តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចកាចក់ចំនួន ៣០ នាក់ នៅភភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ស្នើសុំសាលាដំបូងខេត្តរតនគិរី អន្តរាគមន៍រឿងបុគ្គលខាងក្រៅចូលទន្ទ្រានដីព្រៃអារក្សសហគមន៍ ដោយមិនមានការចាត់វិធានការពីអាជ្ញាធរ។
ការស្នើសុំអន្តរាគមន៍នេះធ្វើឡើងក្រោយសាលាដំបូងខេត្តរតនគិរីកោះហៅឱ្យចូលបំភ្លឺតាមបណ្ដឹងរបស់ប្រជាសហគមន៍ ដែលប្ដឹងទៅបុគ្គលចំនួន ១០ នាក់ ពីបទកាប់គាស់ រុករានព្រៃ ឆ្ការដុតព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងឃុបឃិតលក់ទិញដីព្រៃអារក្សចំនួន ១៣៦,៧៩ ហិកតា។
នៅក្នុងពាក្យបណ្ដឹងដែលសហគមន៍ភភូមិកាណាតប្ដឹងទៅសាលាដំបូងខេត្តរតនគិរី ប្រជាសហគមន៍ចោទប្រកាន់បុគ្គលឈ្មោះ ថា ប៊ុនឡត, រម៉ាម យ៉ែក, ហង្ស សាវីន, សៀត សីហា, សល់ ហយ, រម៉ាម គ្រឿង, សល់ ឆេង, ឈ្នាង ស្រេង, ងេង សោភ័ណ្ឌ, និងសួន ចាន់ ថាបានកាប់គាស់ រុករានព្រៃ ឆ្ការដុតព្រៃ និងឈូសឆាយព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ និងឃុបឃិតលក់-ទិញដី និងព្រៃសាធារណៈរបស់រដ្ឋ ដែលប្រព្រឹត្តនៅភភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។
យោងតាមពាក្យបណ្ដឹង ព្រៃអារក្សនៅសហគមន៍កាណាតត្រូវបានប្រជាសហគមន៍កាន់កាប់ជាព្រៃសម្រាប់សហគមន៍ធ្វើការគោរពដល់បុព្វបុរស និងប្រពៃណីជនជាតិដើមភាគតិចកាចក់តាំងពីមុនឆ្នាំ ១៩៧៩ និងបន្តមកដល់សព្វថ្ងៃ។ តែចាប់តាំងពីខែមីនា ឆ្នាំ ២០២៤ ព្រៃអារក្សនេះត្រូវបានឈ្មោះ តាអំពៅ ដែលជាមេការឱ្យលោក ហង្ស សាវីន ដឹកនាំកម្លាំង និងគ្រឿងចក្រចូលឈូសឆាយអស់ជាច្រើនហិកតា។ តាមពាក្យបណ្ដឹងនេះដែរ ក្រោយមកមានមេការម្នាក់ទៀតឈ្មោះ សៀត សីហា បន្តនាំកម្លាំងចូលទន្ទ្រានយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ឡើយ។
ប្រជាពលរដ្ឋនៅភភូមិកាណាត លោក សល់ ផែន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីទន្ទ្រានដីព្រៃសហគមន៍នេះ ប្រជាសហគមន៍ធ្លាប់រាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ ស្រុក ប៉ុន្តែគ្មានចំណាត់ការណាមួយឡើយ ដោយជនប្រព្រឹត្តនៅតែកាប់ទន្ទ្រានកាន់តែច្រើនឡើង។ លោកថា សាលាដំបូងខេត្តរតនគិរីមិនបានផ្ដល់ចំណាត់ការណាមួយសម្រាប់សហគមន៍ទេ តែផ្ទុយទៅវិញ សាលាដំបូងស្នើឱ្យពលរដ្ឋដកពាក្យបណ្ដឹង និងស្នើសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តវិញ ដើម្បីស្វែងរកការដោះស្រាយរឿងដីធ្លីសហគមន៍នេះ។
លោកថា៖ «តុលាការអត់ធ្វើឱ្យទេ។ គេឱ្យដកពាក្យបណ្ដឹងវិញ ដល់អ៊ីចឹងខ្ញុំអត់យល់ដែរដឹងម៉េច។ […] គេថាឱ្យធ្វើលិខិតស្នើសុំអន្តរាគមន៍ពីឃុំ ពីស្រុក មកអាជ្ញាធរដែនដីខេត្ត និងរដ្ឋបាលឱ្យគេដោះស្រាយដីធ្លីហ្នឹងសិន។ រឿងព្រហ្មទណ្ឌគេនឹងដោះស្រាយតាមហ្នឹង»។
លោកបន្ថែមថា៖ «មានអ្នកទិញមកពីណាមកទន្ទ្រានដីព្រៃអារក្សរបស់សហគមន៍។ ប្រជាពលរដ្ឋអត់ទុកចិត្តទេ។ អ្នកទិញថាទិញ តែប្រជាពលរដ្ឋអត់ដឹងឮទេ។ ហើយយ៉ាងម៉េចបានកាប់ទន្ទ្រានដីសហគមន៍អ៊ីចឹង។ អាហ្នឹងបានប្រជាពលរដ្ឋគេខឹង»។
លោក សល់ ផែន លើកឡើងបន្ថែមថា ខាងសាលាដំបូងតម្រូវឱ្យសហគមន៍ធ្វើលិខិតស្នើសុំមកកាន់រដ្ឋបាលខេត្ត រួមទាំងទៅមន្ទីរដែនដីខេត្តជាមុនសិន។ លោកថា ក្នុងករណីនេះ បើមិនទទួលបានដំណោះស្រាយណាមួយសមស្របពីអាជ្ញាធរខេត្តទេ ប្រជាសហគមន៍កាណាតនឹងឡើងទៅដាក់ពាក្យនៅក្រសួងមហាផ្ទៃ នៅរាជធានីភភ្នំពេញបន្តទៀត។
លោកនិយាយថា៖ «ខាងសហគមន៍យើងមកវិញធ្វើលិខិតសុំអន្តរាគមន៍ពីឃុំ ស្រុក ដាក់មកខេត្តទៀត។ ខ្ញុំធ្វើសាកមើលម្ដងនេះទៀត។ បើអត់សម្រេចបានអីទេ មានតែប្រជាពលរដ្ឋឡើងមកដាក់ពាក្យនៅភ្នំពេញវិញ»។
ចំណែកប្រជាសហគមន៍ម្នាក់ទៀត លោក រម៉ាម ម៉ាត និយាយថា ដីព្រៃអារក្សមានសារៈសំខាន់សម្រាប់សហគមន៍ភភូមិកាណាត សម្រាប់ការអាស្រ័យផលព្រៃឈើ ការគោរពប្រពៃណី និងជំនឿរបស់ជនជាតិដើមភាគតិចកាចក់នៅសហគមន៍នេះ។ លោកបន្តថា ដីព្រៃអារក្សនេះរងការទន្ទ្រានពីបុគ្គលខាងក្រៅ និងការឃុបឃិតគ្នាលក់ដីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តែយ៉ាងណា លោកថា ការស្វែងរកដំណោះស្រាយពីអាជ្ញាធរមិនទាន់អាចទទួលបានលទ្ធផល ឬមានចំណាត់ការជាក់លាក់ឡើយ។
លោកថា៖ «ដីនេះមានទំនាស់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ ដីនេះជាដីចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចកាណាតតើ។ បើនិយាយឱ្យចំ ស្ថាប័នរដ្ឋ អង្គការរដ្ឋអី គេមិនឱ្យមានការលក់ ទន្ទ្រានអីទេ គឺទុកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ សម្រាប់ជនជាតិដើមភាគតិចគាត់អាស្រ័យផល ដូចជាជំនឿ ការសែនព្រែន ឬផលប្រយោជន៍ច្រើនទៀត»។
លោកបន្ថែមថា៖ «ធ្លាប់ស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុក តែឃើញទៅមើលតែម្ដងទេ រួចដូចអត់មានវិធានការអីទៀតទេ។ ឮតែថាឱ្យអ្នកទន្ទ្រានផ្អាកសកម្មភាពសិន តែក្រោយមកមានអ្នកមេការឈ្មោះ សៀត សីហា (ក្នុងអត្ថបទដើមសរសេរ ទៀត សីហា) ចេះតែមកទន្ទ្រានៗទៀត»។
មេឃុំតាឡាវ នៃស្រុកអណ្តូងមាស ខេត្តរតនគិរី លោក ថា ប៊ុនឡត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកលើក។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ជួន សុបញ្ញា បញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អយ្យការអមសាលាដំបូងកោះហៅប្រជាពលរដ្ឋជាដើមបណ្ដឹង ដើម្បីបំភ្លឺពីការដាក់ពាក្យបណ្ដឹងពិត។ តែយ៉ាងណា ចំពោះការស្នើសុំអន្តរាគមន៍រកដំណោះស្រាយបែបណា លោកថា សាលាដំបូងនឹងធ្វើតាមនីតិវិធីច្បាប់។
លោកថា៖ «មានការកោះហៅឱ្យចូលមកបំភ្លឺ ដោយសារមានពាក្យបណ្ដឹងពួកគាត់ប្ដឹង។ ហៅមកបំភ្លឺតាមនីតិវិធីច្បាប់។ រឿងដំណោះស្រាយបន្ទាប់នឹងធ្វើតាមនីតិវិធី»។
ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ពលរដ្ឋមានសិទ្ធិប្ដឹងតវ៉ាទៅតុលាការ ដើម្បីទាមទារយុត្តិធម៌ពីអ្នកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងកន្លែងជំនឿសាសនារបស់ពួកគាត់។ លោកសង្កេតឃើញថា ជនជាតិដើមភាគតិចជួបផលលំបាកក្នុងការស្នើសុំចុះបញ្ជីសមូហភាពសហគមន៍ជនជាតិដើមភាគតិច ដោយសារមានភាពស្មុគស្មាញច្រើន។ ដូច្នេះ លោកជំរុញឱ្យអាជ្ញាធរការពារ និងថែរក្សាអត្តសញ្ញាណ ទំនៀមទម្លាប់ប្រពៃណីផ្សេងៗរបស់ជនជាតិដើមភាគតិច។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរត្រូវតែធានាផ្ដល់កិច្ចការពារសម្រាប់ពួកគាត់ ដើម្បីឈានទៅរកការចុះបញ្ជីសមូហភាពសហគមន៍ជនជាតិដើមភាគតិចទៅតាមផ្លូវច្បាប់។ អ៊ីចឹងពួកគាត់ត្រូវតែទទួលបានការធានា និងការការពារចំពោះអត្តសញ្ញាណព្រៃអារក្ស ព្រៃកប់សព ចម្ការវិលជុំ និងទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាផ្សេងៗទៀត ដើម្បីរក្សាអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិច»។
កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍ នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។ អនុក្រឹត្យនេះក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។
ទោះជាយ៉ាងណា មានសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៣ នៅកម្ពុជា បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពសហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុប ៤៥៨ គិតត្រឹមឆ្នាំ ២០២៤ ព្រោះដំណើរការចុះបញ្ជីមានភាពស៊ាំញ៉ាំ និងជារឿយៗ វិវាទដីធ្លីជាបញ្ហាចម្បងដែលនាំឱ្យការចុះបញ្ជីមានភាពស្មុគស្មាញ។ បច្ចុប្បន្ន របាយការណ៍ចុងក្រោយក្នុងឆ្នាំ ២០២៦ នេះ បង្ហាញថាចំនួនសហគមន៍ដែលទទួលបានប័ណ្ណបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ និងទំនាស់ដីធ្លីនៅតែជាឧបសគ្គដដែល៕







