រដ្ឋបាលស្រុកលំផាត់ ចេញមកបញ្ជាក់ថា ទំនាស់ដីធ្លីមួយកន្លែងរបស់ពលរដ្ឋនៅភូមិកាចាញ ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ជាមួយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ឈ្មោះស្វីស រ៉ាប់បឺរ លីមីតធីត (Swiss Rubber Limited) ត្រូវបានដោះស្រាយរួចរាស់ដោយម្ចាស់ដីព្រមប្រគល់ដីចំនួន២ហិកតាទៅឱ្យក្រុមហ៊ុនវិញ។
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកលំផាត់បកស្រាយថា ក្រុមហ៊ុនស្វីស រ៉ាប់បឺរ លីមីតធីត បានយកគ្រឿងចក្រត្រៀមចូលឈូសឆាយនៅទីតាំងដីចម្ការនោះព្រោះក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចស្របច្បាប់ពីរដ្ឋាភិបាលបន្តពីក្រុមហ៊ុនកាន់កាប់មុនឈ្មោះក្រុមហ៊ុនតាយសេង។ លិខិតដដែលបន្តថា ម្ចាស់ដីដែលអាស្រ័យផលលើដីនោះបានព្រមព្រៀងប្រគល់ដីជូនក្រុមហ៊ុនវិញដោយមិនធ្វើការជំទាស់ ឬទាមទារសំណងអ្វីឡើយ ហើយបានទុកពេលឱ្យម្ចាស់ដីឈ្មោះអ្នកស្រី គឹម ង៉ា ដកដំណាំចេញចាប់ពីមានកិច្ចព្រមព្រៀង ជៀសវាងរងផលប៉ះពាល់ឬខូចខាត។
តែក្រោយមក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ម្ចាស់ដីឈ្មោះអ្នកស្រី គឹម ង៉ា និងគ្រួសារបែរជាជំទាស់ តវ៉ាមិនឱ្យក្រុមហ៊ុនធ្វើការឈូសឆាយទៅវិញ ថែមទាំងថតវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្ទុយពីកិច្ចព្រមព្រៀង។ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកលំផាត់ខាងលើ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋម្នាក់បានបង្ហោះខ្លឹមសារនៅក្នុងវីដេអូថា ក្រុមហ៊ុនជ័រកៅស៊ូមួយយកត្រាក់ទ័រឈូសឆាយដីជនជាតិដើមភាគតិចព្រៅម្នាក់អស់ចំនួនជិត២ហិកតា។ នៅក្នុងវីដេអូដែលប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋមានការខឹងសម្បារ លើកម្មករក្រុមហ៊ុន ដែលយកគ្រឿងចក្រគាស់រំលើងដើមស្វាយចន្ទីដែលប្រជាពលរដ្ឋដាំ។ នៅក្នុងវីដេអូនេះគេសង្កេតឃើញមាន អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្រនៅកន្លែងទៀតផង។
ម្ចាស់ដីជាជនជាតិដើមភាគតិច អ្នកស្រី គឹម ង៉ា ប្រាប់ប្រជាកាសែតថាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនដាំកៅស៊ូនេះកើតឡើងលើពីរទីតាំង។ អ្នកស្រីបានយល់ព្រមប្រគល់ដីមួយទីតាំងដែលគ្រួសារអ្នកស្រីដាំដំឡូងអស់រយៈពេល១០ឆ្នាំមកហើយទៅឱ្យក្រុមហ៊ុនកាលពីខែឧសភា ព្រោះអ្នកស្រីថា អ្នកស្រីមិនចង់មានជម្លោះអូសបន្លាយ ដោយស្នើសុំតែថ្លៃខូចខាតប៉ុណ្ណោះ តែនៅមិនទាន់ទទួលបានសំណងនៅឡើយ។ ក្នុងជម្លោះកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៦ អ្នកស្រីអះអាងថាក្រុមហ៊ុនបែរជាមកឈូសឆាយនៅទីតាំងដីចម្ការគ្រួសារអ្នកស្រីមួយកន្លែងទៀត ដោយអះអាងថាជាដីក្រុមហ៊ុនដែរទៅវិញ។
អ្នកស្រីថា៖ «ខ្ញុំអត់ព្រមទទួលស្គាល់ទេ។ ដីដែលខ្ញុំព្រមប្រគល់ឱ្យនោះ ជាដីផ្សេងទេ មានសិទ្ធិអីមកបញ្ចូលដីនេះ។ ដីនេះដីម្ដាយខ្ញុំទេ។ ខ្ញុំមានទំនាស់ពីរកន្លែងជាមួយក្រុមហ៊ុន។ មួយកន្លែងនោះក៏ខ្ញុំធ្វើជាង១០ឆ្នាំហើយដែរ តែខ្ញុំអត់ចង់មានរឿង ក៏ព្រមឱ្យទៅ។ គាត់ [ក្រុមហ៊ុន]ថាជារបស់គាត់»។
អ្នកស្រីបន្តថា៖ «ដីមួយកន្លែងដែលខ្ញុំព្រមប្រគល់ឱ្យនោះក៏មិនទាន់បានសំណង។ ខ្ញុំសុំ២លានរៀលសម្រាប់ការខូចខាត យកមកទិញដំឡូង ចន្ទីវិញចឹង។ គេអត់ឃើញឱ្យ។ គេថាគេចាំគិតមើលសិន»។
ពាក់ព័ន្ធនឹងដំណោះស្រាយ អ្នកស្រីបានជួបពិភាក្សាជាមួយអាជ្ញាធរឃុំ ស្រុក និងតំណាងក្រុមហ៊ុនកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រីលើកឡើងថាអ្នកស្រីមិនព្រមផ្ដិតមេដៃយល់ព្រមផ្ដល់ដីលើទីតាំងថ្មីទៅឱ្យក្រុមហ៊ុនឡើយ ព្រោះជាដីអាស្រ័យផលតជំនាន់មកហើយ។
អ្នកស្រីអះអាងថា៖ «ខ្ញុំសូមសំណូមពរឱ្យរដ្ឋាភិបាលជួយ។ ខ្ញុំប្រជាជនជាជនជាតិដើមភាគតិចអត់សូវចេះនិយាយ។ កុំប្រកាន់ខ្ញុំ។ ខ្ញុំសូមឱ្យរកយុត្តិធម៌ឱ្យខ្ញុំផង។ ដីនេះអត់មានពាក់ព័ន្ធជាមួយដីមួយកន្លែងទៀតនោះទេ»។
ក្រុមហ៊ុនស្វីស រ៉ាប់បឺរ លីមីតធីត ជាក្រុមហ៊ុនដាំដំណាំកសិឧស្សាហកម្ម កៅស៊ូមួយនៅខេត្តរតនគិរី។ យោងតាមទិន្នន័យពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រុមហ៊ុននេះបានទទួលដីសម្បទានពីរដ្ឋតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទំហំជាង ៣,៥០០ ហិកតា សម្រាប់ការដាំដុះដំណាំកៅស៊ូ នៅឆ្នាំ២០១០។
មេឃុំល្បាំង២ លោក ផន ចាន់ថន លើកឡើងថាអាជ្ញាធរឃុំកំពុងធ្វើការជាមួយអាជ្ញាធរស្រុក រួមជាមួយនឹងតំណាងក្រុមហ៊ុនដើម្បីសម្របសម្រួល និងរកដំណោះស្រាយ តែលទ្ធភាពយ៉ាងណា លោកមិនទាន់អាចបកស្រាយបាននៅឡើយ។ លោកថា ក្រុមហ៊ុនមិនទាន់អាចឆ្លើយតបទៅនឹងការផ្ដល់សំណងទាក់ទងនឹងដីធ្លីរបស់អ្នកអ្នកស្រី គឹម ង៉ា នៅឡើយ។ ចំណែកដីមួយកន្លែងទៀត លោកថា រង់ចាំចំណាត់ការរបស់មន្ទីរកសិកម្មខេត្តត្រួតពិនិត្យសិន ព្រោះជាដីស្ថិតក្នុងបន្ទាត់ក្រហម។
លោកបញ្ជាក់ថា៖ «ដំណោះស្រាយអត់ទាន់រួចរាល់ទេដោយសារខាងតំណាងក្រុមហ៊ុនគេថាគេនឹងពិភាក្សារឿងហ្នឹងសិន។ ម្ចាស់ដីហ្នឹង គាត់ទារសំណងខូចខាត៥០០ដុល្លារ។ […] ដីមួយកន្លែងនោះគាត់ព្រមប្រគល់ឱ្យហើយ តែនៅក្នុងកិច្ចព្រមព្រៀងនៅឡើយទេ។ ចំណែកដីមួយកន្លែងទៀត [ដីទើបមានជម្លោះថ្មីៗ]ដីស្ថិតក្រោមមន្ទីរកសិកម្មទេ»។
លោកបន្ថែមថា៖ «រឿងគាត់សូមធ្វើប្លង់ កាលនិស្សិតមកវាស់វាស់មិនមែនដីរបស់គាត់ទេ ដីរបស់គាត់ ស្ថិតក្រោមបន្ទាត់ក្រហម»។
តំណាងក្រុមហ៊ុន លោក ខេន ឈុនឡេង មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ជនជាតិដើមភាគតិចនៅកកម្ពុជាមិនសូវមានចំណេះដឹងផ្នែកច្បាប់នោះទេ ជាពិសេសទៅលើរឿងដីធ្លីរបស់ពួកគាត់។ ដូច្នេះលោកថា ការយល់ព្រមទទួលយកដំណោះស្រាយណាមួយត្រូវតែគោរពតាមឆន្ទៈរបស់គាត់ និងតម្លាភាព។
លោកមានប្រសាសន៍ថា៖ «ជនជាតិដើមភាគតិចគាត់មិនសូវមានចំណេះដឹងផ្នែកច្បាប់ ឬមួយក៏មិនសូវយល់ដឹងផ្នែកច្បាប់ណាមួយនោះទេ ជាពិសេសគឺពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះតែម្ដង។ ដូច្នេះការយល់ព្រមណាមួយ លុះត្រាតែកិច្ចព្រមព្រៀងនោះធ្វើឡើងដោយដោយតម្លាភាព និងយុត្តិធម៌ ដើម្បីឱ្យជនជាតិដើមភាគតិចអាចយល់ច្បាស់ពីកិច្ចព្រមព្រៀងហ្នឹង»។
លោកបន្ថែមថា៖ «ករណីទាំងអស់នេះអាជ្ញាធរត្រូវធ្វើការពិនិត្យ និងស្រាវជ្រាវឡើងវិញទៅលើបញ្ហាទាំងអស់នេះថាតើពលរដ្ឋដែលជាជនជាតិដើមភាគតិចគាត់មានការយល់ស្របដែរឬទេ ដំណោះស្រាយនេះវាសមរម្យឬទេ។ បើមិនសមរម្យ យុត្តិធម៌ទេយើងត្រូវធ្វើការដោះស្រាយ សម្របសម្រួល យ៉ាងម៉េចឱ្យមានតម្លាភាព និងយុត្តិធម៌។ កុំឱ្យមានការប៉ះពាល់ដល់គាត់»។
ជនជាតិដើមភាគតិចនៅកម្ពុជា រងការរំលោភយកដីធ្លីជាចម្បង ដោយសារតែដីសម្បទានដីសេដ្ឋកិច្ច (ELC) ដល់ក្រុមហ៊ុនឯកជននៅលើដីដូនតារបស់ពួកគេ ទោះបីជាមានការការពារផ្នែកច្បាប់លើសិទ្ធិដីធ្លីសហគមន៍របស់ពួកគេក៏ដោយ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវលើសិទ្ធដីធ្លីរបស់ជនជាតិដើមភាគតិចរបស់អង្គការ Heinrich Böll Stiftung ប្រចាំប្រទេសកម្ពុជា។
យោងតាមទិន្នន័យពីអង្គការសិទ្ធិមនុស្សលីកាដូ សព្វថ្ងៃនេះ ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចគ្រប់គ្រងលើផ្ទៃដីប្រហែល ២,២៥ លានហិកតានៃប្រទេសកម្ពុជា ដែលស្មើនឹងប្រហែល ១២ ភាគរយនៃប្រទេស តាមរយៈដីសម្បទានសេដ្ឋកិច្ចចំនួន ៣៤៤ ដែលបានផ្តល់ឱ្យចាប់តាំងពីឆ្នាំ១៩៩០។ ក្រុមហ៊ុនដែលគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចភាគច្រើនជាក្រុមហ៊ុនចិន ដែលកាន់កាប់ចំណែកធំជាងគេគឺជិត ៤០០,០០០ ហិកតា បន្ទាប់មកគឺ ក្រុមហ៊ុនវៀតណាមដែលមានផ្ទៃដីជាង ៣៦០,០០០ ហិកតា៕







