អាមេរិកបញ្ជូនវត្ថុបុរាណចំនួនពីរមកឱ្យកម្ពុជាវិញ ក្រោយពីស៊ើបអង្កេតរកឃើញថាវត្ថុបុរាណទាំងពីរនេះជាប់ពាក់ព័ន្ធនឹងការជួញដូរវត្ថុបុរាណដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌កម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតានទី បានរឹបអូសវត្ថុបុរាណកម្ពុជាពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន និងបានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ នៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
វត្ថុបុរាណទាំងពីរខាងលើមាន ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និងបដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។
ក្រសួងវប្បធម៌បញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេក្រូប៉ូលីតាន ក៏បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប មកឱ្យកម្ពុជាវិញដែរ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។
ពាក់ព័ន្ធករណីនេះ អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន បានផ្តល់ភស្តុតាងទៅសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដោយបង្ហាញថា វត្ថុបុរាណទាំងពីរខាងលើពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ។
សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ក៏បានពិនិត្យលើឯកសារភស្តុតាង រហូតយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតានផងដែរ។
ក្រសួងវប្បធម៌រំលឹកថា ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ហើយអ្នកស្រី Nancy Wiener ត្រូវបានកាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់។
ក្រសួងវប្បធម៌បង្ហាញការដឹងគុណដល់រដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតានលោក Attorney Alvin Bragg និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេសជំនួយការរដ្ឋអាជ្ញា លោក Matthew Bogdanos និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវបានគេលួចមិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉កផងដែរ៕







