ជនជាតិចារ៉ាយនៅស្រុកអូរយ៉ាដាវ ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែក្នុងតំបន់

បរិស្ថាន

(សកម្មភាពពលរដ្ឋប្រឆាំងក្រុមហ៊ុនរុករករ៉ែ ។(រូបភាពពីសហគមន៍ចារ៉ាយភូមិពាក់ និងរដ្ឋាបាលឃុំប៉ាតេ)។

ពលរដ្ឋជាច្រើនគ្រួសារក្នុងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ក្នុងឃុំចំនួនពីរ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ផ្ទុះការតវ៉ាជាបន្តបន្ទាប់ បន្ទាប់ពីក្រុមហ៊ុនរុករករ៉ែរបស់ចិន ដាក់គ្រឿងចក្រធ្វើសកម្មភាពខួងដីសិក្សារករ៉ែលើដីរបស់ពួកគាត់។ ពួកគាត់ទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពក្រុមហ៊ុនខាងលើ និងស្នើឱ្យរាជរដ្ឋាភិបាល ដកអាជ្ញាបណ្ណក្រុមហ៊ុននេះ មិនឱ្យរុករករ៉ែក្នុងតំបន់របស់ពួកគាត់បន្តទៀត។

ក្រុមហ៊ុនចិនទាំងពីរនោះ គឺក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. ដែលធ្វើសកម្មភាពខួងដីនៅភូមិពាក់ ឃុំយ៉ាទុង កាលពីថ្ងៃទី២០ ខែឧសភា និងបន្ទាប់មកក្រុមហ៊ុន ហ្គោលដេន ជេ​នើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. ដែលធ្វើសកម្មភាពដូចគ្នានៅភូមិគងធំ ឃុំប៉ាតេ នៅថ្ងៃទី២៣ ខែឧសភា។ តំបន់ទាំងពីរនេះនៅជាប់ព្រំប្រទល់គ្នា។

តំណាងសហគមន៍ចារ៉ាយភូមិពាក់ លោក សេវ ព្រិច ប្រាប់ប្រជាកាសែតថា ក្រុមហ៊ុនចិនខាងលើដាក់គ្រឿងចក្រ បម្រុងនឹងខួងដីក្នុងចម្ការពលរដ្ឋ ដែលកៀកនឹងភូមិសហគមន៍ប្រមាណ ២០០ម៉ែត្រ និងប្រហែល ១០០ម៉ែត្រ ពីតំបន់ប្រភពទឹក។ លោកបញ្ជាក់ថា សហគមន៍ទាំងមូល ស្នើដល់ស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់សកម្មភាពខួងដីសិក្សារកភូមិសាស្ត្ររ៉ែរបស់ក្រុមហ៊ុនក្នុងសហគមន៍បែបនេះទៀតនៅពេលក្រោយ។

លោកថា សំណើទាំងនេះ គឺដើម្បីការពារដីធ្លី ប្រភពទឹក សន្តិសុខក្នុងតំបន់ និងជីវភាពរស់នៅតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលពឹងផ្អែកលើធនធានធម្មជាតិ ទោះបីសហគមន៍បានបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន និងដកគ្រឿងចក្រចេញពីដីចម្ការរបស់ពលរដ្ឋ ក្នុងសហគមន៍ហើយក្ដី។

លោក សេវ ព្រិច រៀបរាប់៖ «ជនជាតិភាគតិចពួកខ្ញុំហ្នឹង គឺពឹងផ្អែកទៅលើធម្មជាតិ ដូចជាដីចម្ការ និងប្រភពទឹកប្រើប្រាស់ជាប្រចាំ»។

លោកបន្ត៖ «សហគមន៍ទាំងមូលគឺសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធធ្វើម៉េចឲ្យបញ្ឈប់សកម្មភាពខួងសិក្សាភូមិសាស្ត្របន្តទៀត កុំឲ្យមានចូលមកខួងសិក្សាម្តងទៀត។ រឿងខាងចរចាជាមួយក្រុមហ៊ុនអី មិនមែនតែមួយលើកទេ គឺបីបួនលើកហើយ តាំងពីក្រសួងរ៉ែ តាំងពីអភិបាលរងខេត្ត អភិបាលរងស្រុក មេឃុំ និយាយរួមទៅ សឹងតែទាំងអស់ហើយ ប៉ុន្តែនៅសហគមន៍មិនព្រមទេ»។

ប្រជាពលរដ្ឋម្នាក់ទៀត អាយុ ២៦ឆ្នាំ លោក រម៉ាម ស្រិត ដែលជាម្ចាស់ចម្ការម្នាក់ ក្នុងចំណោមបីនាក់ទៀត ត្រូវក្រុមហ៊ុនដាក់គ្រឿងចក្រខួងដីក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៥ ខែឧសភានេះថា លោកបារម្ភយ៉ាងខ្លាំងពីការបាត់បង់ដីធ្លីអាស្រ័យផល បន្ទាប់ពីមានក្រុមហ៊ុនយកគ្រឿងចក្រ (អ៊ិចស្កាវ៉ាទ័រ) ចូលមកកាយរុករានលើដីចម្ការរបស់លោក ដែលលោកបញ្ជាក់ថា មិនបានទទួលដំណឹងជាមុនពីអាជ្ញាធរ ឬក្រុមហ៊ុនឡើយ។ លោកឱ្យដឹងថា គ្រឿងចក្ររបស់ក្រុមហ៊ុនបានចូលមក​កាយ​ដីចំការរបស់លោក បណ្តាលឱ្យមានរណ្តៅជម្រៅប្រហែល ១០ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំឡូងមី។

លោក រម៉ាម ស្រិត៖ «ខ្ញុំព្រួយបារម្ភបង ខ្លាចគេយកដីខ្ញុំ បើគ្មានដី ខ្ញុំអត់មានដីធ្វើចម្ការ ព្រួយបារម្ភខ្លាំង និយាយភ័យខ្លាំងខ្លាចបាត់ដី»។

លោក រម៉ាម ស្រិត រៀបរាប់បន្តថា ដីចម្ការទំហំជិត ២ហិកតា គឺជាដីសមូហភាព ដែលលោកបានកាន់កាប់ បន្ទាប់ពីឪពុកតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ ពលរដ្ឋជនជាតិដើមភាគតិចរូបនេះ បានបញ្ជាក់ទាំងក្តីកង្វល់ថា គ្រួសារលោកមានដីតែមួយកន្លែងនេះ សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត ស្របពេលបច្ចុប្បន្នកំពុងជំពាក់ប្រាក់ធនាគារថែមទៀត។ លោកថា ប្រសិនបើបាត់បង់ដីនេះ នោះលោកនឹងគ្មានប្រភពចំណូលសម្រាប់សងបំណុលឡើយ។

លោកបន្ថែម៖ «ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយរកយុត្តិធម៌ឱ្យខ្ញុំផង ឱ្យគាត់ជួយដោះស្រាយ កុំឱ្យគាត់ចូលទៀត ហើយស្នើឱ្យថ្នាក់លើជួយ មិនបាច់ឱ្យមានរុករករ៉ែទេ នៅតំបន់នេះទេ»។

លិខិតរដ្ឋបាលខេត្តរតនគិរី ដែលប្រជាកាសែតទទួលបាន ឱ្យដឹងថា រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍លើការស្នើសុំប្រើប្រាស់ឧបករណ៍ និងបរិក្ខារ របស់ក្រុមហ៊ុនចិនទាំងពីរខាងលើ គឺខេមបូឌាន ស៊ានចាម ឯ.ក. និងក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ រុករករ៉ែ នៅក្នុងឃុំមួយចំនួនដូចជា ឃុំបរខាំ ឃុំប៉ាតេ ឃុំយ៉ាទុង និងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លើផ្ទៃដីទំហំ ២០០ គីឡូម៉ែត្រការ៉េ។ ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏ស្នើឱ្យប្រធានក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. ត្រូវគោរពកិច្ចសន្យាការពារបរិស្ថាន និងត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៥ ខែឧសភាថា ក្រុមហ៊ុនដែលចុះទៅនោះ គឺមានអាជ្ញាបណ្ណ និងបណ្ណវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះពិនិត្យទីតាំង និងវាយតម្លៃដើម្បីសិក្សាស្រាវជ្រាវរុករករ៉ែ។

យ៉ាងណា លោកអភិបាលខេត្ត ទទួលស្គាល់ថា ទីតាំងចុះសិក្សានោះ ប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នអាជ្ញាធរ និងមន្ត្រីជំនាញកំពុងបន្តធ្វើការសម្របសម្រួលបន្ថែម។

លោកថា ក្នុងករណីមានផលប៉ះពាល់ពីការខួងដី ខូចខាតដើមឈើ ឬផលដំណាំផ្សេងៗ ក្រុមហ៊ុននឹងទទួលខុសត្រូវដោះស្រាយសងសំណងទាំងអស់ជូនប្រជាពលរដ្ឋ។

លោក ញ៉ែម សំអឿន៖ «ទីតាំងនោះវាចំដីបងប្អូនហ្នឹងហើយ ខាងហ្នឹងដូចជាប៉ះ ៦គ្រួសារ។ បន្ទាប់មកទៀត ដូចជា ៤គ្រួសារ លោកឯកភាពយល់ព្រម លោកឯកភាពហើយ។ ប៉ុន្តែ នៅ ២គ្រួសារទៀត មិនទាន់»។

លោក សំអឿន ក៏លើកឡើងដែរថា លោកយល់អំពីក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ដែលខ្លាចប៉ះពាល់ដល់បរិស្ថាន និងសហគមន៍នៅពេលក្រុមហ៊ុនរកឃើញរ៉ែ និងឈានទៅធ្វើអាជីវកម្ម។ ប៉ុន្ដែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើឈានដល់ដំណាក់កាលធ្វើអាជីវកម្មមែន ភាគីពាក់ព័ន្ធត្រូវតែជជែកពិភាក្សាជាមួយសហគមន៍ម្តងទៀត ដើម្បីធានាការអនុវត្តត្រឹមត្រូវតាមបច្ចេកទេស និងគោលការណ៍ច្បាប់។

លោកមានប្រសាសន៍យ៉ាងដូច្នេះ៖ «យើងក៏ចង់ឱ្យខាងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋ នៅជាមួយគ្នាដោយសុខដុមរមនីយកម្មជាមួយគ្នា។ ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ថ្វីដ្បិតតែវិនិយោគ ចេញអាជ្ញាបណ្ណច្បាប់ដោយរដ្ឋក៏ដោយចុះ។ អីចឹង វាធម្មតាទេ កាលណាមានការវិនិយោគ វាមានផលសេដ្ឋកិច្ច ហើយផលសេដ្ឋកិច្ចនេះ នឹងត្រូវបែងចែកដោយសមធម៌ រវាងអ្នកវិនិយោគ ក៏ដូចជារដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ដែលនៅមូលដ្ឋាន ទីតាំងវិនិយោគហ្នឹង អាហ្នឹង គឺអ្វីយើងចង់បាន»។

ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រល នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តរតនគិរី និងស្ទឹងត្រែង លោក ឌិន ខន្នី មានប្រសាសន៍ថា ពលរដ្ឋសហគមន៍ មានសិទ្ធិពេញលេញ ក្នុងការដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាព ដោយភ្ជាប់នូវសំអាងហេតុច្បាស់លាស់ ស្តីពីផលប៉ះពាល់ និងក្តីកង្វល់នានា។ លោកបញ្ជាក់ថា សហគមន៍គួរដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋបាលខេត្ត ព្រោះកន្លងមក ក្រុមហ៊ុនបានដាក់លិខិតសុំប្រើប្រាស់គ្រឿងចក្រ ហើយខេត្តបានឯកភាពរួចហើយ។

លោក ឌិន ខន្នី៖ «អាដហុកពុំមានសមត្ថកិច្ចដោះស្រាយទេ តែអាដហុកនឹងចុះស៊ើបអង្កេត និងឃ្លាំមើល បើមានបណ្តឹងពីសហគមន៍»។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ លើកទឹកចិត្ត ឱ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន គួរផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមុន ទោះបីមានអាជ្ញាបណ្ណស្របច្បាប់ក៏ដោយ ដើម្បីចៀសវាងការភ្ញាក់ផ្អើល និងការព្រួយបារម្ភខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រុមហ៊ុនចិនទាំងពីរ គឺក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. បានចុះបញ្ជីពាណិជ្ជកម្មឡើងវិញជាមួយក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០២៣ ចំណែកក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. បានចុះបញ្ជីពាណិជ្ជកម្មឡើងវិញនៅឆ្នាំ២០១៨៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2646}" data-page="1" data-max-pages="1" data-start="1" data-end="1">