រដ្ឋាភិបាល ដោយដាក់ទិសដៅជំរុញសាធារណជនកាត់បន្ថយសំណល់ឱ្យបានច្រើនបំផុតដើម្បីការពារបរិស្ថាន ។នេះបើតាមសាររបស់ក្រសួងបរិស្ថានដែលបានប្រារព្ធខួបលើកទី៣០ នៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ទិវាបរិស្ថានឆ្នាំនេះត្រូវធ្វើឡើងក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste) »ដោយអាជ្ញាធរកម្ពុជាចង់លើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយសំណល់ និងការពារបរិស្ថាន។
ក្នុងសារអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញភាគីទាំងអស់ចូលរួម ដើម្បីរួមគ្នាគាំពារបរិស្ថានស្អាត ។
លោកលើកឡើងក្នុងបណ្តាញសង្គមថា៖ «សាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ប្រទេសកម្ពុជាបានប្រារព្ធទិវាបរិស្ថានជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៦ ហើយឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃការរៀបចំព្រឹត្តិការណ៍នេះ។
លោកបន្តថា កម្ពុជាបានជ្រើសរើសប្រធានបទ «សំណល់សូន្យ» ដោយសារបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិក កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងបានជំរុញឱ្យសាធារណជនអនុវត្តគោលការណ៍ «៤ក» (4Rs) រួមមាន ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ។
លោកលើកឡើងថា៖«ការបំពុលដោយសំណល់ប្លាស្ទិក កើតមានឡើងនៅពេលដែលមានការបោះចោល ឬបញ្ចេញសំណល់គ្រប់ប្រភេទ (រឹង រាវ និងឧស្ម័ន) មិនបានត្រឹមត្រូវចូលទៅក្នុងបរិស្ថាន ឧទាហរណ៍ដូចជាការបញ្ចេញសំណល់រាវ (ទឹកកង្វក់) ដែលមិនទាន់បានធ្វើប្រព្រឹត្តកម្មចូលទៅក្នុងប្រភពទឹកសាធារណៈ ការបោះចោលសំណល់គ្រោះថ្នាក់ និងសំណល់រឹងគ្រប់ប្រភេទរួមបញ្ចូលទាំងសំរាម នៅតាមទីសាធារណៈជាដើម។ ការបំពុលដោយសំណល់ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈ ចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងការបំពុលឬបំផ្លាញប្រព័ន្ធអេកូឡូស៊ីទាំងមូល»។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ របាយការណ៍របស់ U.S. News & World Report ចេញផ្សាយលើគេហទំព័រខ្លួន លើកឡើងថាប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបរិស្ថានធម្មជាតិ ដែលជាចំណាត់ថ្នាក់មួយល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៦។ ចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិល្អផុតគេនេះ ទទួលបានពិន្ទុ ៧៨.៨ ដោយផ្អែកលើភាពទាក់ទាញ នៃបរិស្ថានធម្មជាតិចម្រុះ គួរឱ្យចង់រស់នៅ និងទាក់ទាញទេសចរ ក៏ដូចជានិរន្តរភាព នៃដីធ្លី និងការការពារធនធានធម្មជាតិ។
យុវជនមកពីតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ឈៀង ឡុង បានស្វាគមន៍ការរៀបចំទិវាបរិស្ថាននេះ ដោយចាត់ទុកថា ជាឱកាសល្អក្នុងការផ្សព្វផ្សាយពីសក្តានុពលធម្មជាតិ និងភាពស្រស់ស្អាតរបស់កម្ពុជា។
លោក ឈៀង ឡុង ប្រាប់ថា ប្រជាពលរដ្ឋគួរតែផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងងាកទៅប្រើសម្ភារៈដែលអាចប្រើឡើងវិញបាន ដើម្បីចូលរួមថែរក្សាបរិស្ថាន។
លោកបាននិយាយថា៖«ផ្ញើសារទៅកាន់ក្មេងជំនាន់ក្រោយបើអាច យើងគួរតែកាត់បន្ថយនូវថង់ប្លាស្ទិក កែវប្លាស្ទិកយើងអាចប្តូរមកប្រើកែវអីណុក ដែលអាចស្រួលដាក់តាមខ្លួនប្រសិនជាអាចទៅផ្សារមិនត្រូវប្រើថង់ប្លាស្ទិកទេ»។
ក្រៅពីនេះ លោកក៏បានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ ដោយអះអាងថា នៅតែមានការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់មួយចំនួន ខណៈសកម្មជន ឬយុវជនដែលចង់ចូលរួមការពារព្រៃឈើ ពេលខ្លះជួបការរឹតត្បិតក្នុងការចូលទៅតំបន់ទាំងនោះ។
លោកបាននិយាយថា៖ «គាត់ [មន្ទីរបរិស្ថាន]នៅតែមានចន្លោះខ្វះខាតត្រង់ថា នៅពេលដែលយុវជននៅពេលដែលចូលឬក៏ការពារ ដើម្បីចូលថែរក្សា គាត់ហាមឃាត់ទៅវិញ បើអ្នកកាប់បំផ្លាញនៅតែមាន»។
យោងតាមអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន៣លានហិកតា ចន្លោះឆ្នាំ២០០១ និង២០២៥ ហើយប្រហែល ៩៧ភាគរយ នៃការខាតបង់នេះ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។
នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា
បានលើកឡើងថា បញ្ហាសំរាម និងសំណល់នៅតែជាបញ្ហាប្រឈមនៅកម្ពុជា ជាពិសេសនៅតំបន់ទេសចរណ៍ និងតំបន់ឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួននៅមិនទាន់មានទម្លាប់ល្អក្នុងការទុកដាក់សំរាម។
លោកយល់ថា ការដោះស្រាយបញ្ហានេះទាមទារឱ្យមានការចូលរួមពីរដ្ឋ និងសាធារណជន តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។
លោកនិយាយថា៖«ដូច្នេះហើយទាមទារឲ្យរដ្ឋក៏ដូចជាសាធារណជនទូទៅធ្វើការរួមគ្នា នៅក្នុងន័យអប់រំផ្សព្វផ្សាយផងហើយយើងធ្វើម៉េចជំរុញឲ្យការគ្រប់គ្រងសំរាមនិងកាកសំណល់ផ្សេងៗ ហ្នឹងមានរបៀបរៀបរយល្អប្រសើរត្បិតប្រទេសកម្ពុជាយើងក៏ពឹងផ្អែកទៅលើប្រភពចំណូល ទេសចរអន្តរជាតិទេសចរលោកខាងលិចផងដែរ»។
លោកបន្ថែមថា៖«ដូច្នេះទាមទារឲ្យអាជ្ញាធរនៅតាមតំបន់ទាំងអស់នោះគាត់ត្រូវធ្វើយ៉ាងណាស្វែងរកនូវដំណោះស្រាយឬក៏មធ្យោបាយសម្រាប់ទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅតាមតំបន់កោះ តំបន់សមុទ្រ ហើយនៅភ្នំពេញយើងជាក់ស្ដែងត្រូវតែធានាថាកុំឲ្យមានការបោះចោលសំរាម ឲ្យមានធុងសំរាមគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងការទុកដាក់ផងដែរ។ យើងក៏ត្រូវមានការបែងចែកសម្រាមទៅតាមប្រភេទឱ្យបានត្រឹមត្រូវ»៕







