ក្រសួងបរិស្ថាន និងអង្គការជំនាញ លែងក្រពើភ្នំចំនួន ១០ ក្បាល ចូលទៅក្នុងទន្លេស្រែពក ដែលជាដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី ដើម្បីស្ដារប្រភេទក្រពើជិតផុតពូជ និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា កម្មវិធីព្រលែងក្រពើភ្នំនឹងធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ក្នុងខេត្តមណ្ឌលគីរី ដោយមានចូលរួមពីអង្គការ WWF-កម្ពុជា រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ Fauna & Flora International (FFI)។
ក្រសួងបញ្ជាក់ថា កម្មវិធីព្រលែងក្រពើភ្នំនេះ គឺបន្ទាប់ពីបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា កម្មវិធីនេះ ក៏មានបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច ឱ្យបែកខ្ញែកនៅក្នុងប្រព័ន្ធទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើវិទ្យាសាស្ត្រផងដែរ។
ក្រសួងបញ្ជាក់ថា តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។
បើតាមការស្រាវជ្រាវរបស់ក្រសួង និងអង្គការជំនាញ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទសត្វជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN (International Union for Conservation of Nature) ហើយត្រូវបានសន្និដ្ឋានថា នៅសល់តិចជាង ១០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជាពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយដែលកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ»។
លោកបន្តថា៖ «សមិទ្ធផលនេះ បង្ហាញពីភាពរឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាបមានសុខភាពល្អ»។
ក្រសួងបង្ហាញថា កម្មវិធីលែងក្រពើភ្នំនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំទៀតផង។
ក្រុមស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ក្នុងឆ្នាំ២០២១ បានកត់ត្រាវត្តមានក្រពើភ្នំតាមរយៈរូបថតលើកដំបូង ដែលវាបានញាស់ដោយធម្មជាតិនៅក្នុងទន្លេស្រែពក។ ក្រុមស្រាវជ្រាវយល់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារៈសំខាន់របស់ទន្លេដែលជាតំបន់អាទិភាពសម្រាប់ការស្តារប្រភេទសត្វក្រពើនេះ។
នាយកអង្គការ WWF-កម្ពុជា លោក Dipankar Chyau Patnaik លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ការលែងក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា»។
លោកបន្ថែមថា៖ «តាមរយៈការបង្កើនចំនួនសត្វក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពក យើងមិនត្រឹមតែជួយធានាការរស់រានមានជីវិតរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។
តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រពើភ្នំដែលត្រូវលែងចូលទៅក្នុងទន្លេស្រែពក ត្រូវបានគាំទ្រ និងផ្តល់ដោយរដ្ឋបាលជលផល ព្រមទាំងអង្គការ FFI តាមរយៈកម្មវិធីបង្កាត់ពូជអភិរក្ស និងបានឆ្លងកាត់ការត្រួតពិនិត្យហ្សែន និងសុខភាពយ៉ាងតឹងរ៉ឹង មុនពេលលែងចូលទៅក្នុងទីជម្រកធម្មជាតិ។
ជាមួយគ្នានេះ ការលែងក្រពើភ្នំនេះ ក៏អនុវត្តតាមគោលការណ៍អន្តរជាតិស្តីពីការបញ្ជូនសត្វសម្រាប់ការអភិរក្សរួមទាំងការតាមដានក្រោយការលែង ដោយប្រើបច្ចេកវិទ្យា acoustic telemetry ដើម្បីសិក្សាពីចលនា ការបម្លាស់ទី ការរស់រានមានជីវិត ការសម្របខ្លួនរបស់ក្រពើភ្នំនៅក្នុងទីជម្រកធម្មជាតិ ជាពិសេសនោះគឺ ការផ្តល់ជាទិន្នន័យគំរូសម្រាប់កម្មវិធីលែងក្រពើភ្នំបែបនេះនាពេលអនាគតផ្សេងទៀត។
នាយកប្រចាំប្រទេសនៃអង្គការ FFI លោក ហម ច័ន្ទដេត បានបន្ថែមថា៖ «យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។ កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្តារប្រភេទសត្វលូន ដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍»។
លោកបានបន្តថា៖ «កម្ពុជាបានក្លាយជាអ្នកដឹកនាំថ្នាក់តំបន់ក្នុងការអភិរក្សសត្វក្រពើភ្នំ ហើយកម្មវិធីស្តារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំ ទាំងនេះឱ្យមានវត្តមានកាន់តែច្រើនឡើងវិញ»។
ដោយឡែក កម្មវិធីស្តារចំនួនក្រពើភ្នំនៅទន្លេស្រែពក ត្រូវបានគាំទ្រតាមរយៈការពង្រឹងការល្បាតតាមដងទន្លេ ការការពារជម្រកធម្មជាតិ ការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយការយល់ដឹង និងកិច្ចសហការជាមួយជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការគំរាមកំហែង ដូចជាការនេសាទខុសច្បាប់ និងការបំផ្លាញជម្រកធម្មជាតិ។
ជនជាតិដើមភាគតិចមួយរូប រស់នៅស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានប្រាប់ប្រជាកាសែតដោយសុំមិនបញ្ចេញឈ្មោះថា គាត់បានដឹងព័ត៌មានពីការលែងក្រពើ១០ក្បាល ពេលគាត់ចុះទៅភូមិ ដោយគណៈកម្មការការពារធនធានធម្មជាតិក្នុងតំបន់ផ្ដល់ព័ត៌មានថាមានក្រពើ១០ក្បាលនឹងយកមកលែងនៅក្នុងតំបន់។
ប្រភពរូបនេះនិយាយថា ៖ «ខ្ញុំអត់ដឹងទេថាពីមុនទន្លេមានក្រពើភ្នំឬអត់ ប៉ុន្តែដឹងថាទន្លេមានក្រពើដោយសារខ្ញុំបានសួរចាស់ទុំ តែក្រពើភ្នំ ក្រពើទឹក ខ្ញុំមិនទាន់ដឹងច្បាស់ កាលពីឆ្នាំមុន ខ្ញុំចុះនិងសួរចាស់ទុំ និងគណៈកម្មការសហគមន៍ គាត់ថាមានក្រពើ៣ ហើយពេលខ្ញុំទៅក៏ឃើញដានដែរ ដានធំៗ ប៉ុន្តែមិនដឹងក្រពើអីទេ»។
ពលរដ្ឋរូបនេះក៏បារម្ភថា ការលែងក្រពើថ្មីចូលទៅទន្លេអាចនឹងបង្កហានិភ័យដល់ពលរដ្ឋក្នុងសហគមន៍ ពីព្រោះនៅខែទឹកឡើងក្រពើអាចឡើងមកដីគោកហើយចូលផ្ទះពលរដ្ឋរស់នៅក្បែរទន្លេ និងផ្ដល់ផលលំបាកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅធ្វើស្រែចម្ការ ដើម្បីអាស្រ័យផលដំណាំ ឬបង់សំណាញ់ផ្សេងៗ។
បែបនេះក្តី ក្រសួងបរិស្ថានពន្យល់ថា ក្រពើភ្នំជាប្រភេទសត្វល្មូនដ៏កម្របំផុតមួយនៅលើពិភពលោក។ សត្វក្រពើភ្នំនេះ មានតួនាទីសំខាន់ក្នុងការរក្សាតុល្យភាព និងសុខភាពរបស់ប្រព័ន្ធអេកូឡូស៊ីទឹកសាប។ បច្ចុប្បន្ន ការការពារសត្វប្រភេទនេះ ក៏មានន័យថាជាការការពារទន្លេ តំបន់ដីសើម និងជីវៈចម្រុះ ដែលពលរដ្ឋកំពុងអាស្រ័យផលនាពេលនេះផងដែរ៕







