ពលរដ្ឋជាង៨រយនាក់រង់ចាំដំណោះស្រាយករណីទិញដីមិនបានដី ក្នុងគម្រោងដីឡូតិ៍ពៅ វណ្ណា នៅប៉ោយប៉ែត។ ពលរដ្ឋមួយចំនួន អះអាងថា ពួកគាត់ជួបបញ្ហាលំបាកផ្នែកជីវភាពយ៉ាងខ្លាំងដោយខំរកលុយបង់ថ្លៃដីប៉ុន្តែបែរជាបានត្រឹមកិច្ចសន្យាទៅវិញ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ពលរដ្ឋបានលើកគ្នាតវ៉ា និងនាំឱ្យមានជំនួបត្រីភាគីរវាងពលរដ្ឋ ម្ចាស់គម្រោងដីឡូតិ៍ និងភាគីអាជ្ញាធរ ។ ក្នុងជំនួបនោះ ភាគីម្ចាស់គម្រោងដីឡូតិ៍បានសន្យាជាមួយពលរដ្ឋថានឹងផ្ដល់ព័ត៌មានពីដំណោះស្រាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ពលរដ្ឋនៅក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ដែលទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា គឺអ្នកស្រី ឃិន អូន វ័យ៥៤ឆ្នាំ បានប្រាប់ថា អ្នកស្រីបានទិញដីឡូតិ៍នេះ កាលពីឆ្នាំ២០១៩ ចំនួន៣ឡូតិ៍ ក្នុងតម្លៃសរុបជាង២ម៉ឺន២ពាន់ដុល្លារអាមេរិក។ អ្នកស្រីបានបង់រំលោះចាប់តាំងពីពេលនោះដល់ខែកុម្ភៈ ឆ្នាំ២០២៦ ទើបគាត់ដឹងថា ដីឡូតិ៍នេះមានជម្លោះ ដោយគាត់បានបង់អស់ជិត២ម៉ឺនដុល្លារ។
ស្រ្តីអ្នករើសអេតចាយរូបនេះ ថាគាត់គាត់ត្រូវចិញ្ចឹមចៅចំនួន៥នាក់ ក្នុងនោះចៅ២នាក់អាយុមួយឆ្នាំ ២នាក់ទៀតអាយុ១១ឆ្នាំ និងចៅច្បងអាយុ១៤ឆ្នាំ។ ចៅអាយុ១១ឆ្នាំទាំងពីនាក់របស់អ្នកស្រីកំពុងរៀនថ្នាក់ទី២។ សព្វថ្ងៃគាត់ត្រូវចំណាយខ្ទង់ ៣៥០ដុល្លារក្នុងមួយខែសម្រាប់ម្ហូបអាហារ ការសិក្សារបស់ចៅៗ និងថ្លៃផ្ទះជួល។
អ្នកស្រីថា៖ «ខ្ញុំរើសអេតចាយចិញ្ចឹមចៅកំព្រា៥ គេបែកបាក់គ្នារសាត់រសាយទៅខ្ញុំយកចៅមកចិញ្ជឹម។ ហើយបើក្រុមហ៊ុនអត់មានដំណោះស្រាយឱ្យអ៊ីចឹង ខ្ញុំមិនដឹងគិតម៉េចទេ មកពីស្រុកមកសង្ឃឹមថារកដីហ្នឹងបានដីនៅ ដល់ឥឡូវអត់បានដីទៀត ដៃទទេដូចថាខំរកលុយហើយមិនបានទុកនឹងខ្លួនហើយក៏អត់បានដីទៀត»។
ជាមួយគ្នានេះ អ្នកស្រី ឃិន អូន អំពាវនាវដល់រដ្ឋាភិបាលអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីគាត់ដើម្បីបានកន្លែងរស់នៅ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសុំសំណូមពរឱ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាដីហ្នឹងឱ្យខ្ញុំផង ព្រោះកូនចៅវេទនាមាំណាស់រាល់ថ្ងៃនេះ រកព្រឹកខ្វះល្ងាច រកអីមិនគ្រប់នឹងគេទេ ទោះបីថាទៅខ្ចីអង្គការក៏គេមិនឱ្យដែរ ព្រោះខ្ញុំអត់មានប្លង់អត់មានដីអីដាក់ហ្នឹងគេទេ»។
ចំណែកឯពលរដ្ឋមួយរូបទៀត លោក ឈី ឆន បានប្រាប់ថា លោកបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃជាង១ម៉ឺន៣ពាន់ដុល្លារអាមរិក ដោយកាលនោះ លោកបានខ្ចីប្រាក់ពីធនាគារចំនួន ៩៥០០ដុល្លារដើម្បីទិញដីនោះ។
បច្ចុប្បន្នលោក ឆន មានកូនក្នុងបន្ទុក៤នាក់ ដែលកូនច្បងកំពុងរៀនថ្នាក់ទី៩ និងកូនពៅរៀនថ្នាក់ទី១។ សព្វថ្ងៃលោកត្រូវចំណាយទាំងការសិក្សាកូនៗ ចំណីអាហារប្រចាំថ្ងៃ ព្រមទាំងសងលុយធនាគារប្រចាំខែទៀត ដោយសរុបប្រមាណជាង៥០០ដុល្លារប្រចាំខែ តែលោកអាចរកបានចំណូលប្រមាណ២៥០ដុល្លារ ពីរបរលក់បាយដំណើបសាច់ជ្រូកអាំង។
លោកថា៖ «ដល់ពេលក្រោយពីកូវីដមកវាជួបបញ្ហាព្រំដែនហ្នឹងទៀត វាពីបាករកអីអត់បានទេ ហើយសព្វថ្ងៃហ្នឹងនៅខាងប៉ោងប៉ែតរបស់យើងហ្នឹងមានតែអ្នកលក់ទេ អ្នកទិញអត់មានទេបង។ ដូចជាក់ស្ដែងខ្ញុំចូលទៅលក់កន្លែងប្រជុំជនអីផ្សេងៗហ្នឹង គឺស្ងាត់ហើយម៉្យាងវិញទៀតពាក់ព័ន្ធអាចុះបង្ក្រាប Scammer អីផងទៅ សេដ្ឋកិច្ចកាន់តែដុនដាបៗខ្លាំង កាលយើងលក់បានចំណេញបាន៤-៥ម៉ឺនអី សព្វថ្ងៃ យើងរកតែ១ម៉ឺនអត់បានទេ»។
បុរសវ័យ ៤៥ឆ្នាំរូបនេះបញ្ជាក់ថា អ្វីដែលលោកចង់បាននៅពេលនេះគឺដីដែលលោកបានទិញពីគម្រោងដីឡូតិ៍ ពៅ វណ្ណា ឬក៏ក្នុងករណីមិនបានដីទេ លោកចង់បានលុយលោកមកវិញ។
លោកបន្ថែមថា៖ «បើមិនបានដី សុំលុយវិញ អត់ចង់បានអីទាំងអស់[…]ខ្ញុំសុំតែលុយដែលខ្ញុំបង់មកវិញបានហើយអាលុយដើម បើថាអត់បានលុយ បានដី តែសុំឱ្យត្រឹមត្រូវ ស្របច្បាប់ ចុះវាស់វែងធ្វើប្លង់ឱ្យត្រឹមត្រូវដូចគេឯងដែរអាហ្នឹងខ្ញុំទទួលយកបាន»។
រីឯពលរដ្ឋមួយរូបទៀតជាជាងអគ្គីសនីនៅខេត្តបាត់ដំបងដែលបានទិញដីឡូតិ៍នៅបន្ទាយមានជ័យដែរនោះគឺលោក យឿង សុទ្ធី វ័យ៣៣ឆ្នាំ បានប្រាប់ថាលោកខកចិត្តក្រោយពីទិញដី ប៉ះដីមានជម្លោះ ហើយបានបង់រំលោះជាប្រចាំរហូតអស់ជាង១ម៉ឺនដុល្លារ។ សព្វថ្ងៃលោកត្រូវចិញ្ចឹមឪពុកដែលមានវ័យជាង៧០ឆ្នាំ ដោយលោកចាយខ្ទង់៣០០ដុល្លារក្នុងមួយខែ។
លោកថា៖ «មានអារម្មណ៍ថាខកចិត្តដែរដល់ពេលយើងខំទុកចិត្តក្រុមហ៊ុន ដល់ពេលក្រុមហ៊ុនគាត់និយាយអត់ច្បាស់លាស់ជាមួយអតិថិជន គាត់អត់មានទំនួលខុសត្រូវ គាត់អត់ដោះស្រាយឱ្យយើង គាត់ចេះតែឱ្យយើងចាំៗទាំងអាដីមានបញ្ហា[…]មានតែសុំខាងអាជ្ញាធរជួយដោះស្រាយទេបង ព្រោះអស់លុយច្រើនដែរ ១ម៉ឹនជាង ខំសន្សំ ៤-៥-៦ឆ្នាំទម្រាំតែបាន»។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ សុំបង្វែរឱ្យ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែតលោក ប៉ាន់ខែម ប៊ុនថន ឆ្លើយតបពីបញ្ហានេះ។ ក៏ប៉ុន្តែប្រជាកាសែតមិនអាចសុំការអធិប្បាយពីរលោក ប៉ាន់ខែម ប៊ុនថន បានទេត្រឹមរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
ជុំវិញករណីនេះ អ្នកសម្របសម្រលសមាគមអាដហុក ខេត្តបន្ទាយមានជ័យលោក ស៊ំ ច័ន្ទគា មានប្រសាសន៍ថា ការដែលយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋ និងម្ចាស់គម្រោងដីឡូតិ៍ ពៅ វណ្ណា នោះនឹងធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ។
លោកថា៖ «ប្រជាពលរដ្ឋស្លូតត្រង់បានព្រឹកខ្វះល្ងាចគិតថាបានដីបានអីនៅសមរម្យនឹងគេបែរទៅជាមិនបានវិញហើយខ្ចីលុយធនាគារអីទៀតផង សងការប្រាក់ នេះជាបញ្ហាដែលពួកគេជួបប្រទះយ៉ាងខ្លាំងទាក់ទងកត្តាជីវភាពផង ទាក់ទងទៅលើគ្រួសាររបស់គាត់ផង នៅពេលខ្លះពួកគាត់បែកបាក់គ្នាដោយសារតែអារឿងហ្នឹងបញ្ហាហ្នឹង ពេលខ្លះកើតទុក្ខរហូតដល់ស្លាប់ខ្លួនក៏មាន»។
ករណីនេះ លោក ស៊ំ ច័ន្ទគា សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នឹងដោះស្រាយជូនពលរដ្ឋដោយឱ្យភាគីម្ចាស់គម្រោងដីឡូតិ៍សងលុយពលរដ្ឋវិញ ឬក៏ផ្ដល់ដីដែលពលរដ្ឋបានទិញទាំងនោះឱ្យពលរដ្ឋ។
អ្នកទិញដីធ្លីនៅគម្រោងដីឡូតិ៍ ពៅ វណ្ណា បានជួបបញ្ហានៅពេលដែលពួកគាត់មិនអាចចូលទៅប្រើប្រាស់និងអាស្រ័យផលដីធ្លីដែលខ្លួនបានទិញកាលពីឆ្នាំ២០២៥ ។កាលណោះ ភាគីទី៣បានរារាំង មិនឱ្យចូលប្រើប្រាស់ដីដែលពួកគេបានទិញ ដោយគេបានអះអាងថាគេជាម្ចាស់កម្មសិទ្ធិដីធ្លីនៅទីនោះ។ ពលរដ្ឋដែលប៉ះពាល់ទាំងអស់មានចំនួន ៨៧៥គ្រួសារ បានតវ៉ាទាមទារដំណោះសា្រយជាបន្តបន្ទាប់ ទាំងនៅទីតាំងគម្រោងដីឡូតិ៍ និងតវ៉ានៅសាលាក្រុងប៉ោយប៉ែត៕







