ពលរដ្ឋមួយគ្រួសារ នៅស្រុកលំផាត់ ខេត្តរតគិរី បារម្ភខ្លាចបាត់បង់ដីធ្លីស្រែចម្ការដោយសារក្រុមហ៊ុនចម្ការកៅស៊ូមួយឈ្មោះឈ្មោះស្វីស រ៉ាប់បឺរ លីមីតធីត ។ ពលរដ្ឋទាំងនោះរស់នៅភូមិ កាចាញ ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយបានទទួលដីសម្បទានសេដ្ឋកិច្ចនៅក្បែរៗដីរបស់អ្នកភូមិដែល អាស្រ័យផលលើដីធ្លីជាលក្ខណៈប្រពៃណីជាច្រើនឆ្នាំមកហើយ។
ពួកគេស្នើរសុំទៅអាជ្ញាធរឲ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេពាក់ព័ន្ធនឹងការចុះលេខបញ្ជីក្បាលដី ជៀសវាងការរំលោភបំពានដីធ្លីនាពេលអនាគត។
ការលើកឡើងនេះ ក្រោយក្រុមហ៊ុនជ័រកៅស៊ូយកត្រាក់ទ័រឈូសឆាយដីជនជាតិដើមភាគតិចព្រៅម្នាក់អស់ចំនួនជិត២ហិកតា។ នៅក្នុងវីដេអូដែលប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋមានការខឹងសម្បា លើកម្មករក្រុមហ៊ុន ដែលយកគ្រឿងចក្រគាស់រំលើកដើមស្វាយចន្ទីរដែលប្រជាពលរដ្ឋដាំ។ នៅក្នុងវីដេអូនេះគេសង្កេតឃើញមាន អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្រនៅកន្លែងទៀតផង។
ពលរដ្ឋរស់នៅភូមិ កាចាញ អ្នកស្រីគឹម ង៉ា លើកឡើងថាម្ដាយអ្នកស្រីជាជនជាតិដើមភាគតិចព្រៅធ្វើចម្ការលើដីចំនួន២ ហិកតាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកស្រីថាគ្រួសារអ្នកស្រីដាំចន្ទីររយៈពេលប្រាំឆ្នាំមកហើយ តែត្រូវបុគ្គលិកក្រុមហ៊ុនអមដោយអាជ្ញាធរនាំគ្នាមកឈូសឆាយដោយលើកឡើងថាជាដីក្រុមហ៊ុន។ អ្នកស្រីអះអាងថាក្រុមហ៊ុនបញ្ជូនគ្រឿងចក្រមកឈូសឆាយដីចម្ការម្ដាយអ្នកស្រីចំនួន២ដងមកហើយ។
អ្នកស្រីនិយាយថា៖ «គេមកឈូស២ដងមកហើយ ពីខែឧសភាម្ដង។ ឈូសទៅខ្ញុំតវ៉ាទៅវិញម្ដងមកហើយថ្ងៃទី១ ខែនេះមកម្ដងទៀត។ រោងចក្រកៅស៊ូមកឈូសឆាយហ្នឹង។ ក្រុមហ៊ុនហ្នឹងមានដីនៅក្នុងភូមិនេះដែរ តែនៅឆ្ងាយពីគ្នា ហើយដីចម្ការខ្ញុំនេះនៅដាច់ឡែកហ្មង។ ដីនេះម្ដាយខ្ញុំគាត់ធ្វើមកយូរឆ្នាំហើយ តែអត់បានដាំចន្ទីរទេ ទើបបានដាំប៉ុន្មានឆ្នាំទេ ប៉ុន្តែគាត់កាន់កាប់មក៣០ឆ្នាំហើយ»។
អ្នកស្រីបន្ថែមថា៖ «ដីនេះអត់ទាន់មានប្លង់ទេ មានតែក្រដាស់ស្នាមតិចតូច តែបានបាត់បង់ក្រដាស់ស្នាមអស់ទៅ។ […]មានទាំងអាជ្ញាធរមកជាមួយដែរ តែខ្ញុំអត់ដឹងថាគេមកសម្របសម្រួលឬក៏មកធ្វើអី។ ពេលខ្ញុំសួរគេៗថាដីក្រុមហ៊ុន»។
អ្នកស្រីគឺម ង៉ា ស្នើសុំឱ្យអាជ្ញាធរពន្លឿនការដោះស្រាយទំនាស់ដីធ្លីនេះជាមួយក្រុមហ៊ុន និងបង្ការការឈូសឆាយដោយមិនស្របច្បាប់របស់ក្រុមហ៊ុន។ អ្នកស្រីបន្ថែមថា ក្នុងនាមជាជនជាតិដើមដើមភាគតិច អ្នកស្រីស្នើឱ្យអាជ្ញាធរជួយវាស់វែងធ្វើប្លង់កម្មសិទ្ធ ដើម្បីបង្ការការចង់បានពីក្រុមហ៊ុន ឬបុគ្គលអ្នកមានអំណាចផ្សេងៗទៀត។
អ្នកស្រីនិយាយថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរឃុំដែលដឹងឮរឿងនេះ ជួយរកដំណោះស្រាយ។ ខ្ញុំសុំដីហ្នឹងមកវិញ ព្រោះត្រុវការដើម្បីជីវភាពផ្ទាល់ខ្លួន។ អ្នកធ្វើការពាក់ព័ន្ធទាំងអស់សូមជួយផង។ ស្នើដល់សម្ដេចឱ្យជួយផង ខ្ញុំជាជនជាតិដើមភាគតិចអត់ដឹងនិយាយថាម៉េចទេ»។
ពលរដ្ឋម្នាក់ទៀតដែលមានដីក្បែរក្រុមហ៊ុន ជាជនជាតិដើមភាគតិចព្រៅ អ្នកស្រី ប៉ែន លុ លើកឡើងថាអ្នកស្រីមានដីក្បែរក្រុមហ៊ុន ស្ថិតក្នុងភូមិកាចាញ ដែលអ្នកស្រីដាំដំឡូងអស់រយៈពេលច្រើនឆ្នាំមកហើយ។ ក្រោយឃើញការឈូសឆាយដីរបស់អ្នកស្រី គឺម ង៉ា អ្នកស្រីមានការព្រួយបារម្ភដែរ ព្រោះជនជាតិដើមភាគតិចមិនទាន់បានប្លង់សមូហភាពនៅឡើយ។
អ្នកស្រីថា៖ «អ្នកភូមិខ្លះក៏មានដីជិតក្រុមហ៊ុននេះដែរ អីចឹងចេះតែព្រួយបារម្ភដែរ ព្រោះអាស្រ័យផលនៅទីនេះយូរហើយ»។
យោងតាមសមាគមអាដហុកនៅរតនគិរី ក្រុមហ៊ុនដែលទទួលបានដីសម្បទាននៅភូមិ កាចាញ ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី គឺក្រុមហ៊ុនចិន ឈ្មោះស្វីស រ៉ាប់បឺរ លីមីតធីត (Swiss Rubber Limited)។ យោងតាមទិន្នន័យពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រុមហ៊ុននេះបានទទួលដីសម្បទានពីរដ្ឋតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទំហំជាង ៣,៥០០ ហិកតា សម្រាប់ការដាំដុះដំណាំកៅស៊ូ នៅឆ្នាំ២០១០។
មេឃុំល្បាំង២ ដែលស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី លោក ផន ចាន់ថន លើកឡើងថាអាជ្ញាធរឃុំកំពុងធ្វើការជាមួយអាជ្ញាធរស្រុក រួមជាមួយនឹងតំណាងក្រុមហ៊ុនដើម្បីសម្របសម្រួល និងរកដំណោះស្រាយ តែលទ្ធភាពយ៉ាងណា លោកមិនទាន់អាចបកស្រាយបាននៅឡើយ។ បន្ថែមពីលើនេះ លោកឆ្លើយសំនួរពាក់ព័ន្ធនឹងអត្តសញ្ញាណ និងកម្មសិទ្ធភាពរបស់ក្រុមហ៊ុនឡើយ។
លោកថា៖ «អាជ្ញាធរឃុំកំពុងធ្វើការសម្របសម្រួលហើយ តែមិនទាន់ដឹងលទ្ធផលទេ»។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់លើកម្មសិទ្ធរបស់ពលរដ្ឋ ដែលអាស្រ័យផលលើដីច្រើនឆ្នាំមកហើយ។ លោកបន្តថា ជនជាតិដើមភាគតិចកាន់កាប់ដីធ្លីជាអត្តសញ្ញាណចម្បងរបស់ពួកគេ មានដីអារក្ស ដីព្រៃ និងដីចម្ការវិលជុំ ដែលត្រូវការការទទួលស្គាល់ និងចេញប្លង់កម្មសិទ្ធឱ្យពួកគាត់។
លោកថា៖ « មានតែការស្រាវជ្រាវ និងស៊ើបអង្កេតទៅករណីនេះ ហើយស្វែងរកដំណោះស្រាយមួយតម្លាភាព យុត្តិធម៌ ហើយចំពោះប្រជាពលរដ្ឋរងផលប៉ះពាល់ពិតប្រាកដមែនត្រូវតែមានដំណោះស្រាយ»។
លោកបន្ថែមថា៖ «បងប្អូនជនជាតិដើមភាគតិចដែលពួកគាត់បន្តអត្តសញ្ញាណជនជាតិដើមភាគតិចប្រពៃណី ទំនៀមទំលាប់ នៅក្នុងវាទាក់ទងព្រៃអារក្ស ព្រៃអ្នកតា ព្រៃសហគមន៍ ព្រៃជំនឿ ព្រៃកប់ខ្មោចហ្នឹងជាដើម ដែលត្រូវមានការសិក្សាឱ្យបានច្បាស់លាស់ ហើយប្រសិនបើពួកគាត់មិនទាន់ទទួលបានចុះបញ្ជីជាដីសមូហភាពសហគមន៍ អាជ្ញាធរពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធគួរតែពន្លឿន»។
កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។អនុក្រឹត្យនេះក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។
ទោះជាយ៉ាងណា មានសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៣ នៅកម្ពុជា បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពសហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុប៤៥៨ គិតត្រឹមឆ្នាំ ២០២៤ ព្រោះដំណើរការចុះបញ្ជីមានភាពសាំញ៉ាំ និង ជារឿយៗ វិវាទដីធ្លីនៅទូទាំងប្រទេសច្រើនតែកើតចេញពីកង្វះភាពច្បាស់លាស់អំពីសម្បទានដីសេដ្ឋកិច្ច និងសហគមន៍ដែលកាន់កាប់ដីធ្លី៕







