អ្នកអភិរក្សត្រូវការថវិកាបន្ទាន់ ដើម្បីបន្តសកម្មភាពថែទាំសត្វដំរីស្រុកនៅខេត្តមណ្ឌលគិរី

បរិស្ថាន

(ដំរីស្រុកនៅមណ្ឌលគិរីនិងក្រុមអ្នកទេសចរណ៍អន្តរជាតិទៅកម្សាន្តថតរួប)។គម្រោងជ្រលងដំរី ខេត្តមណ្ឌលគិរី។

គម្រោងជ្រលងដំរី ឬ Elephant Valley Project មានទីតាំងនៅខេត្តមណ្ឌលគិរី ប្រកាសរៃអង្គាសប្រាក់ជាបន្ទាន់ចំនួន ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីផ្តត់ផ្គង់ដល់ប្រតិបត្តិការចំនួនពីរខែលើការអភិរក្សដំរី ចំពេលចំនួនទេសចរធ្លាក់ចុះក្នុងរដូវវស្សាធ្វើឱ្យប្រាក់ចំណូលក៏ធ្លាក់ចុះ។

អនុប្រធានអង្គការកិច្ចផ្តួចផ្តើមដើម្បីជីវភាពដំរី និងបរិស្ថាន (ELIE) និងជាអនុប្រធានគម្រោងជ្រលងដំរីកម្ពុជា អ្នកនាង Jemma Bullock ឱ្យដឹងថា ការអង្គាសប្រាក់នេះ ដោយសារសព្វថ្ងៃ គម្រោងជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់មួយចំនួនដូចជា លើចំណីអាហារ និងការថែទាំសត្វដំរី ប្រាក់ឈ្នួលសម្រាប់បុគ្គលិក ការចំណាយលើប្រេងឥន្ធនៈ និងការដឹកជញ្ជូន ព្រមទាំងសកម្មភាពល្បាតការពារផ្ទៃដីព្រៃឈើ។

អ្នកនាងថា ការអំពាវនាវសុំឱ្យមហាជនបរិច្ចាគជាបន្ទាន់នេះ គឺដើម្បីឆ្លងកាត់ដំណាក់កាល ៦០ថ្ងៃខាងមុខនេះ រហូតដល់រដូវកាលទេសចរណ៍រដូវក្តៅនឹងចាប់ផ្តើមងើបឡើងវិញ។ យ៉ាងណា អ្នកនាង Jemma បញ្ជាក់ថាទេសចរក៏បានកក់ទុកខ្លះៗឡើងវិញនៅពាក់កណ្តាលខែមិថុនា។

អ្នកនាង Jemma Bullock: «ពេលនេះ ពួកយើងត្រូវការរៃអង្គាសប្រាក់ជាបន្ទាន់ចំនួន ១៥,០០០ដុល្លារ ដើម្បីគ្រាន់តែជួយទ្រទ្រង់ដល់ប្រតិបត្តិការប្រចាំខែឧសភា និងមិថុនានេះ។ ដោយសារតែការលុបចោលការកក់ទុក ការបង្វិលប្រាក់សងវិញ ចំនួនភ្ញៀវទេសចរនៅតែបន្តមានកម្រិតទាប ព្រមទាំងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការចំណាយលើប្រតិបត្តិការផ្សេងៗ បានធ្វើឱ្យពួកយើងរកចំណូលបានតែពាក់កណ្តាលប៉ុណ្ណោះ នៃកញ្ចប់ថវិកាចាំបាច់សម្រាប់ខែមេសា»។

អ្នកនាងបញ្ជាក់ថា ករណីជំលោះសកលនៅតែបន្ត និងការថយចុះថវិកាប៉ុន្មានឆ្នាំចុងក្រោយនៅតែបន្តមាន ហើយមិនមានការបរិច្ចាគដែរនោះ គម្រោង និងការងាររបស់អង្គការមិនមែនរដ្ឋាភិបាលមួយនេះអាចបិទជាបណ្តោះអាសន្ន ដែលអាចនាំឱ្យមានការកាត់បន្ថយការចំណាយខ្លាំងលើការថែទាំសត្វដំរី ការល្បាតព្រៃឈើ និងការងារគាំទ្រសហគមន៍ជនជាតិដើមពូនងផងដែរ។

អង្គការកិច្ចផ្តួចផ្តើមដើម្បីជីវភាពសត្វដំរី និងបរិស្ថាន (ELIE) គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែល បានចុះបញ្ចីមិនស្វែងរកប្រាក់ចំនេញ ដែលធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៦។ បេសកកម្ម របស់អង្គការ គឺធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វដំរី សុខុមាលភាពរបស់ប្រជាជន និងជីវភាពរស់នៅដល់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ។

អង្គការនេះ ដើរតួជាគំរូ នៃទេសចរណ៍វៃឆ្លាត បែបធម្មជាតិ និងត្រូវបានអភិវឌ្ឍ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយ សហគមន៍ជនជាតិដើមភាគតិចពូនងក្នុងភូមិពូត្រុំ ខេត្តមណ្ឌលគិរី ស្ថិតនៅលើផ្ទៃដីព្រៃសហគមន៍ ១៥០០ហិកតា ដែលបានចិញ្ចឹមប្រជាជនមូលដ្ឋាន សត្វព្រៃ និងព្រៃឈើ អស់រយៈពេលជិតពីរទសវត្សមកហើយ។

អង្គការបានវិវឌ្ឍខ្លួនជាមួយគម្រោងជ្រលងដំរី (EVP) គម្រោងនេះ បានបង្កើតឡើងអំឡុងឆ្នាំ២០០៧ និងបានក្លាយជាជម្រកអចិន្រ្តៃយ៍សម្រាប់ជីវចម្រុះ ជាប់នឹងដែនជម្រកសត្វព្រៃកែវសីមា។ ទីនេះក៏ជាផ្ទះចុងក្រោយរបស់ដំរីចាស់ៗ និងរងរបួសចំនួន ៧ក្បាល ដែលមានអាយុចន្លោះពី ៤០ ដល់ ៧០ឆ្នាំ ឱ្យរួចផុតពីការធ្វើការធ្ងន់ធ្ងរក្នុងការកាប់ឈើ ឬការជិះកម្សាន្ត ហើយមកកសាងជីវិតថ្មី ដោយរស់នៅតាមធម្មជាតិរបស់ពួកវា។

គម្រោងជ្រលងដំរីនេះ ទទួលបានប្រាក់ចំណូលភាគច្រើន តាមរយៈភ្ញៀវទេចរ អ្នកស្ម័គ្រចិត្ត ការបរិច្ចាគ និងការផ្តល់មូលនិធិជាដើម។ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ គម្រោងនេះបានផ្តល់ប្រាក់ក្នុងការថែទាំសត្វដំរីក្នុងសហគមន៍ ការការពារព្រៃឈើ និងកម្មវិធីសហគមន៍សំខាន់ៗផ្សេងទៀត។

ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍ (Head Guide) នៅគម្រោងជ្រលងដំរី (Elephant Valley Project) លោក ខាល់ ទឿន ជាជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំ អាយុ ៣៦ឆ្នាំ។ លោកចូលបម្រើការក្នុងអង្គការ ELIE តាំងពីឆ្នាំ២០១៣ ដើម្បីស្វែងរកបទពិសោធថ្មីៗ និងប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

ក្នុងស្ថានភាពលំបាករបស់អង្គការ ដែលលោកកំពុងបំពេញការងារនេះ លោក ទឿន ឱ្យដឹងថាទេសចរណ៍ទ្រទ្រង់សហគមន៍ ការពារសត្វព្រៃ ជាពិសេសដំរី ដែលថវិកាបានមកពីវិស័យទេសចរណ៍ គឺយកទៅទិញចំណី ថ្នាំសង្កូវសម្រាប់ថែទាំដំរី និងជួយទំនុកបម្រុងដល់ជីវភាពសហគមន៍ជាដើម។

លោកអំពាវនាវយ៉ាងដូច្នេះ៖ «ខ្ញុំ គឺជាអ្នកនាំភ្ញៀវនៅកន្លែងគម្រោងអិលី (ELIE) ហ្នឹង ខ្ញុំចង់អំពាវនាវទៅដល់ភ្ញៀវទេសចរក្នុងស្រុក ឬក៏ក្រៅស្រុក ឱ្យពួកគាត់ទាំងអស់គ្នា មកលេងនៅមណ្ឌលគិរីផង។ ឥឡូវយើងអត់សូវមានភ្ញៀវមកលេងនៅមណ្ឌលគិរី ដោយសារ នៅទាំងអស់ នៅពិភពលោក ឬក៏នៅកម្ពុជាយើង នៅមានសង្គ្រាមអ៊ីចឹងណា។ អ៊ីចឹងខ្ញុំចង់អំពាវនាវទាំងអស់គ្នា ហើយមកលេង ហើយជួយឧបត្ថម្ភ នៅកន្លែងអង្គការគម្រោង អិលី ដើម្បីផ្តល់ក្តីសង្ឃឹម និងជួយដល់ការងារមើលថែដំរី»។

លោក ខាល់ ទឿន បន្ត៖ «បើមានភ្ញៀវ មានដំរីយើង ព្រោះដល់ពេលមានភ្ញៀវមកលេង យើងបានលុយ លុយហ្នឹង យើងជួយជាចំណីដំរី យើងជួយជាថ្នាំពេទ្យឱ្យដំរីដែរ។ ឥឡូវយើង ជួយការពារដំរីស្រុក ដើម្បីឱ្យគាត់មានអាយុយឺនយូរ។ ហើយទៅអនាគតទៀត យើងត្រូវការការពារ ដំរីព្រៃ និងអភិរក្សព្រៃទាំងអស់ នៅកម្ពុជាយើង ដើម្បីសល់គង់វង្ស ដើម្បីឱ្យមាន ការអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីឱ្យសត្វ គាត់សប្បាយចិត្ត ក្នុងការរស់នៅ»។

ស្រដៀងគ្នានេះដែរ កញ្ញា ម៉ិច ជូឡាយ អ្នកផលិតភាពយន្តឯកសារ ធ្លាប់ស្វែងយល់អំពីសត្វដំរី និងធ្លាប់ទៅលេងនៅគម្រោងជ្រលងដំរី បានរៀបរាប់អំពីបទពិសោធថា សត្វដំរីប្រៀបដូចជាមនុស្សដែរ ដែលមានអារម្មណ៍ មនោសញ្ចេតនា និងការចងចាំ។

កញ្ញាឱ្យដឹងទៀតថា ដ្បិតដំរីជាសត្វធំ មានកម្លាំងខ្លាំង ប៉ុន្តែដំរីអន់ភ្នែក ដែលភ្នែកដំរី មើលបានតែទៅត្រង់ប៉ុណ្ណោះ ការនេះនាំឱ្យពួកវាងាយនឹងរងរបួសដោយសារបុកនឹងរបស់ផ្សេងៗ ខណៈសំឡេងរំខានពីការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាសង្គ្រាមជាដើម បានធ្វើឱ្យដំរីបាក់ស្បាត និងមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។

កញ្ញា ម៉ិច ជូឡាយ៖ «ដំរីមានតម្រូវការច្រើនណាស់ ជាពិសេសចំណី ពួកគាត់ហូបច្រើន អ៊ីចឹងបើមានព្រៃឈើ មានចំណីពីក្នុងព្រៃសម្រាប់ពួកគាត់។ ហើយពេលដំរីដើរអីហ្នឹង ដានឃើញគាត់ អាចជួយបង្កើតទីជម្រកសម្រាប់សត្វតូចៗផ្សេងៗទៀត និយាយទៀត វាដូចជាវដ្ដជីវិតក្នុងធម្មជាតិ ដែលខ្វះមួយណាមិនបាន។ អ៊ីចឹងហើយ ការចូលរួមការពារព្រៃឈើ និងអភិរក្សសត្វដំរី ពិតជាសំខាន់»។

កញ្ញា ជូឡាយ បន្ថែមថា ដ្បិតបច្ចុប្បន្ន ដំរីស្រុកជាច្រើនត្រូវបានអភិរក្ស ឱ្យរស់នៅដោយធម្មជាតិ ប៉ុន្តែការបាត់បង់ព្រៃឈើ បានជះផលអាក្រក់ដល់ពួកវា ឯតម្រូវការសម្រាប់ការងារអភិរក្សទៀតសោត មានច្រើន ដែលចាំបាច់ឱ្យមហាជនចូលរួមស្វែងយល់ និងបរិច្ចាគថវិកាសម្រាប់ការអភិរក្សដើម្បីនិរន្ដរភាពប្រព័ន្ធបរិស្ថានមួយនេះ។

ត្រលប់មកគម្រោងជ្រលងដំរីវិញ អ្នកនាង Jemma Bullock សង្ឃឹមថាសាធារណជន នឹងចូលរួមបរិច្ចាគប្រាក់ ដើម្បីជួយដល់អង្គការបានឆ្លងឱ្យផុតពេលវេលាលំបាកសម្រាប់រយៈពេលប៉ុន្មានខែនេះ និងធានាអនាគតប្រកបដោយចីរភាពសម្រាប់សត្វដំរី និងសហគមន៍។

អ្នកនាងថា ក្រៅពីការបរិច្ចាគប្រាក់ មហាជនក៏អាច មកលេងកម្សាន្តនៅតំបន់អភិរក្សដំរីដោយផ្ទាល់ ដើម្បីជួយសកម្មភាព ឬការចំណាយ និងបំពេញគម្លាតថវិកាដែលខ្វះខាតណាមួយ។ ការឧបត្ថម្ភប្រចាំខែដល់សត្វដំរី ជាមូលនិធិផ្តល់អាហារ ថ្នាំពេទ្យ និងការថែទាំ។ ការគាំទ្រពីសាជីវកម្ម និងជំនួយឥតសំណង ពីអង្គការ ណាមួយផ្ទាល់តែម្តង ឬសមាជិក បុគ្គលិក និងអ្នកផ្សេងទៀតដែលធ្វើការជាមួយគ្នាជួយគាំទ្រ និងបរិច្ចាកដល់មូលនិធិនេះ ឬជាការផ្តល់ជាសម្ភារផ្សេងៗ អាហារ ថ្នាំពេទ្យ ឬឧបករណ៍ផ្សេងៗទៀត។

ក្នុងនោះ អ្នកនាង Jemma ស្នើឱ្យមានចែករំលែកសារនៃការអំពាវនាវនេះ ដោយភ្ជាប់ជាមួយអ្នកជួយ ដែលជាមនុស្សមានសក្តានុពល ល្បីល្បាញ នោះរាល់សកម្មភាពទាំងអស់អាចនឹងប្រសើរទ្បើង។ យ៉ាងណា អ្នកនាងសូមអរគុណសម្រាប់ការជួយគាំទ្រ ស្រលាញ់សត្វ និងព្រៃឈើរួមទាំងសត្វដំរី បុគ្គលិក និងសហគមន៍ ដែលអំទ្បុងពេលកំពុងជួបបញ្ហាលំបាក និងរកសង្ឃឹមមួយនេះ។

បើតាមក្រសួងបរិស្ថានប្រទេសកម្ពុជា មានដំរីស្រុកប្រមាណ ៧០ ក្បាល។ ចំណែកដំរីព្រៃ មានចំនួនចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគឦសាន ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប។

យ៉ាងណា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2822}" data-page="1" data-max-pages="1" data-start="1" data-end="1">