ប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុកមួយចំនួន នៅស្រុករវៀង ខេត្តព្រះវិហារ អះអាងថាពួកគេរងការរឹតត្បឹតសិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំ និងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅពេលពួកគេកំពុងតវ៉ារកដំណោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន។
ប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុក នៅស្រុករវៀង ខេត្តព្រះវិហារ អ្នកស្រី យឹម យីត បានប្រាប់ថា មេឃុំរួសរាន់បានកោះហៅគាត់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីគាត់បានផ្ដល់សំភាសន៍ឱ្យសារព័ត៌មានអាស៊ីសេរី(TFA) ពីបញ្ហាដីធ្លីរបស់គាត់។
អ្នកស្រី យឹម យីត ឱ្យដឹងថា មេឃុំរួសរាន់បានស្នើសុំគាត់លុបវីដេអូសំភាសន៍នោះវិញ ដោយទុករយៈពេល៥ថ្ងៃឱ្យគាត់លុប។ គាត់ថាលោកមេឃុំថែមទាំងបានគំរាមថា នឹងនាំគាត់ទៅថ្នាក់ខេត្ត ហើយគាត់អាចប្រឈមនឹងជាប់ពន្ធនាការទៀត បើសិនគាត់មិនលុបតាមពេលកំណត់។ តែយ៉ាងណា អ្នកស្រី យឹម យីត ឆ្លើយថាគាត់មិនអាចលុបទេ ព្រោះមិនមែនគាត់ជាអ្នកផ្សព្វផ្សាយទេ។
អ្នកស្រីថា៖ «ពាក្យសម្ដីដែលខ្ញុំនិយាយខុសត្រង់ណា ហេតុអ្វីបានជាគាត់ប្រមាថខ្ញុំទៅដល់ថ្នាក់ចង់យកខ្ញុំទៅដាក់គុក? គំរាមខ្ញុំថាប្រុងយកខ្ញុំទៅដាក់គុក។ ហៅខ្ញុំទៅភូមិហើយគំរាមខ្ញុំ ដូចថាដាក់កំណត់ថ្ងៃឱ្យខ្ញុំថាកំណត់៥ថ្ងៃ បើខ្ញុំមិនដោះស្រាយនៅក្រុមហ៊ុនទេ មិនដោះស្រាយដូចថាសុំទោសឱ្យខ្ញុំលុបសារព័ត៌មាននេះទេ គាត់នឹងនាំខ្ញុំឡើងទៅខេត្ត តែខ្ញុំចាំមើលថារយៈពេលបាន៤ថ្ងៃតាំងពីថ្ងៃដែលគេហៅមក រហូតមកដល់ថ្ងៃនេះ ប្រហែលជាកំណត់ថ្ងៃឱ្យប្រហែលត្រូវចាំស្អែក កំណត់៥ថ្ងៃ»។
ស្រ្តីដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះនិយាយទៀតថា គាត់បារម្ភពីការបែកបាក់នឹងកូន បើសិនជាគាត់ពិតជាត្រូវជាប់ពន្ធនាគារមែន។
អ្នកស្រីថា៖ «ខ្ញុំជាប្រជាពលរដ្ឋទន់ខ្សោយ ខ្ញុំតែងតែបារម្ភដែរលោកគ្រូ ហើយខ្ញុំភ័យខ្ញុំព្រួយខ្ញុំខ្លាចព្រាត់ប្រាស់កូន ព្រោះអីកូនខ្ញុំនៅតូចៗ ហើយម៉្យាងទៀត បើសិនជាខ្ញុំត្រូវជាប់គុកពិតមែនមិនដឹងថាកូនខ្ញុំទៅជាយ៉ាងណាទេ»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមសំណូមពរឱ្យដល់លោកថ្នាក់លើ និងថ្នាក់ដឹកនាំ គ្រប់អាជ្ញាធរទាំងអស់ សូមវិនិច្ឆ័យរឿងរ៉ាវរបស់ខ្ញុំផង ថាខ្ញុំខុសឬមួយក៏ត្រូវ បើសិនជាខ្ញុំត្រូវទេក៏សុំជួយខ្ញុំដំណោះស្រាយឱ្យខ្ញុំផង តែបើខ្ញុំខុសអីខ្ញុំអាចទទួលកំហុសបានបើសិនពាក្យសម្ដីដែលខ្ញុំនិយាយវាខុស»។
ចំណែកឯប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុកមួយរូបទៀតគឺលោក ឡុំ សែ បានប្រាប់ថា លោកធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋានកោះហៅ៣ ឬ៤ដងមកហើយទាំងទៅប៉ុស្តិ៍ប៉ូលីសនៅឃុំរួសរាន់ និងទៅសាលាឃុំរួសរាន់ជាដើម ទាក់ទងនឹងរឿងលោកតវ៉ាបញ្ហាដីធ្លីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន(ខេមបូឌា)។
លោកថា កាលលើកចុងក្រោយដែលលោកត្រូវកោះហៅនោះគឺកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ អធិការរងស្រុករវៀងបានកោះហៅលោកទៅសាកសួរ តាមពាក្យបណ្ដឹងពីសំណាក់ក្រុមហ៊ុន។
លោកថា៖ «គេនិយាយរួមថាក្រុមហ៊ុនអ្នកប្ដឹង។ អ៊ីចឹងអ្នកកាន់ខាងបណ្ដឹងហ្នឹងក៏សួរខ្ញុថា អូនឯងមានករណីខុសពីបទច្រើន គេថា៤ករណី[…]គាត់ថាអូនឯងខុសចំណុចត្រង់អូនឯងធ្វើវេទិកាសេរីហ្នឹង អត់មានលិខិតបញ្ជាក់ចេញពីក្រសួងថ្នាក់ជាតិទេ[…]សហគមន៍អត់បានចុះជាបញ្ជីរអ៊ីចឹងសហគមន៍ហ្នឹងអត់អាចធ្វើជាវេទិកាសេរីពិគ្រោះយោបល់បានទេ[…]មួយទៀត គេថាខ្ញុំហ្នឹងជាមេដូចថាដឹកនាំប្រជាពលរដ្ឋ ឬបំផុសបំផុល ញុះញង់ ផ្ដិតក្រយៅដៃតវ៉ារឿងដីធ្លី[…]មួយទៀតគេថាខ្ញុំយកបន្លំឯកសារ»។
លោក ឡុំ សែ ថាក្រោយពេលសាកសួរលោកចប់ លោកបានបង្ខំផ្ដិតមេដៃទទួលយកនូវកំហុសទាំងប៉ុន្មាននេះដែលអាជ្ញាធរលើកឡើង ទាំងដែលខ្លួនមិនបានប្រព្រឹត្ត ព្រោះលោកបារម្ភពីសុវត្ថិភាព និងខ្លាចភាគីក្រុមហ៊ុនប្ដឹងលោកដល់ថ្នាក់ខេត្ត និងដល់តុលាការ ដូចដែលអាជ្ញាធរប្រាប់។ ករណីនេះលោកយល់ថាជា អាជ្ញាធររឹតត្បឹតសិទ្ធិសេរីភាពលោក។
លោកថា៖ «ខ្ញុំជាប្រជាពលរដ្ឋដែលសាមញ្ញ អ៊ីចឹងវាប៉ះពាល់ត្រង់ថា ខ្ញុំអត់មានសិទ្ធិតវ៉ា ឬក៏អត់មានសិទ្ធិចូលជាមតិជាមួយប្រជាពលរដ្ឋ គឺគេរំលោភសិទ្ធិខ្ញុំអាត្រង់ហ្នឹង។ ពីមុនមកខ្ញុំមានសិទ្ធិទៅជាមួយប្រជាពលរដ្ឋទៅកន្លែងណា កន្លែងណាគឺខ្ញុំមានសិទ្ធិទៅទាំងអស់ តែឥឡូវខ្ញុំអត់មានសិទ្ធិទៀតទេ[…]សិទ្ធិរបស់យើងលក្ខណៈដូចគេគ្រប់គ្រង អ៊ីចឹងយើងអត់អាចបញ្ចេញសិទ្ធិរបស់យើងឱ្យគ្រប់ជ្រុងជ្រោយ គ្រប់កាលៈទេសៈនៅកន្លែងណាមួយបានទេ គឺដែលខ្ញុំបញ្ចេញនៅកន្លែងណាមួយទៅ ពេលគេឃើញខ្ញុំគឺគេអាចកោះហៅខ្ញុំទៅក៏អាចថាបាន»។
ប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុករូបនេះ អំពាវនាវដល់អាជ្ញាធរថ្នាក់ជាតិតាមដានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនកុំឱ្យរឹតត្បឹតសិទ្ធិពលរដ្ឋតទៅទៀត។
លោកបន្ថែមថា៖ «ចង់ឱ្យថ្នាក់លើហ្នឹងគឺដាក់គំនៀបលើអាជ្ញាធរភូមិឃុំកុំឱ្យគាត់គៀបសង្កត់មកលើប្រជាពលរដ្ឋខ្លាំង។ ព្រោះអីមួយរយៈហ្នឹងគឺគាត់បានដៃណាស់ អត់មានខាងថ្នាក់លើអីមកគៀបសង្កត់គាត់ អត់ណែនាំពីច្បាប់ទម្លាប់ដល់ពួកគាត់ទេ អ៊ីចឹងច្បាប់ពួកគាត់ ច្បាប់គំរាមប្រជាពលរដ្ឋហ្នឹង ច្បាប់គៀបសង្កត់ប្រជាពលរដ្ឋហ្នឹង»។
រីឯប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុក អ្នកស្រី នុត សុខឿន ក៏ធ្លាប់ត្រូវអាជ្ញាធរស្រុករវៀងហាមគាត់មិនឱ្យធ្វើពិធីពិគ្រោះយោបល់ពីបញ្ហាដីធ្លីគាត់ដែរ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយអាជ្ញាធរគំរាមគាត់ថា បើសិនជានៅតែធ្វើ គាត់អាចប្រឈមមុខនឹងផ្លូវច្បាប់។
អ្នកស្រីថា៖ «ខ្ញុំចង់ធ្វើកម្មវិធីមួយពីគ្រោះយោបល់ដើម្បីដីធ្លីដែលក្រុមហ៊ុនយក ព្រោះអីគាត់ខាងក្រុមហ៊ុន គាត់អត់បានប្រជុំប្រាប់ភូមិឃុំស្រុកខេត្តអី គាត់អត់បានប្រជុំប្រាប់ខ្ញុំមិនទេណា៎ គាត់មកវាយដំណាំដំដុះខ្ញុំវាយយកវាយយក[…]ខ្ញុំចង់ធ្វើកម្មវិធី ប៉ុន្តែគាត់បិទអត់ឱ្យខ្ញុំធ្វើ។ បើខ្ញុំធ្វើ ឈ្មោះខ្ញុំតំណាង៥នាក់នេះទទួលខុសត្រូវនឹងផ្លូវច្បាប់»។
អភិបាលរងខេត្តព្រវិហារលោក គឹម ចាន់បញ្ញា បានប្រាប់ថា ការលើកឡើងថាអាជ្ញាធរគំរាមកំហែង ឬរឹតត្បឹតសិទ្ធិប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុក នៅស្រុករវៀង ខេត្តព្រះវិហារនោះមិនមែនជាកាពិតនោះទេ។
លោកថា៖ «អ្វីដែលគាត់ធ្វើដែលប្រាស់ចាកពីផ្លូវច្បាប់ ក្នុងនាមអាជ្ញាធរត្រូវតែធ្វើការណែនាំ។ អ៊ីចឹងអ្វីដែលយើងណែនាំគាត់បែរជាថាការគំរាមកំហែង ការបិទសិទ្ធិនោះ[…]អ្វីដែលជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ឬបុគ្គលមួយចំនួននោះដែលថាគំរាមកំហែងនោះ ពេលខ្លះទាល់តែយើងអង្គុយជជែកគ្នាយកច្បាប់មកដាក់ពីមុខ មិនអាចយកអារម្មណ៍ មិនអាចយកការគិតមួយជ្រុងណាមួយយកមកនិយាយទេ។ យើងជាប្រជាពលរដ្ឋត្រូវតែយកច្បាប់ជាគោល យើងមិនអាចយកអារម្មណ៍ ឬក៏ការយល់ឃើញរបស់បងប្អូនសម្ដែងមតិ យើងយកអាហ្នឹងជាការគំរាមកំហែងទេ[…]គ្មានអាជ្ញាធរណាទៅគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ទេ ខ្ញុំជឿជាក់អ៊ីចឹង»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា នេះជាការគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញមាត្រា៤១ អំពីសេរីភាពនៅក្នុងការបញ្ចេញមតិ ព្រមទាំងកតិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយមាត្រា ១៩ ដែលកម្ពុជាយើងបានផ្ដល់សច្ចាប័ន។
លោកថា៖ «យើងមើលទៅជារឿងមួយដែលគំរាមកំហែងបំភិតបំភ័យទៅលើសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ពួកគាត់ ព្រោះមនុស្សគ្រប់រូបមានសិទ្ធិនៅក្នុងការបញ្ចេញមតិ ហើយរឿងរ៉ាវដែលកើតឡើងពួកគាត់មានសិទ្ធិនៅក្នុងការនិយាយ ក្នុងការស្វែងរកដំណោះស្រាយទៅលើរឿងរបស់ពួកគាត់»។
លោក អំ សំអាត ថា ភាគីពាក់ព័ន្ធក្នុងជម្លោះដីធ្លី ទាំងអាជ្ញាធរ ពលរដ្ឋ និងភាគីក្រុមហ៊ុនគប្បីពិភាក្សាគ្នារកដំណោះស្រាយ ជាជាងការកោះហៅពលរដ្ឋទៅព្រមានផ្សេងៗ។
លោកបន្ថែមថា៖ «គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺប្រជាំពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរហ្នឹងធ្វើម៉េចជជែករកដំណោះស្រាយមួយដ៏សមស្រប តម្លាភាព និងយុត្តិធម៌សម្រាប់ពួកគាត់ ហើយនិងអាចទទួលយកបាន អាហ្នឹងវាជាដំណោះស្រាយមួយល្អ ជាជាងដែលនៅពេលដែលពួកគាត់និយាយ ហើយត្រូវបានទទួលការកោះហៅ ទៅព្រមាន ទៅឱ្យលុបវីដេអូទៅអីអាហ្នឹងមិនមែនជាមធ្យោបាយទេ»។
សហគមន៍ការពារដីធ្លីឫស្សីស្រុក ស្ថិតនៅភូមិចំនួន២ គឺភូមិទម្លាប់ និងភូមិឈ្នួន ក្នុងឃុំរួសរាន់ និងឃុំរីករាយ នៃស្រុករវៀង ខេត្តព្រះវិហារ មានប្រជាជនចំនួន ១៤៦គ្រួសារ លើផ្ទៃដីទំហំ ៩៨៤, ៨៣៩ហិកតា។ នេះបើតាមញត្តិដែលពលរដ្ឋសុំអន្តរាគមន៍ពីស្ថាប័ននានា។
អង្គការលីកាដូបានកត់ត្រាថា ជម្លោះដីធ្លីរវាងប្រជាសហគមន៍ការពារដីធ្លីឫស្សីស្រុក និងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន បានផ្តើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីក្រុមហ៊ុនបានឈូសឆាយដី និងដំណាំរបស់ពលរដ្ឋ។ លីកាដូឱ្យដឹងថាក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេននេះ មានទំនាក់ទំនងជាមួយកូនឧកញ៉ាទ្រី ភាព គឺអ្នកស្រី ទ្រី ដាលីន លោក ទ្រី ដាលុច និង លោក ទ្រី ដាភស្ត៕







