អតិថិជនបុរី ម៉ន ដានីប្រមាណ៣០នាក់ស្នើក្រសួងដែនដីឱ្យដោះស្រាយបញ្ហាដីធ្លីឱ្យបានលឿន

ដីធ្លី

(អតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ កំពុងផ្ដល់សំភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពួកគេចេញពីក្រសួងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ (រូបថតដោយ៖ ហុង សេរីហ្វុង)

អតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ខេត្តកំពង់ស្ពឺប្រមាណជាង៣០នាក់នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បាននាំគ្នាទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឱក្រសួងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋរងគ្រោះឱ្យបានលឿនជាងមុន។ពលរដ្ឋប្រាប់ថា ពួកគាត់មកក្រសួងព្រោះតែរង់ចាំដំណោះស្រាយយូរពេក។

អតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ លោក ហ៊ីម លីណា ប្រាប់ថា លោកជាអ្នកខេត្តកំពង់​ចាម និងបានចំណាកស្រុកទៅធ្វើការនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០១៩ ទើបលោកអាចទិញផ្ទះវីឡាទោល ពីក្រុមហ៊ុន ម៉ន ដានី កាលពីឆ្នាំ២០២១។ លោកឱ្យដឹងថា វីឡាដែលលោកទិញនោះតម្លៃជាង ២ម៉ឺនដុល្លារ តែមកដល់ឆ្នាំ២០២៦ លោកទទួលបានត្រឹមប្លង់ដី ព្រោះភាគីក្រុមហ៊ុនមិនទាន់សង់ផ្ទះជូនលោកឡើយ ។ លោកក៏មិនដឹងដែរថា ទីតាំងផ្ទះ និងដីលោកនៅឯណា នៅប្លង់ណាឡើយ។

លោក លីណា ថាការដែលលោកទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺដើម្បីពន្លឿនដំណោះស្រាយកំណត់ព្រំដី និងសាងសង់ផ្ទះជូនលោក។

លោកថា៖ «គោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ស្នើសុំទៅឱ្យថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តម សាយ សំអាល់ សូមលោកជួយដោះស្រាយពាក់ព័ន្ធសំណង់សាកសង់ឱ្យពួកខ្ញុំដែលបានបង់ផ្ដាច់នេះ បានតែប្លង់ សូមលោកជួយសម្រួល សូមលោកជួយដោះស្រាយឱ្យពួកខ្ញុំដល់កោះដល់ត្រើយ​ឱ្យបានផ្ទះបានប្លង់ផង ព្រោះពួកខ្ញុំរងគ្រោះវា៥-៦ឆ្នាំហើយ នៅមិនទាន់មានផ្ទះនៅ​ទេ»។
អតិថិជនបុរី ម៉ន ដានី គម្រោងទី២៩រូបនេះ ឱ្យដឹងថា បច្ចុប្បន្នលោកជួបការលំបាកផ្នែកជីវភាព ខ្វះថវិកាផ្គត់ផ្គង់គ្រួសារ និងម្ដាយចំណាស់ជាដើម។

លោកបន្តថា៖ «ខ្ញុំសុំស្នើសុំទៅដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចបវធិបតី សូមលោកជួយដោះស្រាយគម្រោង KP ម៉ន ដានី គម្រោង២៩នេះផង សូមលោកជួយឱ្យពួកខ្ញុំដែលជាប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាពនេះ ឱ្យមានផ្ទះឱ្យមានដីរស់នៅ អ្វីដែលខ្លួនទិញចង់បាន»។

ចំណែកឯអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ មួយរូបទៀត គឺលោក សុខ វណ្ណា ជាអ្នកខេត្តពោធិ៍សាត់ ថាលោកបានទិញផ្ទះល្វែងទំហំទទឹង៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រពីក្រុមហ៊ុន ម៉ន ដានី ក្នុងតម្លៃជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកឱ្យដឹងថា លុយដែលលោកយកទៅទិញផ្ទះនេះរួមមានលុយលោកផ្ទាល់ខ្លួនផង និងលុយលោកខ្ចីពីប្អូនរបស់លោក ហើយប្អូនលោកបានខ្ចីលុយទាំងនោះពីធនាគារ។

លោក វណ្ណា ប្រាប់ថា លោកទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីស្នើសុំពន្លឿនដំណោះស្រាយ ក្រោយលោកទិញផ្ទះមិនបានផ្ទះប្រមាណ៦ឆ្នាំមកហើយ។ ក៏ប៉ុន្តែមន្ត្រីក្រសួងប្រាប់លោកឱ្យបន្តរង់ចាំ។

លោកថា៖ «វាយឺតយ៉ាវក្នុងការដោះស្រាយឱ្យយើង[…]តែខ្ញុំចាំយូរ ខ្ញុំលង់ក្នុងបំណុលកាន់តែយូរដែរ ដោយសារខ្ញុំជំពាក់បំណុលគេ ហើយខាងក្រសួងគាត់ថាពន្យារពេលដោះស្រាយអ៊ីចឹង ផលលំបាកខ្ញុំវាទ្វេរឡើង ទ្វេរគុណ អ៊ីចឹងមានតែសុំឱ្យក្រសួងពន្លឿននីតិវិធីដោះស្រាយឱ្យពួកយើងដែលជាអតិថិជនរងគ្រោះ»។

រីឯអតិថិជនម្នាក់ទៀតមកពីស្រុកស្អាង ខេត្តកណ្ដាល លោក សុវណ្ណ លាង ប្រាប់ថា អ្វីដែលលោក​ចង់បានបំផុតគឺផ្ទះដែលលោកបានទិញពីក្រុមហ៊ុន ម៉ន ដានី ដើម្បីឱ្យលោកអាចចាកចេញពីជីវិតរស់នៅផ្ទះជួល។

លោកថា៖ «ឥឡូវក្រសួងគាត់សន្យាថាដោះស្រាយរឿងប្លង់ឱ្យៗបាន ប៉ុន្តែរឿងសាងសង់អីខាងក្រសួងអត់មានថវិកា។ តែគាត់នឹងថាជួយរិះរកវិធីជួយជនរងគ្រោះ[…]ចង់បានពីក្រុមហ៊ុន ចង់បានឱ្យតែបានសាងសង់ផ្ទះទៅយើងឈប់នៅផ្ទះជួលទៀត បានទៅនៅផ្ទះយើងទិញ​[…]ទិញសង្ឃឹមថានៅ យើងចាស់ៗហើយ»។

ប្រកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេត្រឹមរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ជុំវិញករណីនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC)លោក នី សុខា បង្ហាញក្ដីព្រួយបារម្ភចំពោះការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ម៉ន ដានី។

លោកថា ការអូសបន្លាយពេល ឬយឺតយ៉ាវក្នុងការដោះស្រាយនេះ វាអាចនាំមកនូវផលវិបាកមួយចំនួនដូចជាការបន្ថែមនូវបញ្ហាស្មុគស្មាញលើបញ្ហាដីធ្លី ការខាតបង់ពេលវេលានិងថវិកាពលរដ្ឋពេលពួកគេស្វែងរកដំណោះស្រាយតាមក្រសួងស្ថាប័ននានា ព្រមទាំងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកថា៖ «ក្នុងនាមសង្គមស៊ីវិលមានតែជំរុញធ្វើយ៉ាងណាឱ្យក្រសួងហ្នឹងខិតខំថែមទៀតនៅក្នុងការជំរុញការដោះស្រាយបញ្ចប់នៅក្នុងរឿងដីធ្លីហ្នឹង[…]ជំហានទីមួយយើងគួរតែមានការដោះស្រាយគ្នា គេហៅថារបៀបដោះស្រាយក្រៅប្រព័ន្ធតុលាការ ប៉ុន្តែបើសិនជាការដោះស្រាយក្រៅប្រព័ន្ធតុលាការហ្នឹងវាមិនបានជោគជ័យ ឬក៏យើងមើលទៅវាអត់លទ្ធភាពទេ ក្រុមហ៊ុនក្ដីអីក្ដី ឬក៏ភាគីណាមួយគ្មានឆន្ទៈទេ អាហ្នឹងមានតែតុលាការ»។

បើតាមពលរដ្ឋឱ្យដឹងថា គម្រោងទី២៩ នៃលំនៅឋាន និងដីឡូត៍របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក របស់លោកស្រី ម៉ន ដានី ស្ថិតនៅខេត្តកំពង់ស្ពឺ មានដីទំហំប្រមាណ ១០០​ហិកតា។ ពលរដ្ឋអះអាងថានៅក្នុងគម្រោងនេះ មានពលរដ្ឋដែលបានទិញផ្ទះពីក្រុមហ៊ុន ប្រមាណ៣០០០គ្រួសារនៅ តែពួកគេទិញហើយពុំទទួលបានផ្ទះឡើយ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំ ដោយរឹបអូសអចលនវត្ថុរបស់ម្ចាស់បុរី ម៉ន ដានី គឺអ្នកស្រី ម៉ន ដានី ចំនួន ៧៩ទីតាំង នៅស្រុកសំរោងទង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។សមត្ថកិច្ចបានចាប់ខ្លួនអ្នកស្រី ម៉ន ដានី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញ​សែកគ្មានសាច់ប្រាក់ជាង៦០ម៉ឺនដុល្លារ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2763}" data-page="1" data-max-pages="1" data-start="1" data-end="1">