ក្រសួងវប្បធម៌ និងក្រសួងធម្មការ ណែនាំឱ្យភាគីពាក់ព័ន្ធគោរពប្រតិបត្តិកិច្ចពិធីក្នុងពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវតាមគន្លងប្រពៃណីខ្មែរពីបុរាណកាលមក។
ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទាំងពីរសង្កេតឃើញមានប្រជាជនមួយចំនួនបានបញ្ចូលកិច្ចសំពះផ្ទឹមចងដៃទៅក្នុងពិធីភ្ជាប់ពាក្យ និងមានខ្លះទៀតបានពាក់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលនៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានរំលឹកថា កិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។
ក្រសួងពន្យល់ថា ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ ដោយបែងចែកដាច់ពីគ្នារវាង «ពិធីភ្ជាប់ពាក្យ» និង «ពិធីមង្គលការ»។
តាមការបញ្ជាក់របស់ក្រសួង អត្ថន័យពិធីភ្ជាប់ពាក្យ (ឬស្តីដណ្តឹង) គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ដោយទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ។ ក្រៅពីនេះ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត (បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ រីឯសាមីខ្លួនប្រុសស្រី នៅមិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។
ដោយឡែក ខ្លឹមសារកិច្ចសំពះផ្ទឹម និងចងដៃ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណីតរៀងទៅ។
ក្រសួងណែនាំដែរថា ការប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏ជាសកម្មភាពគួរចៀសវាង ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការ និងការបំពេញការងារ ដែលត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យស្តីពីសញ្ញាស័ក្តិ និងឯកសណ្ឋាននៃសមាជិករាជរដ្ឋាភិបាល និងអនុរដ្ឋលេខាធិការ ព្រមទាំងព្រះរាជក្រឹត្យស្តីពីរូបសញ្ញារដ្ឋបាល សញ្ញាស័ក្តិ និងឯកសណ្ឋានមន្ត្រីនៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីក្រមការ រួមទាំងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននេះ។
ក្រសួងវប្បធម៌ និងក្រសួងធម្មការ អំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធីអាពាហ៍ពិពាហ៍ទៅតាមក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីឱ្យត្រូវទៅតាមប្រភេទពិធីផងដែរ។
លើសពីនេះ ក្រសួងទាំងពីរក៏បានផ្ដាំដល់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកពាក់ព័ន្ធ និងសាធារណ ជនដែលត្រូវរៀបចំអាពាហ៍ពិពាហ៍កូនចៅ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ពីទំនៀមទម្លាប់ប្រពៃណី និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕







