តុលាការភ្នំពេញផ្តន្ទាទោសមនុស្សចំនួន ៣៣នាក់ ពីបទញុះញង់ ក្នុងករណី CLV-DTA

សិទ្ធិមនុស្ស

(រូបភាពអ្នកស្រី សែម ពៅ ជាជនជាប់ចោទម្នាក់ដែលត្រូវតុលាការផ្តន្ទាទោស២២ខែក្នុងសំណុំរឿងCLV)។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសមនុស្សចំនួន ៣៣ នាក់ ដែលក្នុងនោះមានមនុស្សចំនួន ១៤ នាក់ កំពុងជាប់ឃុំ ក្រោមបទចោទ ញុះញង់ ពាក់ព័ន្ធនឹងការបញ្ចេញ​មតិរបស់ពួកគេទៅលើបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ។នេះបើតាមការបញ្ជាក់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលចេញផ្សាយនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២៦។

លីកាដូកត់សម្គាល់ដែរថា ការផ្តន្ទាទោសទាំងនេះ រាប់បញ្ចូលទាំងសមាជិក ៣ រូប ដែលមកពីក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ អ្នកទាំង ៣ រូប ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៤ នៅខណៈដែលកំពុងមានការបញ្ចេញមតិយ៉ាងផុសផុលតាមបណ្តាញសង្គម និងការបង្ក្រាបយ៉ាងច្រើនពីរាជរដ្ឋាភិបាលមកលើអ្នកដែលបានបញ្ចេញមតិទាំងនោះ ទៅលើយន្តការអភិវឌ្ឍតាមបណ្តោយព្រំដែនខាងលើនេះ។

លីកាដូ៖«សមាជិក ៣ នាក់ នៃក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ប្រមាណ ១.០០០ ដុល្លារអាមេរិក) ។ អ្នកទាំងបីនឹងត្រូវបានដោះលែងនៅខែ កក្កដា ខាងមុខនេះ »។

បើតាមការបញ្ជាក់ពីលីកាដូ នៅត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៤ មានប្រជាពលរដ្ឋជាង ១០០ នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយជាង ៦០ នាក់ ត្រូវបានចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ ។ ក្រោយមក រាជរដ្ឋាភិបាលបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍នេះ ។

លីកាដូបន្ថែមថា ៖«ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងលើសំណុំរឿងដើមតែមួយ ប៉ុន្តែតុលាការបែងចែកជា ៥ ករណីដាច់ដោយឡែកពីគ្នា ។ ជនជាប់ចោទទាំងអស់ក្នុងករណីទាំង ៥ សុទ្ធតែជាប់ចោទពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ» ។

ក្រោយពេលចាប់ខ្លួនអ្នកទាំងនោះ សកម្មជននយោបាយ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចាប់ផ្តើមបញ្ចេញមតិរិះគន់កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណខាងលើនេះ នៅលើបណ្តាញសង្គម ។ អ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ២ រូប គឺលោក ធែល ធីលែន និងកញ្ញា ពៅ លីតា ត្រូវបានចាប់ខ្លួននៅសប្តាហ៍បន្ទាប់ ក្រោយពេលសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចាប់ខ្លួន ។ អ្នកទាំងពីរត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ២២ ខែ ។

តុលាការក៏បានផ្តន្ទាទោសលោក សាន អឿន លោក គឹម វឿន លោក ឈឺន ចំរុង និងលោក ហេង គឹមលី ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ។ លោក វឿន និងលោក អឿន គឺជាអ្នកនយោបាយមកពីគណបក្សជំទាស់ និងត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៤ ។

អ្នកស្រីញិប សារ៉ុម ដែលជាសកម្មជននយោបាយម្នាក់ទៀត លោក ជិន ប៊ុណ្ណារ័ត្ន ដែលជាអ្នកនយោបាយមកពីគណបក្សជំទាស់ និងលោក ហោ សុខុន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ។
អ្នកស្រី សែម សុផល និងលោក តូច រតនៈ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២២ ខែ ។
ប្អូនប្រុសអ្នកស្រី សែម សុផលគឺលោក មិន ពៅ បានផុសតាមហ្វេសប៊ុករំលឹកពីស្ថានភាពរបស់បងស្រីខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។បើតាមលោកពៅ រំលឹកបងស្រីរបស់លោកមិនត្រូវបានទទួលព័ត៌មានទាំងអស់នៅពេលដែលត្រូវអាជ្ញាធរចាប់ខ្លួន។លោកថា អ្នកស្រីសែមពៅ លេចនោមដាក់ខោព្រោះតែភាពភ័យខ្លាច។

លោក ពៅ៖«បងស្រីខ្ញុំជាប់ឃុំជិត២ឆ្នាំដោយមិនបានប្រាប់ពីហេតុនៃកំហុសទេ។ ខ្ញុំលែងមានចិត្តស្នើទៅមន្ត្រីរៀនបានខ្ពស់តែចិត្តអាក្រក់គ្មានច្បាប់គ្មានយុត្តិធម៌ក្នុងខ្លួនហើយ ខ្ញុំបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយអោយជួយបងស្រីមានសេរីភាពវិញ។ ចំណែកមន្ត្រីអាក្រក់បង្កទុក្ខវេទនាដល់ពលរដ្ឋទាំងនោះអោយទទួលទុក្ខតាមកម្មផលរបស់ពួកគាត់ចុះ»។

បើតាមលីកាដូ ជនជាប់ចោទផ្សេងទៀតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែ តែទោសត្រូវព្យួរ រួមមាន លោក ឆាយ វិត លោក ចក់ បានមុន្នី លោក នុប ចំរើន លោក ហេង ឆេងហួរ លោក នៅ វុទ្ធី លោក នៅ វណ្ណនួន លោក សាន ផានិត លោក ផាត ឆេងហ័ង លោក កាក់ រស្មី លោក គង់ វិចិត្រ លោកមឿក សំអាត លោក ហឿត ហឿយ លោក រ៉ាន ម៉េង អ្នកស្រី ហ៊ូ រុនអេង លោក ហ៊ីន ម៉េងហ៊ឹង លោក សាត់ លីហុង លោក វ៉ុន ផៃ លោក ហុន រីណា និងលោក ផាត់ សុជាតិ ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2365}" data-page="1" data-max-pages="1" data-start="1" data-end="1">