មន្ត្រីក្រសួងកសិកម្មនឹងទៅពិនិត្យជម្លោះដីធ្លីស្រុករវៀងបន្ទាប់ពីទទួលបានញត្តិរបស់ពលរដ្ឋ

ដីធ្លី

(ប្រជាពលរដ្ឋមកដាក់ញត្តិនៅខុទ្ទកាល័យលោកហ៊ុន សែន កាលពីថ្ងៃទី០១ខែមិថុនា២០២៦។រូបថត ដោយរាជីនី)។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញទៅពិនិត្យករណីវិវាទដីធ្លីនៅស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋជាង ៤០នាក់ តំណាងឱ្យប្រមាណ ១៧០គ្រួសារ បានដាក់ញត្តិស្នើសុំអន្តរាគមន៍ ។ ប្រជាពលរដ្ឋមួយចំនួនរំពឹងថា ការទៅដល់របស់មន្ត្រីក្រសួងកសិកម្ម នឹងនាំទៅរកដំណោះស្រាយណាមួយសមស្រប ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេអាចទទួលបានដីអាស្រ័យផលមកវិញ ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យឹម ហ្វីណង់ បានបញ្ជាក់ថា ក្រ​សួងបានទទួលញត្តិរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១ ខែមិថុនា២០២៦។លោកបន្តថា ថ្នាក់ដឹក​នាំក្រសួងបានសម្រេចទៅពិនិត្យករណីនេះដោយផ្ទាល់នៅមូលដ្ឋាននាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦។
លោកមានប្រសាសន៍ថា៖«ថ្នាក់ដឹកនាំក្រសួងនឹងចុះទៅពិនិត្យករណីនេះនៅមូលដ្ឋានដោយផ្ទាល់នៅក្នុងថ្ងៃនេះ(ថ្ងៃទី០៣ ខែមិថុនា២០២៦»។

ប្រជាពលរដ្ឋនៅឃុំរុសរាន់ អ្នកស្រី ជី វេន អាយុ ៦០ឆ្នាំ និយាយថា អ្នកស្រីមិនទាន់ដឹងដំណឹងអំពីការបេសកម្មរបស់មន្ត្រីក្រសួងបរិស្ថានឡើយទេ ក៏ប៉ុន្តែអ្នកស្រីក៏កំពុងរង់ចាំមើលលទ្ធផលនៃការពិនិត្យរបស់មន្ត្រីក្រសួង ហើយសង្ឃឹមថានឹងទទួលបានដីត្រឡប់មកវិញ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតរំពឹងថា ចង់បានដីមកវិញ ខ្ញុំអត់ចង់បានអីក្រៅពីដីទេ ពីព្រោះដីសម្រាប់ចិញ្ចឹមទៅមុខទៀត បើលុយសូម្បីលុយយកមកនឹង មិនដឹងថាប៉ុន្មានឆ្នាំ ប៉ុន្មានខែ។ [កន្លងមកដី]ធ្វើតាមរដូវ បាន១០ លាន [រៀល] ឬមួយ ៥ លានក៏ដោយខ្ញុំបានលុយធ្វើរាល់ឆ្នាំ»។

អ្នកស្រីបន្តថា ការបាត់បង់ដីបានធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីជួបការលំបាក រីឯដីដែលធ្លាប់អាស្រ័យផលមួយផ្នែកត្រូវបានឈូសឆាយ។

ប្រជាពលរដ្ឋម្នាក់មកពីឃុំរួសរាន់ នៃស្រុករវៀង លោក សោម យូវី និយាយថា គ្រួសាររបស់លោកមានដីជាង ១០ហិកតាដែលកំពុងតែអាស្រ័យផល និងពឹងផ្នែកជីវភាពទៅលើដីមួយនេះ ។

លោកនិយាយថា៖«ទី១ ថាក្រុមហ៊ុនបានជាយកហើយ ក៏ត្រូវចាំដោះស្រាយប្រជាពលរដ្ឋ កន្លែងដែលណាដែលមិនទាន់យកលុយមិនទាន់វ៉ៃអីឲ្យក្រុមហ៊ុនផ្អាក។ បើក្រុមហ៊ុននៅតែយកទាំងអស់ ប្រជាពលរដ្ឋតាំងឃុំមានអីហូបទេ បើអត់មានដីណាដីបានជីដូងជីតា គ្មានទៅណា មានតែដេកផ្ទះ»។

លោកសំណូមពរចង់បានដីធ្វើវិញ បើទោះបីសំណងដែលក្រុមហ៊ុនឲ្យក្នុង១ហិកតា ឱ្យ៥ ឬ៦លានរៀលក៏ដោយ ក៏ស្រុកភូមិនេះដែលពឹងផ្នែកធ្វើស្រែចម្ការ បើទទួលលុយសំណងមិនអាចចិញ្ចឹមជីវភាពបានយូរអង្វែងនោះទេ។

ចំណែកពលរដ្ឋម្នាក់នៅឃុំរីករាយ ដែលអះអាងថារងផលប៉ះពាល់លើដីជាង ៣ហិកតា ក៏បានរំពឹងថា ក្រសួងនឹងអាចជួយរកដំណោះស្រាយឱ្យពួកគាត់បន្តកាន់កាប់ និងអាស្រ័យផលលើដីដែលធ្លាប់ប្រើប្រាស់។

ប្រជាពលរដ្ឋនិយាយថា៖«រំពឹងទុកអាចដោះស្រាយឲ្យខ្ញុំបាន កាត់ដីពួកខ្ញុំបានអាស្រ័យផល បន្តដល់កូនដល់ចៅទៅមុខទៀត»។

ប្រជាពលរដ្ឋថា កន្លងមកធ្លាប់មានការសម្របសម្រួលឱ្យពលរដ្ឋទទួលសំណងពីក្រុមហ៊ុន ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ពួកគេចង់បានដីធ្វើកសិកម្មវិញជាងទទួលសំណងជាប្រាក់។

ប្រជាពលរដ្ឋនិយាយថា៖«សម្រាប់ខ្ញុំខាងក្រសួងកសិកម្មដែលគាត់ចុះមកដោះស្រាយ ជូនពួកខ្ញុំ ខ្ញុំសំណូមពរឲ្យគាត់ដោះស្រាយជូន ដែលជាជនរងគ្រោះដែលប៉ះពាល់វវាទដីធ្លី ជាមួយនឹងក្រុមហ៊ុនគឺដោះស្រាយជូនខ្ញុំឲ្យបាន »។

ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃ សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត បានលើកឡើងថា អង្គការសង្គមស៊ីវិលបានតាមដានករណីនេះជាបន្តបន្ទាប់ និងបានជួបប្រជាពលរដ្ឋដែលកំពុងស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធ។

លោកបានអំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយសារដីធ្លីជាប្រភពចម្បងធ្វើចម្ការ ដើម្បីចិញ្ចឹមជីវភាពរស់នៅរបស់ពួកគេ។

លោកលើកឡើងថា៖«ដោយសារតែគាត់ មានបញ្ហាដីធ្លីបន្ទាន់គឺ គួ ដោះស្រាយជូនពួកគាត់ទៅព្រោះគាត់អាស្រ័យផលដោយសារដីធ្លី បើសិនជាគាត់អត់មានដីធ្លី គាត់អត់ដឹងបានអ្វីដោះស្រាយជីវភាពទេ ។ ចឹងរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធ គួរតែចុះទៅដោះស្រាយឲ្យពួកគាត់ ដើម្បីឲ្យគាត់មានការស្ងប់អារម្មណ៍ដោយសារមានកម្មសិទ្ធិដីរបស់គាត់ ដោយមិនមានការព្រួយបារម្ភក្នុងការដេញពួកគាត់ដើម្បីយកដីឲ្យទៅឯកជន»។

យោងតាម លីកាដូបានកត់ត្រាថា ជម្លោះដីធ្លីនេះចាប់ផ្តើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន។ប្រភពដដែលបន្តថា ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមួយចំនួនក្នុងខេត្តព្រះវិហារ ហើយ ក្រុមហ៊ុននេះបានចាប់ផ្តើមឈូសឆាយដី និងដំណាំរបស់ពលរដ្ឋសមាជិកសហគមន៍ការពារដីធ្លីឫស្សីស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ១៤៦ គ្រួសារ ក្នុងឃុំចំនួនពីរ ក្នុងស្រុករវៀង ៕

អានអត្ថបទផ្សេងទៀតអំពី ដីធ្លី

ដីធ្លី","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2792}" data-page="1" data-max-pages="1" data-start="1" data-end="1">