ឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការអង្គសេចក្ដីលើបណ្តឹងឧទ្ធរណ៍ក្រុមមាតាធម្មជាតិនាដើមខែមិថុនា

បរិស្ថាន

សាលាឧទ្ធរណ៍ភ្នំពេញ គ្រោងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ក្រុមសកម្មជនចលនាមាតាធម្មជាតិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។

យោងតាមលិខិតអញ្ជើញរបស់លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលផ្ញើទៅកាន់លោក អែម ចន្ថា មេធាវីការពារក្តីឲ្យក្រុមសកម្មជន បានឲ្យដឹងថា សវនាការនេះពាក់ព័ន្ធនឹងសកម្មជនចំនួន៥នាក់ រួមមាន លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួង កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា។

មេធាវីការពារក្តីក្រុមសកម្មជនមាតាធម្មជាតិ លោក អែម ចន្ថា បានប្រាប់ថា លោកបានទទួលដំណឹងអំពីលិខិតអញ្ជើញរបស់សាលាឧទ្ធរណ៍រួចហើយ។ លោកថា កាលពីថ្ងៃទី១៨ ខែឧសភា លោកបានជួបកញ្ញា ភួន កែវរស្មី ហើយកញ្ញានឹងចូលរួមសវនាការ រីឯសកម្មជនផ្សេងទៀត លោកមិនទាន់បានជួបនៅឡើយ ប៉ុន្តែលោកសង្ឃឹមថា ពួកគាត់ទាំងអស់នឹងចូលរួម។

លោកបន្តថា ក្រុមសកម្មជននៅតែមិនសុខចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយការប្តឹងឧទ្ធរណ៍នេះ គឺដើម្បីស្វែងរកយុត្តិធម៌ឡើងវិញ។

លោក អែម ចន្ថា ថ្លែងថា៖«សម្រប់មេធាវី យើងព្យាយាមឈរនៅខាងកូនក្តី គឺរកយុត្តិធម៌ឲ្យកូនក្តីតាមអ្វីដែលគាត់ សម្តែងថាមិនសុខចិត្ត ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនឹង អយុត្តិធម៌ចំពោះពួកគាត់អ្វីដែលគាត់ធ្វើមិនបាន ផ្តល់ជាអ្វីដែលជាគុណវិបត្តិដល់សង្គមទេ ផ្ទុយទៅវិញជាការជួយដល់សង្គម ការពារសង្គម ការពារធនធានធម្មជាតិ។ ដូច្នេះខ្ញុំសង្ឃឹម​ថា សាលាឧទ្ធរណ៍ភ្នំពេញនឹងពិចារណាផ្តល់យុត្តធម៌ឲ្យកូនក្តីពួកខ្ញុំតាមការស្នើរសុំ»។

ជាមួយគ្នានេះ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា ការបើកសវនាការនៅសាលាឧទ្ធរណ៍ គឺជានីតិវិធីបន្ទាប់ពីក្រុមសកម្មជនបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង។ ទោះយ៉ាងណា លោកថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែងលើសកម្មជនបរិស្ថាន គឺជារឿងធ្ងន់ធ្ងរ និងអយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «វាគួរណាស់តែរដ្ឋាភិបាលគួរតែពិចារណា ហើយបើសិនជាតុលាការដែលកាត់ទោសឲ្យពួកគាត់ ជាប់គុកធ្ងន់ធ្ងរវាជារឿងអយុត្តិធម៌ ហើយវាជារឿងដែលបំផិតបំភ័យវាធ្វើឲ្យយុវជនជំនាន់ក្រោយនឹងលេងហ៊ាននិយាយ ហៃអើ នេះជាអ្វីដែលយើងមើលឃើញ។

លោកបន្តថា៖«អ្វីដែលប្រព្រឹត្តទៅថ្ងៃខាងមុខពាក់ព័ន្ធទៅនឹងសាលាឧទ្ទរណ៍ដែលបើក សាវនាការយើងសង្ឃឹមថាសាលាឧទ្ទរណ៍មិន កាត់ក្តីដូចសាលាដំបូងទេ»។

កន្លងមកនា ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិ បានស្នើសុំឲ្យតុលាការកំពូលដោះលែងសកម្មជនទាំង៥នាក់ឲ្យមានសេរីភាពឡើងវិញ។ ទោះយ៉ាងណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០​២៦ តុលាការកំពូលបានសម្រេចមិនដោះលែងពួកគាត់ទេ ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដដែល។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំដល់៨ឆ្នាំ ពាក់ព័ន្ធបទ​ចោទ «រួមគំនិតក្បត់» និង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។

ក្នុងនោះ លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក បិញ ពិសិដ្ឋ លោក ថុន រដ្ឋា និងកញ្ញា រ៉ី រក្សា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ។

ដោយឡែក លោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យប្រាក់១០លានរៀល។

ក្រោយប្រកាសសាលក្រម សកម្មជន៤នាក់ រួមមាន លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅមុខសាលាដំបូងរាជធានីភ្នំពេញ ចំណែកឯលោក យឹម លាងហ៊ី ត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរទៅតុលាការ នៅថ្ងៃដដែលនោះ៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2690}" data-page="1" data-max-pages="1" data-start="1" data-end="1">