ប្រជាសហគមន៍ត្រពាំងជោនៅខេត្តកំពង់ស្ពឺបន្តទាមទារដំណោះស្រាយវិវាទដីធ្លីជាង១០ឆ្នាំ

ដីធ្លី

តំណាងក្រសួងនានាកំពុងជជែកតទល់គ្នាជាមួយតំណាងពលរដ្ឋពីសហគមន៍ដីធ្លីពីតំបន់ផ្សេងៗគ្នា នៅក្នុងវេទិកាជាតិស្ដីពី ការលើកកម្ពស់កិច្ចសន្ទនា បញ្ហាដីធ្លី ព្រៃឈើ និងសិទ្ធិលំនៅដ្នាន ដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (រូបថត៖ ហុង សេរីហ្វុង)។

ប្រជាសហគមន៍ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តទាមទារឱ្យអាជ្ញធរពាក់ព័ន្ធ ដោះស្រាយវិវាទដីធ្លីរវាងប្រជាជននិងក្រុមហ៊ុនស្ករអំពៅ ដែលបញ្ហាដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០១០។

ការស្នើសុំនេះធ្វើឡើងនៅក្នុងវេទិកាជាតិស្ដីពី ការលើកកម្ពស់កិច្ចសន្ទនា បញ្ហាដីធ្លី ព្រៃឈើ និងសិទ្ធិលំនៅដ្នាន ដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ 
នៅក្នុងវេទិកានេះមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រជាពលរដ្ឋពីតំបន់ផ្សេងៗគ្នាប្រមាណជាង២០នាក់។

តំណាងប្រជាសហគមន៍ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សឹង សុខុម បានជជែកជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមវេទិកាជាតិនេះ ដោយសំឡេងខ្លាំងៗរៀងៗខ្លួន ដោយភាគីពលរដ្ឋរៀបរាប់ពីបញ្ហាដីធ្លីដែលគាត់កំពុងប្រឈម ខណៈភាគីតំណាងក្រសួងបានពន្យល់វិញយ៉ាងហូរហែរួមទាំងបានពន្យល់ពីសិទ្ធិ និងករណីកិច្ចនានារបស់ពលរដ្ឋជាដើម។

ក្រោយជជែកជាមួយតំណាងក្រសួងរួចរាល់ លោក សឹង សុខុម បានប្រាប់ប្រជាកាសែតថា បច្ចុប្បន្នមានប្រជាសហគមន៍ចំនួន៤៧២គ្រួសារ នៅបន្តទាមទារសំណងចំពោះវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។

លោកថា៖ «តាំងពីយើងទាមទារប៉ុន្មានឆ្នាំដំបូងៗមកគឺយើងចង់បានដីដើម្បីអាស្រ័យផល ចិញ្ចឹមជីវិត។ ប៉ុន្តែដល់ពេលយើងទាមទារដីទៅវាតានតឹងរាប់ឆ្នាំមកហើយ ក៏យើងគិតគ្នាប្រែខ្លះថាកុំឱ្យយើងអត់មានជម្រើសឱ្យខាងក្រុមហ៊ុន ឬក៏ខាងភាគីពាក់ព័ន្ធដែលចូលរួមដោះស្រាយ។ អ៊ីចឹងជម្រើសយើងក៏យើងប្រែថាមកពីដីក៏យក លុយក៏យក ប៉ុន្តែឱ្យវាសមរម្យ[…]ដែលជាចំណុចមួយដែលយើងទទួលយកបាន កុំឱ្យតែ២លាន[រៀល]អ៊ីចឹងតើយើងយកទៅរស់នៅដោយរបៀបម៉េច?»។

លោកឱ្យដឹងថា ក្រៅពីបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ប្រជាជនក៏កំពុងប្រឈមបញ្ហាសុខភាព ដោយសារថ្នាំគីមីដែលត្រូវបានប្រើក្នុងចំការអំពៅនោះ។ លោកអះអាងថា ពលរដ្ឋបានប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានក៏ប៉ុន្តែនៅតែពុំមានដំណោះស្រាយចំពោះបញ្ហាបំពុលនេះ។

ជាមួយគ្នានេះ លោកឱ្យដឹងថា ដីរបស់លោកដែលមានទំហំប្រមាណជាង១,៥ហិកតា មានផ្នែកខ្លះត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ហ៊ុំព័ន្ធយក។ លោកថា អាជ្ញាធរពាក់ព័ន្ធបានផ្ដល់សំណងទៅលោកចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិកតែលោកមិនទទួលយកទេ ព្រោះយល់ថាមិនសមរម្យ។
ចំណែកឯប្រជាសហគមន៍ត្រពាំងជោ អ្នកស្រី ពិន សុខឃីម បានឱ្យដឹងថា ដីកសិកម្មរបស់គាត់ប្រមាណ៧ហិកតានៅភូមិស្វាយទាប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបាត់ទៅកាន់ក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១០ ហើយគេផ្ដល់សំណងចំនួន៥០០ដុល្លារអាមេរិក តែគាត់មិនព្រមទទួលយក។

អ្នកស្រីថា៖ «នៅតែទាមទារហ្នឹង ទាមទារឱ្យដោះស្រាយសំណងសមរម្យជូនប្រជាពលរដ្ឋវិញ ទាមទារឱ្យដោះស្រាយធ្វើម៉េចឱ្យសំណងសមរម្យតាមទីផ្សារ ដែលយើងអាក់ខានអាស្រ័យផលប៉ុន្មានឆ្នាំហ្នឹង ឱ្យគិតតាមហ្នឹងឱ្យវិញ»។

ស្រ្តីវ័យ ៤៨ឆ្នាំរូបនេះ អះអាងថាក្រោយមានវិវាទដីធ្លី ជីវភាពគ្រួសារគាត់មានការលំបាក រហូតឈានដល់កូនៗរបស់គាត់៣នាក់ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។

អ្នកស្រីបន្ថែមថា៖ «សំណូមពរទៅដល់អាជ្ញាធរហើយនិងក្រុមហ៊ុនហ្នឹងឱ្យជួយពន្លឿនក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់ៗ កុំឱ្យប្រជាពលរដ្ឋទាមទារឡើងទៅភ្នំពេញវាអាក្រក់មើលដល់ អាម៉ាស់មុខដល់អាជ្ញាធរ»។

ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សៅ វ៉ារី ប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានលំអិតពាក់ព័ន្ធនឹងវិវាទដីធ្លីនៅសហគមន៍ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅឡើយទេ។ ករណីនេះលោកថានឹងប្រមូលព័ត៌មាននានារួចនឹងជូនយោបល់ថ្នាក់ដឹកនាំលោកក្នុងការរកដំណោះស្រាយចំពោះវិវាទនេះ។

លោកថា៖ «ត្រូវមើល ត្រូវស្រាវជ្រាវ ត្រូវសាកសួរព័ត៌មានបន្ថែមអ៊ីចឹងណ៎ា។ ឧទាហរណ៍ថាដីនៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ៊ីចឹងចាំបាច់ត្រូវសួរបញ្ជាក់ជាមួយនឹងមន្ត្រីយើងនៅខេត្តកំពង់ស្ពឺ នៅស្រុកឱរ៉ាល់ យើងមានការិយាល័យភូមិបាល នៅមន្ទីរយើងមានមន្ទីរយើង អ៊ីចឹងវាត្រូវសាកសួរគ្នាដើម្បីប្រមូលព័ត៌មាន ទើបយើងអាចសន្និដ្ឋាន អាចជូនយោបល់អីថ្នាក់ដឹកនាំ»។

ជុំវិញករណីនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា កន្លងមកបញ្ហាដីធ្លីនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទិដ្ឋភាពចំនួន២ផ្សេងគ្នា គឺមានប្រជាជនខ្លះទទួលយកសំណង និងខ្លះទៀតមិនព្រមទទួលសំណង រួចបានបង្កើតជាសហគមន៍ត្រពាំងជោ ដើម្បីតវ៉ាទាមទារសំណងសមរម្យ។

លោកថា៖ «យើងបានពិនិត្យមើលថាលទ្ធភាពនៃដំណោះស្រាយជាអ្វី។ ព្រោះអីរឿងខ្លះវាអូសបន្លាយរាប់ឆ្នាំមកហើយ ១០ឆ្នាំជាងហើយ អ៊ីចឹងវាទាល់តែគិតពីជម្រើសថ្មី គេហៅថាការស្វែងរកដំណោះស្រាយជាជម្រើស។ ហើយជម្រើសហ្នឹងគឺយើងសង្គមស៊ីវិល យើងគ្រាន់តែមានតួនាទីនៅក្នុងការផ្ដល់ជាគំនិត រីឯការសម្រេចចិត្តគឺជាឆន្ទៈរបស់សហគមន៍ទេ[…]ក្រៅតែពីការរួមចំណែកផ្ដល់យោបល់ ឱ្យ គាត់នៅក្នុងការពិចារណាជម្រើសហ្នឹងគឺ យើងបានពង្រឹងសមត្ថភាពរបស់គាត់ នៅក្នុងទិដ្ឋភាពភាពជាអ្នកដឹកនាំ ហើយនិងធ្វើម៉េចឱ្យគាត់រស់នៅក្នុងស្ថានភាពដែលមិនទាន់មានដំណោះស្រាយបញ្ហាដីធ្លីហ្នឹង»។
ករណីនេះ លោក សន ជ័យ ស្នើក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយជូនប្រជាសហគមន៍ត្រពាំងជោ ដើម្បីឱ្យគោលនយោបាយរបស់រដ្ឋាភិបាលទទួលបាននូវការសាទរបន្ថែមទៀត ខណៈការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនពលរដ្ឋមានភាពជោគជ័យគួរឱ្យកត់សម្គាល់។

ចំណែកឯនាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត ចាត់ទុកវិវាទដីធ្លីនៅសហគមន៍ត្រពាំងជោ ស្រុកឱរ៉ាល់ នៅខេត្តកំពង់ស្ពឺ ជាវិវាទដីធ្លីដ៏រ៉ាំរ៉ៃ។ លោកចង់ឃើញនូវដំណោះស្រាយបញ្ចប់វិវាទនេះឱ្យបានឆាប់។

លោកថា៖ «កន្លងមកវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះបានបង្កផលវិបាក និងប៉ះពាល់ ដល់ប្រជាពលរដ្ឋសហគមន៍ដីធ្លីនេះជាច្រើន តាំងពីការជាប់ពន្ធនាគារ ការរងបណ្តឹងនៅតុលាការជាច្រើនករណី អំពើហិង្សាមួយចំនួនកើតឡើងនៅពេលពួកគាត់តវ៉ាទាមទាររកដំណោះស្រាយ ហើយអ្វីដែលសំខាន់ការប៉ះពាល់ដល់ជីវភាពរស់នៅក្នុងអំឡុងពេលពួកគាត់មិនទាន់ទទួលបានដំណោះស្រាយ។ ដូច្នេះអាជ្ញាធរ និងក្រសួងពាក់ព័ន្ធគួរពន្លឿននីតិវិធីដោះស្រាយនូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះឱ្យបានឆាប់ ដើម្បីបញ្ចប់វិវាទ ដោយសន្តិវិធី និងការទទួលយកបានពីគ្រប់ភាគី»។

វិវាទដីធ្លីរវាងប្រជាសហគមន៍ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនស្ករអំពៅ Phnom Penh Sugar និង Kampong Speu Sugar របស់លោកឧកញ៉ា លី យ៉ុងផាត់ បានកើតឡើងនៅឆ្នាំ២០១០ ផ្ដើមដោយការឈូសឆាយដីស្រែចម្ការ និងដីសហគមន៍របស់ប្រជាពលរដ្ឋ។ភាគីក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធបានផ្ដល់ដំណោះស្រាយដល់ពលរដ្ឋដែលរងផលប៉ះពាល់មួយចំនួន ខណៈពលរដ្ឋមួយចំនួនទៀតមិនព្រមទទួលយកសំណង ព្រោះយល់ថាជាសំណងមិនសមរម្យ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2410}" data-page="1" data-max-pages="1" data-start="1" data-end="1">