សមាគមការពារសិទ្ធិមនុស្សអាដហុក រកឃើញថា ក្នុងឆ្នាំ២០២៥ មានពលរដ្ឋជាង៥ពាន់គ្រួសារបន្ថែមទៀត រងការរំលោភបំពានដីធ្លីដែលភាគច្រើនបង្កឡើងដោយបុគ្គលមានលុយនិងអំណាច ដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសការកើនឡើងនូវភាពក្រីក្រ និងបំណុល។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានចេញផ្សាយរបាយការណ៍ឆ្នាំ២០២៥ ស្ដីពីស្ថានភាពដីធ្លីក្រោមចំណងជើងថា៖ «ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា»។
ក្នុងរបាយការណ៍ រកឃើញថា នៅឆ្នាំ២០២៥ មានវិវាទដីធ្លីចំនួន៤៥ករណី កើនឡើងបន្ថែមទៀត ខណៈករណីជាច្រើននៅឆ្នាំមុនៗនៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។
បើតាមរបាយការណ៍ ៤៥ករណីថ្មីនេះ បានប៉ះពាល់ដល់ពលរដ្ឋ ៥,៥២០ គ្រួសារ ដែលស្ទើរតែពាក់កណ្ដាលជាជនជាតិដើមភាគតិច និងគ្រប់ដណ្ដប់លើផ្ទៃដីជាង១០ម៉ឺនហិកតា ក្នុងខេត្តចំនួន៩។
យោងតាមខ្លឹមសារក្នុងរបាយការណ៍ ការអនុវត្តច្បាប់ដីធ្លីនៅកម្ពុជា បង្ហាញពីគម្លាតយ៉ាងច្បាស់រវាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ពាក់ព័ន្ធនឹងកង្វះតម្លាភាព អំពើពុករលួយដោយមានសហការរវាងអាជ្ញាធរនិងអ្នកមានលុយ ដែលនាំឱ្យលំបាកក្នុងការការពារសិទ្ធិដីធ្លីរបស់ពលរដ្ឋ និងការអនុវត្តច្បាប់ភូមិបាល និងវិធានច្បាប់ពាក់ព័ន្ធមិនមានប្រសិទ្ធភាព។
របាយការណ៍ និយាយទៀតថា បញ្ហាដីធ្លីទាំងនេះ ជាង៦០ភាគរយពាក់ព័ន្ធនឹងអ្នកមានលុយនិងអំណាច ខណៈ២១ករណី មានការគំរាមកំហែងពីក្រុមមានឥទ្ធិពលទាំងពីរនេះ ដែលបណ្ដាលឱ្យតំណាងសហគមន៍១៧៤នាក់ មិនហ៊ានចូលទីតាំងដីជម្លោះ និងតំណាង២៥នាក់កំពុងជាប់បណ្ដឹងព្រហ្មទណ្ឌនៅតុលាការ ខណៈ២នាក់កំពុងឃុំខ្លួនជាបណ្ដោះអាសន្ន និង២នាក់ទៀត ត្រូវបានឃាត់ខ្លួនដើម្បីធ្វើកិច្ចសន្យាឈប់តវ៉ា។
របាយការណ៍ បានគូសបញ្ជាក់ថា៖ «មន្រ្តីបរិស្ថានខេត្តបានដកហូត ដីចំការរបស់ប្រជាពលរដ្ឋ ដែលត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលជូនសម្រាប់ប្រើប្រាស់អាស្រ័យផល តាមអនុក្រឹត្យលេខ២៤៥ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកអាជ្ញាធរបានវាស់វែង និងយកដីនោះទៅលក់ឱ្យឈ្មួញ ហើយមានការគំរាមកំហែងចាប់ខ្លួនប្រជាពលរដ្ឋដែលតវ៉ា។ ករណីនេះបាននាំឱ្យមានការចាប់ខ្លួនតំណាងប្រជាពលរដ្ឋម្នាក់ និងបង្ខំឱ្យចុះកិច្ចសន្យាឈប់តវ៉ា ជាថ្នូរនឹងការដោះលែង។ ករណីនេះពាក់ព័ន្ធប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ និងដីប្រមាណ៥០០ហិកតា»។
តាមរបាយការណ៍ដដែល ការរំលោភបំពានទាំងនោះ ស្ថិតក្រោមរូបភាព ការដកហូតដីដោយគ្មានសំណងសមរម្យ ការប្រើកម្លាំង និងអាវុធគំរាមកំហែង ការបំផ្លាញទ្រព្យសមត្តិ និងការប្រើយន្តការតុលាការដើម្បីដាក់សម្ពាធលើប្រជាសហគមន៍ ដែលបង្ហាញពីគម្លាតរវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងនៃច្បាប់ដីធ្លីនៅកម្ពុជា។
របាយការណ៍អាដហុក ចាត់ទុកថា កត្តានេះ នាំឱ្យពលរដ្ឋជាច្រើនបាត់បង់ដីធ្លី និងប្រភពចំណូល ដែលជំរុញឱ្យកើនឡើងនូវភាពក្រីក្រ ការបែកបាក់គ្រួសារ និងចំណាកស្រុក ហើយព្រមានថា ប្រសិនបើគ្មានវិធានការកែលម្អប្រកបដោយប្រសិទ្ធភាពទេនោះ «នឹងបន្តប៉ះពាល់ដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍រយៈពេលវែង»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុកលោក យិន ម៉េងលី មានប្រសាសន៍ថា ទំនាក់ទំនងស្អិតរមួតរវាងអ្នកមានលុយ និងអ្នកមានអំណាចនាំឱ្យការអនុវត្តច្បាប់មិនប្រកបដោយប្រសិទ្ធភាពពាក់ព័ន្ធនឹងវិវាទដីធ្លី។
លោកនិយាយថា៖ «អ្វីដែលធ្វើឱ្យការអនុវត្ត (ច្បាប់) មិនមានប្រសិទ្ធភាពនេះ គឺវាមានកត្តាច្រើនពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ ពាក់ព័ន្ធនឹងខ្វះតម្លាភាព ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់ប្រព័ន្ធតុលាការ ហើយនិងទំនាក់ទំនងល្អរវាងអាជ្ញាធរនិងបុគ្គលមានអំណាចមានទ័ព ពេលខ្លះមានការគំរាមកំហែងចាប់ខ្លួនលើប្រជាសហគមន៍ ទៅលើភាគីទំនាស់ ចឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តនឹងអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌។ ចឹងធ្វើឱ្យកើនឡើងនូវភាពក្រីក្រនៅក្នុងសង្គម»។
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ប្រជាសហគមន៍នៅខេត្តកោះកុង ជាង៨០នាក់ បានឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី រាជធានីភ្នំពេញ ដោយស្នើឱ្យដោះស្រាយបញ្ហាដីធ្លីពួកគេដែលមានរយៈពេលជិត២០ឆ្នាំមកហើយជាមួយបុគ្គលមានទ្រព្យ។
ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។
កសិករមួយរូបអ្នកស្រី ខា វ៉េត អាយុ៣៥ឆ្នាំ រស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ និយាយថា កាលពីខែឧសភា ឆ្នាំ២០២៥ គ្រួសាររបស់អ្នកស្រី ត្រូវបានអាជ្ញាធរឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពលើដីស្រែរបស់អ្នកស្រីដែលបានកាន់កាប់ច្រើនជំនាន់មកហើយ បន្ទាប់ពីដីធ្លីនោះ មានវិវាទជាមួយក្រុមហ៊ុនឯកជន។
អ្នកស្រី និយាយថា៖ «ខែ៥ ឆ្នាំ២០២៥ គេហៅទៅឱ្យយើងផ្ដិតមេដៃ គេគំរាមឱ្យយើងផ្ដិតមេដៃ ធ្វើកិច្ចសន្យាកុំឱ្យយើងធ្វើ គេចាប់ដាក់គុក»។
អ្នកស្រី បន្ថែមថា ក្នុងភូមិរបស់អ្នកស្រី មានពលរដ្ឋជាង២០គ្រួសារ ដែលមានផ្ទៃដីប្រមាណ៥០ហិកតា មានទំនាស់ជាមួយក្រុមហ៊ុនដែលមកវិនិយោគលើចំការកៅស៊ូនិងស្វាយចន្ទី។ អ្នកស្រី បន្ថែមថា អាជ្ញាធរបានត្រឹមរារាំងអ្នកភូមិកុំឱ្យចូលដីស្រែរបស់ខ្លួន និងសន្យារកដំណោះស្រាយ ក្រោយពលរដ្ឋដាក់ពាក្យប្ដឹងសុំអន្តរាគមន៍។
អ្នកស្រី និយាយថា៖ «ចង់សំណូមពរឱ្យជួយរកដំណោះស្រាយ ពួកខ្ញុំផង កុំធ្វើទៅ គេមកហាមឃាត់ គេព្រមានចាប់យើងដាក់គុកដាក់ខ្នោះចឹង។ […] មានតែភ័យព្រួយ ពិបាកចិត្ត ដេកមិនលក់ ក្រុមហ៊ុនគេគំរាម»។
បើតាមលោក ម៉េងលី ករណីរំលោភដីធ្លីចំនួន៤៥ករណីដែលអាដហុកលើកឡើងនៅក្នុងរបាយការណ៍ឆ្នាំ២០២៥ កើតឡើងនៅខេត្តកំពង់ធំ កំពង់ឆ្នាំង កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ រតនគិរី ស្ទឹងត្រែង កំពង់ស្ពឺ និងខេត្តព្រះវិហារ។
ទន្ទឹងនឹងគ្នានេះ របាយការណ៍អាដហុក ក៏បានផ្ដល់យោបល់ក្នុងការដោះស្រាយបញ្ហាដីធ្លី ដោយជំរុញឱ្យមានការពង្រឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងស្មើភាព រួមទាំងការធានាឯករាជ្យភាពតុលាការ ការការពារសិទ្ធិសហគមន៍ ការទប់ស្កាត់អំពើពុករលួយ និងការប្រើអំណាចខុសច្បាប់៕







