ក្រសួងធនធានទឹក ព្យាករថានឹងមានភ្លៀងធ្លាក់រាយប៉ាយល្អនៅរដូវវស្សាឆ្នាំនេះ ប៉ុន្តែមានផ្គររន្ទះនិងខ្យល់កន្ត្រាក់ច្រើន

បរិស្ថាន

(រូបភាពមេឃកំពុងភ្លៀងនៅភ្នំពេញ។ សារព័ត៌មានក្នុងស្រុកផ្សាយហ្វេសប៊ុក)។

ក្រសួងធនធានទឹក និងឧតុនិយម ព្យាករអាកាសធាតុសម្រាប់រដូវវស្សាឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ខែតុលា ថានឹងមានរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥ដែរ ហើយនឹងមានកូនរដូវប្រាំងនៅខែសីហា ប៉ុន្តែក្រសួងក៏បានព្រមានថា នឹងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។ 

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងដែរថា រដូវវស្សាឆ្នាំនេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ ដែលលឿនជាងឆ្នាំ២០២៥ ដោយមានសីតុណ្ហភាពមធ្យមទាបបំផុត ២៥ អង្សារសេ និងមធ្យមខ្ពស់បំផុត ៣៦អង្សារសេ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើន នៅក្នុងឆ្នាំ២០២៦»។

ក្រសួងរៀបរាប់ថា ដើមរដូវវស្សា និងពាក់កណ្តាលរដូវវស្សា ឆ្នាំ២០២៦ នេះ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដោយទឹកភ្លៀងមានពីមធ្យមទៅច្រើន លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ ក្រសួងបន្តថានឹងមានកូនរដូវប្រាំង នៅក្នុងសប្តាហ៍ទី២ នៃខែសីហា និងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ដដែល។

ជាមួយគ្នានេះ នាចុងរដូវវស្សា នៅខែកញ្ញា ដល់ខែតុលា បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាង ឫប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ដោយមានទឹកភ្លៀងមានពីច្រើនទៅមធ្យម៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2397}" data-page="1" data-max-pages="1" data-start="1" data-end="1">