សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះរឿងក្ដីរបស់អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន និងសកម្មជននយោបាយ២នាក់ផ្សេងទៀតរួមមានលោក មាន ចាន់ថុន និងអ្នកស្រី ស៊ឹង គន្ធា ក្រោមបទចោទ «រួមគំនិតក្បត់»។
សហមេធាវីដែលការពារក្ដីនេះគឺលោកបណ្ឌិត សឺន ជុំជួន បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការអង្គសេចក្ដីសួរដេញដោលជនជាប់ចោទទាំងបីនាក់គឺអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន សកម្មជននយោបាយ លោក មាន ចាន់ថុន និងលោកស្រី សឹង គន្ធា ក្នុងសំណុំរឿង «រួមគំនិតក្បត់»។
មេធាវីការពារក្ដីឱ្យសកម្មជននយោបាយ លោក មាន ចាន់ថុន និងលោកស្រី សឹង គន្ធា គឺលោកបណ្ឌិត សឺន ជុំជួន។
លោកមេធាវីប្រាប់ថា លោកបានស្នើតុលាការទម្លាក់ចោលបទចោទចំពោះកូនក្ដីលោកទាំង២រូប ព្រោះសកម្មភាពរបស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» នេះច្រើនទេ ពោលគឺជាប់ពាក់ព័ន្ធតិចតួចបំផុត។
លោកថា៖ «យើងបានស្នើឱ្យតុលាការហ្នឹងពិចារណាលើបទចោទឡើងវិញ ហើយស្នើឱ្យរួចផុតពីបទចោទ»។ លោកបណ្ឌិត សឺន ជុំជួន ថានៅក្នុងសវនាការ តុលាការមិនទាន់បានកំណត់កាលបរិច្ឆេទនៃការប្រកាសសាលក្រមនៅឡើយទេ គឺតុលាការនឹងត្រូវជូនដំណឹងពីការប្រកាសលទ្ធផលនៅពេលក្រោយ។
ប្អូនប្រុសរបស់សកម្មជននយោបាយ លោក មាន ចាន់ថុន គឺលោក មាន ដេវិន បានប្រាប់ថា បងប្រុសគាត់បានឆ្លើយទទួលសំណួរមួយចំនួន និងបដិសេធនូវសំណួរមួយចំនួនពេលតុលាការចោទសួរ។
លោកថា៖ «សង្ឃឹមៗតែ៥០-៥០ព្រោះអី ប្រសិនជាកម្ពុជាមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ ខ្ញុំគិតថាអាចៗនឹងទទួលបានសិទ្ធិសេរីភាពឆាប់ៗ»។
រីឯម្ដាយរបស់អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន គឺអ្នកស្រី មិន មុំ ប្រាប់ថា គាត់មិនបានទៅចូលស្ដាប់ការជំនុំជម្រះក្ដីនៅតុលាការទេ ព្រោះត្រូវចំណាយសោហ៊ុយធ្វើដំណើរច្រើន ហើយគាត់ជាប់រវល់ផង។ តែយ៉ាងណា ក្រោយតុលាការបើកសវនាការសួរដេញដោលរួច អ្នកស្រី មិន មុំ សង្ឃឹមថា តុលាការនឹងដោះលែងកូនគាត់ឱ្យមានសេរីភាពវិញឆាប់ៗ។
អ្នកស្រីថា៖ «កូនខ្ញុំអត់មានធ្វើខុសអីផង អ៊ីចឹងសង្ឃឹមថាលោកតុលាការគាត់ដោះលែងហើយ ព្រោះកូនខ្ញុំអត់មានខុសអីផង សួរកូនខ្ញុំកូនថាអត់មានបានធ្វើអីផង»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ថា នៅក្នុងសវាការ តុលាការសួរដេញដោលជនជាប់ចោទទាំង៣រូប ក៏ប៉ុន្តែមិនសូវបានច្រើនដេញដោលលោក ធី ថន ច្រើនទេ។
លោកថា៖ «លោក ធី ថន ដេញដោលតិច ដោយសារតែវាហាក់ដូចជាមិនមានអ្វីភស្ដុតាងអ្វីក្នុងការជជែកដែញដោល ប៉ុន្តែ២នាក់ផ្សេងទៀតមានការដេញដោលច្រើន។ លោក ធី ថន ទី១មិនមានអ្វីជាប់ពាក់ព័ន្ធជាមួយ២នាក់ហ្នឹងទេ ហើយទី២នៅក្នុងសំណុំរឿងឬក៏នៅការដេញដោលនោះវាហាក់ដូចជាមិនមានភស្តុតាងច្បាស់លាស់ក្នុងការដាក់បន្ទុកទៅលើលោក ធី ថន»។
ករណីនេះ លោក អំ សំអាត សង្ឃឹមថា តុលាការនឹងពិចារណាទៅតាមអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់។
កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន ពាក់ព័ន្ធនឹងការតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬហៅថា CLV-DTA។
តុលាការបានចោទប្រកាន់អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែររូបនេះពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នលោកកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែព្រៃស (ម១) នារាជធានីភ្នំពេញ។
កន្លងមក សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធជាបន្តបន្ទាប់នូវសំណើសុំនៅក្រៅឃុំ ព្រមទាំងសំណើសុំដោះលែងលោក ធី ថន ឱ្យមានសេរីភាព។
ដោយឡែកចំពោះសកម្មជននយោបាយ២រូបគឺ លោក មាន ចាន់ថុន និងអ្នកស្រី ស៊ឹង គន្ធា គឺពួកគេត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា ក្នុងចំណោមអ្នកភាសខ្លួននយោបាយសរុបចំនួន៦នាក់ដែលបញ្ជូនមកជាមួយគ្នា កាលពីអំឡុងចុងឆ្នាំ២០២៤ ដោយហេតុផល ពួកគេបានរស់នៅខុសច្បាប់ក្នុងប្រទេសថៃ៕







