១ធុង សរុបប្រមាណ ៤៦៤១ គីឡូក្រាម ដែលជាសាធាតុប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មផលិតស្បែកជើង មកទំលាក់ចោលលើកខ្នងប្រឡាយមួយកន្លែងស្ថិតក្នុងភូមិស្តៅឯម ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ។
លោកមានប្រសាសន៍ថា៖ «ក្នុងចំណោម២១នឹងគឺបានលេចចូលព្រែក១ធុង ថ្នាំនឹងវាមានក្លិនឆួល ក្លិនអាក្រក់ដែលធ្វើឲ្យយើងឈឺក្បាលវិលមុខ បើយើងនៅយូរអាចកើតខ្យល់កើត សន្លប់។ អាម៉ាធុងដែលចាក់ចូលព្រែកវាប៉ះពាល់ បើយើងនិយាយអំពីទឹកគឺប្រើប្រាស់មិនកើតទេ បើនិយាយពិត្រីវិញគឺវាមានងាប់ចឹង វាប៉ះពាល់បរិស្ថាននិងប៉ះពាល់សុខភាពមនុស្ស។ យើងនឹងធ្វើការសម្អាត ឥលូវនេះយើងបានសម្អាតនៅខាងលើហើយ និងបន្តបន្ទាប់ទៀតចឹងហើយនៅក្នុងទឹកយើងនឹងធ្វើការសម្អាតបន្តបន្ទាប់ទៀតចឹងហា»។
លោកបានបន្តថា នៅព្រឹកថ្ងៃទី២១ ខែមេសា អាជ្ញាធររកជនបង្ករឃើញនិងបានបញ្ជាឲ្យម្ចាស់រថយន្តដឹកយកកាកសំណល់ទាំងអស់ទៅរក្សាទុកនៅទីតាំងសុវត្ថិភាពរបស់ខ្លួនវិញ និងបានអប់រំណែនាំជាមួយនឹងការធ្វើកិច្ចសន្យាមិនឲ្យកើតឡើងម្តងទៀត។
លោកនិយាយថា៖«សូមសំណូមពរម្ចាស់អាជីវកម្ម និងអាជ្ញាធរពាក់ព័ន្ធគឺយកចិត្តទុកដាក់ ការណែនាំការផ្សព្វផ្សាយពីច្បាប់បរិស្ថាន ឲ្យកាន់តែមានប្រសិទ្ធិភាព ហើយប្រជាពលរដ្ឋដែលជួបប្រទះនឹងសុំឲ្យគាត់ជួយរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានឲ្យបានលឿនទាន់ពេលវេលា។ជាពិសេសទៅលើគ្រប់គ្រងកម្មករបុគ្គលិកដែល ដឹកជញ្ជូនអ្នកទុកដាក់នឹងកុំឲ្យ គាត់មានការធ្វេសប្រហែស លួចលាក់ឬក៏ចាក់ចោលទីតាំងណាមួយដែលបណ្តាល ប៉ះពាល់ដល់បរិស្ថានសត្វមនុស្សជាដើម»។
លោកថា ជនពាក់ព័ន្ធក្នុងករណីនេះ គឺ ផល វាសនា ហៅម៉ៅ ជាកម្មករបើករថយន្តបែនមានទីលំនៅនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
លោកបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ដោយផ្អែកលើគោលការណ៍យោគយល់ និងអប់រំជាមុន អាជ្ញាធរបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាយ៉ាងតឹងរ៉ឹងជាមួយជនពាក់ព័ន្ធ ដើម្បីបង្ការមិនឲ្យកើតមានសកម្មភាពបែបនេះឡើងវិញ ទាំងនៅក្នុងឃុំចំបក់ និងតំបន់ផ្សេងៗទៀត។
ចំណែកជនបង្ករក្នុងករណីនេះ គឺ លោក ផល វាសនា បានអះអាងថា ការដឹកជញ្ជូននេះពាក់ព័ន្ធជាមួយការលក់អេតចាយ មិនមែនជាក្រុមហ៊ុនផ្ទាល់ទេ ហើយខ្លួនមិនបានដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។
លោកនិយាយថា៖«អានឹងវាពាក់ព័ន្ធជាមួយនឹង ខ្ញុំ[រវាង]អ្នកអេតចាយ តែអ្នកទិញអេតចាយអត់ទទួលខុសត្រូវ ខ្ញុំអត់ចង់ឲ្យគាត់ទទួលខុសត្រូវ ខ្ញុំក៏ប្រឈមមុខជាមួយនឹងច្បាប់ ដើម្បីរៀបចំការងារនេះឡើងវិញតែប៉ុណ្ណឹងព្រោះគាត់ទិញហើយនឹកស្មានអត់ដល់ម្លឹងហា ថាវាប៉ះពាល់ដល់ទឹក ដីចឹងហា»។
លោកវាសនា ប្រាប់ថាលោកបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយដឹកកាកសំណល់ទៅដុតនៅឡសម្រាមឆ្ងាយពីតំបន់ប្រជាជន និងមិនបំពានលើច្បាប់។
លោកនិយាយថា៖ «ខ្ញុំសំណូមពរដល់បងបង ដែលមានរបស់ដែលមកពីរោងចក្រដែលមានសារជាតិគីមីទាំងអស់នឹងកុំឲ្យលក់ដូរអីធ្វើអី ផ្តាសផ្តេសនៅពេលដែលអាជ្ញាធរដឹងជារបស់ខុសច្បាប់ ឬក៏ជារបស់ប៉ះពាល់ដល់ប្រជាពលរដ្ឋកុំឲ្យធ្វើ ដូចខ្ញុំអីចឹង ខ្ញុំក៏បាននិយាយជាមួយ ដាក់គាត់ខ្លះដែល ហើយគាត់ក៏ដាក់លក្ខខណ្ឌជាមួយនឹងខ្ញុំខ្លះដែល ដើម្បីឲ្យខ្ញុំរៀនចេះធ្វើការដោយសារតែខ្ញុំអត់ដឹង»។
យ៉ាងណាមិញ មន្ត្រីសង្គមស៊ីវិលបានសង្កេតថា ទោះបីអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាក៏ដោយ ក៏នៅមានសំណួរចំពោះការដោះស្រាយផលប៉ះពាល់រយៈពេលវែង។ មន្រ្តីគោលនយោបាយនិងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) កញ្ញា ហេង គឹមសួ បានលើកឡើងថា អាជ្ញាធរគួរបង្ហាញច្បាស់ពីវិធានការសម្អាត និងការការពារសុខភាពប្រជាពលរដ្ឋ។
កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំគិតថាដើម្បីបញ្ចៀសបញ្ហានេះកុំឲ្យបន្តកើតមានជាញឹកញាប់ទៀតអាជ្ញាធរគួរតែចុះទៅអប់រំតាមរោងចក្រអំពីការទុកដាក់សំណល់របស់ខ្លួនឲ្យបានត្រឹមត្រូវ»៕







